មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីឲ្យដឹងថា មន្ត្រីជំនាញបានរកឃើញមូលហេតុ នៃការស្លាប់ដំរីព្រៃទម្ងន់ ២តោន ១ក្បាលដោយសារត្រូវគ្រាប់កាំភ្លើងអាកា (AK)។ លោកថា សមត្ថកិច្ចនៃស្នងការនគរបាលខេត្តនេះកំពុងពិនិត្យគ្រាប់កាំភ្លើងនោះ ដើម្បីកំណត់អត្តសញ្ញាណរកជនសង្ស័យឲ្យមកទទួលខុសត្រូវតាមច្បាប់។
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីឲ្យដឹងថា សមត្ថកិច្ចនៅមិនទាន់ចាប់បានជនសង្ស័យនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៥ កុម្ភៈ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្ត្រ ប្រាប់អាស៊ីសេរីនៅថ្ងៃច័ន្ទទី២៥ ខែកុម្ភៈថា នគរបាលនៃស្នងការខេត្តមណ្ឌលគិរីកំពុងស៊ើបអង្កេតរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។ ចំណែកឯខ្មោចដំរីព្រៃត្រូវដឹកមករក្សាទុកធ្វើកោសល្យវិច័យ និងសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រជាបន្តទៀត។ លោកបញ្ជាក់ថា សមត្ថកិច្ចរកឃើញស្នាមគ្រាប់កាំភ្លើងធ្លុះមួយកន្លែងនៅក្បាលដំរីក្បែរភ្នែក ដែលជនល្មើសបាញ់ក្នុងបំណងកាត់យកភ្លុក៖ «ស្នងការនគរបាលខេត្តមណ្ឌលគិរី កំពុងស៊ើបអង្កេតរឿងនេះ។ ចំណែកសាកសពដំរីកំពុងធ្វើកោសល្យវិច័យ ហើយពេលនេះរកឃើញហើយ ជាគ្រាប់កាំភ្លើងអាកា (AK)» ។
ដំរីព្រៃឈ្មោលមួយក្បាលនោះ មានទម្ងន់ប្រមាណ ២តោន កម្ពស់ជិត៣ម៉ែត្រ (២,៧០) ប្រវែង ៤ម៉ែត្រកន្លះទទឹង ១ម៉ែត្រកន្លះ ត្រូវបានគេប្រទះឃើញដេកងាប់នៅភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ខ្មោចដំរីព្រៃនោះមានសភាពស្អុយរលួយ ដែលទំនងជាងាប់រយៈពេលជាង ១០ថ្ងៃមកហើយ។
កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ
មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យដឹងថា ដំរីព្រៃមួយក្បាលនេះរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយអ្នកភូមិប្រទះឃើញងាប់ ឋិតនៅចម្ការចន្ទីពលរដ្ឋក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័ក្ត្រ ឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈថា មន្ត្រីជំនាញកំពុងស្រាវជ្រាវរកមូលហេតុករណីនេះ និងមិនទាន់បង្ហាញលទ្ធផលយ៉ាងណានៅឡើយទេនៅរសៀលថ្ងៃទី២៤ កុម្ភៈ។ លោកថា ខ្មោចដំរីព្រៃនោះមានសភាពស្អុយរលួយ ដែលទំនងជាងាប់រយៈពេល ១០ថ្ងៃមកហើយ។ លោកថា អន្ទាក់ គឺជាឧបករណ៍ដ៏សាហាវមានលទ្ធភាពចាប់សត្វព្រៃទាំងតូចទាំងធំបាន។ លើសពីនេះកាលពីអំឡុងឆ្នាំ ២០០៨ មន្ត្រីឧទ្យានុរក្សបានសារអន្ទាក់ជាង ២ពាន់អន្ទាក់ ដែលជនសង្ស័យដាក់ពង្រាយ ដើម្បីចាប់សត្វព្រៃធ្វើអាជីវកម្មខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ។ លោកបញ្ជាក់ថា អន្ទាក់ទាំងនោះអាចចាប់សត្វខ្ទីងទន្សោង និងកូនដំរីបាន៖ «មកដល់ពេលនេះ យើងមិនទាន់កំណត់អត្តសញ្ញាណថា វាស្លាប់ដោយសារអីទេ។ ប្រហែលស្អែកបានដឹង ដោយសារតែស្ថានភាពស្អុយរលួយបន្តិច » ។
មន្ត្រីបរិស្ថានរូបនេះបន្ថែមថា គ្រោះរាំងស្ងួតនៅឆ្នាំនេះ ក៏នឹងបង្កផលប៉ះពាល់ដល់សត្វព្រៃនៅតំបន់ខ្លះ ខណៈទឹកត្រពាំងជាប្រភពទឹកដ៏សំខាន់មួយចំនួនរបស់សត្វព្រៃ អាចនឹងរីង ដែលជាមូលហេតុ ធ្វើឲ្យសត្វព្រៃប្រមូលផ្តុំមួយកន្លែង ធ្វើឲ្យព្រានព្រៃងាយស្រួលបរបាញ់ និងដាក់អន្ទាក់។ ទន្ទឹមនឹងនេះ មន្ត្រីឧទ្យានុរក្សមានវិធានការពង្រាយកម្លាំងការពារតំបន់ប្រភពទឹកសំខាន់ៗ មួយចំនួន ដើម្បីឲ្យសត្វព្រៃផឹកទឹកដោយសុវត្ថិភាព។
ដំរីព្រៃមួយក្បាលនោះមានទម្ងន់ប្រមាណ ២តោន កម្ពស់ជិត ៣ម៉ែត្រ (២,៧០) ប្រវែង ៤ម៉ែត្រកន្លះ (៤,៥) ទទឹង ១,៥០។ សមត្ថកិច្ចជំនាញបានត្រួតពិនិត្យ និងប្រមូលយកសំណាកគ្រោងឆ្អឹងសត្វដំរីនេះទៅរក្សាទុកនៅទីស្នាក់ការមន្ត្រីបរិស្ថានលេខ៦៤ នៅតំបន់នោះ ដើម្បីស្រាវជ្រាវ។
សហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី លោក ក្រើង តុលា សង្កេតឃើញថា ភូមិសាស្ត្រស្រុកកែវសីមា សំបូរដោយអាជីវកម្មរ៉ែមាស និងក្រុមហ៊ុនរែងរ៉ែមាសខុសច្បាប់ខណៈកន្លងទៅក្រុមហ៊ុនទាំងនោះធ្លាប់បង្ហូរកាកសំណល់គីមីចូលទឹកអូរធម្មជាតិ ដែលជាប្រភពទឹកដ៏សំខាន់របស់សត្វព្រៃ។ លោកស្នើសុំឲ្យអាជ្ញាធរស៊ើបអង្កេតរកមូលហេតុរឿងនេះឲ្យច្បាស់លាស់ និងចាត់វិធានការបញ្ចៀសបាតុភាពនេះកុំឲ្យកើតឡើងដដែលៗ ទៀត។ លោករំឭកថា កាលពីអំឡុងឆ្នាំ២០១៨ ពលរដ្ឋរស់នៅឃុំចំនួន៣ នៃស្រុកកែវសីមា រងគ្រោះពុលទឹកអូរធម្មជាតិ ដែលក្រុមហ៊ុនបង្ហូរសារធាតុគីមីចូល ដែលលោកចាត់ទុកថា បាតុភាពនេះនឹងរាលដាលដល់សត្វព្រៃកម្ររស់នៅតំបន់នោះ៖ «ដំរីងាប់ហ្នឹង ដោយសារប៉ះពាល់សារធាតុគីមីជាតិរ៉ែ ដោយសារដែនជម្រកសត្វព្រៃកែវសីមា មានតំបន់រ៉ែច្រើន។ ការសង្ស័យរបស់ខ្ញុំ ការថែទាំមន្ត្រីបរិស្ថានមិនសូវយកចិត្តទុកដាក់សារធាតុពុល។ សូមពិនិត្យឡើងវិញប្រភពទឹក។ ខ្ញុំគិតថា គួរតែយកចិត្តទុកដាក់ទៅលើ ដោយសារដំរីឆ្លងកាត់ទៅឡាវ និងវៀតណាម » ។
មន្ត្រីបរិស្ថានបន្ថែមថា វត្តមានសត្វដំរីព្រៃកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃស្រែពក។ របាយការណ៍ស្រាវជ្រាវរបស់ក្រុមអ្នកអភិរក្សសត្វដំរីបង្ហាញថា កាលពីអំឡុងឆ្នាំ២០០១ វត្តមានសត្វដំរីមានក្នុងចន្លោះ ៣៧៥ក្បាល ទៅ ៥០០ក្បាលរហូតមកដល់ឆ្នាំ ២០១០។ សត្វកម្រទាំងនេះបានថយចុះមកត្រឹម ១២០ក្បាល ទៅ ១៧៥ក្បាល ដែលកំពុងរស់នៅក្នុងព្រៃអភិរក្សខេត្តមណ្ឌលគិរី។ មន្ត្រីសង្គមស៊ីវិល និងសហគមន៍បារម្ភថា វត្តមានសត្វកម្រទាំងនោះបានថយចុះជាបន្តបន្ទាប់ ហើយកន្លងទៅ ក្រុមអ្នកអភិរក្សបានប្រទះឃើញខ្មោចដំរីព្រៃមួយចំនួនដេកងាប់ក្នុងព្រៃដោយសារការបរបាញ់ និងកត្តាអាយុកាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
