រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ប្រាប់សារព័ត៌មានគាំទ្រលោក ហ៊ុន សែន ថា លោកបានទៅពិនិត្យមើលទឹកស្ទឹងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៨ កុម្ភៈ ហើយឃើញថា ទឹកស្ទឹងស្ទោងបានរីងហួតអស់។
លោកថ្លែងថា ពលរដ្ឋព្រួយបារម្ភអំពីការខ្វះទឹកប្រើប្រចាំថ្ងៃ ពីព្រោះទឹកស្ទឹងស្ទោងដែលជាប្រភពទឹកដែលពលរដ្ឋធ្លាប់តែទៅដងយកមកប្រើប្រាស់នោះ កន្លែងខ្លះត្រូវរីងស្ងួត ដាច់ជាកង់ៗ ដោយអន្លើៗ ហើយដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជូនពលរដ្ឋនៅតំបន់នោះឱ្យទាន់ពេល លោក លឹម គានហោ បានឱ្យមន្ត្រីជំនាញត្រៀមអ៊ិចស្កាវ៉ាទ័រ មួយចំនួនសម្រាប់ជីកអណ្ដូងទឹកនៅតាមបណ្ដោយនៃស្ទឹងស្ទោងជាច្រើនកន្លែងដើម្បីទុកឱ្យពលរដ្ឋប្រើប្រាស់។
ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបង្ហាញថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះរាំងស្ងួតហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងខែឧសភាខាងមុខនេះហើយ កម្ដៅអាចនឹងឡើងដល់ទៅជាង ៤០អង្សា ដោយសារតែកម្ពុជារងដោយប្រយោល ពីឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ ឥទ្ធិពលនៃបាតុភូតនេះនឹងបង្កឱ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើនហើយរដូវវស្សា និងចូលមកដល់យឺតជាងបណ្ដាឆ្នាំកន្លងទៅ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានចេញសារាចរមួយកាលពីថ្ងៃទី១៧ ខែមករាកន្លងទៅដោយអនុញ្ញាតឱ្យកសិករធ្វើស្រូវប្រាំងបានតែ ១ដងប៉ុណ្ណោះ និងត្រូវដាំដំណាំរួមផ្សំផ្សេងទៀតដើម្បីទុកផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃ និងអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅពេលចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
