ប្រជាសហគមន៍នេសាទអះអាងថា ក្រោយពីរដ្ឋាភិបាលរឹតបន្តឹងការអនុវត្តច្បាប់នេសាទនៅរដូវវស្សាដើមឆ្នាំ២០២២ កន្លងទៅ ទិន្នផលត្រី នៅតំបន់បឹងទន្លេសាប កើនឡើងជាងឆ្នាំមុនៗ។ ប្រជានេសាទរស់នៅខេត្តបាត់ដំបង និងខេត្តសៀមរាប បន្តអំពាវនាវឱ្យរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ ពង្រឹងការអនុវត្តច្បាប់នេសាទជាអាទិភាពយូរអង្វែង។
ប្រជាសហគមន៍នេសាទរស់នៅខេត្តសៀមរាប និងខេត្តបាត់ដំបង សង្កេតឃើញថា អ្នកនេសាទអាចចាប់ត្រីបានជាច្រើនប្រភេទនៅរដូវប្រាំងឆ្នាំនេះ បើធៀបនឹងឆ្នាំមុនៗ កើនឡើងគួរឱ្យកត់សម្គាល់។ បញ្ហានេះឆ្លុះបញ្ចាំងថា ប្រភពចម្បង ដែលធ្វើឱ្យមច្ឆជាតិថយចុះដោយសារបទល្មើសនេសាទ និងភាពធូររលុងនៃការអនុវត្តច្បាប់។
អ្នកនេសាទរស់នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក សាន ឡោះ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ធ្នូថា អ្នកនេសាទអាចចាប់ត្រីបានជាច្រើនប្រភេទនៅឆ្នាំនេះ ច្រើនជាងឆ្នាំមុនៗ ស្របពេលដែលអាជ្ញាធររឹតបន្តឹងការអនុវត្តច្បាប់នេសាទ។ លោកថា ពេលនេះបទល្មើសនេសាទឆក់ត្រី នៅតែកើតមានតិចតួច ដែលក្រុមជនល្មើសលួចប្រើអគ្គិសនីឆក់តាមជ្រលងព្រៃលិចទឹក។ រីឯអាជ្ញាធរតែងតែដើរល្បាត និងផ្សព្វផ្សាយប្រាប់ពលរដ្ឋឱ្យប្រើឧបករណ៍នេសាទស្របច្បាប់ បើពុំដូច្នេះទេ សមត្ថកិច្ចនឹងរឹបអូស ហើយបញ្ជូនសំណុំរឿងទៅតុលាការ។
លោក សាន ឡោះ៖ «ប្លែកជាងឆ្នាំមុន ឆ្នាំនេះវាសំបូរជាងឆ្នាំមុន ក្នុងការចិញ្ចឹមគ្រួសារ យើងអាចរកបានជាងឆ្នាំមុនខ្លះ វាគ្រាន់ជាងឆ្នាំមុន គួរតែរដ្ឋាភិបាលលោកបាន ការពារព្រៃលិចទឹកក៏ការពារ។ លុបបំបាត់ស្បៃមុង ត្រីវាបណ្ដើរកូនចូលក្នុងហ្នឹង គឺដឹងតែអស់ហ្មង អត់មាននៅសល់»។
ចំណែក តំណាងប្រជាសហគមន៍នេសាទ ខេត្តបាត់ដំបង លោក ភី ហឿត សង្កេតឃើញថា បើទោះបីជាវិធានការបង្ក្រាបបទល្មើស របស់អាជ្ញាធរមិនទាន់គ្រប់ជ្រុងជ្រោយក្ដី ក៏ប៉ុន្តែធ្វើឱ្យបទល្មើសនេសាទថយចុះ ប្រមាណជាង ៣០ភាគរយ បើធៀបឆ្នាំមុន។ លោកថា ឧបករណ៍នេសាទខុសច្បាប់ដែលបង្កគ្រោះថ្នាក់ខ្លាំងដល់មច្ឆជាតិ គឺ បណរ៉ាវ ឬសំណាញ់មុងប្រវែងរាប់ពាន់ម៉ែត្រ និងអួន នៅតែបន្តកើតមាននៅឡើយ នៅតំបន់បឹងទន្លេសាប ក្នុងស្រុកឯកភ្នំ និងតំបន់ផ្សេងទៀត។
លោកថា ប្រសិនបើរដ្ឋាភិបាលមានសុឆន្ទៈអភិរក្សធនធានជលផលច្បាស់លាស់ គួរតែអនុវត្តច្បាប់នេសាទឱ្យស្មើភាពគ្នា និងលុបបំបាត់អំពើពុករលួយ ឱ្យជ្រះស្រឡះ។ ទន្ទឹមនឹងនេះ កន្លងទៅ អាជ្ញាធររឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាបន្តបន្ទាប់ដែរ ក៏ប៉ុន្តែមិនបានចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់នោះទេ ដែលកត្តានេះធ្វើឱ្យជនល្មើសមិនខ្លាចច្បាប់។
លោក ភី ហឿត៖«ខុសពីឆ្នាំមុន ឆ្នាំនេះសំបូរត្រីគ្រប់មុខ ធ្វើម៉េចទប់ស្កាត់ពួក អូសម៉ាច់ឆក់ និងអូសកាវ និងពួកអូសលៀស អូសខ្ចៅ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា និង អភិបាលខេត្តបាត់ដំបង លោក សុខ លូ បាននៅឡើយទេ នៅថ្ងៃទី២៩ ធ្នូ ដោយសារទូរស័ព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។

ប៉ុន្តែអាជ្ញាធរខេត្តបាត់ដំបង កាលពីរដូវវស្សាឆ្នាំ២០២២ បានផ្ដល់ដំណឹងប្រាប់ពលរដ្ឋត្រូវប្រគល់ឧបករណ៍នេសាទរួមមានអួនអូសទឹកសាប ម៉ាញ់ឧបករណ៍ឆក់ និងហិបយន្តព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀតជូនអាជ្ញាធរមានសមត្ថកិច្ច។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ ព្រមានដល់ពលរដ្ឋថា ត្រូវឈប់ជាបន្ទាន់នូវការប្រើជាតិគីមី ថ្នាំពុល និងឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទក្នុងដែននេសាទ។
កាលពីខែមីនាឆ្នាំ២០២២ កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកតំណែងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបប្រសិនបើបង្ក្រាបបទល្មើសនេសាទបរាជ័យ។ លោក ហ៊ុន សែន បានស្ដីបន្ទោសអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបថា មិនត្រូវមើលស្រាលបង្ក្រាបបទល្មើសនេសាទនោះទេត្រូវតែមានការទទួលខុសត្រូវ។
លោក ហ៊ុន សែន៖ «អភិបាលខេត្តនៅជុំវិញបឹងទន្លេសាបត្រូវយកការទទួលខុសត្រូវមួយក្នុងហ្នឹងអំណាចប្រគល់អស់ហើយហើយក្រសួងដែលអ្នកទទួលខុសត្រូវត្រូវបង្កើនសមត្ថភាពយ៉ាងណាដើម្បីដោះស្រាយបញ្ហា»។
ជុំវិញរឿងនេះ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង សន្និដ្ឋានថា ការផុតពូជត្រីកម្រ និងការធ្លាក់ចុះទិន្នផលត្រីក្នុងពេលកន្លងទៅ គឺដោយសារបទល្មើសនេសាទ ដែលទាមទារឱ្យរដ្ឋាភិបាល រកមធ្យោបាយដោះស្រាយឱ្យមានប្រសិទ្ធភាពយូរអង្វែង។
លោក ហេង គឹមហុង៖ «ដូច្នេះដើម្បីជំរុញកំណើនត្រី ឬកំណើនធនធានមច្ឆជាតិ អាចជំរុញបន្ថែមទៀត បិទការនេសាទខុសច្បាប់ ធ្វើឱ្យកម្ពុជាយើង មានលទ្ធភាពបង្កើនកំណើនបរិមាណទិន្នផល ធនធានមច្ឆជាតិប្រសើរ។ នេះជារឿងមួយសាទរឆ្លុះបញ្ចាំងការពិត ដែលរដ្ឋាភិបាលត្រូវអនុវត្តវិធានការនេះបន្តទៀត»។
កាលពីដើមឆ្នាំ២០២២ កន្លងទៅ រដ្ឋាភិបាលបានបង្កើតយុទ្ធនាការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ក្នុងខេត្តចំនួន៦ នៅជុំវិញបឹងទន្លេសាប។ ប្រជាសហគមន៍សង្កេតឃើញថា បើទោះបីជាយុទ្ធនាការនេះធ្វើឡើងមួយរយៈខ្លីក្ដី ក៏ប៉ុន្តែបរិមាណត្រីកើនឡើងច្រើនជាងឆ្នាំកន្លងទៅ ធ្វើឱ្យពលរដ្ឋអាចនេសាទចាប់ត្រីជាលក្ខណៈគ្រួសារ ធ្វើម្ហូបប្រចាំថ្ងៃបាន ផ្ទុយពីឆ្នាំមុនៗ ដែលកម្រចាប់ត្រីបានដូចឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។