សកម្មជន​បរិស្ថាន​ថា បទល្មើស​ជួញដូរ​ស្វា​ព្រៃ​ទ្រង់ទ្រាយ​ធំ​ទៅ​ក្រៅប្រទេស​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​កម្ពុជា

ដោយ សេក បណ្ឌិត
2022.11.25
Share on WhatsApp
Share on WhatsApp
សកម្មជន​បរិស្ថាន​ថា បទល្មើស​ជួញដូរ​ស្វា​ព្រៃ​ទ្រង់ទ្រាយ​ធំ​ទៅ​ក្រៅប្រទេស​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​កម្ពុជា លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson)។
Photo Courtesy of Mother Nature

ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ យូអិន ខមថ្រេដ (UN Comtrade) បង្ហាញថា សត្វ​ស្វា​រាប់​ម៉ឺន​ក្បាល ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ដោយ​មិន​បាន​រាយការណ៍​ចុះ​ក្នុង​បញ្ជី នៅ​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ សកម្មជន​បរិស្ថាន​សង្ស័យ​លើ​ករណី​នាំចេញ​សត្វ​ស្វា​នេះ ថា ជា​ករណី​ខុសច្បាប់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ព្រៃឈើ រដ្ឋការ​គយ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ យូអិន ខមថ្រេដ បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​សត្វ​ស្វា​ជាង ១០​ម៉ឺន​ក្បាល (១១០,១៤៧) ដែល​មាន​តម្លៃ​ជាង ៣៣៤​លាន​ដុល្លា (៣៣៤,០០០,០០០​ដុល្លា​) ចាប់ពី​ឆ្នាំ​២០១២ ដល់​២០២១។ ទិន្នន័យ​នេះ​បង្ហាញ​ថា ប្រទេស​ដែល​បាន​រាយការណ៍​ពី​ការ​នាំចូល​សត្វ​ស្វា​ពី​កម្ពុជា​រួមមាន អាមេរិក កាណាដា (Canada) កូរ៉េខាងត្បូង (South Korea) ជប៉ុន (Japan) សិង្ហបុរី (Singapore) ចិន​(China) និង​ប្រទេស​ថៃ​(Thai) ជាដើម។ ក្នុង​នោះ សហរដ្ឋអាមេរិក​នាំចូល​សត្វ​ស្វា​ពី​កម្ពុជា​ច្រើន​ជាងគេ មាន​ចំនួន​ជិត ៧​ម៉ឺន​ក្បាល (៦៧,៧៦០​ក្បាល) គិត​ជា​ទឹកប្រាក់​ជាង ២​រយ​លាន​ដុល្លារ (២០៥,៧០៤,០១២​ដុល្លារ)

ចំពោះ​ទិន្នន័យ​ការនាំចេញ​សត្វ​ស្វា​រាប់​ម៉ឺន​ក្បាល​ទៅ​ក្រៅ​ប្រទេស​នេះ ខាង​ភាគី​កម្ពុជា​ដែល​ជា​ប្រទេស​នាំចេញ មិន​បាន​រាយការណ៍​ទៅ​ស្ថាប័ន យូអិន ខមថ្រេដ ដើម្បី​ដាក់​ទៅ​ក្នុង​ទិន្នន័យ​ការ​នាំ​ចេញ​ឡើយ។

ការ​បង្ហាញ​ទិន្នន័យ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវ​បាន​សមត្ថកិច្ច​អាមេរិក​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៦ វិច្ឆិកា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេ​ណ្ណេ​ឌី (John F. Kennedy) ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក ពាក់ព័ន្ធ​ការ​រត់​ពន្ធ​សត្វ​ស្វា​ព្រៃ ឬ​ស្វា​ក្តាម​ខុសច្បាប់​។ ក្នុង​នោះ អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម លោក កែវ អូ​ម៉ាលី​ស និង​បុគ្គលិក ៦​នាក់​របស់​ក្រុមហ៊ុន​វ៉ាន់នី បៃអូ រីស៊ើច (Vanny Bio Research) ក៏​ត្រូវ​បាន​ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ដាក់​ការសង្ស័យ ដោយ​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​ករណីនេះ​ដែរ។

ទាក់ទិន​នឹង​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម លោក ឌិត ទីណា លើ​បណ្ដាញ ធ្វីធ័រ (Twitter) ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បាន​នាំចេញ​សត្វ​ស្វា​ចំនួន​ជិត​៧​ម៉ឺន​ក្បាល (៦៨,០៧៦​ក្បាល​)​។ ហើយ​ការ​នាំ​ចេញ​នេះ ក្រសួង​បាន​អនុវត្ត​តាម​គោលការណ៍ ស្របតាម​អនុសញ្ញា​ស្ដីពី​ការ​ហាម​ប្រាម​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ​ហៅថា សាយ​តេស (CITES)​។ កញ្ញា​បញ្ជាក់​ថា ដោយ​គោរព​តាម​អនុសញ្ញា​សាយ​តេស សូម្បីតែ​ស្វា​វត្តភ្នំ​ក៏​មិន​ត្រូវ​បាន​នាំចេញ​ដែរ​។ ហើយ​មានតែ​កូន​ស្វា​ជំនាន់​ក្រោយ​ដែល​ចិញ្ចឹម​នៅ​កសិដ្ឋាន​ប៉ុណ្ណោះ​ដែល​អាច​នាំចេញ និង​សម្រាប់​គោលដៅ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​តែប៉ុណ្ណោះ។

ទោះជា​យ៉ាងនេះ​ក្ដី សកម្មជន​បរិស្ថាន យល់​ឃើញ​ថា ទិន្នន័យ​របស់​ក្រសួង​កសិកម្ម គ្មាន​តម្លាភាព និង​គ្មាន​ភាព​ច្បាស់លាស់​ឡើយ​។ ពួកគេ​យល់​ឃើញ​ថា នៅក្នុង​ទិន្នន័យ​ដែល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក ឌិត ទីណា លើក​ឡើង​នោះ មិន​បាន​បញ្ជាក់​ពី​ប្រទេស​ដែល​ទទួល​ទិញ ចំនួន​ទឹកប្រាក់ និង​ពន្ធ​បង់​ចូល​រដ្ឋ ដែល​បាន​មក​ពី​ការនាំចេញ​នោះ​ឡើយ​។ ចំណែកឯ​ការនាំចេញ​នោះ​ទៀតសោត ក៏​ធ្វើឡើង​ស្ងៀមស្ងាត់​ដោយ​មិនបាន​រាយការណ៍​ក្នុង​បញ្ជី យូអិន ខមថ្រេដ ដូច្នេះ នឹង​នាំ​ឱ្យ​មហាជន​សង្ស័យ​ថា ជា​ការ​លួច​នាំចេញ​ដោយ​គេចពន្ធ។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​ក្រសួង​កសិកម្ម​កម្ពុជា ក្រសួង​យុត្តិធម៌​អាមេរិក​វិញ បាន​បង្ហាញ​ភស្តុតាង​ដាក់បន្ទុក​ចំនួន​៣១ រួមមាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការ​ដឹក​ជញ្ជូន​សត្វ​ស្វា​រាប់​រយ​ក្បាល​ក្រោម​ឯកសារ​ក្លែងបន្លំ ទៅកាន់​រដ្ឋ​ផ្លរីដា​(Florida) និង​រដ្ឋ​តិចសាស់ (Texas) នៃ​សហរដ្ឋអាមេរិក ទៅកាន់​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ឯកជន​មួយ​ឈ្មោះ វ៉ាន់នី បៃអូ រីស៊ើច របស់​ចិន​ហុងកុង​(Hong kong) ក្នុង​ខេត្ត​ពោធិ៍សាត់ ប្រទេស​កម្ពុជា។

ជុំវិញ​រឿង​នេះ ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) សង្ស័យ​ថា ការ​ជួញដូរ​សត្វ​ស្វា​នេះ ពាក់ព័ន្ធ​នឹង​មន្ត្រី​ក្នុង​ជួរ រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​តែងតែ​ឃុបឃិត​គ្នា​រកស៊ី​គេចពន្ធ​ខុសច្បាប់​។ សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​បន្ត​ថា មន្ត្រី​របស់ លោក ហ៊ុន សែន ទំនង​កំពុង​ប្រើ​ល្បិចកល​ក្នុង​ការ​ជួញដូរ​ស្វា​ព្រៃ​ទ្រង់ទ្រាយ​ធំ​ទៅកាន់​ក្រៅប្រទេស ដោយ​បន្លំ​ឯកសារ​ថា​ជា​ស្វា​ចិញ្ចឹម​។ ទោះ​យ៉ាងណា លោក​បញ្ជាក់​ថា បើ​ភាគី​ក្រសួង​កសិកម្ម ពិតជា​ស្អាតស្អំ​មែន គួរតែ​រាយការណ៍ ពី​ចំនួន​សត្វ​ស្វា​ដែល​នាំចេញ​ទៅកាន់​យូអិន ខមថ្រេដ និង​បង្ហាញ​ភស្តុតាង​ទៅកាន់​ក្រសួងយុត្តិធម៌​អាមេរិក​ដើម្បី​ដោះ​បន្ទុក ប្រសើរ​ជាង​ការ​និយាយ​តែ​មាត់​យ៉ាង​ដូច្នេះ។

លោក អាឡិច ហ្គន់សាឡេស ដេវិតសុន៖ «ចុះ​គាត់​(​ក្រសួងកសិកម្ម​)​មាន​ឯកសារ​ទេ​? ហើយ​មាន​អ្វី​ជា​អំណះអំណាង​ទេ​? ដែល​ថា​ស្វា​ហ្នឹង គឺ​ស្វា​ព្រៃ មិនមែន​ស្វា​គេ​ចិញ្ចឹម​? មាន​ទេ​? មាន​ត្រឹម​ពាក្យសម្ដី​តាម ធ្វីធ័រ ​ហ្នឹង​។ វា​អត់​គ្រប់គ្រាន់​។ ហើយ​អ្វី​ដែល​យើង​មាន​ហ្នឹង គឺជា​ឯកសារ​ផ្លូវការ​។ យើង​មាន​ឯកសារ​របស់​អង្គការ​សហប្រជាជាតិ​។ ដែល​ថា កម្ពុជា​មិន​បាន​រាយការណ៍​ថា នាំ​ចេញ​ស្វា​១​ម៉ឺន ៧​ពាន់​ក្បាល​ដូច​លោក ឌិត ទីណា អាង​ទេ។ គ្មាន​ហ្មង!»

សត្វ​ស្វា​ក្ដាម គឺជា​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​មួយ​នៅ​លើ​ពិភពលោក ដែល​ត្រូវ​បាន​ការពារ​ដោយ​អនុសញ្ញា​ស្ដីពី​ការ​ហាម​ប្រាម​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ ដែល​ហៅ​កាត់​ថា សាយតេស (CITES) និង​ដោយ​ច្បាប់​របស់​សហរដ្ឋអាមេរិក​។ ទន្ទឹម​គ្នា​នេះ​ប្រជាពលរដ្ឋ​បារម្ភ​ថា ពី​ស្វា​ទាំងនេះ ត្រូវ​បាន​គេ​នាំ​យក​ទៅ​លក់​តាម​ភោជនីយដ្ឋាន ដើម្បី​ចោះ​យក​ខួរ​មក​បរិភោគ។

ក្រៅពី​ករណី​រត់ពន្ធ​សត្វ​ស្វា​ព្រៃ ឬ​ស្វា​ក្តាម​ខុសច្បាប់​នេះ រដ្ឋាភិបាល​កម្ពុជា បាន​រង​ការចោទប្រកាន់​ពី​បទ​ល្មើស​ជួញដូរ​ខុសច្បាប់​ជាច្រើន​ករណី​ទៀត មាន​ដូចជា ការនាំចេញ​ខ្សាច់ មាស និង​ឈើ​ហ៊ុប​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។