ប្រជាសហគមន៍ និង អាជ្ញាធរឃុំដងកាំបិត ស្រុកសណ្ដាន់ខេត្តកំពង់ធំ យល់ថា ដើម្បីឱ្យវិធានការអភិរក្សសត្វព្រៃមានប្រសិទ្ធភាព គប្បីមានការចូលរួមពីសំណាក់ពលរដ្ឋទាំងឡាយ ដោយត្រូវនាំគ្នាធ្វើពហិការ បរិភោគសត្វព្រៃ។ ពួកគេអះអាងថា ពួកគាត់នឹងគាំទ្រយុទ្ធនាការបញ្ឈប់ការបរិភោគសត្វព្រៃ ដែលសកម្មជនបរិស្ថាន និងសត្វព្រៃកំពុងចាប់ផ្ដើមសព្វថ្ងៃនេះ។
ប្រជាសហគមន៍មួយចំនួនរស់នៅក្បែរតំបន់ព្រៃឡង់ក្នុងឃុំដងកាំបិត លើកឡើងថា ដោយសារពួកគាត់រស់នៅជាប់តំបន់ព្រៃឈើ ទើបធ្វើឱ្យការបរិភោគសត្វព្រៃជារឿងជៀសមិនរួច និងក្លាយជាទម្លាប់ជាប់ពីដើមមក។ ម្ដងម្កាលពួកគាត់បានទទួលទានសាច់សត្វព្រៃ តាមរយៈសត្វស្រុកខាំ ដូចជា ឆ្កែខាំឬជាប់អន្ទាក់របស់ក្រុមជនល្មើស ហើយក៏មានអ្នកស្រុកខ្លះ ចេញដាក់អន្ទាក់ដោយខ្លួនឯង ដើម្បីយកមកបរិភោគលក្ខណៈគ្រួសារដែរ។
ប្រជាសហគមន៍នៅឃុំដងកាំបិត លោក សុខ អេង មានប្រសាសន៍ថា ការកែទម្លាប់របស់ពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រៃឈើមួយចំនួនឱ្យបញ្ឈប់ការបរិភោគសត្វព្រៃនោះ ហាក់ដូចជាពិបាកបន្តិច។ លោកបន្តថា ពិបាកដោយសារពួកគាត់ធ្លាប់ពីបរិភោគពីដូនតាមក។ ប៉ុន្តែប្រសិនបើមានយុទ្ធនាការបញ្ឈប់សកម្មភាពបរិភោគសត្វព្រៃ ខាងលោកនឹងចូលរួមគាំទ្រ ព្រោះដើម្បីការពារសត្វព្រៃមិនឱ្យបាត់បង់បន្តទៀត និងដើម្បីឱ្យពពួកសត្វព្រៃទាំងនោះកាន់តែសំបូរឡើងវិញ ម្យ៉ាងសត្វក៏ចង់មានជីវិតរស់នៅដូចមនុស្សផងដែរ៖ « ចង់ឱ្យឈប់ហូបសត្វព្រៃ បើតាមខ្ញុំៗ អាចចូលរួមបាន » ។
ប្រភពដដែលបន្ថែមថា ប្រភេទសត្វព្រៃមួយចំនួន ដែលអ្នកភូមិខ្លះនិយមបរិភោគ ដូចជាសត្វជ្រូកព្រៃ សត្វត្រកួត សត្វឈ្លូសជាដើម។ លោកកត់សម្គាល់ថា ដោយសារព្រៃឈើចេះតែវិនាសជាបន្តបន្ទាប់ ពពួកសត្វព្រៃមួយចំនួន ក៏កំពុងប្រឈមការបាត់បង់ ដូចជា សត្វកាំប្រមា សត្វពង្រូល ក្ដាន់ ឈ្លូស ហើយសូម្បីតែសត្វជ្រូកព្រៃ ក៏មិនសូវឃើញមានវត្តមានក្នុងព្រៃដែរនាពេលបច្ចុប្បន្ន។
ប្រភេទសត្វព្រៃនៅក្នុងប្រទេសកម្ពុជាមួយចំនួន ត្រូវបានគេមើលឃើញថាបានបាត់បង់ និងស្ទើរតែផុតពូជទាំងស្រុង ដូចជា សត្វគោព្រៃដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជា។ សត្វខ្ទីង ទន្សោង ប្រើស សត្វតេះ ដែលរាងដូចសត្វពពែ សត្វខ្លា ខ្លាឃុំ និង សត្វដំរី ដែលមាននៅសល់តិចតួចក្នុងព្រៃក្រាស់ៗ ប៉ុណ្ណោះ ព្រមទាំងពពួកសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត។
មេឃុំដងកាំបិត លោក លុន យ៉េន មានប្រសាសន៍ថា ពលរដ្ឋនៅក្នុងឃុំរបស់លោកមិនមានអ្នកបរិភោគសព្វព្រៃឡើយ ដោយសារអាជ្ញាធរចេះតែផ្សព្វផ្សាយអំពីផលប៉ះពាល់ក្នុងការបរិភោគ ព្រមទាំងការបាត់បង់សត្វព្រៃ ម្យ៉ាងត្រូវរួមគ្នាថែរក្សាសត្វព្រៃទៀតផង។ លោកគាំទ្រទាំងស្រុង ឱ្យមានយុទ្ធនាការបញ្ឈប់ការបរិភោគសត្វព្រៃ ព្រោះដើម្បីអភិរក្សពពួកសត្វទាំងនោះឱ្យនៅគង់វង្ស៖ « ព្រោះល្អទីមួយយើង ថែរក្សាសត្វព្រៃ ទីពីរ កុំបរិភោគឆៅ។ ជារឿងល្អដែរ គឺខ្ញុំអាចតាមរយៈមន្ទីរបរិស្ថាន ដូចជាខាងក្រុមបរិស្ថានដែលគេបានជម្រាបជូនដែរ » ។
កាលពីខែកញ្ញា ឆ្នាំ ២០១៧ ក្រសួងសុខាភិបាល បានចេញលិខិតប្រកាសអាសន្នស្តីពីការផ្ទុះឡើងនៃជំងឺដង្កូវព្រូនទ្រីស៊ីណែឡា ឬហៅថា ទ្រីស៊ីណែឡូស៊ីស (Trichinellosis) នៅតំបន់ព្រៃឡង់ ភូមិច្រកតោ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានបណ្ដាលមន្ត្រីបរិស្ថាន និងពលរដ្ឋចំនួន ៨ នាក់ស្លាប់ ហើយ ១៣នាក់ទៀត ត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា គឺជាប្រភេទជំងឺម្យ៉ាង ដែលចម្លងមកមនុស្ស តាមរយៈការបរិភោគសាច់ឆៅ ឬសាច់ចម្អិនមិនឆ្អិនល្អ។
ការផ្ទុះជំងឺពេលនោះ បានធ្វើឱ្យពលរដ្ឋរស់នៅជាប់តំបន់ព្រៃឡង់ ខ្លាចរអា ហើយប្រយ័ត្នប្រយែងក្នុងការបរិភោគសត្វព្រៃ ពីព្រោះអ្នកភូមិដែលស្លាប់និង ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺពួកគាត់បាននាំគ្នាបរិភោគសត្វព្រៃតែម្ដង។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការបរិភោគសាច់ឆៅ ឬចម្អិនមិនឆ្អិនល្អ ហើយត្រូវមានអនាម័យម្ហូបអាហារត្រឹមត្រូវដើម្បីការពារពីជំងឺនេះ។
សង្គមស៊ីវិលលើកឡើងថា ការថយចុះបរិមាណសត្វព្រៃនៅប្រទេសកម្ពុជា មានកត្តាមួយចំនួន ដូចជាការបាត់បង់ជម្រក ពិសេសព្រៃឈើរងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ ការបរបាញ់ ឬដាក់អន្ទាក់ ក្នុងនោះ គឺមានករណីខ្លះជាប់ពាក់ព័ន្ធជាមួយកម្លាំងប្រដាប់អាវុធមួយចំនួនផងដែរ។ ការយកសត្វព្រៃសម្រាប់ធ្វើឱសថព្យាបាលរោគ និង ការសម្លាប់ដើម្បីយកផ្នែកខ្លះធ្វើជាគ្រឿងឬ វត្ថុស័ក្ដិសិទ្ធិ តាមជំនឿខ្មែរពីបុរាណ សម្រាប់ការពារខ្លួន ដូចជាពពួកចែកាច់ ខ្នាយ ឬចង្កូមសត្វផ្សេងៗ។ ការលក់ដូរសត្វព្រៃ សម្រាប់ជាគ្រឿងបរិភោគ នៅតាមតំបន់កម្សាន្តនានា ជាប់ព្រៃភ្នំ និងនៅតាមភោជនីយដ្ឋានធំៗ មួយចំនួន ព្រមទាំងការនាំចេញទៅក្រៅប្រទេសតែម្តង។
ពលរដ្ឋ ដែលបានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្ត្រខ្លះ បានចូលរួមក្នុងការបំផ្លិចបំផ្លាញសត្វព្រៃដោយប្រយោល ពីព្រោះពួកគាត់ជាអ្នកគាំទ្រជំនួញសត្វព្រៃទាំងនោះ។ ជាក់ស្ដែងនៅតំបន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី រមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគិរី មានលក់សាច់សត្វព្រៃធ្វើជាម្ហូបអាហារសម្រាប់ភ្ញៀវទេសចរ ហើយមានភ្ញៀវដែលភាគច្រើនជាអ្នកមានជីវភាពធូរធារសំដៅរកសាច់សត្វព្រៃទាំងនោះ បើទោះបីជាវាមានតម្លៃខ្ពស់ក៏ដោយ។
កាលពីខែមីនា ឆ្នាំ ២០១៨ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបង្ហាញក្តីបារម្ភចំពោះវាសនា ព្រៃឈើ និងសត្វព្រៃកម្រ ដែលកំពុងប្រឈមក្តីវិនាសក្នុងពេលបច្ចុប្បន្ន ពិសេសសកម្មភាពរត់ពន្ធចេញទៅក្រៅប្រទេស។ លោកថា ប្រសិនបើករណីទាំងនេះមិនអាចទប់ស្កាត់បាន នឹងក្លាយជាបញ្ហាធំសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃអនាគត ។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញស្នូលព្រៃឡង់ លោក សេង សុខហេង មានប្រសាសន៍ថា យុទ្ធនាការបញ្ឈប់ការបរិភោគសត្វព្រៃ គឺខាងលោកបានធ្វើជាបន្តបន្ទាប់ ហើយនឹងចាប់ផ្ដើមកាន់តែសកម្មថែមទៀតនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួច។ លោកថា វិធានការទាំងនោះ គឺផ្សព្វផ្សាយដល់ប្រជាសហគមន៍មូលដ្ឋានដែលជាសមាជិករបស់ខ្លួនផ្ទាល់តែម្ដង ធ្វើយ៉ាងណាផ្ដល់ជាគំរូល្អ សម្រាប់សាធារណជនទូទៅ៖ « គឺយើងមានផែនការយុទ្ធសាស្ត្ររបស់យើងច្បាស់លាស់ហើយ ក្នុងការផ្សព្វផ្សាយដល់សមាជិក ដើម្បីឱ្យពួកគាត់ធ្វើពហិការ ឬឈប់ទទួលទានសត្វព្រៃ ពិសេសកម្រៗ ហ្នឹង គឺយើងបានធ្វើជាបណ្តើរៗ ហើយ » ។
លោក សេង សុខហេង យល់ថា ការធ្វើពហិការ មិនបរិភោគសត្វព្រៃ គឺ ជាកត្តាមួយសំខាន់ដើម្បីការពារ និងអភិរក្សសត្វព្រៃដែលនៅសេសសល់ និង កំពុងប្រឈមការផុតពូជ។ លោកថា កន្លងមកធ្លាប់មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានធ្វើយុទ្ធនាការនេះដែរ ប៉ុន្តែមិនសូវបានទូលំទូលាយ និងមិនសូវមានប្រសិទ្ធភាព ដោយសារកង្វះការចូលរួមពីពលរដ្ឋ។ លើសពីនេះ គឺភាពខ្វះចន្លោះរបស់អាជ្ញាធរក្នុងការអនុវត្តច្បាប់។ លោកគិតថា ដើម្បីឱ្យការងារនេះ កាន់តែមានប្រសិទ្ធភាព ពលរដ្ឋគប្បីនិយាយថាទេ ចំពោះការបរិភោគសត្វព្រៃទាំងអស់គ្នា។ ជាមួយគ្នានេះ របបក្រុងភ្នំពេញ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងមាត់ និងគ្មានការយោគយល់។ មិនតែប៉ុណ្ណោះ ត្រូវបញ្ឈប់អាជីវកម្មសត្វព្រៃទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ពិសេសបិទការនាំចេញសត្វព្រៃគ្រប់ប្រភេទទៅក្រៅប្រទេស។ រដ្ឋ និង អង្គការក្រៅរដ្ឋាភិបាល គប្បីចូលរួមលើកទឹកចិត្តដល់កសិករក្នុងការចិញ្ចឹមសត្វព្រៃ ពិសេសជ្រូកព្រៃ ជាលក្ខណៈគ្រួសារ ឬ សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
