អណ្ដើកហ្លួងមេដែលជាពូជអណ្ដើកកម្រនិងជិតផុតពូជចំនួន ៥ក្បាល បានពងកូនជាលើកទីមួយបានចំនួន ៧១គ្រាប់នៅលើខ្សាច់សិប្បនិម្មិត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ក្រុមអ្នកអភិរក្សអះអាងថានេះជាជោគជ័យក្នុងការងារអភិរក្សបន្ទាប់ពីបានចិញ្ចឹមនិងថែទាំអណ្ដើកមេទាំងនេះអស់រយៈពេលប្រមាណ ១៥ឆ្នាំ។
ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុងនិងមេគង្គរបស់សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) លោក សោម ស៊ីថាឱ្យអាស៊ីសេរីដឹងថាក្នុងចំណោមមេអណ្ដើកហ្លួងទាំង៥ក្បាលនេះគឺមានចំនួន៤ គឺក្រុមអ្នកអភិរក្សចិញ្ចឹមតាំងពីភ្ញាស់ចេញមក តាំងពីឆ្នាំ២០០៦ប៉ុន្តែមួយក្បាលទៀតគឺបានមកពីប្រជាពលរដ្ឋដែលបានចិញ្ចឹម និងយកមកប្រគល់អោយក្រុមអ្នកអភិរក្ស។
លោក សោម ស៊ីថាបន្ថែមថាពងកូនដែលទទួលបានពីមេអណ្ដើកទាំង៥នេះជារឿងល្អនិងជារឿងដែលហួសពីការរំពឹងទុក។
“កន្លងមកយើងគិតថាមេអណ្ដើកអាចពងកូននៅអាយុម្ភៃឆ្នាំឯណោះដោយសារតាមការស្រាវជ្រាវរបស់ដុកទ័រមួយនៅខាងប្រទេសម៉ាឡេស៊ីគាត់បានសិក្សាថាប្រហែលខ្ទង់ម្ភៃឆ្នាំដល់ឥឡូវមេអាចពងត្រឹមអាយុ ១៤ឆ្នាំ អីចឹងយើងសប្បាយចិត្តមែនទែន។យើងសង្ឃឹមថានឹងជាចំណុចចាប់ផ្ដើមមួយនៃការងារអភិរក្សយើងប្រសិនបើយើងអាចបង្កាត់បានក្នុងមជ្ឈមណ្ឌលមានន័យថាយើងមានសង្ឃឹមខ្លាំងក្នុងការស្រោចស្រង់ប្រភេទនឹងកុំអោយដាច់ពូជនៅក្នុងធម្មជាតិ។ប្រសិនបើយើងអាចអភិរក្សក្នុងធម្មជាតិផងយើងបានកូនបានសម្បុកនៅក្នុងមជ្ឈមណ្ឌលផងយើងអាចលែងទៅក្នុងធម្មជាតិបានច្រើន។”
លោក សោម ស៊ីថា ឱ្យដឹងបន្ថែមថា ក្រុមលោកបានរៀបចំភ្ញាស់កូនទាំង ៧១គ្រាប់នោះរួចរាល់ហើយនិងមានពងកូនមួយចំនួនក៏បាន បង្កទៅជាកូនប៉ុន្តែមានមួយចំនួនទៀតមិនអាចបង្កទៅជាកូនបានទេ។ លោក សោម ស៊ីថា សង្ឃឹមថាពងកូនទាំងនេះនឹងមានបង្កទៅជាកូនបានចន្លោះពី ៤០ ទៅ៥០ភាគរយ។
“ដោយសារតែនេះជាពងឆ្នាំទីមួយដូច្នេះយើងមិនសង្ឃឹមថាពងហ្នឹងវានឹងញាស់ច្រើនទេប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមមួយដែលបង្ហាញពីភាពជោគជ័យរបស់យើងក្នុងការចិញ្ចឹមរយៈពេល១៤ឆ្នាំកន្លងមកយើងប្រើធនធានច្រើនប្រើថវិកាច្រើនយើងមានបុគ្គលិកយើងច្រើនធ្វើការច្រើនទាក់ទងនឹងការងារថែរក្សាតាំងពីតូចរហូតដល់ប៉ុណ្ណឹង”
ក្រុមអ្នកអភិរក្សនឹង លែងអណ្ដើកទាំងនេះទៅក្នុងទីជម្រកធម្មជាតិវិញនៅពេលណាដែលអណ្ដើកទាំងនេះធំធាត់។
កាលពីថ្ងៃទី ២៨ ខែមករា អ្នកអភិរក្សសត្វនៃ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំនៅកម្ពុជា ឬហៅថាWCS និងរដ្ឋបាលជលផល បាន លែងសត្វអណ្ដើកហ្លួងចំនួនដប់ក្បាល (១០) ចូលទៅក្នុងទីជម្រកធម្មជាតិវិញ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ខេត្តព្រះសីហនុ។
បច្ចុប្បន្នមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងនៅសល់អណ្ដើកហ្លួងចំនួន១៩២ក្បាលទៀត។ក្រុមអ្នកអភិរក្សគ្រោងលែងអណ្ដើកចំនួន៥០ក្បាលបន្ថែមទៀតទៅក្នុងធម្មជាតិនៅចុងឆ្នាំ២០២១នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
