ពលរដ្ឋ​លក់​ឧស​ប្រភេទ​ដើម​កៅស៊ូ​ត្អូញត្អែរ​ថា​អាជ្ញាធរ​ហាម​មិន​ឲ្យ​លក់​ទៅ​វៀតណាម

ដោយ សូត សុខប្រាថ្នា
2016-03-31
Share
គំនរ​ឧស ត្បូងឃ្មុំ ២០១៦ ៨៥៥ គំនរ​ឧស​ដើម​កៅស៊ូ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មិន​អាច​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ពលរដ្ឋ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទាំង​ម្ចាស់​ដើម​កៅស៊ូ និង​ពលរដ្ឋ​ធ្លាប់​មាន​មុខ​របរ​ដឹក​ជញ្ជូន​ដើម​កៅស៊ូ ឬ​ស្វាយចន្ទី ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​តែ​ទទូច​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​មន្ត្រី​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​សម្រួល​ឲ្យ​ពួក​គាត់​អាច​ដឹក​ជញ្ជូន​ឧស​ទាំង​នោះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដូច​ដើម​ឡើង​វិញ។ បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បញ្ជាក់​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​សុំ​ច្បាប់​ដើម្បី​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ជា​មុន។

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ដែល​មាន​មុខ​របរ​ដឹក​ឧស​កៅស៊ូ និង​ម្ចាស់​ចម្ការ​ខ្លះ លើក​ឡើង​ថា ក្រោយ​ពេល​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​អាច​យក​ឧស​ទាំង​នេះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ក្នុង​គ្រួសារ។ ពលរដ្ឋ​ខ្លះ ត្រូវ​ការ​ប្រាក់​បង់​បំណុល​ធនាគារ​ប្រចាំ​ខែ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត ត្រូវ​ការ​ដឹក​ជញ្ជូន​ដើម​កៅស៊ូ​ទៅ​លក់​នៅ​វៀតណាម គ្រាន់​បាន​ដើម​ទុន​ខ្លះ​មក​ដាំ​ដំណាំ​ផ្សេងៗ​បន្ត​ទៀត។

ពលរដ្ឋ​នៅ​ភូមិ​ណងក្រពើ ឃុំ​មេមត់ លោក អ៊ាប ឆាយ រៀបរាប់​ថា ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រភេទ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ដឹក​ជញ្ជូន​ឧស​កៅស៊ូ ទៅ​លក់​នៅ​វៀតណាម ប្រចាំ​ថ្ងៃ ហើយ​លោក​ត្រូវ​ខាតបង់​ផ្ទួនៗ​គ្នា។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួក​គាត់​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម ឬ​ខាង​រដ្ឋបាល​ព្រៃ​ឈើ​នោះ គឺ​ពិបាក​ណាស់ ព្រោះ​ពលរដ្ឋ​មាន​ចម្ការ​កៅស៊ូ​តិចតួច​ជា​លក្ខណៈ​គ្រួសារ គ្រាន់​តែ​ចំណាយ​ប្រាក់​រត់​ការ គឺ​មិន​គ្រប់គ្រាន់​ផង៖ «ប៉ះពាល់​ច្រើន​តែ​ម្តង​បង ដូច​ខ្ញុំ​ដើរ​ម៉ៅ​គេ ដើរ​កក់​លុយ​គេ ហើយ​ម្ចាស់​គេ​ចេះ​តែ​បង្ខំ​ឲ្យ​កាប់​រហូត ដល់​យើង​កាប់ មិន​ដឹង​យក​ទៅ​លក់​នៅ​ណា

ប្រភព​ដដែល​បន្ត​ថា នៅ​ស្រុក​មេមត់ មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ជួប​បញ្ហា​ប្រឈម​មួយ​នេះ។ សកម្មភាព​បិទ​ច្រក​ព្រំដែន មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដឹក​ជញ្ជូន​ឧស​ប្រភេទ​ដើម​កៅស៊ូ ឬ​ស្វាយចន្ទី ទៅ​លក់​នៅ​ប្រទេស​វៀតណាម ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ កាល​ពី​ថ្ងៃ​ទី​១៥ មករា។ គណៈកម្មាធិការ​នេះ បាន​ដាក់​បទបញ្ជា​ទប់ស្កាត់​មិន​ឲ្យ​ឈើ​គ្រប់​ប្រភេទ អាច​ចរាចរ​តាម​ច្រក​ព្រំដែន​បាន ដើម្បី​ជៀសវាង​ករណី​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​វៀតណាម។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៩ មីនា ថា ខាង​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​ដោះស្រាយ​រួច​រាល់​ហើយ​តាម​រយៈ​កិច្ច​ប្រជុំ​កាល​ពី​ដើម​ខែ​កុម្ភៈ ដោយ​សម្រេច​ឲ្យ​ពលរដ្ឋ​ប្រកប​មុខ​របរ​នាំ​ឈើ​ប្រភេទ​កៅស៊ូ និង​ប្រភេទ​ស្វាយចន្ទី ទៅ​លក់​នៅ​ប្រទេស​វៀតណាម ត្រូវ​សុំ​ច្បាប់​ពី​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ពាក់ព័ន្ធ​ជា​មុន៖ «ការ​នាំ​ឈើ​ចេញ បើ​ទោះ​បី​ជា​ឈើ​ហ្នឹង​ដាំ​ក៏ដោយ ស្អី​ក៏ដោយ ត្រូវ​តែ​សុំ​លិខិត​អនុញ្ញាត»

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​នៅ​តែ​ទាមទារ​ឲ្យ​ពួក​គាត់​សុំ​ច្បាប់​ទៀត​នោះ ពួក​គាត់​មាន​តែ​នាំ​គ្នា​ផ្អាក​ការ​ប្រកប​មុខ​របរ​របស់​ខ្លួន​ប៉ុណ្ណោះ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ចំណាត់​ការ​របស់​អាជ្ញាធរ គឺ​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​នៅ​ក្នុង​ច្បាប់​គេ​ហាម​ឃាត់​ចំពោះ​ព្រៃ​ឈើ​របស់​រដ្ឋ​ប៉ុណ្ណោះ មិន​បាន​ហាម​ឃាត់​ចំពោះ​ឈើ​ដើម​កៅស៊ូ ឬ​ស្វាយចន្ទី​ជា​កម្មសិទ្ធិ​ឯកជន​របស់​ប្រជាពលរដ្ឋ​ទេ។ លោក​ថា វិធានការ​របស់​អាជ្ញាធរ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ៖ «ដើម​កៅស៊ូ​មិន​មាន​អី​ខុស​ច្បាប់​ទេ មិន​មែន​ជា​ជំនួញ​ដែល​ខុស​ច្បាប់​ទេ»

លោក នាង សុវ៉ាត បង្ហាញ​ទស្សនៈ​ថា រាជ​រដ្ឋាភិបាល​ត្រូវ​មាន​ការ​សម្រួល​ណា​មួយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​មុខ​របរ​បែប​នេះ អាច​ដោះ​ដូរ​ទំនិញ​របស់​ខ្លួន​បាន​ដោយ​ងាយ​ស្រួល ជា​ជាង​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​រង​ទុក្ខ​បន្ថែម​ទៀត​នោះ៕ SO

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល