សកម្មជន​បរិស្ថាន​រង​ការ​គំរាមកំហែង​ដោយសារ​ចែក​ខិត្តប័ណ្ណ​កោះកុង​ក្រៅ

ដោយ ទីន ហ្សាការីយ៉ា
2023.01.14
សកម្មជន​បរិស្ថាន​រង​ការ​គំរាមកំហែង​ដោយសារ​ចែក​ខិត្តប័ណ្ណ​កោះកុង​ក្រៅ សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី និង​យុវជនផ្សេងទៀត ដែលខាង​គណៈគ្រប់គ្រង់សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ រារាំង​ចែកខិត្តប័ណ្ណ​ផ្សព្វផ្សាយ​កោះកុងក្រៅ ពេលកំពុង​ដាក់​ស្ដង់លក់ដូង ក្នុង​កម្មវិធីសាលា កាលពីថ្ងៃទី១៣ មករា ២០២៣។
រូប៖ ហ្វេសប៊ុក​យុវជន Kim Chilin

នាយក​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​អាជ្ញាធរ ហៅ​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន និង​ជា​និស្សិត​នៃ​សាកល​ភូមិន្ទ​ភ្នំពេញ ទៅ​សាកសួរ និង​គំរាមកំហែង​ទាក់ទង​នឹង​ករណី​ពួកគាត់ ដាក់​ស្តង់​លក់​ដូង និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​កោះកុង​ក្រៅ នៅក្នុង​បរិវេណ​សកលវិទ្យាល័យ​ភ្នំពេញ ខណ្ឌ​ទួលគោក ទីក្រុង​ភ្នំពេញ ក្នុង​កម្មវិធី​ខួប​៦៣​ឆ្នាំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

និស្សិត​ឆ្នាំ​ទី​៤ សិក្សា​ផ្នែក​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ភួន កែវរស្មី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែធ្នូ ថា ក្រុម​របស់​កញ្ញា​មាន​គ្នា ៥៦​នាក់ រៀបចំ​កាត់​ស្ទីកឃ័រ ឬ​ខិត្តប័ណ្ណ​ដែល​មាន​រូប​កោះកុង​ក្រៅ ដើម្បី​ចែក​ដល់​អ្នក​ដែល​មក​ចូលរួម​ខួប ៦៣​ឆ្នាំ​របស់​សាលា ដែល​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥​។ កញ្ញា​បន្ត​ថា មាន​គ្រូ​មុខវិជ្ជា​ផ្សេង ដែល​កញ្ញា​មិន​ស្គាល់ឈ្មោះ និង​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់​កម្មវិធី​មក​សួរនាំ​កញ្ញា​រឿង​ចែក​ខិត្តប័ណ្ណ​នេះ ហើយ​ដាក់​បម្រាម​មិន​ឲ្យ​ចែក​ទៀត ដោយ​លើក​ហេតុផល​ថា ខ្លាច​ប៉ះពាល់​រឿង​នយោបាយ។

និស្សិត​រូប​នេះ​ប្រកាន់​ជំហរ​ថា ទោះជា​មានការ​ហាមឃាត់​កញ្ញា​ពី​អ្នកគ្រប់គ្រង​សាលា​ក៏ដោយ ក៏​កញ្ញា​នៅតែ​បន្ត​ចែកចាយ​ខិត្តប័ណ្ណ​កោះកុង​ក្រៅ​ដដែល ព្រោះ​កញ្ញា​មិនបាន​ធ្វើ​ខុស​វិន័យ​សាលា​ឡើយ។ កញ្ញា ភួន កែវរស្មី យល់​ថា អ្នក​គ្រប់គ្រង​សាលា​មិន​គួរ​ហាមឃាត់​មិន​ឲ្យ​ចែកចាយ​ខិត្តប័ណ្ណ​នេះ​ទេ ព្រោះ​នេះ​ជា​ការ​ជំរុញ​ឲ្យ​យុវជន​កាន់តែ​ស្រឡាញ់​ធម្មជាតិ​ថែមទៀត និង​ជា​ការ​ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​ទាំងអស់គ្នា ខាង​សាលា​គួរតែ​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត ទើប​ជា​ការ​ប្រសើរ។

សូម​ទស្សនា​បទសម្ភាសន៍​មួយ​ជាមួយ​កញ្ញា ភួន កែវរស្មី បន្ថែម៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។