សត្វផ្សោតនៅអន្លង់ឈើទាល ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ ខណៈភាគីប្រទេសឡាវ ចាប់ផ្ដើមសាងសង់ទំនប់នៅជាប់នឹងអន្លង់ជ្រកនៅរបស់សត្វផ្សោតទន្លេទាំងនោះ។
មន្ត្រីអភិរក្សផ្នែកបរិស្ថានអំពាវនាវសុំឲ្យស្ថាប័នពាក់ព័ន្ធជួយរកមធ្យោបាយការពារ និងសង្គ្រោះសត្វកម្រទាំងនោះដើម្បីបម្រើវិស័យទេសចរណ៍ក្នុងប្រទេស។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីសហគមន៍អភិរក្សអន្លង់ផ្សោតឈើទាលសង្កេតឃើញថា សត្វផ្សោតចាប់ផ្ដើមចរាចរណ៍ពីអន្លង់ជ្រកនៅជាប្រចាំ ទៅកាន់អន្លង់ខ្សែទឹកខាងលើខុសប្លែកសព្វមួយដង ពីព្រោះអ្នកភូមិកម្រឃើញសត្វផ្សោតទាំងនោះធ្វើបន្លាស់ទីបែបនេះច្រើនឆ្នាំកន្លងទៅ។
មន្ត្រីជាន់ខ្ពស់អង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ចាត់ទុកបន្លាស់ទីរបស់សត្វផ្សោតនៅពេលនេះគឺទាក់ទិននឹងការភ័យខ្លាចដោយសាររំញ័រ ឬសំឡេងបំផ្ទុះថ្មនៃការដ្ឋានសាងសង់ទំនប់ ដន សាហុង ពីប្រទេសឡាវ ដែលឋិតនៅចម្ងាយប្រមាណ ១.៥០០ម៉ែត្រ ពីអន្លង់ជ្រកនៅរបស់សត្វផ្សោតទន្លេនៃអន្លង់ឈើទាល។ លើសពីនេះទៀត លោកបារម្ភទៅនឹងហានិភ័យកាន់តែខ្ពស់នៃការធ្វើចរាចរណ៍សត្វផ្សោតនេះ ខណៈដែលតំបន់ឆ្លងកាត់នៃសត្វផ្សោតសម្បូរទៅដោយអ្នកនេសាទទាំងប្រជាជនឡាវ និងខ្មែរដែលរស់នៅតាមដងទន្លេជាខ្សែបន្ទាត់ខណ្ឌទឹកដីប្រទេសទាំងពីរនៅចំណុចនោះដាក់មងធ្វើឲ្យជាប់សត្វផ្សោតទាំងនោះ៖ «ចំណុចត្រង់នេះរដ្ឋាភិបាលតោងធ្វើការសិក្សាឲ្យជាក់លាក់មក ហើយគួរធ្វើការពិភាក្សាជាមួយរដ្ឋាភិបាលឡាវ ជាពិសេសគណៈកម្មការជាតិទន្លេមេគង្គធ្វើការសិក្សាជាបន្ទាន់ ព្រោះយើងឃើញករណីនេះមិនសូវល្អ»។
តាមការសង្កេតរបស់សហគមន៍អូរស្វាយ រស់នៅជិតអន្លង់សត្វផ្សោតឈើទាល ឲ្យដឹងថា សត្វផ្សោតដែលនៅសេសសល់ប្រមាណ ៦ក្បាល បានធ្វើចរាចរណ៍ទៅកាន់អន្លង់សុភមិត្រ នៅចម្ងាយប្រមាណ ២.០០០ម៉ែត្រ ពីអន្លង់ឈើទាល ដែលជាអន្លង់អភិរក្សសត្វផ្សោតបច្ចុប្បន្ន។
តំណាងសហគមន៍អូរស្វាយ លោក គង់ ចាន់ធី កត់សំគាល់ថា ជារឿងចម្លែកដែលសត្វផ្សោតព្យាយាមបន្លាស់ទីទៅកាន់តំបន់ខ្សែទឹកខាងលើដែលមានអន្លង់ជ្រកពួនមានទំហំតូចពិបាករស់នៅចិញ្ចឹមជីវិតរបស់សត្វផ្សោត។ មួយវិញទៀត លោកសង្កេតឃើញដែរថា សត្វផ្សោតបានបោះបង់ការចរាចរទៅកាន់អន្លង់នៅតំបន់កោះស្តាំ ដែលឋិតនៅកៀកនឹងតំបន់សាងសង់ទំនប់ ដន សាហុង ទំនងដោយសារភាពរំញ័រ និងសំឡេងបំផ្ទុះថ្មី ឬសំឡេងនៃការដឹកជញ្ជូនគ្រឿងសម្ភារៈសាងសង់ទំនប់។
លោកបារម្ភដែរថា នៅថ្ងៃអនាគតសត្វផ្សោតនៅតំបន់នោះនឹងរកផលប៉ះពាល់ និងអាចធ្វើឲ្យត្រីផ្សោតបន្លាស់ទៅទៅកាន់តំបន់ផ្សេង ឬអាចប្រឈមនឹងគ្រោះថ្នាក់ នឹងធ្វើឲ្យប៉ះពាល់ការអភិរក្សសត្វផ្សោត និងវិស័យទេសចរណ៍នៅតំបន់នោះ៖ «ការដឹកជញ្ជូនរបស់ឡាវ បំផ្ទុះថ្មស្អីហ្នឹងធ្វើឲ្យសត្វផ្សោតវាអត់នៅកន្លែងហ្នឹងទៀត ទេ។ កន្លងទៅឆ្នាំមុនៗ វាអត់ឡើងទៅលើទេណា! ជួរសុភមិត្រអន្លង់លើទេ តែឥឡូវវាចរាចរទៅដល់លើ។ យើងទៅយើងឃើញវានៅឯលើនោះ។ រដ្ឋាភិបាលឡាវ រដ្ឋាភិបាលយើងអត់ចាប់អារម្មណ៍ការបាត់បង់សត្វផ្សោត និងហានិភ័យផ្សេងៗទាក់ទិនប្រជាពលរដ្ឋរស់នៅតំបន់ហ្នឹងទេ»។
ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង ចាប់ពីខែតុលា ឆ្នាំ២០១៥ ខណៈដែលប្រទេសជាសមាជិកទាំងបួននៃគណៈកម្មការទន្លេមេគង្គ មានកម្ពុជា ថៃ ឡាវ និងវៀតណាម បានឯកភាពគ្នាកាលពីខែមិថុនា ឆ្នាំ២០១៥ ថានឹងពិគ្រោះយោបល់គ្នាមុននឹងធ្វើការសាងសង់ទំនប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍សត្វផ្សោតមេគង្គ គឺលោក ទូច សៀងតាណា បានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា។ រីឯប្រធានអង្គការ WWF កម្ពុជា លោក ឈិត សំអាត ធ្លាប់បានព្រមានថា រដ្ឋាភិបាលត្រូវបន្តកិច្ចខំប្រឹងប្រែងចាំបាច់មួយដើម្បីរក្សាកំណើនត្រីផ្សោត ពោលគឺការទប់ស្កាត់គម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង នៅប្រទេសឡាវ និងគម្រោងវារីអគ្គិសនី ១០កន្លែងផ្សេងទៀតនៅតាមទន្លេមេគង្គ។
កាលពីមុនឆ្នាំ២០០៥ សត្វផ្សោតនៅអន្លង់ឈើទាល មានជាង ១០ក្បាល ក៏ប៉ុន្តែសត្វកម្រមួយនេះប្រឈមទៅនឹងហានិភ័យនៅសល់ផ្សោតធំៗប្រមាណ ៦ក្បាល បន្តរស់នៅក្រោមការអភិរក្សរបស់សហគមន៍នៅអន្លង់ឈើទាល នេះ។ មួយវិញទៀត សត្វផ្សោតទាំងនោះបានបម្រើឲ្យវិស័យទេសចរនៅប្រទេសកម្ពុជា និងប្រទេសឡាវ ដែលបានដឹកជញ្ជូនអ្នកទេសចរមកទស្សនាសត្វផ្សោតនៅអន្លង់ឈើទាល នេះដូចគ្នា។ បច្ចុប្បន្នត្រីផ្សោតមានចំនួន ៨០ក្បាល នៅតាមដងទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។