យុវជន​បរិស្ថាន​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​អាជ្ញាធរ​តាម​ឃ្លាំមើល​ពួក​គេ​គ្រប់​ទីកន្លែង

ដោយ នៅ វណ្ណារិន
2023.01.23
Share on WhatsApp
Share on WhatsApp
យុវជន​បរិស្ថាន​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​អាជ្ញាធរ​តាម​ឃ្លាំមើល​ពួក​គេ​គ្រប់​ទីកន្លែង កញ្ញា ភួន កែវរស្មី និង​យុវជនផ្សេងទៀត ជា​សកម្មជនបរិស្ថាន ពេល​ដាក់​ស្ដង់លក់ដូង ក្នុង​កម្មវិធីសាលា និង​ចែកខិត្តប័ណ្ណ​ផ្សព្វផ្សាយ​​អំពី​កោះកុងក្រៅ ហើយត្រូវ​បាន​​គណៈគ្រប់គ្រង់សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​រារាំង​​ការ​ចែក​ខិត្តប័ណ្ណ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក Kim Chilin

ក្រុម​យុវជន​បរិស្ថាន​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​អាជ្ញាធរ​មួយ​ចំនួន​តាម​ឃ្លាំមើល​ពួក​គេ​គ្រប់​ទី​កន្លែង ដោយសារ​តែ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ​កាល​ពី​ថ្មីៗ នេះ។ អ្នក​តស៊ូ​មតិ​បញ្ហា​បរិស្ថាន​ថា ការ​តាមដាន​របស់​អាជ្ញាធរ​នេះ ជា​ទង្វើ​អាក្រក់​មួយ​នៅ​ក្នុង​សង្គម ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​យុវជន។

ក្រុម​យុវជន​បរិស្ថាន​លើក​ឡើង​ថា ការ​ដែល​អាជ្ញាធរ​ខណ្ឌ​ទួលគោក​បញ្ជូន​ជន​ស៊ីវិល​ឱ្យ​តាម​ដាន​ពួក​គេ​ជា​បន្ទាប់​នេះ ឆ្លុះ​បញ្ចាំង​ថា សេរីភាព​បញ្ចេញ​មតិ​លើ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ធនធាន​ធម្មជាតិ​កាន់តែ​រួម​តូច ដែល​ពួក​គេ​បារម្ភ​ថា ធនធាន​ធម្មជាតិ​ជា​ច្រើន​នឹង​ត្រូវ​ហិនហោច ព្រោះ​តែ​អ្នក​មាន​លុយ​មាន​អំណាច ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត ស្រប​ពេល​ដែល​អាជ្ញាធរ​ទាំង​នោះ​ចេញ​មុខ​មក​ការពារ និង​តាម​ធ្វើ​ទុក្ខបុក​ម្នេញ​ដល់​អ្នក​ណា ដែល​ហ៊ាន​និយាយ​ការ​ពិត​ពី​បញ្ហា​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

យុវជន​ស្រឡាញ់​បរិស្ថាន​ម្នាក់ ដែល​តែងតែ​ចេញ​មុខ​ចូលរួម​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ លោក គឹម ជីលីន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៣ ខែមករា​ថា ក្រោយ​ពី​ធ្វើ​យុទ្ធការ​ចែក​ស្ទីកគ័រ (Sticker) ឬ​រូបភាព​កោះកុង​ក្រៅ​ដល់​ប្រជាពលរដ្ឋ​កន្លង​ទៅ​មាន អាជ្ញាធរ​ខណ្ឌ​ទួលគោក​ជា​ច្រើន​នាក់​តាម​ឃ្លាំមើល​ពួក​គេ​គ្រប់​ទី​កន្លែង ដែល​ជា​រូបភាព​មួយ​អាក្រក់​ធ្វើ​ឱ្យ​យុវជន​ផ្សេងៗ ទៀត មិន​ហ៊ាន​ចូលរួម​សម្ដែង​មតិ​លើ​បញ្ហា​ធនធាន​ធម្មជាតិ។

លោក គឹម ជីលីន៖ «បាទ! យើង​បារម្ភ​ដែរ ពីព្រោះ​គាត់​ពាក់​ឯកសណ្ឋាន​ស៊ីវិល។ យើង​អត់​ដឹង​អត្តសញ្ញាណ​គាត់​អី​ដែរ មិន​ដឹង​ថា​គាត់​ធ្វើ​អី មក​ពី​ណា អី​ពី​ណា​ដែរ​បាទ! រូបភាព​តាម​អង្កេត​អ៊ីចឹង វា​មិន​មែន​ជា​រូបភាព​ល្អ​មើល​នោះ​ទេ វា​ជា​រូបភាព​លាក់បាំង រូបភាព​មិន​ផ្លូវការ​អ៊ីចឹង​យើង​ច្រើន​តែ​មាន​ការ​បារម្ភ​ច្រើន ជាង​ការ​មើល​ឃើញ​វិជ្ជមាន​ណា​បាទ! ប៉ុន្តែ​យើង​អាច​ផ្សារភ្ជាប់​គ្នា​បាន ព្រោះ​ការ​តាមដាន​ហ្នឹង គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​យើង​ធ្វើ​សកម្មភាព​អ៊ីចឹង ហើយ​យើង​អាច​ផ្សារ​ភ្ជាប់​ថា នរណា​អ្នក​ធ្វើ​វា»

ក្ដី​បារម្ភ​របស់​យុវជន​បរិស្ថាន​នេះ កើត​ឡើង​ក្រោយ​ពី​ពួក​គេ​ចូលរួម​ផ្សព្វផ្សាយ​រូបភាព​កោះកុង​ក្រៅ និង​រៀបចំ​ស្តង់​លក់​ដូង អំឡុង​ពេល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រារព្វខួប ៦៣ឆ្នាំ នៃ​កំណើត​សាកលវិទ្យាល័យ នៅ​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៥ ខែមករា។ ប៉ុន្តែ​សកម្មភាព​របស់​ពួក​គេ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ និង​គំរាម​ក្នុង​សម្ដី​ធ្ងន់ៗ ហើយ​ហៅ​តំណាង​យុវជន​ទាំង ២រូប មាន​កញ្ញា ភួន កែវរស្មី និង កញ្ញា មែន ស្រីដាវ ទៅ​បន្ទាប់​ប្រជុំ​រួច​ហើយ​ស្ដី​ពួក​គេ​ខ្លាំងៗ ដោយ​តម្រូវ​ឱ្យ​បញ្ឈប់​សកម្មភាព​លក់​ដូង និង​ការ​ចែក​រូបភាព​កោះកុង​ក្រៅ​នៅ​ក្នុង​កម្មវិធី​របស់​សាលា។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ ហាក់​មិន​អើពើ​ក្នុង​គោរព​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ​ឱ្យ​បាន​ត្រឹមត្រូវ ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បែរ​ជា​ប្រើប្រាស់​តុលាការ​ជា​អាវុធ ចោទ​ប្រកាន់​លើ​យុវជន​បរិស្ថាន រហូត​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​ការ​សម្ដែង​មតិ​រឿង​បរិស្ថាន។

ចំណែក​យុវតី​ម្នាក់​ទៀត​ជា​និស្សិត​រៀន​ច្បាប់​នៅ​សកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (Rule) ដែល​បាន​ចូល​យុទ្ធនាការ​ចែក​រូបភាព​កោះកុង​ក្រៅ​ដែរ​នោះ កញ្ញា មាន លីសា លើក​ឡើង​ថា កញ្ញា​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​មាន​អាជ្ញាធរ​តាម​ឃ្លាំមើល។  កញ្ញា បន្ត​ថា ការ​ឃ្លាំ​មើល​របស់​អាជ្ញាធរ មិន​អាច​បញ្ឈប់​ឆន្ទៈ​ពួក​គេ​ក្នុង​ការ​លាតត្រដាង​ពី​បញ្ហា​ធនធាន​ធម្មជាតិ និង​ការ​ថែរក្សា​កោះកុង​ក្រៅ​នោះ​ទេ។

កញ្ញា មាន លីសា៖ «ជា​ការ​ពិត​បង! ខ្ញុំ​នៅ​តែ​មាន​ឆន្ទៈ​បន្ត​រហូត​ហ្នឹង ព្រោះ​ការ​ដែរ​យើង​បាន​ដើរ​មក​គឺ​វា​ច្រើន ច្រើន​ជំហាន​ហើយ​បង! យើង​អត់​អាច​ត្រឡប់​ទៅ​ក្រោយ​បាន​ទេ ហើយ​យើង​ក៏​បាន​ប្រឈម​ជាមួយ​នឹង​រូបភាព​ទាំង​អស់​ហ្នឹង​ច្រើន​ហើយ! ហើយ​ខ្ញុំ​នៅតែ​មាន​កម្លាំង​ចិត្ត និង​មាន​ចក្ខុវិស័យ ដើរ​ទៅ​មុខ​ទៀត​ជាមួយ​នឹង​យុទ្ធនាការ​កោះកុង​ក្រៅ​នេះ រហូត​ដល់​កោះកុង​ក្រៅ​ក្លាយ​ជា​ឧទ្យាន​ជាតិ​សមុទ្រ តាម​អី​ដែល​ក្រសួង​បាន​សន្យា​ជាមួយ​ពួក​យើង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អភិបាល​រង​ខណ្ឌ​ទួល​គោក លោក ទៀង សំអឿន និង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្រ្តា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ក្ដី​បារម្ភ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៣ ខែមករា ដោយ​សារ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

មាត្រា៤១ ចែងថា ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សេរីភាព​បញ្ចេញ​មតិ សេរីភាព​ខាង​សារ​ព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ។ ប៉ុន្តែ​ជាក់ស្ដែង អាជ្ញាធរ​ពាក់ព័ន្ធ​បែរ​ជា​ចោទ​ប្រកាន់​យុវជន​បរិស្ថាន​ថា ជា​អ្នក​បំពុល​សង្គម ឬ​ញុះញុង​ជា​ដើម។ ការ​ចោទ​ប្រកាន់​បែប​នេះ ធ្វើ​ឱ្យ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង។ អ្នក​ឃ្លាំមើល​បញ្ហា​បរិស្ថាន​ថា អស់​រយៈ​ពេល​ជាង ៤០ឆ្នាំ ក្រោម​ការ​ដឹកនាំ ដោយ​លោក ហ៊ុន សែន ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ជា​ច្រើន​ត្រូវ​បាន​ហិនហោច ព្រោះតែ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​អ្នក​មាន​លុយ​មាន​អំណាច​មួយ​ចំនួន ដើម្បី​ផល​ប្រយោជន៍​បក្ខ​ពួក​ខ្លួន។

ចំណែក​សកម្មជន​បរិស្ថាន ដែល​តែងតែ​តស៊ូ​មតិ ដើម្បី​យុត្តិធម៌​បរិស្ថាន រហូត​ដល់​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ១ឆ្នាំ លោក សាន់ ម៉ាឡា មើល​ឃើញ​ថា ទង្វើ​របស់​អាជ្ញាធរ​ក្នុង​ការ​តាម​ឃ្លាំមើល​យុវជន​វ័យ​ក្មេង​ជា​ច​បន្ត​បន្ទាប់​នេះ ផ្ដល់​នូវ​គំរូ​អាក្រក់​មួយ​នៅ​ក្នុង​សង្គម។ លោក​ថា អាជ្ញាធរ​គួរ​តែ​បើក​ទូលាយ​ដល់​យុវជន ហើយ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ ឱ្យ​បន្ត​សកម្មភាព​ទាំង​នោះ​ឱ្យ​បាន​ច្រើន ជា​ជាង​ការ​ចោទ​ប្រកាន់​ពួក​គេ​ក្នុង​ន័យ​មិន​ល្អ។

លោក សាន់ ម៉ាឡា៖ «សកម្មភាព​របស់​ក្រុម​យុវជន ដែល​បាន​ធ្វើ​កន្លង​មក​នេះ វា​សុទ្ធតែ​ត្រូវ​បាន​ធានា​ដោយ និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​ផ្សេងៗ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា អាជ្ញាធរ​មិន​គួរ​រារាំង ឬ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ជា​ការ​បន្ទច់បង្អាក់​ដល់​ការ​ចូលរួម​របស់​យុវជន​ដទៃ»

កោះកុង​ក្រៅ គឺ​ជា​កោះ​ធំ​ទី១ របស់​ប្រទេស​កម្ពុជា បន្ទាប់​ពី​កោះត្រល់ ដែល​បច្ចុប្បន្ន​ក្រោម​ការ​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម។ កោះកុង​ក្រៅ​មាន​ទំហំ​សរុប ១០៣គីឡូ​ម៉ែត្រ​ការ៉េ ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ ភូមិ​ជ្រោយប្រស់ ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង។ បច្ចុប្បន្ន កោះ​ដ៏​ធំ​មួយ​នេះ​មិន​ទាន់​អភិវឌ្ឍន៍​ផ្នែក​ណា​មួយ​នោះ​ទេ ជា​ហេតុ​ដែល​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ដាក់​កោះ​នេះ​ជា​ឧជ្ឈាន​ជាតិ ដើម្បី រក្សា​ជីវចម្រុះ​នៅ​បាត​សមុទ្រ រួម​នឹង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​មាន​ពណ៌​ខៀវ​ស្រងាត់។

ទោះជា​បែប​នេះ ការ​ទាមទារ​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ​កន្លង​ទៅ មិន​ត្រូវ​បាន​អាជ្ញាធរ​ស្វាគមន៍​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​បាន​ចេញ​មុខ​រារាំង​ពួក​គេ​ជា​បន្ត​បន្តាប់ ហើយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​គេ​រហូត​ដល់​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោម​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» ដោយសារ​តែ​ការ​ចេញ​មុខ​យ៉ាង​សកម្ម​លើ​បញ្ហា​បរិស្ថាន។ តែ​យ៉ាង​ណា​លោក​ពួក​គេ​នៅ​តែ​ទទូច​ដល់​អាជ្ញាធរ​គួរ​តែ​បើក​ទូលាយ​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស។

មិន​តែ​ប៉ុណ្ណោះ សកម្មជន​បរិស្ថាន មើល​ឃើញ​ថា ទង្វើ​របស់​អាជ្ញាធរ​ធ្វើ​មក​លើ​យុវជន​វ័យ​ក្មេង​ជា​ហូរហែ​នេះ ឆ្លុះ​បញ្ចាំង​ថា អាជ្ញាធរ​កំពុង​ចង់​បំបាក់​ស្មារតី​យុវជន ដែល​ស្រឡាញ់​បរិស្ថាន។ ដូច្នេះ លោក​ថា ទង្វើ​គំរាម​កំហែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ប្រទេស​ជាតិ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។