ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបស្រុកឯកភ្នំខេត្តបាត់ដំបង ទទូចឲ្យអាជ្ញាធរ ចាត់វិធានការជម្លៀសជនជាតិវៀតណាមនៅបឹងទន្លេសាបឲ្យទៅរស់នៅដីគោក ឬចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីកុំឲ្យពួកគេធ្វើនេសាទខុសច្បាប់បន្តទៀត។ អ្នកភូមិនៅតំបន់នោះ អះអាងថា ជនជាតិវៀតណាមទាំងនោះប្រើឧបករណ៍នេសាទទំនើបៗ ចាប់ត្រី ដែលងាយនឹងហិនហោចត្រីយ៉ាងឆាប់រហ័ស ហើយបានប៉ះពាល់ដល់ការរកចំណូលរបស់ពលរដ្ឋខ្មែរជាច្រើនគ្រួសារនៅរស់តំបន់នោះ។
តំណាងប្រជាពលរដ្ឋម្នាក់រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ អ្នកស្រី ម៉ៅ សារ៉េត ថ្លែងប្រាប់អាស៊ីសេរីឲ្យដឹងនៅរសៀលថ្ងៃទី១០ មីនាថា ជីវភាពពួកគាត់នៅរស់បឹងទន្លេសាបកាន់តែក្រីក្រ ដោយសារជនជាតិវៀតណាមធ្វើនេសាទដោយប្រើឧបករណ៍អួនក្រឡាញឹក ដោយមានដាក់ជើងច្រវាក់ដែកឆក់យកត្រីទាំងតូចទាំងធំគ្មានសល់អ្វីឡើយ។
ឧបករណ៍នេសាទខុសច្បាប់នេះ មានបណ្ដោយប្រមាណ ៨០ម៉ែត្រ និងទទឹងប្រហែល ៧ម៉ែត្រ បានធ្វើនេសាទនៅបឹងទន្លេសាបក្នុងភូមិក្បាលតោលជាប្រចាំ ហើយគ្មានអាជ្ញាធរទប់ស្កាត់បាននោះទេ។
អ្នកស្រីអះអាងថាទៀតថា ការធ្វើនេសាទនេះធ្វើឲ្យត្រីនៅបឹងទន្លេសាបហិនហោច។ ស្ត្រីរូបនេះអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឲ្យចាត់វិធានការក្ដៅ ដោយចាប់បញ្ជូនពួកគេឲ្យទៅរស់នៅលើដីគោក ឬបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញជាបន្ទាន់៖ «គ្មានអ្នកណាអាចបំផ្លាញពួកគេបាន បើចាប់បានហើយគេដោះលែងទៅវិញទៀត ចាប់បានហើយមិនទប់ស្កាត់អ្នកប្រើឧបករណ៍នេះ ប៉ុន្មានថ្ងៃមុនសមត្ថកិច្ចចាប់ហើយដោះលែងវិញទៀត។នៅក្នុងមូលដ្ឋាននាងខ្ញុំនេះចង់សំណូមពរធ្វើយ៉ាងមិចឲ្យជនជាតិវៀតណាមកាត់បន្ថយឬមួយក៏រៀបចំឲ្យគាត់ទៅភូមិសាស្ត្រគាត់វិញ ព្រោះអីចង់ឲ្យតំបន់ទន្លេសាបមានត្រីឲ្យបានច្រើនមកវិញ ព្រោះអីពលរដ្ឋខ្មែរអត់មានឧបករណ៍ទំនើបធ្វើនេសាទដូច្នេះទេ ហើយដល់ធ្លាក់ជនជាតិវៀតណាមមកគឺអស់ត្រីគ្មានសល់ទេ » ។
អ្នកស្រីបន្ថែមទៀតថា បើអាជ្ញាធរចេះតែបណ្ដោយឲ្យជនជាតិវៀតណាមរស់នៅបឹងទន្លេសាបបន្តទៀតប្រៀបដូចសម្លាប់ពលរដ្ឋខ្មែររស់នៅលើផ្ទះបណ្ដែតទឹក ព្រោះពួកគេគ្មានឧបករណ៍ទំនើបៗ ធ្វើនេសាទបានដោយសេរី ស្របពេលដែលពលរដ្ឋខ្មែរធ្វើនេសាទជាលក្ខណៈគ្រួសារ មិនអាចធ្វើនេសាទបានទេ ដោយសារអ្នកនេសាទវៀតណាមបើកកាណូតកាត់ផ្ដាច់ជាប្រចាំ ដើម្បីងាយស្រួលពួកគេធ្វើនេសាទចាប់ត្រីបានច្រើន។
ពលរដ្ឋនៅបឹងទន្លេសាបម្នាក់ទៀត សុំមិនឲ្យបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន រៀបរាប់ប្រាប់អាស៊ីសេរីឲ្យថា ជនជាតិវៀតណាមនៅតែបន្តធ្វើនេសាទទ្រង់ទ្រាយធំក្នុងបឹងទន្លេសាប ដោយសារអំពើពុករលួយរបស់អាជ្ញាធរក្នុងមូលដ្ឋាន ហើយអាជ្ញាធរទប់ស្កាត់ ចំពោះតែពលរដ្ឋក្រីក្រដែលធ្វើនេសាទតូចតាច ព្រោះមិនមានប្រាក់បង់ឲ្យសមត្ថកិច្ចប្រចាំការនៅទីនោះ។ ពលរដ្ឋរូបនេះបន្តថា បើសិនជាអាជ្ញាធរនៅតែបណ្ដោយឲ្យជនជាតិវៀតណាមរស់នៅបឹងទន្លេសាបបន្តទៀត គឺមិនអាចទប់ស្កាត់បទល្មើសនេសាទបានទេ ព្រោះកន្លងមកនៅពេលអាជ្ញាធរថ្នាក់លើចុះទប់ស្កាត់ម្ដងៗ អ្នកនេសាទវៀតណាមមិនចេញធ្វើនេសាទនោះឡើយ ដែលបញ្ហានេះទំនងដោយសារមានអាជ្ញាធរមូលដ្ឋានប្រាប់ពួកគេឲ្យដឹងជាមុន៖ «វាប៉ះពាល់ធ្វើឲ្យពលរដ្ឋខ្មែរមានរកអីបាន គេចាប់ត្រីអស់ត្រីពូករលីង ព្រោះឧបករណ៍ប្រទេសនេះគេចាប់យកត្រីសុទ្ធតែត្រីមេពូជ ហើយពលរដ្ឋក្រីក្រមានរកអីបាន ដូច្នេះវាប៉ះពាល់ប្រជាពលរដ្ឋច្រើន នៅតំបន់ទន្លេសាបនេះពួកខ្ញុំរស់នៅតាំងពីអើយណាមក គឺមានត្រីមិនដែលដាច់ដូចសព្វថ្ងៃទេ តាំងពីឧបករណ៍ខុសច្បាប់មកចូលដល់កម្រិតសូន្យតែម្ដងត្រីបឹងទន្លេសាប » ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល មានប្រសាសន៍ប្រាប់អាស៊ីសេរីថា កាលពីថ្ងៃទី៥ មីនា លោកបានដឹកនាំសមត្ថកិច្ចជំនាញក្រោមឱវាទ ចុះទប់ស្កាត់ការធ្វើនេសាទខុសច្បាប់នៅក្នុងឃុំកោះជីវាំង ហើយឃាត់ពលរដ្ឋខ្មែរបានចំនួន ៥នាក់ យកទៅអប់រំ រួចឲ្យធ្វើកិច្ចសន្យាឈប់ធ្វើនេសាទខុសច្បាប់នៅតំបន់ហាមឃាត់ ហើយដោះលែងវិញ។ លោកបន្តថា ពេលចុះបង្ក្រាបនោះមិនមានជនជាតិវៀតណាមធ្វើនេសាទខុសច្បាប់នោះទេ ដូច្នេះអាជ្ញាធរមិនអាចចាប់ពួកគេយកទៅផ្ដន្ទាទោសបានដែរ។ លោកអះអាងទៀតថា អាជ្ញាធរស្រុកក៏មិនអាចជម្លៀសពួកគេឲ្យទៅរស់នៅលើដីគោក ឬក៏ចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតតាមការស្នើសុំរបស់ពលរដ្ឋបានឡើយ៖ «រឿងនេះវាជាគោលនយោបាយរបស់រដ្ឋាភិបាល ហើយខ្ញុំត្រឹមថ្នាក់ស្រុកខ្ញុំគ្មាននឹងជម្លៀស ជនជាតិវៀតណាមអីចេញបានទេ ប៉ុន្តែបើជនជាតិវៀតណាមនៅតំបន់នោះប្រព្រឹត្តអំពើល្មើសយើងនឹងឃាត់ខ្លួនហើយ ខ្ញុំចុះទៅវាអត់ជួបប្រទះបើជួបប្រទះខ្ញុំមិនលើកលែងទេ » ។
លោកបន្តថា សព្វថ្ងៃមានជនជាតិវៀតណាមរស់នៅក្នុងភូមិក្បាលតោលជាង ២០០គ្រួសារ ហើយពួកគេភាគច្រើនធ្វើនេសាទត្រីនៅពេលយប់ ដែលធ្វើឲ្យសមត្ថកិច្ចលំបាកក្នុងទប់ស្កាត់។
អ្នកស្រីម៉ៅ សារ៉េត អះអាងថា ទូកនេសាទវៀតណាមក្នុងមួយក្រុមៗ អាចរកចំណូលពីរបបនេសាទបានប្រហែល ១៥លានរៀល (១៥,០០០,០០០) ក្នុងមួយថ្ងៃ ព្រោះពួកគេមានសិទ្ធិធ្វើនេសាទបានទាំងយប់ទាំងថ្ងៃ ហើយកន្លែងខ្លះមានសមត្ថកិច្ចយាមការពារទៀតផង។
ទោះជាយ៉ាងនេះក្ដីតំណាងប្រជានេសាទប្រចាំខេត្តបាត់ដំបងលោក ហ៊ុត ហាន អះអាងថា ករណីនេះបើប្រសិនមិនមានការប្រព្រឹត្តអំពើពុករលួយទេ ជនជាតិវៀតណាមទាំងនោះមិនអាចធ្វើនេសាទបានឡើយ ព្រោះកន្លងមកប្រជាពលរដ្ឋបានប្ដឹងឲ្យអាជ្ញាធរចាត់វិធានការទៅលើពួកគេជាច្រើនលើកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ ហើយជនជាតិវៀតណាមអាចធ្វើនេសាទរហូតមកទល់សព្វថ្ងៃនេះ៖ «ខ្ញុំឲ្យពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងឡើងវិញមកកុំឲ្យយកច្បាប់ទៅចោល ព្រោះការប្រើយ៉ាងកាវវាខុសច្បាប់ហើយ ហេតុអីបានចេះតែឲ្យគេប្រើប្រាស់តាមអំពើចិត្តដូច្នេះ ? ហើយអាជ្ញាធរគួរតែមានវិធានការចាប់ឬក៏ផ្ដន្ទាទោសអ្នកដែលប្រព្រឹត្តនោះទៅ។ ហើយសមត្ថកិច្ចខ្លួនឯងកុំទៅយកតែលុយដាក់ហោប៉ៅហើយអាណាធ្វើអីបំផ្លាញធនធានធម្មជាតិតាមតែអំពើចិត្តយ៉ាងនេះអត់កើតទេ » ។
លោកបន្តថា រឿងនេះប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយ ហើយនៅតែបណ្ដែតបណ្ដោយឱ្យការធ្វើនេសាទខុសច្បាប់ដូចសព្វថ្ងៃទៀត គឺត្រីទាំងតូចធំ នៅតំបន់បឹងទន្លេសាបនឹងហិនហោចក្នុងរយៈពេលដ៏ខ្លីខាងមុខ។ លោកព្រួយបារម្ភថា នៅពេលដែលអស់ត្រី នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋរាប់ពាន់គ្រួសាររស់នៅលើផ្ទះបណ្ដែតទឹកក្នុងខេត្តបាត់ដំបង ហើយពួកគាត់នឹងត្រូវធ្វើចំណាកស្រុកកាន់តែច្រើន ព្រោះពលរដ្ឋទាំងនោះពឹងផ្អែកទាំងស្រុង ទៅលើរបបនេសាទត្រីរកប្រាក់ចំណូល ដើម្បីដោះស្រាយជីវភាពគ្រួសារ។
ប្រជាពលរដ្ឋ និងតំណាងប្រជានេសាទខេត្តបាត់ដំបង យល់ថា ដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពលុះត្រាតែអាជ្ញាធរជម្លៀសជនជាតិវៀតណាមទាំងនោះចេញពីបឹងទន្លេសាបឲ្យបានឆាប់ ព្រោះបើនៅតែបណ្ដោយឲ្យពួកគេរស់នៅទីនោះបន្តទៀត ធនធានធម្មជាតិ នឹងហិនហោច អស់ត្រីក្នុងនឹងទន្លេសាបក្នុងរយៈពេលអនាគតដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខានឡើយ ព្រោះសព្វថ្ងៃបរិមាណត្រីនៅតំបន់នោះ បានថយចុះខ្លាំង ដែលពលរដ្ឋខ្មែរស្ទើរតែនេសាទត្រីធ្វើប្រហុកមិនបានផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។