សត្វផ្សោតញី មួយក្បាល ដែលគេបានប្រទះឃើញស្លាប់ នៅក្នុងសង្កាត់ក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី១០ ឧសភា។ ត្រីផ្សោតដែលងាប់នេះ មានទម្ងន់ជិត ពីររយគីឡូក្រាម និងមានប្រវែងជាងពីរម៉ែត្រ។
វិទ្យុជាតិកម្ពុជាបានចុះផ្សាយថា ត្រីផ្សោតដែលងាប់នេះ គឺពលរដ្ឋបានប្រទះឃើញ និងរាយការណ៍ទៅកាន់មន្ត្រីជំនាញជលផលដើម្បីមកពិនិត្យ និងធ្វើកោសល្យវិច័យ។ ពលរដ្ឋដែលបានឃើញហេតុការណ៍នេះ សង្ស័យថា ផ្សោតនេះបានងាប់ជាងពីរថ្ងៃមកហើយ ដោយសារតែឃើញសភាពសពត្រីផ្សោតនេះមានសភាពហើម និងមានរបកស្បែកខ្លះៗ។
នាយខណ្ឌរដ្ឋបាលជលផល លោក សៀន គិន បានឱ្យសារព័ត៌មានក្នុងស្រុកដឹងថា បន្ទាប់ពីពិនិត្យសាកសពត្រីផ្សោតនេះរួច ក្រុមការងាររកមិនឃើញមានស្លាកស្នាមអ្វីនៅលើដងខ្លួននោះទេ។ ប៉ុន្តែលោកសន្និដ្ឋានថា ត្រីផ្សោតនេះអាចស្លាប់ដោយសារតែមានអាយុច្រើន ពីព្រោះមន្ត្រីជំនាញសង្កេតឃើញថាធ្មេញរបស់វាមានសភាពសឹករេចរឹល ដែលធ្វើឱ្យត្រីផ្សោតមួយក្បាលនេះពិបាកក្នុងការស្វែងរកចំណី ឬម្យ៉ាងទៀតអាចបណ្ដាលមកពីផ្សោតនេះមានជំងឺ។
ទោះយ៉ាងណា មន្ត្រីជំនាញបានបញ្ជូនត្រីផ្សោតនេះ ទៅទុកនៅទីស្នាក់ការរបស់ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ដើម្បីធ្វើការពិសោធន៍បន្ថែមទៀត ដើម្បីរកមូលហេតុច្បាស់លាស់នៃការស្លាប់ត្រីផ្សោតញីមួយនេះ។
ផ្សោតទន្លេមេគង្គមានតែនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ។ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ បានឱ្យដឹងថា ចំនួនត្រីផ្សោតនៅកម្ពុជា មានទាំងអស់ជាង កៅសិបក្បាល (៩២)។ សម្រាប់ឆ្នាំ ២០១៩នេះ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិបានរកឃើញកូនផ្សោតទើបកើតថ្មីៗមានចំនួន ប្រាំមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
