សកម្មជន​បរិស្ថាន​រិះគន់​របប​លោក​ ហ៊ុន ​សែន ​រឿង​បង្កើន​ការសាងសង់​ទំនប់​វារី​អគ្គិសនី​ថា​ ធ្វើ​ឡើង​​ដើម្បី​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​

ដោយ មាន ឫទ្ធិ
2018-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ ​អាឡិច ​ហេន​ដ្រូហ្កាន់​សាឡេស ​ដេវិធ​សុន ​(Alejandro Gonzalez Davidson) សកម្មជន​បរិស្ថាន​ ​និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។
លោក​ ​អាឡិច ​ហេន​ដ្រូហ្កាន់​សាឡេស ​ដេវិធ​សុន ​(Alejandro Gonzalez Davidson) សកម្មជន​បរិស្ថាន​ ​និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​។
RFA

សកម្មជន​បរិស្ថាន​ ​និង​ជា​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​លោក​ ​អាឡិច ​ហេន​ដ្រូហ្កាន់​សាឡេស ​ដេវិធ​សុន ​(Alejandro Gonzalez Davidson) ​រិះគន់​លោក​ ហ៊ុន ​សែន ​និង​របប​របស់​លោក​ថា​ ​កំពុង​ប្រើប្រាស់​រូបភាព​នៃ​បង្កើន​ការ​អភិវឌ្ឍ​ការ​សាង​សង់​​ទំនប់​​វារី​អគ្គិសនី ​ដើម្បី​កេងប្រវ័ញ្ច ​ពី​ការប្រព្រឹត្តិ​អំពើ​ពុក​រលួយ​​ទ្រង់ទ្រាយ​​ធំ​ និង​បើក​ដៃ​ឲ្យ​​មាន​​ការ​ប្រព្រឹត្តិ​អំពើ​ខុស​ច្បាប់​ ​ដូចជា​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ ​ក្នុង​ចំណោម​មន្ត្រី​ ​បក្ខពួក​របស់​របប​នេះ​។ ​ការលើកឡើង​របស់​សកម្មជន​បរិស្ថាន​នេះ​ ​ធ្វើ​ឡើង​​ស្រប​​ពេល​ដែល​របប​លោក​ ហ៊ុន ​សែន ​ទើប​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ កាលពី​ថ្ងៃ​ទី១៧ ធ្នូ​។

លោក​ ​អាឡិច ​ដាក់​ជា​សំណួរ​ថា​ ​ប្រសិនបើ​របប​លោក​ ហ៊ុន ​សែន ​ពិត​ជា​មាន​គម្រោង​ចង់​ឲ្យ​កម្ពុជា​មាន​ឯករាជ្យភាព​ ១០០​ភាគ​រយ​ ​លើ​ការផលិត​ ​និង​ផ្គត់ផ្គង់​អគ្គិសនី ​ដោយ​ពុំ​ចាំបាច់​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​មែន​នោះ​ ហេតុ​អ្វី​បាន​ជា​របប​នេះ​ ​មិន​គិត​ពី​រឿង​ផលិត​អគ្គិសនី​ពី​ប្រភព​ដទៃទៀត​ ​ដូចជា​ការ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​ ​ខ្យល់​ ​ឬ​ពី​ប្រភព​ផ្សេងៗ ​ទៀត​ ​ដែល​មិន​បង្ក​ហានិភ័យ​ដល់​បរិស្ថាន ​ឬ​ធនធាន​ធម្មជាតិ​នោះ។ លោក​ ​រិះគន់​លោក​ ហ៊ុន ​សែន ​និង​របប​របស់​លោក​ថា​ ​មាន​ចេតនា​សង់​វារី​អគ្គិសនី​ធំៗ ដោយសារ​លោក​ ហ៊ុន ​សែន​ ​ចង់​កេង​ចំណេញ​ពី​គម្រោង​សាងសង់​ទាំង​នោះ​ តាមរយៈ​ការ​បើក​ដៃ​ឲ្យ​មាន​ការ​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​រួម​មាន​ព្រៃ​ឈើ​ជា​ដើម៖ «ខ្ញុំ​ជឿ​ថា ដោយសារ​អំពើ​ពុក​រលួយ​។ ​វារី​អគ្គិសនី​ ​ត្រូវ​ចំណាយ​លុយ​រាប់​រយ​លាន​ដុល្លារ​ ​ឬ​ក៏​វារី​អគ្គិសនី​សម្បូរ​ណ៍ ​វារី​អគ្គិសនី​ស្ទឹងត្រែង​ ​ដែល​គេ​គ្រោង​នឹង​សាងសង់​ ​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លារ​។ ​នៅ​ខ្មែរ​យើង​ដឹង​ហើយ​ ​ឲ្យ​តែ​គម្រោង​ណាមួយ​ចំណាយ​លុយ​រាប់​រយ ​ឬ​រាប់​ពាន់​​លាន​​ដុល្លារ​ ​គឺ​មាន​ឱកាស​រកស៊ី​ខុស​ច្បាប់​សម្រាប់​អ្នក​មាន​អំណាច​។ ​អញ្ចឹង​ខ្ញុំ​ថា​ ​នេះ​គឺជា​មូលហេតុ​ ​ដែល​គាត់​ស្រលាញ់​ណាស់​រឿង​វារី​អគ្គិសនី​ហ្នឹង​។ ​គាត់​អត់​សូវ​យល់​ ​គាត់​អត់​សូវ​ឆ្លាត ​គាត់​ចាញ់​បោក​ទីប្រឹក្សា ​ឬ​ក៏​គ្នា​គាត់​ចំណេញ​ដោយ​សារ​​វារី​អគ្គិសនី​ហ្នឹង​។ ​ចំណេញ​ដោយសារ​លក់​ស៊ីម៉ង់​ត៍​លក់​បេតុង ឬ​ក៏​បំបោង​តម្លៃ​ពិត​ប្រាកដ តាម​រយៈ​ការ​ពុករលួយ​ជាដើម»

ការលើកឡើង​របស់​សកម្មជន​បរិស្ថាន​រូប​នេះ​ ​ធ្វើឡើង​បន្ទាប់​ពី​របប​លោក​ ហ៊ុន ​សែន ​បាន​សម្ពោធ​ ​និង​ដាក់​ឲ្យ​ប្រើប្រាស់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ​ដែល​ទើបនឹង​សាងសង់​រួច​ ​ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​អស់​ជាង ៤ឆ្នាំ ខណៈ​ដែល​លោក​ ហ៊ុន ​សែន ​បាន​អួត​អាង​ និង​ការពារ​ថា គម្រោង​នេះ​ផ្តល់​ការងារ​ និង​មុខរបរ​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ​ ព្រមទាំង​ចំណូល​ពន្ធដារ​រដ្ឋ​ផង។ លោក​ ហ៊ុន ​សែន ​ក៏​បាន​ប្តេជ្ញា​បង្កើន​កម្រិត​ឯករាជ្យភាព​ ​និង​សន្តិសុខ​លើ​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​ ​ដែល​​​​លោក​ថា​ ​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​។ ​លោក​ ហ៊ុន ​សែន ​ថ្លែង​ថា​ របប​របស់​លោក​​គ្រោង​នឹង​ចរចា​សុំ​ខ្ចី​បុល​ចិន​បន្ថែម​ទៀត​ ​ដើម្បី​តភ្ជាប់​បណ្តាញ​ចែកចាយ​អគ្គិសនី​នៅ​កម្ពុជា។

ដោយ​មិន​ខ្ចី​ខ្វល់ខ្វាយ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ ធនធាន​ជល​ផល​ និង​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​នៃ​តំបន់​សាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ ​លោក​ ហ៊ុន ​សែន ​បាន​ឆ្លៀត​យក​ឱកាស​នៃ​ពិធី​សម្ពោធ​នេះ​ វាយ​ប្រហារ​ទៅ​​ក្រុម​អ្នក​រិះគន់​ ​គម្រោង​​នេះ​​ជា​​ជនជាតិ​​បរទេស​ ​ដែល​លោក​ថា ​បាន​ញុះញង់​ដល់​ពលរដ្ឋ​មូលដ្ឋាន​ ​ឲ្យ​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​ការសាងសង់​វារី​អគ្គិសនី​នេះ​ ​ដោយ​លោក​អះអាង​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភាគ​ច្រើន​គាំទ្រ​ការ​សាងសង់​នេះ៖ «សូម​បញ្ជាក់​ថា​ ​ការ​កសាង​នៅ​កន្លែង​នេះ​ ​ប្រជាពលរដ្ឋ​របស់​យើង​ភាគ​ច្រើន​គាំទ្រ​នូវ​គម្រោង​អភិវឌ្ឍន៍​នេះ​ ​ប៉ុន្តែ​នៅ​មាន​មួយចំនួន​ ​គឺ​គេ​បាន​បង្កើតឡើង​នូវ​ស្ថានភាព​ដ៏​លំបាក​ ក្រោម​ការញុះញង់​របស់​ជន​បរទេស​ខ្លះ។

ផ្ទុយពី​ការចោទប្រកាន់​របស់​លោក​ ហ៊ុន ​សែន ​នេះ​ លោក​ ​អាឡិច ​ថា ​លោក​ ហ៊ុន ​សែន តែង​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ជនជាតិ​បរទេស​នោះ​ ​គឺ​ដោយសារ​តែ​លោក​ ហ៊ុន ​សែន ​ព្យាយាម​បង្វែរ​ស្ថានការណ៍​ ​ដោយ​មិន​ហ៊ាន​និយាយ​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​ពី​រឿង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ជា​អវិជ្ជមាន​ផ្នែក​បរិស្ថាន ហើយ​បែរ​ជា​ទម្លាក់​កំហុស​នេះ មក​លើ​ក្រុម​សកម្មជន​បរិស្ថាន ដែល​ជា​បរទេស​ទៅ​វិញ៖ «ប៉ុន្តែ គាត់​អត់​ហ៊ាន​សារភាព​ ​អត់​ហ៊ាន​និយាយ​ទេ។ អ៊ីចឹង​បាន​ជា​គាត់​ ​ព្យាយាម​បង្វែរ​ពី​ផលប៉ះពាល់​អវិជ្ជមាន​ ​ទៅ​ជា​ចោទប្រកាន់​ទៅលើ​បរទេស​ថា​បាន​ញុះញង់​អ៊ីចឹង​ទៅ។ អាច​ថា ឆ្លាត​បែប​ល្បិច ​គាត់​បង្វែរ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​ពី​ផលប៉ះពាល់​យ៉ាង​អវិជ្ជមាន​បំផុត​នៃ​វារី​អគ្គិសនី​មួយចំនួន​ ​ដែល​បាន​សាងសង់ ​ឬ​ក៏​គ្រោង​នឹង​សាងសង់»

វារី​អគ្គិសនី​សេសាន​ក្រោម ២ ​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា​ ​គឺ​បាន​ក្នុង​កម្រិត​អនុភាព​ ៤០០មេហ្កាវ៉ាត់។ វារី​អគ្គិសនី​នេះ​ ​គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចំនួន​បី​ ​គឺ​ក្រុមហ៊ុន​ Hydrolancang International Energy ​របស់​ចិន​ ​មាន​ទុន​វិនិយោគ​ ៥១ភាគ​រយ ក្រុមហ៊ុន​ រ៉ូយ៉ាល់​គ្រុប​ របស់​ឧកញ៉ា​ គិត ​ម៉េង​ មាន​ទុន​ ៣៩ភាគ​រយ និង​ក្រុមហ៊ុន​ EVNI របស់​វៀតណាម មាន​ទុន ១០ភាគ​រយ​ ​ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​សរុប​ជិត​ ៨០០លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ​ វិនិយោគ​ក្រោម​រូបភាព​សាង​សង់​ដំណើរ​ការ និង​ផ្ទេរ (BOT) មាន​ន័យ​ថា របប​ក្រុង​ភ្នំពេញ​ផ្តល់​រយៈ​ពេល​សម្បទាន​ដល់​ក្រុមហ៊ុន​សាង​សង់​រយៈ​ពេល ៤៥ឆ្នាំ ក្នុង​នោះ ៥ឆ្នាំ​សម្រាប់​ការ​សាងសង់ និង ៤០ឆ្នាំ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម។ ចប់​រយៈ​ពេល​នេះ​វារី​អគ្គិសនី​នេះ នឹង​ត្រូវ​ផ្ទេរ​មក​ឲ្យ​រដ្ឋ​ជា​អ្នក​គ្រប់គ្រង​វិញ។

ក្រសួង​រ៉ែ ​និង​ថាមពល ​ឲ្យដឹង​ថា​ ​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​នេះ​ ​នឹង​បង្កើន​ការផលិត​អគ្គិសនី​នៅ​កម្ពុជា​បាន ២០ភាគ​រយ​ បន្ថែម​ពីលើ​ការផលិត​ថាមពល​អគ្គិសនី​បច្ចុប្បន្ន​ដែល​មាន​ស្រាប់។ បូករួម​នឹង​វារី​អគ្គិសនី​នេះ​ កម្ពុជា​អាច​ផលិត​ថាមពល​តាមរយៈ​វារី​អគ្គិសនី​ក្នុង​ស្រុក​ ​បាន​រហូតដល់​ទៅ​ ១.៣២៨មេហ្កាវ៉ាត់ ​ហើយ​ថា​វារី​អគ្គិសនី​នេះ​ ​នឹង​នាំមក​នូវ​ចំណូល​ពន្ធដារ​ដល់​រដ្ឋ​ ​ក្នុង​រង្វង់​ទឹក​ប្រាក់​ ៣០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ការសាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​នេះ​ ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​ក្រុម​អ្នក​បរិស្ថាន​ថា​ ​បង្កឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ជីវ​ចម្រុះ​ ​ជាពិសេស​ធនធាន​ជល​ផល ​នៅ​តាម​ផ្ទៃ​អាង​ទន្លេ​មេគង្គ ​និង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​មូលដ្ឋាន​រាប់​សែន​នាក់​ ​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​ ​ដែល​រស់នៅ​ពឹងផ្អែក​លើ​ធនធាន​ត្រី ​ខណៈ​ពួក​គេ​បាន​ទទួល​រង​នូវ​ការ​ជម្លៀស​ដោយ​បង្ខំ ​ដោយ​ពុំ​ទទួល​បាន​សំណង​សមរម្យ។ តាម​រយៈ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ នេះ របប​ក្រុង​ភ្នំពេញ​ ​ក៏​រង​ការ​រិះគន់​ថា​ ​បាន​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​រាប់​ពាន់​ហិកតារ​ក្រោម​រូបភាព​ជា​ការ​សម្អាត​ផ្ទៃ​បាត​អាង។

រួម​ទាំង​វារី​អគ្គិសនី​សេសាន​ក្រោម ២ នេះ​ ​បច្ចុប្បន្ន​ ​កម្ពុជា​មាន​វារី​អគ្គិសនី​កំពុង​ដំណើរការ​សរុប ​ចំនួន​ ៧ ​ដែល​តភ្ជាប់គ្នា​ជាមួយ​បណ្តាញ​អគ្គិសនី​ជាតិ ​ខណៈ​នៅ​មាន​វារី​អគ្គិសនី ២ ​ផ្សេងទៀត​នៅ​ខេត្ត​រតនគិរី​ ​និង​មណ្ឌលគិរី។

លោក​ ​អាឡិច ​សម្តែង​កង្វល់​ថា​ ​ប្រសិនបើ​ការសាងសង់​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម ២ នេះ​ ​ពុំ​មាន​យន្ត​ការត្រួតពិនិត្យ​ត្រឹម​ត្រូវ​​នោះ​​ទេ ​វារី​អគ្គិសនី​នេះ​ ​អាចនឹង​ទទួលរង​នូវ​ការបាក់​ទំនប់​នា​ពេល​អនាគត ​ដូច​អ្វី​ដែល​បាន​កើតឡើង​នៅ​ខេត្ត​ ​អាត់​តា​ពើ ​(Attapeu)​ ​ប្រទេស​ឡាវ ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​យ៉ាងហោចណាស់​ ៣៥នាក់​​ស្លាប់​ ​ជិត ១០០​នាក់​បាត់​ខ្លួន​ និង​​​ជាង ៦ ពាន់​នាក់​បាត់បង់​ទីជម្រក​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល