យុវនារី​មួយ​រូប​ប្តេជ្ញា​ចិត្ត​ការពារ​​បរិស្ថាន ទោះ​ជា​ត្រូវ​​ប្រឈម​នឹង​​បញ្ហា​ច្រើន​ក៏​ដោយ​

ដោយ សុ ជីវី
2018-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាង​ លីម គីមស័រ ដែល​មាន​ឈ្មោះ​ហៅ​​ក្រៅ​ថា ជីជី ​ជា​សកម្មនារីបរិស្ថាន​​​ឯករាជ្យ។
អ្នក​នាង​ លីម គីមស័រ ដែល​មាន​ឈ្មោះ​ហៅ​​ក្រៅ​ថា ជីជី ​ជា​សកម្មនារីបរិស្ថាន​​​ឯករាជ្យ។
រូបថត៖ អ្នក​នាង​ លីម គីមស័រ

ខេត្ត​កោះកុង គឺ​ជា​តំបន់​ជាប់​មាត់​សមុទ្រ ដែល​សម្បូរ​​​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ ដូច​ជា ព្រៃ​ឈើ និង​រ៉ែ​ជា​ច្រើន​ប្រភេទ ហើយ​ក៏​មាន​លក្ខណៈ​អំណោយ​ផល​ផ្នែកអេកូ​​ទេសចរណ៍​ផងដែរ​ ដោយសារ​ខេត្ត​នេះ​សម្បូរណ៍​ដោយ​ភ្នំ ជ្រោះ ជ្រលង ដងអូរ ​ស្ទឹង និង​កោះ​ជា​ដើម។ ក៏​ប៉ុន្តែ ខេត្ត​នេះ​ក៏​មាន​បញ្ហា​ចាក់​ស្រេះ​ជា​ច្រើន​ដែរ ដូច​ជា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​ និង​ក្រុម​ហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ឬ​អ្នក​មាន​លុយ​មាន​អំណាច ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ និង​ការ​រំលោភ​យក​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​​ជា​ដើម។ ដោយ​ស្រឡាញ់​ពេញ​ចិត្ត និ​ង​ចង់​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​នេះ សកម្មជន​បរិស្ថាន​មួយ​រូប​ប្តេជ្ញា​ចិត្ត​ថា នឹង​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​តទៅ​ទៀត ទោះជាត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា និង​ការ​លំបាក​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

ការងារ​​ការពារ​បរិស្ថាន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ដោយ​តម្រូវ​ឱ្យ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ លះបង់​សេចក្តី​សុខ​ផ្ទាល់​ខ្លួន និង​ពេល​ខ្លះ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​ច្បាប់ ឬ​រូប​រាងកាយ​ផង​ក៏​មាន។ ជាពិសេស​ សម្រាប់​អ្នក​ធ្វើ​ការ​ផ្នែក​បរិស្ថាន​ជា​សកម្មជនឯករាជ្យ​​ ឬ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ពួក​គេ​មិន​មាន​អំណាច​តាម​ផ្លូវច្បាប់​ ដូច​មន្ត្រី​បរិស្ថាន ឬ​អាជ្ញាធរ​ជំនាញ​នោះ។ ក៏​ប៉ុន្តែ​ទាំង​នេះ​ មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ស្ត្រី​វ័យ​ ២៩ឆ្នាំ គឺ​​អ្នក​នាង​ លីម គីមស័រ ដែល​មាន​ឈ្មោះ​ហៅ​​ក្រៅ​ថា ជីជី នោះឡើយ​។

មាន​សំបុរ​ស្រអែម រាង​ស្តើងស្គម និង​មាន​សំឡេង​ស្អក​បន្តិច អ្នក​នាង លីម គីមស័រ គឺ​ជា​កូន​ចៅ​​​អតី​ត​ពលរដ្ឋ​សហគមន៍​ក្រុម​ ៧៨ នៅ​ក្បែរសហគមន៍​សំបុក​ចាប​​ ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ។ ព្រឹត្តិការណ៍​បណ្តេញ​ចេញ​នេះ​ បាន​កើត​ឡើង​មួយ​សប្តាហ៍​មុន​ពេល​នាង​ត្រូវ​​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ ហើយ​រឿង​នេះ​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ជីវិត​ និង​ផ្លូវ​ចិត្ត​របស់​នាង​នៅ​ពេល​ក្រោយៗ មក​ទៀត។

អ្នក​នាង​ លីម គីមស័រ មាន​បង​ប្អូន​បង្កើត​ចំនួន ៩នាក់ ហើយ​នាង​ជា​កូន​ទី៨ ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​អតីត​គ្រូពេទ្យ និង​ម្តាយ​ជា​មេ​ផ្ទះ។ នាង​បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ២០១៥ កន្លង​ទៅ ប៉ុន្តែ​ដោយ​សារ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​ស្វាមី និង​ម្យ៉ាង​ទៀត​នាង​ត្រូវ​រវល់​ខ្លាំង​នឹង​ការងារ​បរិស្ថាន​ផង នាង និង​ស្វាមី​ក៏​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​នៅ​ឆ្នាំ២០១៧។

អ្នក​នាង​ លីម គីមស័រ ​បាន​ចាប់​ផ្តើម​សកម្មភាព​ជាមួយ​សហគមន៍​រង​គ្រោះ​ដីធ្លី​នៅ​ឆ្នាំ២០១១ និង​​បាន​ចូល​រួម​ជា​យុវជន​ស្ម័គ្រចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ២០១៣។ នាង​បញ្ជាក់​ថា ការ​ចូល​រួម​សកម្មភាព​នយោបាយ​នេះ​ គឺ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​អំពី​រឿង​ផ្លូវ​ច្បាប់ ការ​តស៊ូ​មតិ និង​ការ​ធ្វើ​កិច្ច​ការងារ​សហគមន៍​ជា​ដើម។ ក្រោយ​មក​នាង​បាន​បញ្ឈប់​សកម្មភាព​នយោបាយ​ ដោយ​ងាក​ទៅ​ធ្វើ​ការ​ជាមួយ​ក្រុម​យុវជន ​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​មូល​ដ្ឋាន​វិញ។ ក៏​ប៉ុន្តែ ដោយ​មាន​អតីតភាព​ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ម្យ៉ាង​ជា​ស្ត្រី​ផង នាង​តែង​រង​ការ​រើសអើង​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​មួយ​ចំនួន​ ហើយ​ក្រៅពី​នេះ​ក៏​មាន​​​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​របស់​នាង​ផង​ដែរ៖ «កន្លង​មក ខ្ញុំ​ធ្លាប់ត្រូវ​បាន​គេ​ចាប់​ខ្លួន​យក​ទៅឃុំទុក​ចោល​នៅ​ស្នង​ការ​រហូត​ដល់​ ១៧ម៉ោង ហើយ​ក្នុង​ហ្នឹង​ក៏​មាន​ការ​តាម​ដាន​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ខ្ញុំមាន​​ពេល​ខ្លះ​ខ្លាច​ដែរ ដោយ​សារ​តែ​យើង​អត់​ដឹង​ថា គេ​តាម​នៅក្នុង​គោល​បំណង​អ្វី​អ៊ីចឹង​ទៅ ហើយ​ក៏​មាន​ការ​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ពី​បទ​ញុះញង់​ដែរ»

ដោយធ្លាប់​​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ក្រុម​គ្រួសារ​របស់​អ្នកនាង​ លីម គីមស័រ មិន​បាន​ហាម​ឃាត់​នាង​មិន​ឱ្យ​ធ្វើ​ការងារ​សង្គម​នេះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​បាន​ជួយ​​គាំទ្រ​នាង​ទាំង​ផ្នែក​ស្មារតី និង​លុយ​កាក់។ គីមស័រ​ បាន​ចាប់​ផ្តើម​ការងារ​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​នៅ​ឆ្នាំ ២០១៤ និង​បាន​ធ្វើ​សកម្មភាព​ជាច្រើន​នៅ​ខេត្ត​កោះកុង មាន​ជាអាទិ៍​ ការ​ចុះ​អប់រំ​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​សិទ្ធិ ការ​ផ្តល់​យោបល់​ផ្លូវ​ច្បាប់​ដល់​​ពលរដ្ឋ​ ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បូមខ្សាច់​បែប​អនាធិបតេយ្យ ការ​បើក​កកាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​សម្បទាន​​ដី​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​ដើម។

អតីតអ្នក​សម្របសម្រួ​ល​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ថ្លែងថា ​អ្នកនាង​ លីម គីមស័រ ជា​នារី​ក្លាហាន​ និង​ម៉ឺងមាត់​ មិន​រួញ​រា ​ក្នុងកិច្ច​ការពារ​បរិស្ថាន និង​ជួយ​សហគមន៍​រង​គ្រោះ។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​ក្នុង​សហគមន៍​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង​ដែល​ធ្លាប់​តែ​ខ្លាច មិន​ហ៊ាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ បែរ​ជា​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​ និង​ទាម​ទារ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​វិញ៖ «សកម្មភាព​ដែល​លេច​ធ្លោ ដែល​យើង​ចាប់​អារម្មណ៍​មែន​ទែន​នោះ គឺ​គាត់​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស។ គាត់បាន​ចុះ​ទៅ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បូម​ខ្សាច់ហ្នឹង គាត់​បាន​បង្រៀន​អំពី​សិទ្ធិមនុស្ស​ សិទ្ធិស្ត្រី​ ហើយ​និង​អំពី​ច្បាប់​ និង​អំពី​វិធីសាស្ត្រ​នៃ​ការ​តស៊ូ​មតិ ដើម្បី​នាំ​ទៅ​រក​ដំណោះ​ស្រាយ​ ឬ​នាំ​ទៅ​រក​លទ្ធផល​សម្រាប់​សហគមន៍»

ពលរដ្ឋ​មួយ​រូប​នៃ​សហគមន៍​កោះ​ស្រឡៅ ខេត្ត​កោះកុង លោកស្រី សម្បត្តិ វ៉ាត ថ្លែង​ថា សហគមន៍​របស់​លោក​ស្រី​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ បន្ទាប់​ពីក្រុម​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ ពិសេស ​អ្នកនាង​ លីម គីមស័រ បាន​ទៅ​ដល់​តំបន់​នោះ។ លោក​ស្រី​បន្ត​ថា នាង​បាន​ជួយ​បង្កើត​បណ្តាញ​ស្តី្រ​ដ៏​រឹងមាំ​មួយ​​ ដើម្បី​ធ្វើ​ការ​ងារ​សម្អាត​បរិស្ថាន​ក្នុង​សហគមន៍ និង​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​អនាធិបតេយ្យ​នៅតាម​ដងស្ទឹង​នៅក្បែរ​តំបន់​កោះស្រឡៅ៖ «តាំង​ពី ជីជី គាត់​មក​ចុះ​ជួយ​បងប្អូន​ប្រជាជន​យើង​ បង​ប្អូន​ប្រជាជន​យើង​ចេះ​ដឹង ហើយ​គាត់​បង្កើត​ក្រុម​​ស្ត្រី​​ដឹក​នាំ តាំង​ពី​អនាម័យ​ រឿង​​សំរាម រឿង​បូម​ខ្សាច់​អ៊ីចឹង។ ជួយ​បំភ្លឺ​តាំង​ពី​រឿង​ផ្លូវ​ច្បាប់​មួយ​ចប់។ និយាយ​រួម​ទៅ​ គាត់​​ល្អ​តែ​ម្ដង​ ពី​ព្រោះ​គាត់​តស៊ូ​មាំ​ណាស់។ គាត់​អត់​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ​ គាត់​មក​បម្រើ​សហគន៍​យើង​ហ្នឹង»

បច្ចុប្បន្ននេះ​អ្នក​នាង លីម គីមស័រ គឺជា​សកម្មជន​បរិស្ថាន​ឯករាជ្យ ព្រោះ​អង្គការ​មាតា​ធម្មជាតិ​​ ត្រូវ​បាន​​ក្រសួង​មហាផ្ទៃ​សម្រេច​លុប​ឈ្មោះ​​ចេញ​ពី​បញ្ជី​អង្គការ​មិន​មែន​រដ្ឋាភិបាល​រួច​ទៅ​ហើយ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ២០១៧ កន្លង​ទៅ។ ក្នុង​នាម​ជា​សកម្ម​បរិស្ថាន​ឯករាជ្យ នាង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស និង​គម្រោង​តូចៗ របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។ ថ្វី​ដ្បិត​តែ​នាង​មិន​អាច​ធ្វើ​ការ​បាន​ពេញ​លេញ​ដូច​កាល​ពី​មុន​មែន ក៏​ប៉ុន្តែ​​នាង​នៅ​តែ​ប្តេជ្ញា​ចិត្ត​បន្ត​សកម្មភាព​ការពារ​បរិស្ថាន និង​ជួយ​សហគមន៍​ដដែល៖ «ដូច​ថា​យើង​ទៅ​សហគមន៍​អ៊ីចឹង គឺ​យើង​ទៅ​ម្នាក់​ឯង​ ហើយ​ក្រុម​យើង គ្នា​យើង​ គឺ​មាន​តែ ៤-៥នាក់។ អ៊ីចឹង​ទៅ​វា​ពិបាក​ក្នុង​ការ​ធ្វើការ​ ហើយ​ពាក់​ព័ន្ធ​​រឿង​ថវិកា​ខ្លះ​ផង។ អ៊ីចឹង​វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ពេល​ខ្លះ​ក៏​បាក់​ទឹក​ចិត្ត ​ចង់​ឈប់​ដែរ។ ប៉ុន្តែ​ដោយសារ​រាល់​ពេល​ដែល​ខ្ញុំ​ចង់​ឈប់​ គឺ​សហគមន៍​តែ​ង​​តែ​ត្រូវ​ការ​​ឱ្យ​ខ្ញុំ​ជួយ​រហូត អ៊ីចឹង​​ទៅ​ក៏​ខ្ញុំ​មិន​អាច​ឈប់​បាន​ ហើយ​មួយ​ទៀត ​គឺ​ដោយសារ​តែ​​ខ្ញុំក៏​​ធ្លាប់​ជាជន​រង​គ្រោះ​ដែរ។ ការងារ​របស់​យើង​ប្រឈម​ខ្លាំង​ អ៊ីចឹង​អ្នក​ខ្លះ​គាត់​ជួយ​ ប៉ុន្តែ​គាត់​ជួយ​​បែប​លួច​លាក់។ ដូច្នេះ​ហើយ​វា​ធ្វើឱ្យ​ខ្ញុំ​អត់​អាច​ឈប់​ពី​ការងារ​នេះ​បាន​តែ​ម្ដង»

អ្នក​នាង​ លីម គីមស័រ ជំរុញ​ឱ្យ​យុវជន​ដទៃ​ទៀត​ចូល​រួម​ក្នុង​កិច្ច​ការពារ​បរិស្ថាន និង​ជួយ​ដល់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​តាម​សហគមន៍​នីមួយៗ។ នាង​បន្ថែម​ថា មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព​នោះ គឺ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ក្នុង​ការ​លាត​ត្រដាង​ពី​រឿង​អយុត្តិធម៌​សង្គម និង​បទ​ល្មើស​ធនធាន​ធម្មជាតិ។ នាង​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បើក​សិទ្ធិ​ឱ្យ​ទូលាយ​ដល់​សកម្មជន​បរិស្ថាន និង​សង្គម​ អាច​ធ្វើ​សកម្មភាព​បាន​ដោយ​គ្មាន​ការ​រារាំង៖ «ប្រសិន​បើ​យុវជន​ទាំង​អស់​​គ្នា​ក្រោក​ឡើង​ ធ្វើការ​ងារ​សង្គម​ទាំង​អស់​គ្នា​ អ៊ីចឹង​​សង្គម​របស់​យើង​ក៏​កាន់​តែ​កែប្រែបានដែរ។ ប៉ុន្តែ​ប្រសិន​បើ​យើង​ឃើញ​ថា យុវជន​ចេញ​មុខ​មក​ដដែលៗ ឬ​ក៏​អ្នក​ធ្វើ​ការងារ​សង្គម​មាន​តែ​​ដដែលៗ វាអត់​​រីក​​ចម្រើន​ទេ។ វា​នៅ​តែ​ប៉ុណ្ណឹង រហូត​​ដល់​ជួន​កាល​មាន​ការ​លាប​ពណ៌​យុវជន ឬ​ក៏​ក្រុម​សកម្មជន​ដែល​ចេញ​មុខ​ដដែលៗ ហ្នឹង​ទៀត​ផង»

ការ​តស៊ូមតិ​របស់​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​យុវជន​នៃ​អង្គការ​មាតា​ធម្មជាតិ​ បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​ចំនួន​នៅ​កោះកុង​ ដូច​ជា​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​រង​គ្រោះ ការ​លុប​ចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង និង​ការ​បញ្ឈប់​ទាំង​ស្រុង​នូវ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ល្បាយ​ភក់​​ និង​ខ្សាច់​សំណង់​ក្នុង​គោល​ដៅ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Kôn khmer

ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ ២០១៩ ឬ​ ២០០៩?

Dec 24, 2018 09:58 AM

អ្នក​អាន​អនាមិក

ពី TOULOUSE-FRANCE

យើងសូមសរសើរហើយគាំទ្រពេញទំហឺងដល់យុវនារី
​​ លឺម​ គិមស័​រ ។ យើងមានសង្ឃឺមយា៉ងមាំថានឺងមាន
យុវជន​ យុវនារីខ្មែរស្នេហាជាតិដ៏ទៃទៀតយកតម្រាប់
តាម ជឺ​ជឺ​ មិនខានឡើយ​ ៕

Dec 23, 2018 01:53 PM

គេហទំព័រ​ទាំងមូល