អាជ្ញាធរ​មិន​​ទាន់​ប្រកាស​អាសន្ន​ករណី​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​កំពត

អាជ្ញាធរ​ខេត្ត​កំពត​មិន​​ទាន់​ប្រកាស​អាសន្ន​ករណី​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​កំពត​ឡើយ បើទោះបីជា​មាន​ពលរដ្ឋ​ប្រមាណ​២ម៉ឺន​នាក់​រង​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ​ក្ដី។

អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ កញ្ញា ថា​ស្ថានភាព​ទឹក​ជំនន់​​បាន​ស្រក​​បណ្ដើរ​ៗ​ហើយ ចំណែក​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​​ត្រួតពិនិត្យ​គ្រប់​ទីកន្លែង និង​ម្ចាស់​ការ​ខ្លួន​ឯង​ហើយ។

លោកបន្ថែម​ថា បើ​ព្យុះ​ពី​ប្រទេស​ជិត​ខាង អស់​ឥទ្ធិពល​នៅ​ត្រឹមថ្ងៃ​ទី​១៨ កញ្ញា តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នោះ ស្ថានភាព​ទឹក​ជំនន់​នឹង​លែង​បង្ក​ជា​បញ្ហា​ទៀត​ហើយ៖ « ឥឡូវ​នេះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រៀម​ចុះ​ត្រួត​ពិនិត្យ​តាម​ដង​ទន្លេ និង​មុខ​ទឹក ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ពលរដ្ឋ​ស្លាប់ ជា​ពិសេស​ចាស់​ជរា និង​ក្មេងៗ។ ទីពីរ​យើង​មើល​លទ្ធភាព​ដែល​អាច​យក​បាន​ដូច​ជា​សត្វ​ពាហនៈ​ជាដើម » ។​

លោក ញឹម វណ្ណដា បញ្ជាក់​ថា ពលរដ្ឋ​រង​ផល​ប៉ះពាល់​​មាន​ប្រមាណ​​ពីរ​ម៉ឺន​នាក់ និង​​ផ្ទះ​ប្រមាណ​៤​ពាន់​ខ្នង ក្នុង​ចំណោម​ពលរដ្ឋ​៣​សង្កាត់ ក្នុង​ក្រុង​កំពត និង​៥​ឃុំ​នៃ​ស្រុក​ទឹកឈូ្ ប៉ុន្តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ។

យ៉ាងណា​ក៏​ដោយ​លោក ញឹម វណ្ណដា អះអាង​ថា ប្រភព​ទឹក​ដែល​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទះ​ពលរដ្ឋ មក​ពី​ឥទ្ធិពល​ខ្យល់​ព្យុះ​នៅ​ប្រទេស​ជិត​ខាង ហើយ​បណ្ដាល​​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ហូរ​ធ្លាក់​ពី​តាកែន​កោះស្លា ភ្នំបូកគោ វារីអគ្គិសនី​ភ្នំ​កំចាយ និង​ទឹក​ជោរ​ពី​សមុទ្រ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។