ប្រជាសហគមន៍នេសាទព្រែកត្នោត និងសង្គមស៊ីវិល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ សហការគ្នារៀបចំពិព័រណ៍បាតសមុទ្រនៅក្នុងសហគមន៍នេសាទព្រែកត្នោត ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៣ ខែមីនា។ ការរៀបចំតាំងពិព័រណ៍នេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមពីភាគី ពាក់ព័ន្ធ ដើម្បីពង្រឹងការអភិរក្សធនធានជីវៈចម្រុះសមុទ្រ ដើម្បីនិរន្តរភាពជីវភាពប្រជានេសាទ និង កាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ប្រធានសហគមន៍នេសាទព្រែកត្នោត លោក អ៊ុក សុវណ្ណារិទ្ធិ មានប្រសាសន៍ថា ការរៀបចំតាំងពិព័រណ៍បាតសមុទ្រនេះ ទើបធ្វើជាលើកទីមួយ ហើយមានស្តង់ចំនួន៨។ ស្តង់នីមួយៗ ដាក់តាំងបង្ហាញរូបថត និងរូបគំនូអំពីធនធានជីវៈចម្រុះគ្រប់ប្រភេទ ដែលមាននៅក្នុងទឹកសមុទ្រ ព្រមទាំងបង្ហាញ នូវមុខរបរនេសាទ និងធនធានជលផលដែលមាននៅក្នុងសហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទត្រពាំងរពៅ ដូចជា ពពួកបង្គា ក្ដាម ត្រី មឹក ងាវ គ្រែង និងអយស្ទ័រជាដើម។ លោក អ៊ុក សុវណ្ណារិទ្ធិ បន្តថា ការតាំងពិព័រណ៍នេះ មានបំណងទាក់ទាញយុវជន សិស្សានុសិស្ស ព្រមទាំងពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធឲ្យបានយល់ដឹង និងចូលរួមអភិរក្សធនធានជីវៈចម្រុះក្នុងទឹកសមុទ្រ៖ « អញ្ជើញគាត់មកចូលរួមនេះ ដើម្បីឲ្យគាត់យល់អំពីធនធាន ធម្មជាតិនៅក្នុងបាតសមុទ្រយើងនេះ តើរបស់ណា ដែលងាយរងគ្រោះ និងឆាប់ផុតពូជ ដើម្បីឲ្យគាត់យល់ និងឲ្យគាត់ចូលរួមការពារ និងអភិរក្សទាំងអស់គ្នា។ការអភិរក្សនេះ យើងធ្វើ ដូចជា បោះបង្គោល ឬ ធ្វើថ្មសិប្បនិម្មិត ដើម្បីកុំឲ្យមានទូកនេសាទចូលមក ក្នុងតំបន់អភិរក្សនោះ ពេលគាត់ទៅនេសាទកុំឲ្យ ប្រើឧបករណ៍ខុសច្បាប់ និងកុំឲ្យគាត់ចូលនេសាទក្នុងរដូវត្រីពងកូន » ។
ប្រធានសហគមន៍នេសាទព្រែកត្នោតរូបនេះ ឲ្យដឹងថា ការទាមទារឲ្យមានការចូលរួមការពារ និង អភិរក្សនេះ ព្រោះនៅតំបន់សហគមន៍នេសាទនោះ កំពុងរងការគំរាមកំហែងផ្សេងៗ ដូចជា មានទូកនេសាទធំៗ មកពីខាងក្រៅដែនសហគមន៍ និងគម្រោងអភិវឌ្ឍន៍ដែលវិនិយោគដោយក្រុមហ៊ុន ជីងគ័រ (Ching Kor) របស់អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា គឺអ្នកស្រី កែវ ម៉ាលី ។ លោក អ៊ុក សុវណ្ណារិទ្ធិ ឲ្យដឹងថា គម្រោងរបស់ក្រុមហ៊ុន ជីងគ័រ នេះ ចង់វិនិយោគលើផ្ទៃដីទំហំ ៦៤០ ហិកតារដែលជាន់លើដីសហគមន៍ ដើម្បីប្រែក្លាយតំបន់នោះទៅជាកំពង់ផែ ទីក្រុងរណបនិងកន្លែងវាយកូនហ្គោល។ លោកស្នើសុំឲ្យរដ្ឋាភិបាល លុបចោលគម្រោងវិនិយោគនេះ ដើម្បីរក្សាមុខ របនេសាទរបស់ប្រជាសហគមន៍ច្រើនជាង៣ពាន់៥រយគ្រួសារ ដែលពឹងផ្អែកលើការនេសាទ និង ជួយអភិរក្សប្រភេទសត្វ ដែលកំពុងរងគ្រោះថ្នាក់ ដូចជា សត្វអណ្ដើកសមុទ្រ សេះសមុទ្រ ប្រឡាំងកាស ជ្រូកទឹក និងសត្វផ្សោតជាដើម៖ « សហគមន៍មិនយល់ព្រមចំពោះគម្រោងនេះទេ ព្រោះបើគាត់ អភិវឌ្ឍន៍ នឹងប៉ះពាល់ដល់ធនធានធម្មជាតិ ដូចជា ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម និងជីវៈចម្រុះ គ្រប់ប្រភេទ។ ពលរដ្ឋព្រួយបារម្ភ ចំពោះគម្រោងរបស់ក្រុមហ៊ុនជីងគ័រនេះណាស់ » ។
លោក អ៊ុក សុវណ្ណារិទ្ធិ ឲ្យដឹងដែរថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនជីងគ័រ មិនទាន់ធ្វើ សកម្មភាពឬចាក់ដីលុបសមុទ្រទៀតនោះទេ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសក្នុង ពិធីបុណ្យសមុទ្រនៅខេត្តកំពត កាលពីចុងឆ្នាំ២០១៩ ថា បើមានការអភិវឌ្ឍន៍ ត្រូវសិក្សាឲ្យបានច្បាស់ លាស់ និងកុំឲ្យប៉ះពាល់ដីរបស់សហគមន៍ ដីរបស់ប្រជាពលរដ្ឋ ព្រមទាំងកន្លែង ដែលមានដើម កោងកាង ផ្កាថ្ម និងស្មៅសមុទ្រ។
ប្រធានគម្រោងសុវត្ថិភាពដីធ្លីនៃអង្គការ អាក់សិន អេត កម្ពុជា (Action Aid Cambodia) លោក ឡាត់ គី ដែលចូលរួមកម្មវិធីតាំងពិព័រណ៍នេះ លើកឡើងថា ប្រជានេសាទនៅសហគមន៍ព្រែកត្នោត និង សហគមន៍នេសាទត្រពាំងរពៅ ពិតជាមានការព្រួយបារម្ភខ្លាំងអំពីគម្រោងវិនិយោគដោយក្រុមហ៊ុន ឯកជនក្នុងតំបន់នោះ ព្រោះពួកគេខ្លាច បាត់បង់ដែននេសាទ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាព និង បាត់បង់ជម្រកជីវៈចម្រុះគ្រប់ប្រភេទ ដែលពិភពលោកកម្រមាន។ ទោះយ៉ាងណាក្តី លោករំពឹងថា ការតាំងពិព័រណ៍បាតសមុទ្រនេះ នឹងជំរុញឲ្យមានការចូលរួមរបស់សហគមន៍ យុវជន រាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីពង្រឹងការអភិរក្សធនធានជីវៈចម្រុះក្នុងទឹកសមុទ្រ រួមមាន ដើមកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ដើម្បីធានានិរន្តរភាពជីវភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៖ « ចំណុចមួយ ដែលយើងតែងតែទទួចឲ្យអាជ្ញាធរជំនាញ ក៏ដូចជា អាជ្ញាធររដ្ឋបាលគ្រប់លំដាប់ថ្នាក់ បានទទួលស្គាល់អំពីសក្ដានុពល ដែលកើតមាននៅក្នុងតំបន់ដែល សហគមន៍កំពុងការពារ និងអភិរក្សឲ្យបានគង់វង្សប្រកបដោយនិរន្តរភាព ហើយរាល់ការអភិវឌ្ឍន៍ សូមឲ្យអនុវត្តទៅតាមគោលការណ៍ច្បាប់ ជាពិសេស ក្នុងដំណើរការវាយតម្លៃ ហេតុផលប៉ះពាល់ បរិស្ថាន » ។
ការរៀបចំតាំងពិព័រណ៍បាតសមុទ្រនេះ មានការចូលរួមដោយអង្គការអាក់សិនអែតកម្ពុជា (Action aid cambodia) អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ និងការអង្កការដៃគួរមួយចំនួនទៀត ក្រោមកិច្ចសហការជាមួយរដ្ឋបាលជលផលខេត្តកំពត ក្រសួងកសិកកម្មនិងក្រសួងបរិស្ថាន។ ពិព័រណ៍នេះ មានរយៈពេលមួយថ្ងៃគឺនៅថ្ងៃទី៣ ខែមីនា ដោយចាប់ផ្តើមពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ១០យប់ ហើយមានអ្នកចូលរួមប្រមាណ ៥០០នាក់។ ការតាំងពិព័រណ៍នោះ ក៏មានកម្មវិធីរួមគ្នាដាំដើមកូន កោងកាងចំនួន៣ពាន់ដើម និងមានការចាក់បញ្ចាំងវីដេអូអំពីជីវៈចម្រុះសមុទ្រ និងវីដេអូអំពីការស្រាវជ្រាវក្រោមបាតសមុទ្រ ព្រមទាំងការសម្តែងចំណាប់អារម្មណ៍ផ្សេងពីតំណាងអង្គការសង្គម ស៊ីវិល និងអាជ្ញាធរផងដែរ។
អាជ្ញាធរខេត្តកំពត និងតំណាងមន្ទីរកសិកម្មខេត្តកំពត ថ្លែងក្នុងពិធីនោះថា ពួកគេនឹងចូលរួមការពារ និងអភិរក្សធនធានជីវៈចម្រុះនៅតំបន់នោះ។
សហគមន៍នេសាទព្រែកត្នោត ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយរដ្ឋាភិបាលនៅក្នុងឆ្នាំ២០១១ ជាមួយវិសាលភាពគ្របដណ្ដប់លើផ្ទៃសមុទ្រសម្បូរទៅដោយព្រៃកោងកាងទំហំជិត១ពាន់២រយហិកតា (១.១៦៨)។ ចំណែកសហគមន៍នេសាទត្រពាំងរពៅត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងត្រូវបានចុះបញ្ជីទទួលស្គាល់ដោយរដ្ឋាភិបាលនៅក្នុងឆ្នាំ២០០៩ ជាមួយវិសាលភាពគ្របដណ្ដប់លើផ្ទៃសមុទ្រទំហំ ជាង១ពាន់ពីររយហិកតា (១.២៥១)។ ជីវៈចម្រុះគ្រប់ប្រភេទ ដែលមាននៅក្នុងទឹកសមុទ្រនៃសហគមន៍ទាំងពីរនេះ មានដូចជា ស្មៅសមុទ្រទំហំ ៥០០ហិកតារ សារ៉ាយសមុទ្រ ផ្កាថ្ម និងព្រៃកោងកាង ដែលជាជម្រកពពួកបង្គា ក្ដាម ត្រី មឹក ងាវ គ្រែង និងអយស្ទ័រជាដើម។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ អះអាងថា របរនេសាទនៅសមុទ្រនេះ បានជួយផ្ដល់ចំណូលឱ្យពួកគេមានជីវភាពរស់នៅសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។