សកម្មជន​បរិស្ថាន រិះគន់​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ

ដោយ យ៉ង ចាន់តារា
2022.08.13
Share on WhatsApp
Share on WhatsApp
សកម្មជន​បរិស្ថាន រិះគន់​ការ​លើកឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ ផ្ទះពលរដ្ឋបាក់​ចូលជ្រាំងទន្លេបាសាក់ នៅសង្កាត់​រកាខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​បរិស្ថាន និង​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ រិះគន់​លើ​ការ​លើកឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ និង​ថាមពល បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា ការ​បូម​ខ្សាច់​ជា​ការ​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរណ៍ និង​ដើម្បី​ជួយ​ទប់ស្កាត់​ការ​បាក់​ច្រាំងទន្លេ​។ សកម្មជន​បរិស្ថាន​រូប​នេះ ស្នើ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល​បង្ហាញ​របាយការណ៍ និង​ភស្តុតាង​បញ្ជាក់​លើ​ការ​អះអាង​របស់ខ្លួន ខណៈ​ការ​បូម​ខ្សាច់​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​អន្តរជាតិ​សិក្សា​ឃើញថា​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាជន។

សកម្មជន​បរិស្ថាន បញ្ចេញមតិ​ជំទាស់​ថា ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា កាល​ពី​ថ្ងៃទី​៩ ខែ​សីហា ដែល​ថា​រាល់​ការអនុញ្ញាត​ឱ្យ​មាន​អាជីវកម្ម​បូម​ខ្សាច់ ត្រូវ​បាន​ឆ្លងកាត់​ការ​សិក្សា​ច្បាស់លាស់ ខណៈ​ការ​បូម​ខ្សាច់​នេះ​ក៏បាន​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរ និង​ជួយ​ទប់ស្កាត់​កុំឱ្យ​បាក់​ច្រាំង​នោះ គឺជា​ការ​កុហក​បោកប្រាស់ និង គ្មាន​ភស្តុតាង​ច្បាស់លាស់។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ប្រាប់​វិទ្យុ​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១២ សីហា​ថា ក្រសួង​រ៉ែ និង​ថាមពល​តែងតែ​លើកឡើង​នូវ​ពាក្យ​បែបនេះ​ច្រើនដង​មក​ហើយ ដែល​ប្រៀប​ដូចជា​ការ​ច្រៀង​នូវ​បទ​ចម្រៀង​ដដែលៗ ទោះបី​ស្ថាប័ន​អន្តរជាតិ​ដែល​មាន​ជំនាញ​ក្នុង​រឿង​នេះ សិក្សា​ឃើញថា​ការ​បូម​ខ្សាច់​ពិតជា​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​តំបន់​នោះ​ពិតប្រាកដ​មែន​។ លោក​ថា បើ​យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ស្ថាប័ន​ជំនាញ​និង​ឯករាជ្យ ការ​បូម​ខ្សាច់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ជីវិត​មច្ឆជាតិ​ក្នុង​ទន្លេ ហើយ​ជះឥទ្ធិពល​ទៅលើ​ទិន្នផល​នេសាទ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ លើស​ពី​នេះ ការ​បូម​ខ្សាច់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ច្រាំងទន្លេ និង​បណ្ដាល​ឱ្យ​មាន​ការ​បាក់​ច្រាំង​ជា​បន្តបន្ទាប់​នៅ​តំបន់​ដែល​មាន​អាជីវកម្ម​បូម​ខ្សាច់​ដែល​សកម្ម​។ ការ​បាក់​ច្រាំង​បាន​ប៉ះពាល់​ទៅដល់​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ហើយ​ខ្លះ​ត្រូវ​បាត់បង់​ផ្ទះសម្បែង​ទាំងស្រុង​ដោយសារ​បាក់​ស្រុត​ដី​ចូលក្នុង​ទន្លេ​។ លោក​បន្ថែម​ថា ទោះបី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ធ្លាប់​បាន​លើកឡើង​ពី​បញ្ហា​នេះ​ថា មាន​ផល​ប៉ះពាល់​ពិតប្រាកដ​ក្ដី ក៏​លោក​នៅតែ​ឃើញ​មាន​អាជីវកម្ម​ខ្សាច់​មួយចំនួន​នៅតែ​បន្តសកម្មភាព​បូម​យ៉ាង​អានាធិបតេយ្យ តាមរយៈ​ការ​ចេញ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល។

លោក អាឡិច ជំរុញ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ឯកសារ​ពាក់ព័ន្ធ របាយការណ៍ និង​ការវាយតម្លៃ​ពី​ផល​ប៉ះពាល់ អ៊ីអាយអេ EIA (Environmental Impact Assessment) ប្រសិនបើ​ក្រសួង​មួយ​នេះ​អះអាង​ថា ការ​បូម​ខ្សាច់​ពិតជា​គ្មាន​ផល​ប៉ះពាល់​ដូច​ការ​លើកឡើង​របស់​ខ្លួន​​៖ «បើសិនជា​យើង​កុហក​គេ ហើយ​គេ​ជឿ​អាហ្នឹង​អូ​ខេ តែ​ករណី​ហ្នឹង​គឺ​កុហក​យើង​សុទ្ធសាធ ហើយ​គ្មាន​នរណា​ជឿ​ទៀត​។ អ៊ីចឹង​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ហ្នឹង គឺ​ដូរ​បទ​ចម្រៀង​ទៅ ពីព្រោះ​អា​រឿង​ដែល​ថា​បូម​ខ្សាច់​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរ​ហ្នឹង ឱ្យ​ទុក​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​ឱ្យ​មាន​សុវត្ថិភាព​ជាង​មុន ហើយ​កុំឱ្យ​បាក់​ច្រាំង​ច្រើនពេក អាហ្នឹង​គឺ​សាំ ហើយក៏​អត់​មាន​នរណា​ជឿ​ទេ គេ​ខ្ពើម!»

ការ​បូម​ខ្សាច់​បាន​ធ្វើ​ឱ្យ​បាក់​ច្រាំង និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ជាក់ស្ដែង​នៅក្នុង​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល។

ពលរដ្ឋ​មួយ​រូប លោកស្រី អាត់ គីមអេង ឱ្យដឹង​ថា​បច្ចុប្បន្ន​ផ្ទះ​លោកស្រី​កំពុង​បាក់​ស្រុត​ជា​បណ្ដើរៗ​ចូល​ទៅក្នុង​ទន្លេ ទោះបី​មានការ​ទប់ស្កាត់​អស់​ជាច្រើនលើក​ច្រើនសា​ក្ដី​។ លោកស្រី​ឱ្យ​ដឹង​បន្ត​ថា កាលដើមឡើយ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ច្រាំងទន្លេ​មិនដែល​មាន​បញ្ហា​បាក់​ស្រុតដី​អ្វី​ឡើយ លើកលែងតែ​លំនៅឋាន​ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​កែង​មាន​ទឹក​ហូរ​បុក​ខ្លាំង​ទើប​បាក់​ច្រាំង​នោះ​ទៅ​។ លោកស្រី​អះអាង​ថា ផ្ទះ​លោកស្រី​ស្ថិត​នៅ​ត្រង់​កន្លែង​ដែល​មិន​ប្រឈម​នឹង​បញ្ហា​ខ្សែទឹក​នោះ​ទេ ប៉ុន្តែ​បែរជា​ត្រូវ​រងគ្រោះ​បាក់​ស្រុត​ដី​ផ្ទះ​ទៅវិញ​។ ពលរដ្ឋ​រូប​នេះ​យល់​ឃើញ​ថា បញ្ហា​ដែល​កើតឡើង​គឺ​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់ ដែល​ធ្វើ​ឱ្យ​ដី​មាន​ស្ថានភាព​រូង​ក្នុង គ្មាន​ជន្ទល់​ការពារ ហើយ​ចាប់ផ្ដើម​បាក់​ស្រុត​បន្តិច​ម្ដងៗ​ដូច​ស្ថានភាព​ផ្ទះ​លោកស្រី​នៅ​ពេល​នេះ​។ លោកស្រី​អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​ទៅលើ​សកម្មភាព​បូម​ខ្សាច់​នេះ​ឱ្យ​មាន​ហ្មត់ចត់ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​បន្តទៅ​ទៀត៖ «ផ្ទះ​ខ្ញុំ​ផ្ទាល់​ឥឡូវ​ស្រុត​ទៅ​ក្រោម​បាត់​ហើយ​។ កាលណា​តែ​វា​បូម​វា​រូងដី​ខាងក្រោម វា​ស្រុត​ចុះក្រោម មាន​ដី​មាន​ជើង​ឯណា​នៅ (​ទប់​) បើ​បូម​មួយថ្ងៃៗ​រាប់​សិប​ស្រឡាង​យ៉ាងហ្នឹង​។ ប្រជាពលរដ្ឋ​គិតថា​មកពី​បូម (​ខ្សាច់​) ហ្នឹង​បាន​បាក់​ដី តែ​យើង​និយាយ​ទៅ​គេ (​រដ្ឋាភិបាល​) អត់​យល់​តាម​យើង គេ​ថា​មកពី​ចរន្តទឹក​បុក​បាន​បាក់ (​ច្រាំងទន្លេ​)»

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​ឆ្លើយតប​នឹង​ការរិះគន់​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​១២ សីហា

ទោះជា​យ៉ាងណា នៅក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​លទ្ធផល​ការងារ​របស់ ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​៩ ខែសីហា លោក អ៊ឹង ឌី​ប៉ូ​ឡា បាន​លើក​ឡើង​ថា ក្រសួង​រ៉ែ និង​ថាមពល​បានធ្វើការ​ស្រាវជ្រាវ​ច្បាស់លាស់ មុននឹង​ផ្ដល់​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុមហ៊ុន​នីមួយៗ​។ លោក​ថា ក្រសួង​បានផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​ត្រឹមតែ​៣​ភាគរយ (%) ឬ​ស្មើនឹង​២​ពាន់​ហិកតារ (,០០០​ហិកតារ​) តែប៉ុណ្ណោះ បើ​ប្រៀប​នឹង​ផ្ទៃ​ទឹកទន្លេ និង​ស្ទឹង​ក្នុង​ប្រទេស​កម្ពុជា​។ លោក​អះអាង​ទៀត​ថា ការ​បូម​ខ្សាច់​បាន​ជួយ​សម្រួល​ដល់​ផ្លូវ​នាវាចរ និង​ជា​វិធាន​ការជួយ​ទប់ស្កាត់​កុំឱ្យ​បាក់​ច្រាំងទន្លេ​ផង​ដែរ៖ «ការដែល​យើង​ចេញ (​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​) គឺ​យើង​ត្រួតពិនិត្យ​ច្បាស់លាស់​ណាស់ ថា​ហេតុអ្វី​បាន​យើង​ត្រូវ​ចេញ​នៅ​តំបន់​ណាមួយ មិន​ត្រឹមតែ​មើល​ទៅលើ​សក្ដានុពល​រ៉ែ​ទេ គឺ​យើង​មើល​ទៅលើ​ការ​ប៉ះពាល់​ដល់​សង្គម មើល​ទៅលើ​បរិស្ថាន​ហើយ​ជាពិសេស​នោះ​គឺ​ជួយ​សម្រួល​បន្ថែម​ទៀត​ទៅ​ដល់​ផ្លូវ​នាវាចរ​។ មិន​ត្រឹមតែ​ផ្លូវ​នាវាចរ​ទេ យើង​បូម (​ខ្សាច់​) ទៅ​គឺ​កាត់បន្ថយ​នូវ​ការបាក់​ច្រាំង»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ក្រុម​អ្នក​វិទ្យាសាស្ត្រ រក​ឃើញ​ត្រី​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​ទន្លេ​មេគង្គ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។