ក្រុម​យុវជន​ថា ពួកគេ​នឹង​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ដោយ​ខ្លួនឯង​បើ​អាជ្ញាធរ​នៅ​តែ​មិន​អើពើ​រឿង​នេះ

ដោយ ជាតិ ចំណាន
2019-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង និង​មាន​ចំណាត់​ការ​តាម​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
ក្រុម​យុវជន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​កាយ​ដី​ចេញ​ពី​ឆ្នេរ​ព្រែកត្រែង និង​មាន​ចំណាត់​ការ​តាម​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
Photo: RFA

ក្រុម​យុវជន​គ្រោង​លើកគ្នា​ទៅ​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​ឯកជន នៅ​ពេល​ខាងមុខ ប្រសិនបើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​បន្ត​ព្រងើយកន្តើយ​ចំពោះ​ករណី​នេះ។ ការព្រមាន​របស់​ក្រុម​យុវជន​នេះ ធ្វើឡើង​ក្រោយពេល​អាជ្ញាធរ​ខកខាន​មិនបាន​អនុវត្ត​តាម​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន និង​បញ្ជា​របស់​លោក ហ៊ុន សែន ទាក់ទង​នឹង​ការ​លុប​ឆ្នេរ​ខុសច្បាប់។ មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​ថា ក្រុម​យុវជន និង​ពលរដ្ឋ​ទូទៅ មាន​សិទ្ធិ និង​ករណីយកិច្ច​ស្របតាម​ច្បាប់​ក្នុង​ការ​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ក្រុម​យុវជន​សម្ដែង​ការ​ខកចិត្ត​នឹង​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងឡាយ ចំពោះ​ការ​អូសបន្លាយ​មិន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ឯកជន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង ត្រង់​ភូមិសាស្ត្រ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ ក្រៅ​ពី​នេះ អាជ្ញាធរ​ក៏​មិនបាន​ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​ដែល​បាន​ចាក់​លុប​រួច​នោះ ចេញ​វិញ​ដែរ ដែល​បញ្ហា​នេះ​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ថា អាច​នឹង​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​អាជ្ញាធរ និង​ក្រុមហ៊ុន។

សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស ថ្លែង​ថា កញ្ញា និង​យុវជន​ដទៃ​ទៀត នឹង​ចុះ​ធ្វើ​សកម្មភាព​នេះ​នៅ​ពេល​ឆាប់ៗ​ខាងមុខ ហើយ​កញ្ញា​រំពឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នឹង​មិន​ហាមឃាត់ ឬ​រារាំង​សកម្មភាព​របស់​ក្រុម​យុវជន​ឡើយ។ កញ្ញា​ថ្លែង​ថា ប្រសិនបើ​អាជ្ញាធរ​រារាំង​សកម្មភាព​របស់​ក្រុម​យុវជន​នោះ មានន័យថា អាជ្ញាធរ​ការពារ​ទង្វើ​មិន​ស្របច្បាប់​របស់​ក្រុមហ៊ុន ដ្បិត​ករណី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង​នេះ ធ្វើឡើង​ដោយ​ខុសច្បាប់៖ «កន្លងមក គឺ​គាត់​លើក​ហេតុផល​ថា មន្ត្រី​ជំនាញ​កំពុងតែ​ត្រួតពិនិត្យ អ៊ីចឹង​រយៈពេល​រហូត​មកដល់ពេលនេះ វា​ជាង ៦ ខែ​ហើយ អ៊ីចឹង​សូម​ឱ្យ​គាត់​ពិនិត្យមើល​រឿង​ហ្នឹង​ម្តង​ទៀត។ បើ​រយៈពេល​ត្រឹម ១​ខែ​ទៀត គាត់​នៅតែ​មិន​មាន​វិធានការ​ជាក់លាក់​ណាមួយ ឬក៏​ប្រើ​ហេតុផល​ដដែលៗ​ដើម្បី​គេចវេះ ឬក៏​ព្យាយាម​មិន​អនុវត្ត​តាមច្បាប់ នោះ​ពួក​ខ្ញុំ​នឹង​ចុះទៅ​ម្តង​ទៀត»

ដី​ឆ្នេរ​ព្រែកត្រែង ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស
ដី​ឆ្នេរ​ព្រែកត្រែង ដែល​រង​ការ​ចាក់​លុប​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ កាល​ពី​ពេល​កន្លង​ទៅ។ រូបថត​កាល​ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សកម្មជន​បរិស្ថាន កញ្ញា ផេង ស្រីស Photo: RFA

ក្រុមហ៊ុន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ភរិយា​របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ម្ចាស់​ក្រុមហ៊ុន ស៊ូកាកូ អ៊ីន (Shukaku Inc) ដែល​បាន​ចាក់​ដី​លុប​តំបន់​បឹងកក់​កណ្ដាល​ក្រុងភ្នំពេញ​ដ៏​ចម្រូងចម្រាស កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។

អាស៊ីសេរី​មិនទាន់​អា​ចរក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​អ្នកស្រី ជឹង សុភាព ដើម្បី​សាកសួរ​ពី​ករណី​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​បាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទោះជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ ធ្លាប់​បាន​អះអាង​ថា ការ​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​នេះ គឺជា​រឿង​ខុសច្បាប់។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ លោក ថោង ខុន បាន​ថ្លែង​ថា ក្រុមហ៊ុន​អភិវឌ្ឍ​នៅ​ឆ្នេរ​ព្រែកត្រែង​នោះ បាន​រំលោភបំពាន​ច្បាប់ ហើយ​អាជ្ញាធរ​កំពុងតែ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់​លើ​ករណី​នេះ។

ក្រោយពេល​មាន​ប្រតិកម្ម​ច្រើន​ពី​សាធារណជន មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ លោក ជា សុផារ៉ា កាយ​ដី​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​នោះ​ចេញ​វិញ ដើម្បី​រក្សា​ឆ្នេរ​ធម្មជាតិ​ឱ្យ​បាន​ដូចដើម​។ ក៏ប៉ុន្តែ​បទបញ្ជា​នេះ ហាក់​មាន​ឥទ្ធិពល​តែមួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​អាជ្ញាធរ​បាន​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​ភ្លាមៗ​ក្រោយ​មាន​បទបញ្ជា ប៉ុន្តែ​បន្ទាប់ពី​នោះ​មក ករណី​នេះ​បាន​ស្ងប់ស្ងាត់​បាត់​ឈឹង​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​វិញ ព្រោះ​លោក​អះអាង​ថា លោក ជា សុផារ៉ា បាន​ប្រគល់​កិច្ចការ​នេះ​ឱ្យ​ខាង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ជា​អ្នក​ដោះស្រាយ​ហើយ៖ «សួរ​ទៅ​គេ​តិច​ទៅ​ណា​។ សួរ​គេ​អ្នក​នៅ​មើល​ទីតាំង​ហ្នឹង​ទៅ ព្រោះ​គាត់​បាន​ប្រគល់​ឱ្យ​ខេត្ត​ចាត់ចែង​ហើយ កាលពី​ថ្ងៃ​ចុះទៅ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឱ សារឿន ជាច្រើន​ដង តាំងពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃទី៣០ មករា ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រូប​នេះ​ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី១១ មករា ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យមើល​ករណី​នេះ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នៅតែ​ប្រកាន់​ជំហរ​ឱ្យ​ក្រុមហ៊ុន​កាយ​ដី​ដែល​បាន​ចាក់​លុប​នោះ​ចេញ​វិញ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​ជាមុន​សិន។ លោក​ក៏បាន​ផ្ដាំ​ទៅ​យុវជន​វិញ​ដែរ​ថា កុំ​ឱ្យ​ធ្វើ​សកម្មភាព​ណា​ដែល​អាច​បង្ក​ភាព​អានាធិបតេយ្យ​នៅ​តំបន់​នោះ៖ «សូម​ឱ្យ​គាត់​ធ្វើ​អ្វីៗ​ទៅ​តាម​គោលការណ៍​ច្បាប់ ដើម្បី​ចៀសវាង​ភាព​អានាធិបតេយ្យ។ ប្រសិនបើ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុវត្ត អាហ្នឹង​សម​នឹង​គាត់​ធ្វើ ប៉ុន្តែ​ឥលូវ​អាជ្ញាធរ និង​រដ្ឋបាល​មូលដ្ឋាន ក៏​ដូច​មន្ត្រី​ជំនាញ​ដែរ គេ​បាន​ឆ្លើយតប​ទៅ​ប្រជាពលរដ្ឋ​ទូទៅ និង​ពួកគាត់​ហើយ​តើ ថា​នឹង​អនុវត្ត​ច្បាប់​ហ្នឹង​ឱ្យ​បាន​ល្អ​ប្រសើរ គ្រាន់តែ​ថាបើ​បាន​តាម​ពេលវេលា​ភ្លាមៗ​ហ្នឹង វា​មិន​ទាន់​បាន​។ ប៉ុន្តែ​ជា​គោលការណ៍​រួម គឺ​យើង​នៅតែ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​គាត់​ធ្វើ​(​កាយ​ដី​)​អ៊ីចឹង»

ថ្វីត្បិតតែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ជំហរ​បែបនេះ​មែន ក៏ប៉ុន្តែ​ក្រុម​យុវជន​មើល​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ហាក់​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​ឡើយ។

កញ្ញា ផេង ស្រីស អះអាង​ថា ក្រុម​យុវជន​នឹង​យក​ច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ ព្រមទាំង​ចំណារ​របស់ ហ៊ុន សែន ជា​មូលដ្ឋាន​ក្នុង​ការ​ចុះ​ធ្វើ​សកម្មភាព​កាយ​ដី​ឆ្នេរ​ព្រែកត្រែង​នោះ។ កញ្ញា​អះអាង​ថា ការ​ចាក់ដី​លុប​ឆ្នេរ​កើតមាន​ជាច្រើន​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​ដទៃ​ទៀត ដូច្នេះ​ប្រសិនបើ​ករណី​ឆ្នេរ​ព្រែកត្រែង​នេះ មិន​អាច​ដោះស្រាយ​បាន​ទេ​នោះ វា​នឹង​ផ្ដល់​ជា​គំរូ​អាក្រក់ និង​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដទៃ​ទៀត​ឱ្យ​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​ល្មើសច្បាប់​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​បន្ត​ទៅ​ទៀត៖ «ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ក្នុង​សង្គម ជាក់ស្ដែង​ការ​ចាក់​ដី​លុប​ឆ្នេរ ដែល​សម្ដេច​ផ្ដល់​បទបញ្ជា​មក​ឱ្យ​កាយ​ដី​ចេញ​វិញ ទីបំផុត​ក៏​នៅតែ​ក្រុមហ៊ុន ឬក៏​អ្នក​មានអំណាច​មិន​អនុវត្ត​តាម។ យើង​ជា​ប្រជាពលរដ្ឋ ជា​យុវជន យើង​ឃើញ​សកម្មភាព​ដែល​ធ្វើ​បំពាន​ច្បាប់ ខុស​នឹង​ច្បាប់​ហើយ យើង​ឈរ​ឱប​ដៃ​មើល អ៊ីចឹង​មានន័យថា យើង​បណ្ដោយ​ឱ្យ​បក្ខពួក​ក្រុម​អ្នក​មាន​អំណាច ក្រុមហ៊ុន ឬក៏​អ្នកធំ​មួយ​ចំនួន​ហ្នឹង បន្ត​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ជាតិ ហើយ​និង​បម្រើ​តែ​ផលប្រយោជន៍​បក្ខពួក​ខ្លួន​អ៊ីចឹង​ទៅ»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា ការរំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺជា​ទង្វើ​ល្មើស​នឹង​ច្បាប់ ដែល​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​តឹងរ៉ឹង​លើ​ជន​ប្រព្រឹត្ត។ លោក​ថ្លែង​ទៀត​ថា ករណី​ឆ្នេរ​ព្រែកត្រែង​នេះ បង្ហាញ​ថា អាជ្ញាធរ​មិន​ទាន់​បាន​អនុវត្ត​នូវ​តួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ និង​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅឡើយ​ទេ។ លោក​អះអាង​ថា ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ មាន​សិទ្ធិ និង​ករណីយកិច្ច​ក្នុង​ការ​ចូលរួម​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ជាតិ ហើយ​សកម្មភាព​ដែល​ក្រុម​យុវជន​គ្រោង​ធ្វើ​នៅ​ឆ្នេរ​ព្រែកត្រែង​នោះ គឺជា​រឿង​ស្របច្បាប់៖ «បើ​បញ្ហា​ហ្នឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អ៊ីចឹង ក្រុម​យុវជន​ក៏ដោយ ប្រជាពលរដ្ឋ​ក៏ដោយ​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ ឬក៏​ធ្វើ​យ៉ាងណា​ដោយ​សន្តិវិធី ដើម្បី​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​អនុវត្ត​ច្បាប់ ហើយ​រក្សា​ភាព​ដើម​នៃ​ទ្រព្យ​សម្បតិ្ត​រដ្ឋ​ហ្នឹង​ឡើងវិញ​ផង​ដែរ។ ការ​ឈឺឆ្អាល ប្រជាពលរដ្ឋ​ចូលរួម គឺជា​ការ​ល្អ អា​ហ្នឹង​វា​គួរតែ​មាន​ការ​លើក​ទឹកចិត្ត​ក្នុង​ការ​ចូលរួម​ថែរក្សា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ»

ការ​ចាក់​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការអនុញ្ញាត ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ថា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១៥ លាន​រៀល ទៅ ១៥០ លាន​រៀល​។​

កាល​ពី​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាន​ស្នើ​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់ ឱ្យ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​គ្រប់គ្រង ការពារ និង​អភិរក្ស​ទ្រព្យសម្បត្តិ​សាធារណៈ​ទាំងអស់​នេះ​ប្រកបដោយ​ចិរភាព។ ទោះជា​យ៉ាង​ជា​ណា សកម្មជន​បរិស្ថាន​មិន​មាន​ជំនឿ​លើ​យន្តការ​នេះ​ឡើយ ដោយសារតែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខ្វះ​ការអនុវត្ត​ជាក់ស្ដែង ជាពិសេស​ភាព​ទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់​នៅ​ពេល​មាន​បទល្មើស​កើតឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល