ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ​ទាមទារ​ឲ្យ​លុប​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង

ដោយ តាំង សារ៉ាដា
2014-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​មក​ពី ៣​ឃុំ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ហែរ​ក្បួន​តាម​ម៉ូតូ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​​មុខ​សាលា​ខេត្ត​កោះកុង ដើម្បី​ដាក់​ញត្តិ​ជូន​អាជ្ញាធរ ស្នើ​ឲ្យ​ផ្អាក​​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង នៅ​ព្រឹក​ថ្ងៃ​៣១ មីនា ឆ្នាំ​២០១៤។
ប្រជាពលរដ្ឋ​មក​ពី ៣​ឃុំ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ហែរ​ក្បួន​តាម​ម៉ូតូ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​​មុខ​សាលា​ខេត្ត​កោះកុង ដើម្បី​ដាក់​ញត្តិ​ជូន​អាជ្ញាធរ ស្នើ​ឲ្យ​ផ្អាក​​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង នៅ​ព្រឹក​ថ្ងៃ​៣១ មីនា ឆ្នាំ​២០១៤។
Licadho Photo

ក្រុម​អ្នក​ការពារ​ព្រៃ​ឈើ សត្វ​ព្រៃ និង​ភោគ​ទ្រព្យ​រ៉ែ នៅ​តំបន់​ស្ទឹង​អារ៉ែង ខេត្ត​កោះកុង ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើន​កិច្ច​ប្រឹងប្រែង អភិរក្ស​តំបន់​បរិស្ថាន​ធម្មជាតិ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​មួយ​នេះ ដើម្បី​កុំ​ឲ្យ​បាត់​បង់​ដោយសារ​ការ​កាប់​បំផ្លាញ​របស់​ក្រុមហ៊ុន​ចិន ដែល​គ្រោង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ទីនោះ។

ចលនា​មាតា​ធម្មជាតិ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​និស្សិត​បញ្ញវ័ន្ត ព្រះសង្ឃ និង​ក្រុម​យុវជន​ជាច្រើន បាន​ហៅ​តំបន់​ស្ទឹង​អារ៉ែង ក្នុង​ខេត្ត​កោះកុង ថា​ឋានសួគ៌​ធម្មជាតិ​ចុង​ក្រោយ​ដែល​ត្រូវ​ការពារ​ឲ្យ​បាន ពី​គម្រោង​ការ​បំផ្លិច​បំផ្លាញ​របស់​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​ចិន ឈ្មោះ ស៊ីណូហាយដ្រូ (Synohydro)។

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) មាន​ដើម​កំណើត​នៅ​ទីក្រុង​បាសេលូណា (Barcelona) ប្រទេស​អេស្ប៉ាញ (Spain)។ លោក​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ តាំង​ពី​ឆ្នាំ​២០០២។ លោក​មាន​ប្រសាសន៍​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ជាប់​ចិត្ត​រស់នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ដ៏​យូរ​នេះ គឺ​ដោយសារ​លោក​ជាប់​ស្នេហ៍​នឹង​សម្ផស្ស​ព្រៃ​ឈើ​ខ្មែរ។

លោក អាឡិកហ្សង់ដ្រូ ដែល​ជា​អ្នក​ស្រឡាញ់​ព្រៃ​ឈើ សត្វ​ព្រៃ និង​ទេសភាព​នៅ​ស្រុក​ខ្មែរ​រូប​នេះ អះអាង​ថា សោភណភាព និង​បរិស្ថាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង ជា​សម្បត្តិ​មហាសាល​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​ដែល​មាន​ប្រយោជន៍​លើស​ពី​ការ​កសាង​ទំនប់​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ស៊ីណូហាយដ្រូ រាប់​សែន​ដង​ទៅ​ទៀត។

តំបន់​អារ៉ែង ស្ថិត​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំ​ក្រវាញ​ភាគ​កណ្ដាល ដែល​ជា​ព្រៃ​ក្រាស់ ហើយ​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ តំបន់​ព្រៃ​ស្តុក​នេះ​មាន​ទំហំ ៤​សែន ៦​ម៉ឺន​ហិកតារ លាត​សន្ធឹង​កាត់​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្មដូនពៅ ស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ហើយ​ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ។ តំបន់​ស្ទឹង​អារ៉ែង ក្នុង​ខេត្ត​កោះកុង នេះ ត្រូវ​បាន​ចុះ​ក្នុង​អនុក្រឹត្យ​ការពារ​តាំង​ពី​ឆ្នាំ​២០០១ មក។

តំបន់​អារ៉ែង នេះ ជា​ទី​ព្រៃ​ស្រោង​ធម្មជាតិ ដែល​មាន​សត្វ​កម្រ​ជិត​ផុត​ពូជ​ជាង ៣០​ប្រភេទ រួម​មាន ក្រពើ​ភ្នំ ខ្លាធំ ដំរី ត្រី​នាគ ខ្លា​រខិន ខ្លា​ឃ្មុំ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត។ ក្រៅ​ពី​សត្វ​ព្រៃ​កម្រ​ទាំង​នេះ តំបន់​អារ៉ែង ក៏​ជា​ជម្រក​រស់នៅ​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ជង ដែល​រស់នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ទាញ​យក​អនុផល​ព្រៃ​ឈើ។ តំបន់​នេះ​សម្បូរ​ទៅ​ដោយ​ភ្នំ គ្រប​ដណ្ដប់​ទៅ​ដោយ​អាកាសធាតុ​ក្តៅ ហើយ​សើម រុក្ខជាតិ​លាស់​ត្រួយ​ខៀវ​ខ្ចី ជា​ជម្រក​នៃ​បក្សាបក្សី ម្រឹគីម្រឹគា។ បើ​មើល​ពី​តាម​ជ្រលង​ភ្នំ​នា​ពេល​ព្រឹក​ព្រលឹម​ទៅ​តំបន់​អារ៉ែង ប្រៀប​បី​ដូច​ជា​ឋានសួគ៌​ដែល​ពោរពេញ​ទៅ​ដោយ​អាប់ និង​ដុំ​ពពក បន្ទាប​ខ្លួន​ប្រឡែង​លេង​ជាមួយ​ធម្មជាតិ​នៅ​ទីនោះ។

ប៉ុន្តែ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក តំបន់​អារ៉ែង ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ​ប្រណិតៗ​ជាច្រើន​ប្រភេទ ដូចជា បេង នាងនួន គ្រញូង ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន និង​ក្រុម​ឧកញ៉ា​មហាសេដ្ឋី​កំពូលៗ កាប់​ដឹក​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ។

ដើម្បី​ស្ដារ និង​ការពារ​ធនធាន​ធម្មជាតិ​តំបន់​អារ៉ែង នេះ​ឡើង​វិញ ក្រុម​ចលនា​មាតា​ធម្មជាតិ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​ឯករាជ្យ ក្រុម​យុវជន​ខ្មែរ​មហានគរ ក្រុម​យុវជន​សម្រាប់​សន្តិភាព និង​បណ្ដាញ​យុវជន​ជាច្រើន​ទៀត បាន​សហការ​គ្នា​ជា​ធ្លុង​មួយ​ធ្វើ​យ៉ាង​ណា ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ចិន ស៊ីណូហាយដ្រូ នោះ​ឲ្យ​បាន។

ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន សម្ដែង​ភាព​ប្ដេជ្ញា​ចិត្ត​ថា លោក​ហ៊ាន​ប្ដូរ​ជីវិត​សុខ​ចិត្ត​ស្លាប់ ធ្វើ​យ៉ាង​ណា​ការពារ​សម្បត្តិ​ធម្មជាតិ​តំបន់​អារ៉ែង ដែល​លោក​ចាត់​ទុក​ថា ជា​តំបន់​ព្រៃ​ឈើ​មាន​តម្លៃ​ចុង​ក្រោយ​នោះ​ឲ្យ​បាន។

ចំណែក​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ វិញ​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​បំបាត់ ឬ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ស្ទឹង​អារ៉ែង នេះ​ជា​បន្ទាន់ ដោយសារ​ផល​ដែល​បាន​មក​ពី​ទំនប់​វារីអគ្គិសនី​មិន​មាន​តុល្យភាព​គ្នា​ទៅ​នឹង​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​នៅ​ទីនោះ។

កម្លាំង​វារីអគ្គិសនី​ដែល​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ គ្រោង​ផលិត​នៅ​តំបន់​ស្ទឹង​អារ៉ែង នេះ​មាន​តែ​ជាង ១០០​មេហ្គា​វ៉ាត់​ប៉ុណ្ណោះ ជា​ថាមពល​មួយ​ដ៏​ខ្សោយ​ជា​ទីបំផុត។ ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ថា ស្ទឹង​អារ៉ែង មិន​អាច​បង្កើត​ទំនប់​វារីអគ្គិសនី​បាន​ទេ ដោយសារ​ស្ទឹង​នេះ​មាន​បរិមាណ​ទឹក​តិចតួច​ដែល​គ្មាន​កម្លាំង​ទឹក​ហូរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​តំណាង​រាស្ត្រ​ពី​ខាង​បក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ រដ្ឋសភា​កម្ពុជា នៅ​មិន​ទាន់​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ស៊ីណូហាយដ្រូ សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ឡើយ​ទេ ហើយ​ថា ក្រុម​អ្នក​ការពារ​បរិស្ថាន​មិន​ចាំបាច់​បារម្ភ​អំពី​បញ្ហា​នេះ​ទេ ព្រោះ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​នេះ កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អារ៉ែង នោះ​នៅ​ឡើយ។

លោក ឈាង វុន បន្ត​ថា លោក​គាំទ្រ​ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​បង្កើត​ឡើង​អាច​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ដល់​ប្រជាពលរដ្ឋ ជា​ជាង​ទុក​ព្រៃ​សម្រាប់​ការពារ​បរិស្ថាន​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទស្សនៈ​របស់ លោក ឈាង វុន មិន​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​អភិវឌ្ឍ​របស់​បណ្ដា​លោក​សេរី ដូចជា នៅ​សហរដ្ឋ​អាមេរិក កាណាដា បារាំង ឬ អង់គ្លេស ជាដើម ដែល​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ទាំង​នោះ ឈរ​លើ​គោលការណ៍​ការពារ​បរិស្ថាន ការពារ​ជម្រក​សត្វ​ព្រៃ ការពារ​ធនធាន​មច្ឆជាតិ និង​ការពារ​ព្រៃ​ឈើ​ជា​ធំ។

ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់ លោក ឈាង វុន ដែល​គាំទ្រ​ឲ្យ​មាន​ការ​កាត់​ព្រៃ​ឈើ ហើយ​ដាក់​ជំនួស​នូវ​ទំនប់​វារីអគ្គិសនី​សម្រាប់​ការ​អភិវឌ្ឍ​នេះ​ដែរ លោក សុន ឆ័យ ដែល​ជា​តំណាង​រាស្ត្រ​ពី​ខាង​បក្ស​ប្រឆាំង បាន​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​ច្នៃ​តំបន់​ស្ទឹង​អារ៉ែង ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ការពារ​បរិស្ថាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​មើល​សត្វ​ព្រៃ​កម្រ​ព្រៃ​ឈើ និង​ទេសភាព​ដ៏​ប្រណិតៗ​នៅ​ទីនោះ​វិញ​ប្រសើរ​ជាង។ លោក​បន្ត​ថា ធ្វើ​ដូច្នេះ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ អាច​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដើម្បី​ចិញ្ចឹម​ជីវភាព​បាន​ដោយ​ងាយ។ លោក សុន ឆ័យ បន្ត​ថា លោក​ជា​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​អំពី​សកម្មភាព​ដឹក​នៅ​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង និង​បណ្ដា​ខេត្ត​ជាច្រើន​ទៀត។

ក្រៅ​ពី​តំបន់​ស្ទឹង​អារ៉ែង ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង គេ​ក៏​ឃើញ​តំបន់​អភិរក្ស​ព្រៃ​ឈើ​ផ្សេង​ទៀត ដែល​មាន​ចុះ​ព្រះរាជ្យក្រឹត្យ​ការពារ​ដោយ​ព្រះមហាក្សត្រ ដូចជា តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់ធំ ដែន​ជម្រក​សត្វ​បឹង​ពែរ ក្នុង​ខេត្ត​ព្រះវិហារ និង​ឧទ្យាន​ជាតិ​វីរជ័យ នៅ​ខេត្ត​រតនគិរី បាន​រង​ការ​បំផ្លាញ​ព្រៃ​ឈើ​ធ្វើ​អាជីវកម្ម​ទៅ​ប្រទេស​ចិន និង​វៀតណាម យ៉ាង​អនាធិបតេយ្យ។ ហើយ​រហូត​មក​ទល់​ពេល​នេះ ប្រាក់​ចំណូល​ពី​ការ​លក់​ឈើ​ទាំង​នោះ នៅ​មិន​ទាន់​ឃើញ​ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្ទង់​ចំណូល​ថវិកា​ជាតិ​នៅ​ឡើយ។ ហើយ​ជនល្មើស​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​ជាច្រើន ដែល​សុទ្ធ​សឹង​ជា​ក្រុម​ឧកញ៉ា​កំពូលៗ ឬ​សែស្រឡាយ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ខ្មែរ​ទាំង​នោះ ក៏​នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​យក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ពី USA

Hey! Suy Sem, you're in hot seat again? You're better do something good for the people before it's too late-becoming So(r)y Sem. People will cut your wife's neck and yours!

Jul 09, 2014 10:34 AM

នុនសុន្នី

ពី ភ្នំពេញ

ក្នុងនាមខ្ញុំជាកូនខ្មែរសុំអោយវិទ្យុអាសុីសេរីបង្កើតទូរទស៏ដែលងករាជ្យមួយនៅស្រុកខ្មែរដើម្បីអោយពលរដ្ធខ្មែរទាំងអស់បានឃើញសកម្មភាពផ្សេងៗដែលបានកើតឡើងអោយបងប្អូនបានដឹងជ្រាបទាំងអស់គ្នា៕សូមអគុណ

Jul 09, 2014 05:08 AM

គេហទំព័រ​ទាំងមូល