ព្រះសង្ឃ​បង្ហាញ​វីដេអូ​អំពី​ការ​ប៉ះ​ពាល់​បរិស្ថាន​ឆ្នេរ​កោះរ៉ុង​សន្លឹម​ខេត្ត​ព្រះសីហនុ និង​ស្នើ​សុំ​អភិបាល​ខេត្ត​ឱ្យ​ទប់​ស្កាត់​បញ្ហា​នេះ

ដោយ សេក បណ្ឌិត
2019-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត និង​គ្រឿងចក្រ កំពុង​បើក​បរ​តាម​ឆ្នេរ​ខ្សាច់​នៅ​កោះរ៉ុង​សន្លឹម។
រថយន្ត និង​គ្រឿងចក្រ កំពុង​បើក​បរ​តាម​ឆ្នេរ​ខ្សាច់​នៅ​កោះរ៉ុង​សន្លឹម។
រូប៖ វីឌីអូ​របស់​អង្គការ​មាតា​ធម្មជាតិ

ព្រះសង្ឃ​បង្ហាញ​វីដេអូ​អំពី​បញ្ហា​ប៉ះ​ពាល់​បរិស្ថាន​ឆ្នេរ​កោះរ៉ុង​​សន្លឹម ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​អភិបាល​ខេត្ត​ឱ្យ​ទប់​ស្កាត់ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​លទ្ធភាព​ទប់​ស្កាត់​បញ្ហា​នេះ។ ជុំវិញ​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពុង​ចាត់​មន្រ្តី​ជំនាញ​ចុះ​ពិនិត្យ​ករណី​នេះ។

វីដេអូរយៈពេល​ជាង​មួយ​នាទី បង្ហាញ​សកម្មភាព​រថយន្ត​ធុន​ធ្ងន់ និង​គ្រឿងចក្រ​បើក​ទៅ​មក លើ​ឆ្នេរ​សមុទ្រ​កោះ​រ៉ុង​សន្លឹម បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នៅ​ទីនេះ​ប្រែ​ពណ៌​ពី​ខៀវ​ខ្ចី​ទៅ​ជា​ពណ៌​ក្រហម​ជា​បណ្តើរៗ ហើយ។

វីដេអូ​នេះ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​អង្គការ​មាតា​ធម្មជាតិ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា។ ព្រះសង្ឃ​ទាំង​ពីរ​អង្គ ចែកចាយ​វីដេអូ​នេះ​ដោយ​សង្ឃឹម​ថា អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី នឹង​ធ្វើ​ឲ្យ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ក្លាយ​ជា​ឆ្នេរ​ស្រស់​ស្អាត​ឡើង​វិញ ដូច​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក។

ព្រះតេជព្រះគុណ សឿន សំអាត ជា​សង្ឃ​ខ្វល់ខ្វាយ​បញ្ហា​សង្គម ឲ្យ​អាស៊ី​សេរី​ដឹង​ថា រថយន្ត​ធំៗ គ្រឿង​ចក្រ​តែង​បើក​បរ​លើ​ឆ្នេរ​កោះ​រ៉ុង​សន្លឹម​ជា​រៀង​រាល់​ថ្ងៃ។ ព្រះតេជព្រះគុណ​ឲ្យ​ដឹង​ថា បញ្ហា​នេះ​អាជ្ញាធរ​មូលដ្ឋាន​ព្យាយាម​ទប់​ស្កាត់​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​អ្នក​បើក​បរ​មិន​ស្តាប់​តាម​ការ​ណែនាំ​នោះ​ទេ។ ព្រះតេជព្រះគុណ​ព្រួយ​ព្រះទ័យ​ថា បើ​គ្មាន​ការ​ទប់​ស្កាត់​ទេ នោះ​នឹង​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ឆ្នេរ ហើយ​ក៏​ប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​នេះ៖ «អាត្មា​ចង់​សំណូមពរ​ដល់​ឯកឧត្តម គួច ចំរើន ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​ការ​បើក​បរ​លើ​ឆ្នេរ​សមុទ្រ​ដែល​ធ្វើ​ខូច​ឆ្នេរ»

នៅ​ពេល​ខេត្ត​ព្រះសីហនុ​កំពុង​ទទួល​អ្នក​វិនិយោចិន​យ៉ាង​គំហុក​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្មជន​បរិស្ថាន និង​ពលរដ្ឋ បាន​បង្ហាញ​ថា ឆ្នេរ​សមុទ្រ​ដែល​មាន​ខ្សាច់​ស​ក្បុស​នៅ​ក្នុង​ខេត្ត​មួយ​នេះ ​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ និង​ការ​សង់​សំណង់​លើ​ឆ្នេរ​ខ្សាច់​ជា​ដើម។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ី​សេរី​ដឹង​ថា លោក​បាន​ឃើញ​វីដេអូ ដែល​ព្រះ​សង្ឃ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​នេះ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា។ លោក​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​អាជ្ញាធរ​ខេត្ត​បាន​ចាត់​ឲ្យ​មន្រ្តី​ឲ្យ​ចុះ​ពិនិត្យ​មើល​ករណី​នេះ។ ចំពោះ​លទ្ធផល​យ៉ាង​ណា​នោះ អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា លុះ​ត្រា​ណា​មន្រ្តី​ជំនាញ​ស្រាវជ្រាវ​រក​ឃើញ​ថា សកម្មភាព​នោះ​ខុស​ច្បាប់​ទើប​អាជ្ញាធរ​ចាត់​វិធានការ៖ «យើង​ទុក​ឲ្យ​អាជ្ញាធរ​ដែន​ដី ក៏​ដូច​ជា​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សិន ដោយ​ឡែក​វិធានការ​នៅ​ពេល​ពិនិត្យ ហើយ​បើ​ថា​វា​ជា​រឿង ដែល​ធ្វើ​ទៅ​ខុស​នឹង​ច្បាប់​មិន​ច្បាប់​មិន​ទម្លាប់​អី​ត្រឹម​ត្រូវ​យើង​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ទោះយ៉ាងណា លោក ឃាង ភារម្យ ហាក់​នៅ​ស្ទាក់ស្ទើរ​បង្ហាញ​ពី​ចំណាត់​ការ​ផ្លូវ​ការ​ច្បាប់​លើ​ម្ចាស់​ក្រុមហ៊ុន ដែល​បើក​បរ​លើ​ដី​ឆ្នេរ​នេះ។

កាល​ពី​ថ្ងៃ​ទី២៥ ខែមីនា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ បាន​ចេញ​​វិធានការ​បង្គ្រាប​ទៅ​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន និង​សំណង់ ​ត្រូវ​រៀបចំ​ឲ្យ​មាន​អាង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ មុន​នឹង​បង្ហូរ​ចូល​ទៅ​លូ​សាធារណៈ។ គណៈកម្មាធិការ​នេះ ក៏​ណែនាំ​ការដ្ឋាន​សំណង់ អគារ​គ្រប់​ប្រភេទ ត្រូវ​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​ការដ្ឋាន​កម្ពស់​យ៉ាង​តិច ២ម៉ែត្រ ដោយ​រៀបចំ​ជើង​របង​អំពី​បេតុង​កម្ពស់​យ៉ាង​តិច ៨០សង់ទី​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​ដី សំណល់​រឹង និង​រាវ ហៀរ​ចេញ​ពី​ការដ្ឋាន​ទៅ​លើ​ផ្លូវ ចិញ្ចើម​ផ្លូវ ដី​ចំណី​ឆ្នេរ ព្រែក អូរ បឹង និង​ទី​សាធារណៈ។

កោះរ៉ុងសន្លឹម ជា​កោះ​ពេញ​និយម​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត។ សកម្មជន​បរិស្ថាន ​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួយ​ទប់ស្កាត់​សកម្មភាព​បំពុល​បរិស្ថាន​នៅ​តំបន់​ឆ្នេរ​ឲ្យ​បាន​ទាន់​ពេល ខណៈ​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ឆ្នេរ​កើត​ឡើង​ស្ទើរ​រាល់​ថ្ងៃ ដោយ​មិន​ទាន់​ឃើញ​មាន​ការ​ទប់​ស្កាត់​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល