ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបស្រុកឯកភ្នំខេត្តបាត់ដំបង មួយគ្រួសារបានបង្ខំចិត្តឱ្យកូន ២នាក់ ឈប់រៀនក្នុងវ័យកុមារ ដោយសារជីវភាពក្រីក្រ បណ្ដាលមកពីរាំងស្ងួតហួតហែងនៅបឹងទន្លេសាប និងផលនេសាទធ្លាក់ចុះ។ ក្នុងចំណោមក្នុងកុមារ ២នាក់នោះ ដោយម្នាក់ទៅស៊ីឈ្នួលជួសមងឱ្យអ្នកស្រុកជួយរកប្រាក់គ្រួសារ និងម្នាក់ទៀតដើរដាក់លាន់ចាប់អន្ទង់ជាមួយឪពុកតាមដងស្ទឹងជាប់បឹងទន្លេសាប។
ប្រជានេសាទនៅបឹងទន្លេសាបខេត្តបាត់ដំបង លើកឡើងថា ជីវភាពរបស់ពួកគាត់កាន់តែដុនដាបខ្លាំង ដោយសារតែប្រមាណ ៣ឆ្នាំមកនេះជួបគ្រោះរាំងស្ងួត រីងហួតហែងតាមបឹងបួដងអូរ និងរីងគោកមាត់បឹងទន្លេសាប។
ឪពុកកុមារទាំង ២នាក់រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ លោក លន់ ហីង ប្រាប់អាស៊ីសេរីថា កូនរបស់លោកចំនួន ២នាក់នោះមានស្រីម្នាក់ និងប្រុសអាយុ ១៣ឆ្នាំម្នាក់បានឈប់រៀនប្រមាណ ៣ឆ្នាំហើយ ដោយសារជីវភាពគ្រួសារក្រីក្រមិនលទ្ធភាពរកប្រាក់ឱ្យកូនទៅសាលារៀន។
បុរសវ័យ ៥០ឆ្នាំប្លាយរូបនេះបន្តថា លោកមិនបានហាមកូនមិនឱ្យទៅរៀននោះទេ គឺពួកគេស្រេចចិត្តឈប់ដោយខ្លួនឯង ដោយសារឃើញគ្រួសារក្រីក្រពេកក៏នាំឈប់រៀនទៅជួយរកប្រាក់ឪពុកម្ដាយ ដោះស្រាយជីវភាពគ្រួសារ។ លោកបន្ថែមថា ថ្វីត្បិតតែកូនឈប់រៀនទាំងនាក់ក៏ដោយក៏ជីវភាពគ្រួសាររបស់លោកនៅតែក្រីក្រដដែល ហើយកាន់តែក្រជាងមុន ដោយសារគ្រោះរាំងស្ងួត និងផលនេសាទថយចុះ។លោកបន្តទៀតថា លោកមានលាន់ចំនួនលាន់ ដាក់បានអន្ទង់ប្រមាណ ៥គីឡូក្រាមក្នុងមួយសប្ដាហ៍ ហើយពេលទូទាត់សោហ៊ុយថ្លៃដើមទិញជន្លេនសម្រាប់ធ្វើនុយអន្ទង់ហើយនៅប្រាក់ប្រមាណពី ៤ទៅ ៥ម៉ឺនរៀលក្នុងមួយសប្ដាហ៍៖ «»
លោកបន្តថាសព្វថ្ងៃកូនពៅអាយុ១៣ឆ្នាំ ដើរជាមួយលោករកកន្លែងមានទឹកដាក់លាន់ចាប់អន្ទង់នៅតាមដងស្ទឹងជាប់បឹងទន្លេសាប ចំណែកឯកូនស្រីអាយុ ១៥ឆ្នាំវិញ ទៅស៊ីឈ្នួលជួសមងឱ្យអ្នកភូមិដែលមានជីវភាពធូរធារនៅក្នុងមូលដ្ឋានជួយរកប្រាក់ឪពុកម្ដាយ។
កុមារី ហីង ហួ ថ្លែងថា នាងរៀនបានថ្នាក់១ក៏សម្រេចចិត្តឈប់រៀន ដើម្បីទៅធ្វើការងារជួយរកប្រាក់ចំណូលឪពុកម្ដាយតាំងពី១២ឆ្នាំមក ដោយសារឃើញឪពុកម្ដាយធ្វើការរកប្រាក់លំបាកពេក។កុមារីរូបនេះបន្តថា នៅរដូវប្រាំងនាងទៅស៊ីឈ្នួលជួសមងជួសអួនឱ្យអ្នកភូមិក្បែរខាងបានប្រាក់ប្រមាណ ១៥.០០០រៀល ក្នុងមួយថ្ងៃ ប៉ុន្តែមិនទៀងទាត់ទេ ថ្ងៃខ្លះក៏បានទៅថ្ងៃខ្លះក៏មិនបានស៊ីឈ្នួលដែរ គឺអាស្រ័យទៅលើអ្នកជួល ហើយនៅរដូវវស្សាស៊ីឈ្នួលកាត់ក្បាលត្រីគេ។ កុមារីហីង ហួ បន្ថែមថា ប្រាក់ចំណូលទាំងនេះនាងប្រគល់ឱ្យម្ដាយនាងទាំងអស់ ក៏នៅតែមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពដែរ ព្រោះនៅក្នុងផ្ទះមានសមាជិកគ្រួសារដល់ទៅ ៤នាក់ ហើយត្រូវចំណាយលើចំណីអាហារនិងសំលៀកបំពាក់៖ «»
ទោះបីជាយ៉ាងណាកុមារីរូបនេះ អះអាងថា នាងក៏នៅតែមានចិត្តចូលរៀនវិញដែរ ប្រសិនបើមានស្ថាប័នណាជួយផ្ដល់ប្រាក់ផ្គត់ផ្គង់ដល់គ្រួសាររបស់នាងអាចដោះស្រាយជីវភាពគ្រួសារសមរម្យប្រសើរជាងពេលបច្ចុប្បន្ននោះ។
ចំណែកអ្នកស្រី ស្រី សុខ ជាម្ដាយរបស់កុមារីរូបនេះមានប្រសាសន៍ថា អ្នកស្រីអាណិតកូនទាំង២ និងព្រួយបារម្ភអំពីអនាគតរបស់ពួកគេដែរ ប៉ុន្តែពុំលទ្ធភាពជួយដល់ពួកគេឱ្យបានទៅសាលារៀនវិញនោះទេ ព្រោះឪពុកម្ដាយមានវ័យកាន់តែចាស់ណាស់ទៅហើយ ម្យ៉ាងទៀតក៏គ្មានមុខរបរផ្សេងក្រៅអំពីការធ្វើនេសាទត្រីនិងចាប់អន្ទង់នេះដែរ៖ «»
អ្នកស្រីបន្តថា បញ្ហានេះចម្បងដែលបណ្ដាលឱ្យពួកគាត់ក្រីក្រ ដោយសារឆ្នាំនេះនៅតំបន់បឹងទន្លេសាបជួបគ្រោះរាំងស្ងួតតាំងពីខែមេសារហូតមក ហើយមកទល់ថ្ងៃទី១៨ កក្កដាមិនទាន់មានភ្លៀងជោកជាំនៅឡើយទេ។ ម្យ៉ាងទៀតដោយសារភ្លើងឆេះព្រៃលិចទឹកតំបន់បឹងទន្លេសាប ធ្វើឱ្យអាកាសធាតុក្ដៅហួតហែង រីងអស់បឹងបួដងអូរ ធ្វើឱ្យបាត់បង់ទីកន្លែងនេសាទ។
អនុប្រធានភូមិក្បាលតោល លោក ឡេង ខេង ប្រាប់អាស៊ីសេរីថា ពលរដ្ឋក្នុងភូមិរបស់លោកដែលខ្វះខាតខ្លាំង មានប្រមាណ ៧០គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋជាង ៨០០គ្រួសារ ក្នុងនោះមានពលរដ្ឋមិនតិចជាង ៦០គ្រួសារទេ ដែលកុមារបោះបង់ការសិក្សា ដើម្បីទៅជួយធ្វើការរកប្រាក់ឪពុកម្ដាយ។លោកបន្តថា ថ្មីៗនេះលោកមេឃុំកោះជីវាំង បានបញ្ជាឱ្យមេភូមិក្បាលតោលស្រង់ឈ្មោះពលរដ្ឋបានចំនួន ២០គ្រួសារបញ្ជូនទៅឱ្យមន្ត្រីថ្នាក់លើ ដើម្បីសុំស្បៀងជួយដល់ពួកគាត់៖ «»
ទាក់ទងនឹងបញ្ហានេះអភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ប្រាប់អាស៊ីសេរីថា អាជ្ញាធរថ្នាក់ជាតិបានត្រៀមស្បៀងអាហារ សម្រាប់ជួយដល់ប្រជាពលរដ្ឋជាង១០០គ្រួសារនៅឃុំកោះជីវាំងរួចហើយ។ទោះជាយ៉ាងណាលោកអះអាងថា ស្បៀងអាហារទាំងនេះជួយរយៈពេលខ្លី អំឡុងពេលពលរដ្ឋបាត់បង់ប្រាក់ចំណូលពីរបរនេសាទតែប៉ុណ្ណោះ៖ «»
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា ជំនួយស្បៀងអាហារនេះគ្រាន់តែជាការដោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ ដោយមិនអាចធ្វើឱ្យជីវភាពរបស់ពលរដ្ឋទាំងនោះប្រសើរឡើងនោះទេ។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះយូរអង្វែង អាជ្ញាធរត្រូវរកដីចែកឱ្យពួកគាត់ដាំដុះនៅរដូវប្រាំង ដើម្បីបានប្រាក់ចំណូលបន្ថែមនៅពេលពួកគាត់បាត់បង់របរនេសាទ។ បន្ថែមពីនេះលោកសង្កាត់ធ្ងន់ថា អាជ្ញាធរពាក់ព័ន្ធក៏ត្រូវដោះស្រាយជាបន្ទាន់ជួយដល់ប្រជាពលរដ្ឋដែរ ដោយមិនត្រូវអូសបន្លាយពេលយូរទៅមុនទៀតនោះឡើយ ព្រោះកុមារនៅតំបន់ទន្លេសាបអាចនឹងបោះបង់ការសិក្សាកាន់តែច្រើនថែមទៀត៖ «»។
តំបន់បឹងទន្លេសាបនៅស្រុកឯកភ្នំ មានប្រជាពលរដ្ឋពីរឃុំរស់នៅ គឺឃុំព្រៃចាស់ និងឃុំកោះជីវាំង ដែលមានចំនួនរាប់ពាន់គ្រួសារ។ ពលរដ្ឋរស់នៅពឹងផ្អែកទាំងស្រុកទៅលើរបរនេសាទ ដោយមិនមានដីស្រែសម្រាប់ដាំដុះ និងប្រកបមុខរបរផ្សេង ដូចប្រជាពលរដ្ឋនៅតំបន់ដទៃនោះទេ។អនុប្រធានភូមិក្បាលតោល លោក ឡេង ខេង ឱ្យដឹងថា ក្នុងចំណោះនោះមានពលរដ្ឋនៅឃុំកោះជីវាំង ប្រមាណ៧០០គ្រួសារហើយ ដែលមានជីវភាពក្រីក្រ និងខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ។
លោក យិន ម៉េងលី កត់សំគាល់ថា ពលរដ្ឋរកប្រាក់ចំណូលមិនបាន បណ្ដាលមកពីអាជ្ញាធរពាក់ព័ន្ធចេះតែបណ្ដោយជនល្មើសលួចនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាបជារៀងរាល់ឆ្នាំ និងបញ្ហាភ្លើងឆេះព្រៃលិចទឹក ដែលបណ្ដាលឱ្យបាត់បង់ដល់ជម្រកត្រីពងនៅតំបន់នោះ។ លោកបន្ថែមថា បញ្ហានេះអាចនឹងប៉ះពាល់ដល់ការរកចំណូលរបស់ពលរដ្ឋកាន់តែខ្លាំង ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែមិនធ្វើមិនដឹងមិនឮមិនព្រមដោះស្រាយជូនពួកគាត់ដូចសព្វនោះ៕
