រដ្ឋាភិបាលបូមទឹកសង្គ្រោះស្រូវប្រាំងកសិករខេត្តក្រចេះជិត ៤០០គ្រួសារ តែពលរដ្ឋស្នើសុំឱ្យជួយកសាងប្រព័ន្ធធារាសាស្ត្រ
2025.01.22

គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម នៅថ្ងៃទី២២ មករានេះ បានជួយសង្គ្រោះស្រូវប្រាំងរបស់កសិករ ៣៩៩គ្រួសារ នៅខេត្តក្រចេះ ដែលកំពុងខ្វះទឹកបូមបញ្ចូលស្រែ។
ប្រជាកសិករ និងមន្ត្រីសង្គមស៊ីវិលចាត់ទុកវិធានការនេះថា មិនចំទិសដៅស្នូល ដើម្បីជួយកសិករនោះឡើយ។
ប្រជាកសិករនៅខេត្តក្រចេះ និង មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋាភិបាលស្តារព្រែក ស្ទឹង និងប្រឡាយទឹក និងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ទើបជាដំណោះស្រាយល្អ ជួយកសិករអាចដោះស្រាយបញ្ហាប្រឈមដោយខ្លួនឯងរយៈពេលវែង។
កសិកររស់នៅខេត្តក្រចេះ លោក សាន ឌី យល់ថា វិធានការរបស់អាជ្ញាធរនៅពេលនេះអាចជួយកសិករបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ព្រោះបច្ចុប្បន្ន ទឹកស្ទឹង បឹងបួ អូរ និងប្រឡាយភាគច្រើនគោករាក់ ខ្វះការយកចិត្តទុកដាក់ថែទាំ និងជីកស្តារ ធ្វើឱ្យកសិករជួបការលំបាក។
លោកថា បញ្ហាខ្វះប្រព័ន្ធធារាសាស្ត្រ ក៏ជាបញ្ហាប្រឈមចម្បងធ្វើឱ្យកសិករធ្វើស្រែទាំងប្រថុយប្រថានជារៀងរាល់ឆ្នាំ ដោយឆ្នាំខ្លះ ខូចខាតស្រូវទាំងស្រុង ដោយសារគ្រោះរាំងស្ងួត។
លោក សាន ឌី៖ «រាល់រចនាសម្ព័ន្ធធារាសាស្ត្រម្ដុំឯខេត្តក្រចេះនេះក៏ខ្សត់ទឹកបូមដាក់ស្រែដូចគ្នា ប៉ុន្តែបើរដ្ឋាភិបាលអាចជួយបានហើយជីកស្ដារបន្ថែមខ្ញុំសូមអរគុណបើអាចធ្វើបាន»។
សំណើរបស់ពលរដ្ឋធ្វើឡើង ក្រោយពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម នៅថ្ងៃទី២២ មករា បានអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងជូនកសិករចំនួន ៣៨៩គ្រួសារ ហើយបូមទឹកបញ្ចូលស្រែបាន ៨៨៤ហិកតារ ដែលកំពុងជួបគ្រោះរាំងស្ងួត ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក សុទ្ធ គឹមកុលមុន្នី និងអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បាននៅឡើយទេ នៅថ្ងៃទី២២ មករា។
ចំណែកអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក គន់ គីម បានចុះទៅពិនិត្យគ្រោះមហន្តរាយនេះដោយផ្ទាល់ ហើយលោកបានជំរុញឱ្យអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ដោះស្រាយ ទុក្ខលំបាករបស់កសិករ។
រីឯក្រសួងកសិកម្មបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ថ្មីៗ នេះថា ក្រៅពីខ្វះទឹកបូមដាក់ស្រែស្រូវប្រាំងរបស់កសិករមួយចំនួនក្នុងតំបន់នោះ ក៏មានបញ្ហាសត្វល្អិតបំផ្លាញដែរ។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានចុះទៅពិនិត្យដោយផ្ទាល់ ហើយណែនាំឱ្យប្រជាកសិករត្រូវតាមដានជាប្រចាំ និងសហការផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះ។
រីឯនៅខេត្តត្បូងឃ្មុំឯណោះវិញ កសិករភាគច្រើនមិនសូវធ្វើស្រែប្រាំងនោះទេ ដោយសារខ្វះប្រព័ន្ធធារាសាស្ត្រ ហើយពួកគាត់ធ្វើស្រែបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប្រការនេះ ធ្វើឱ្យដីស្រែរាប់ម៉ឺនហិកតារទៀតទុកទំនេរចោល។
កសិកររស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម ចំណាន សង្កេតឃើញថា ស្រុកឆ្លូង ខេត្តក្រចេះ ជាភូមិសាស្ត្រអំណោយផលពីធម្មជាតិ ងាយស្រួលឱ្យកសិករមានលទ្ធភាពធ្វើកសិកម្មគ្រប់រដូវបាន ព្រោះនៅកៀកនឹងទន្លេមេគង្គ។
លោកទទូចឱ្យរដ្ឋាភិបាលគួរតែជីកស្តារ ទឹកស្ទឹង បឹងបួ អូរ ទន្លេ និងប្រឡាយទឹក ព្រមទាំងកសាងហេដ្ឋារចនាសម្ពន្ធសម្ព័ន្ធ ដើម្បីបង្កើតចរន្តទឹកផ្លាស់ទី ងាយស្រួលកសិករធ្វើកសិកម្ម។
លោក សែម ចំណាន៖ «ព្រោះរដូវហ្នឹងជារដូវប្រាំងខ្យល់រីងទឹក ហើយរីងស្ងួត អាហ្នឹងគួរតែអន្តរាគមន៍ប្រឡាយ ដែលជាប់ពីទន្លេមក ឬពីព្រែកឆ្លូងណាមួយក៏បានដែរ ដើម្បីងាយស្រួលពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងប្រាំវស្សាតែម្ដង»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា បញ្ហានេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ដែលត្រូវសិក្សា និងកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីឱ្យកសិករមានទឹកបូមដាក់ស្រែគ្រប់គ្រាន់។
លោក ប៉ែន ប៊ុណ្ណារ៍៖ «បើមានប្រព័ន្ធធារាសាស្ត្រស្រោចស្រព គាត់អាចធ្វើបានមួយឆ្នាំបីដងឯណោះ។ ប៉ុន្តែជាក់ស្តែង បូមទឹកបានតែម្ដង អស់អ៊ីចឹង ទើបគាត់ចេះតែព្រួយបារម្ភ»។
ប្រជាកសិករបន្ថែមថា បច្ចុប្បន្នប្រឡាយទឹក បឹងបួ និងព្រែក ស្ទើរគ្រប់តំបន់ បានរីងគោករាក់។ រីឯបឹងបួខ្លះទៀត ដែលជាអាងស្តុកទឹកសំខាន់ ក៏កំពុងប្រឈមការចាក់ដីលុប ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យកសិករត្រូវជួបការលំបាកធ្វើកសិកម្ម។
ពួកគាត់អះអាងថា អាជ្ញាធរតែងតែមើលរំលងមិនដោះស្រាយបញ្ហានេះឱ្យចំទិសដៅ ហើយពេលកសិករជួបគ្រោះរាំងស្ងួត ទើបឃើញអាជ្ញាធរចុះជួយសង្គ្រោះម្តងម្កាល រួចក៏ស្ងាត់ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។