កសិករ​ដាំ​បន្លែ​នៅ​បាត់ដំបង​មួយ​ចំនួន​បារម្ភ​ខ្វះ​ទឹក​ស្រោចស្រព​ប៉ះពាល់​ដល់​ការ​រក​ចំណូល

ដោយ វ៉ែន សុមេធ
2019-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដំណាំ​ស្ពៃ​ក្ដោប​របស់​កសិករ​នៅ​ភូមិ​ជ្រាំងបាក់ ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្ត​បាត់ដំបង រូប​ថត​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៩។
ដំណាំ​ស្ពៃ​ក្ដោប​របស់​កសិករ​នៅ​ភូមិ​ជ្រាំងបាក់ ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្ត​បាត់ដំបង រូប​ថត​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៩។
Photo Provided

ប្រជាកសិករ​ដាំ​បន្លែ​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ជាច្រើន​គ្រួសារ​កំពុង​ព្រួយបារម្ភ​ខ្វះ​ទឹក​ស្រោចស្រព​ផលដំណាំ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​នៅ​ពេល​ខាងមុខ ព្រោះ​គ្មាន​របប​ផ្សេង​ក្រៅពី​ការ​ដាំដុះ។ ពួកគាត់​អះអាង​ថា ដំណាំ​របស់​ពួកគាត់​បាន​ដាំ​ដុះ​ទើបតែ​បាន​ប្រហែល​កន្លះ​ខែ​ស្រាប់តែ​ទឹកស្ទឹង​បវេល បាន​រីង​ហួត​យ៉ាង​ឆាប់រហ័ស​ជិត​អស់ពី​ស្ទឹង ហើយ​មិន​មាន​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​ពួកគាត់​នៅឡើយ។

ប្រជាកសិករ​នៅ​ភូមិ​ជ្រាំងបាក់ ឃុំ​ឃ្លាំងមាស ស្រុក​បវេល លោក បោ យឿត ថ្លែងប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មីនា​ថា គ្រួសារ​របស់​លោក​រស់​ដោយសារ​របប​ដាំ​បន្លែ រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​គ្មាន​របប​ផ្សេង​ក្រៅ​នេះ​ឡើយ។ កសិករ​រូប​នេះ​បន្ត​ថា រដូវប្រាំង​ឆ្នាំនេះ​លោក​ដាំ​បន្លែ​នៅ​ផ្ទៃដី​ប្រហែល​២​ហិកតារ រួមមាន​បន្លែ​ត្រសក់ ម្ទេស និង​ស្ពៃក្ដោប។ លោក​ថា ដំណាំ​ស្ពៃក្ដោប​មាន​ផ្ទៃដី​ជិត​មួយ​ហិកតារ គឺ​ទើបតែ​ដាំ​ដុះ​បាន​ប្រមាណ​កន្លះ​ខែ ហើយ​ស្រាប់តែ​ទឹក​ចាប់ផ្ដើម​រីង​ជិត​អស់ពី​ស្ទឹង ហើយ​ដំណាំ​ប្រភេទ​នេះ​ត្រូវ​ចំណាយ​ប្រហែល​មួយ​ខែ​កន្លះ​ទៀត​ឯណោះ​ទើប​អាច​ប្រមូល​ផល​បាន ដូច្នេះ​នៅ​ពេល​ខាងមុខ​មិន​ដឹង​រក​ទឹក​ពី​ណា​មក​ស្រោចស្រព​ដំណាំ​របស់​ខ្លួន​បានទេ៖ «ជីវភាព​ខ្ញុំ​រស់​ដោយសារ​ការ​ដាំ​បន្លែ បើ​មិន​ដាំ​បន្លែ​ចប់​បាត់​ហើយ និយាយ​ទៅ​ខ្ញុំ​ដាំ​ទាំង​រដូវប្រាំង និង​រដូវវស្សា​ជា​អចិន្ត្រយ៍។ ខ្ញុំ​ជំពាក់​គេ​ច្រើន​ណាស់​ខាង​ធនាគារ​ខ្ចី​គេ​រហូត​គេ​ឈប់​ឱ្យ​ខ្ចី ហើយ​បើ​សិន​ខ្វះ​ទឹក​ប្រើប្រាស់​ទៀត​ដឹង​តែ​លំបាក​ខ្លាំង​ហើយ​ខ្ញុំ។ ដំណាំ​ដែល​ភ័យ​ខ្វះ​ទឹក​មាន​ស្ពៃក្ដោប និង​ត្រសក់​នឹង​ព្រោះ​យើង​មិន​មាន​ជំនាញ​អី​ច្បាស់​ជាង​នេះ មានតែ​ដំណាំ​នេះ​ដែល​ធ្លាប់​ដាំ​រហូត​មក»

លោក​បន្ត​ថា បន្លែ​ដែល​ដាំ​ក្នុង​រដូវប្រាំង​នេះ​រំពឹង​ថា នៅ​ពេល​ខាងមុខ​បាន​ផល​លក់​បាន​ប្រាក់កម្រៃ​ខ្លះ​សម្រាប់​សង​ធនាគារ​ដែល​បាន​ខ្ចី​គេ​យក​មក​ធ្វើ​ដើមទុន​ដាំ​ដុះ​កាលពី​ដើម​រដូវ ព្រោះ ការ​ដាំ​លើក​ទី​១ ស្ពៃក្ដោប​ចុះថោក​ខ្លាំង​លក់​មិន​បាន​ប្រាក់​កម្រៃ ហើយ​ខាត​អស់​ដើមទុន​ជាង​៥​ពាន់​ដុល្លារ ដូច្នោះ​ប្រសិនបើ​មិនបាន​ដាំ​ដុះ​លើ​ទី​២​ទេ គ្រួសារ​លោក​ប្រឈម​នឹង​ធនាគារ​រឹបអូស​ដីធ្លី​និង​ផ្ទះសម្បែង​ជាង​មិន​ខាន។

ប្រជាកសិករ​នៅ​ស្រុក​បវេល បាន​ត្អូញត្អែរ​ស្ទើរ​គ្រប់គ្នា​អំពី​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ផលដំណាំ​របស់​ពួកគាត់ ព្រោះ​ពួកគាត់​រំពឹង​របរ​មួយ​នេះ​គ្រាន់​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​មិនបាច់​ធ្វើ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស។

កសិករ​នៅ​ភូមិ​ជ្រាំង​បាក់​ម្នាក់ទៀត លោក គង់ សារ៉ន រៀបរាប់​ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​ថា នៅ​រដូវប្រាំង​ឆ្នាំនេះ​លោក​ដាំ​ស្ពៃក្ដោប​ជាង​កន្លះ​ហិកតារ ហើយ​ទើប​តែ​មាន​អាយុ​ជាង​១០​ថ្ងៃ ស្រាប់តែ​ទឹក​រីង​ជិត​អស់ពី​ស្ទឹង​។​កសិករ​រូប​នេះ​បន្ត​ថា ប្រហែល​កន្លះ​ខែ​ទៀត​ទឹកនឹង​រីង​អស់ពី​ស្ទឹង ស្រប​ពេល​ដែល​ដំណាំ​កំពុងតែ​ត្រូវការ​ទឹក ហើយ​នេះ​ជា​ទុក្ខ​ធំ​ផ្ទួន​របស់​ពួកគាត់​នៅ​ក្នុង​ឆ្នាំនេះ បន្ទាប់ពី​ខាត​អស់​ដើមទុន​ម្ដង​រួចហើយ​កាលពី​រដូវ​ទឹក​ស្រក​នោះ៖ «ទៅ​ណា​ក៏​មិន​ហ៊ាន​ទៅ​នៅតែ​ផ្ទះ ខំ​ដាំ​ដុះ​ហើយ​វា​មិនបាន​ផល​ទៀត ដល់​បាន​ផល​វា​ចុះថោក និយាយ​ឱ្យ​ដល់​មិន​មាន​ទីផ្សារ​លក់​ឱ្យ​ស្រួលបួល ហើយ​ផ្សារ​នៅ​ខេត្ត​បាត់ដំបង​ឈ្មួញ​នាំ​ទំនិញ​ពី​ថៃ​ចូល​មក​ដាក់​លក់​ធ្វើ​ឱ្យ​ទំនិញ​ខ្មែរ​លក់​មិនសូវ​ដាច់។ បើ​ឱ្យ​ខ្ញុំ​ផ្អាក​មិនបាន​បើ​មុខរបរ​ខ្ញុំ​តែ​ប៉ុណ្ណឹង​ហើយ បើ​ផ្អាក​មាន​ដាច់​បាយ ណា​ជំពាក់​ធនាគារ​ផង​បើ​ផ្អាក​ទៅ​យើង​យ៉ាប់​មែនទែន​ហើយ។ ខ្ញុំ​មានតែ​ស្រែ​ឱ្យ​ថ្នាក់លើ​ជួយ​ប៉ុណ្ណឹង​ឯង បើ​គេ​មិន​ជួយ​មានតែ​ដាច់ពោះ​ស្លាប់ បើ​មិន​ដឹង​ទៅ​រក​អី»

លោក​បន្ត​ថា ឆ្នាំនេះ​កសិករ​ដាំ​បន្លែ​នៅ​ខេត្ត​បាត់ដំបង មាន​បញ្ហា​បំណុល​កាន់តែ​ខ្លាំង​មិន​ធ្លាប់​ជួបប្រទះ ដោយសារ​លើក​ទី​១ ដាំ​បាន​ផល​ល្អ​តែ​តម្លៃ​ចុះថោក ដោយ​តម្លៃ​ស្ពៃក្ដោប​របស់​ពួកគាត់​លក់​បាន​ចន្លោះ​ពី​៤០០​ទៅ​៧០០​រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ ដែល​ខុស​ពី​ឆ្នាំមុន​តម្លៃ​ប្រមាណ​១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ឯណោះ ដែល​តម្លៃ​នេះ​លក់​បាន​ប្រាក់ចំណេញ​ខ្លះ​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ដោយ​មិនបាច់​ធ្វើ​ចំណាកស្រុក​នោះ​ទេ។ ប៉ុន្តែ​លោក​ថា ឆ្នាំ​នឹង​ប្រសិនបើ​អាជ្ញាធរ​មិន​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ពួកគាត់​ឱ្យ​បាន​ទាន់​ពេល​ទេ នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ក្រីក្រ​ខ្លាំង​ជាមិនខាន។

ដង​ស្ទឹង​បវេល​នៅ​ភូមិ​ជ្រាំងបាក់ ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្តបាត់ដំបង រូប​ថត​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៩។
ដង​ស្ទឹង​បវេល​នៅ​ភូមិ​ជ្រាំងបាក់ ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្តបាត់ដំបង រូប​ថត​ពលរដ្ឋ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៩។ Photo Provided

ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាលស្រុក​បវេល លោក វិន ហួត មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ទឹកស្ទឹង​បវេល បាន​រីក​ស្ងួត​ដល់​បាត​ស្ទឹង​នៅ​តាម​ដងស្ទឹង​មួយ​ចំនួន​ហើយ។ លោក​អះអាង​ថា កន្លងមក​អាជ្ញាធរ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​របស់​លោក​មិន​ឱ្យ​ដាំ​ដុះ និង​ធ្វើស្រែ​ប្រាំង​លើក​ទី​២​រួច​មក​ហើយ ដើម្បី​ទុក​ទឹក​សម្រាប់​ប្រាស់​ប្រចាំថ្ងៃ ព្រោះ​ជួប​គ្រោះ​រាំងស្ងួត​អូស​បន្លាយ​ជាច្រើន​ទៅមុខ​ទៀត ដែល​ធ្វើ​ឱ្យ​មិន​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​នោះ​ទេ។ ទោះជា​យ៉ាងណា លោក​ថា កសិករ​ដែល​ប្រកប​របរ​ដាំ​បន្លែ ក្នុង​ការ​រក​ប្រាក់​ចំណូល​សំខាន់​ក្នុង​គ្រួសារ​នោះ ខាង​លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅឡើយ ប៉ុន្តែ​លោក​ថា ខាង​ស្រុក​នឹង​រក​វិធី​ដើម្បី​ជួយ​ដល់​ពួកគាត់​នៅ​ពេល​ខាងមុខ៖ «រឿង​នេះ​មធ្យោបាយ​យើង​មាន​ហើយ ដោយសារ​យើង​ទាក់ទង​ទៅ​ថ្នាក់​ជាតិ​ហើយ​យើង​ប្រមែប្រមូល​អ្វី​នៅ​ក្នុង​មូលដ្ឋាន​យក​មក​ជួយ​គ្នា។ សំខាន់​បើ​គិត​ថា យើង​ជួយ​គាត់​ទាល់តែ​គាត់​ផ្ដល់​ព័ត៌មាន​ចំនួន​ប៉ុន្មាន​នាក់ ហើយ​អ្វី​ដែល​គាត់​គ្រោង​ថា​អាច​ចិញ្ចឹមជីវិត​បាន​ហើយ​អ្នក​ដែល​ចិញ្ចឹម​មិនបាន​វា​មូលហេតុ​អី​គាត់​អត់​ទាន់​រាយការណ៍​មក​ផង»

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា កសិករ​ដែល​ប្រកប​របរ​ដាំ​បន្លែ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​មិនមែន​មានតែ​ខេត្ត​បាត់ដំបង​នោះ​ទេ គឺ​មាន​ជាច្រើន​ខេត្ត​ទៀត ដូច​ខេត្ត​កណ្ដាល ត្បូងឃ្មុំ កំពង់ចាម រតនគិរី និង​មណ្ឌលគិរី​ជាដើម ជាពិសេស​ទំនាប​កណ្ដាល​ដែល​មាន​ផ្ទៃដី អំណោយផល​អាច​ដាំ​ដុះ​បាន​គឺ​ពួកគាត់​នឹង​ជួប​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ផលដំណាំ​របស់​ពួកគាត់។ លោក​បន្ត​ថា ប្រជាកសិករ​នឹង​ប្រឈម​បញ្ហា​ធំ​ក្នុង​ជីវភាព​គ្រួសារ​ដោយសារ​ការ​ខ្វះខាត និង​ការ​ជំពាក់​បំណុល​ធនាគារ​កាន់​តែ​ច្រើន​នៅ​ពេល​ខាងមុខ៖ «ចំណុច​នេះ​យើង​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការណ៍​ចុះ​ជួយ​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​ពួកគាត់​ខាតបង់​ទុន​សម្រាប់​ផ្គត់ផ្គង់ និង​ជំរុញ​ឱ្យ​មន្ត្រី​នៅ​ថ្នាក់​មន្ទីរ​ទាំងអស់​ចាត់​វិធានការណ៍ ហើយ​វិធានការណ៍​ទឹក បើសិនជា​រដ្ឋាភិបាល​អាច​មាន​ថវិកា​អាច​ជីក​អណ្ដូងទឹក​ជួយ​ដល់​កសិករ​ជា​រឿង​ល្អ។ទី​២​ឆ្នាំ​បញ្ហា​ទឹក​វា​ជះឥទ្ធិពល​សម្រាប់​ទៅ​ឆ្នាំ ក្រោយ​ដែល​ត្រូវតែ​គិតគូរ​ប្រព័ន្ធ​ធារាសាស្ត្រ​ឱ្យ​បាន​ច្រើន​សម្រាប់​ជួយ​ដល់​កសិករ»

លោក​បន្ត​ថា បញ្ហា​នេះ​ប្រសិនបើ​មិន​មាន​ការ​ដោះស្រាយ​ជូន​ពួកគាត់​គឺ​កសិករ នឹង​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​កសិករ​ភាគច្រើន​ខាត​ទាំង​ដំណាំ​ស្រូវ និង​ការ​ដាំ​បន្លែ ដូច្នេះ​បំណុល​ដែល​ពួកគាត់​ជំពាក់​ធនាគារ កាន់តែ​ច្រើន​ទ្វេដង ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួកគាត់​បោះបង់​មុខរបរ​ធ្វើ​កសិកម្ម​ចោល ហើយ​ត្រូវ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស បែក​ពី​ក្រុម​គ្រួសារ​ដើម្បី​រក​ប្រាក់​យក​មក​សង​ធនាគារ។

កសិករ​ស្រុក​បវេល​ទាំង​២​រូប ឱ្យ​ដឹង​ថា នៅ​តំបន់​ពួកគាត់​រស់នៅ​អ្នក​ដែល​ប្រកប​របរ​ដាំ​បន្លែ​តែមួយ​មុខ ដោយ​ពុំ​មាន​ចំណូល​ផ្សេង​ក្រៅពី​របរ​មួយ​នេះ មាន​ប្រហែល​១០០​គ្រួសារ ហើយ​បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃដី​ចន្លោះ​ពី ១​ទៅ​៥​ហិកតារ ក្នុង​មួយ​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល