អាជ្ញាធរខេត្តព្រះសីហនុ ចាប់ផ្ដើមស្ដារប្រឡាយនានា នៅក្នុងក្រុង ដើម្បីរំដោះទឹកចេញពីម្ដុំអូរដែលដក់ទឹកជន់លិច។ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ ក៏ស្រកទៅវិញបណ្ដើរៗ តែនៅឯខេត្តកំពត ទឹកកំពុងជន់លិចខ្លាំង ហូរពេញក្រុងកំពត និងបាក់ទំនប់ទឹកមួយ បណ្ដាលឱ្យលិចលង់ឃុំចំនួន៤ នៅស្រុកទឹកឈូ។
គេហទំព័រហ្វេសប៊ុក (Facebook) របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយថា អភិបាលខេត្ត លោក គួច ចំរើន នៅតែបន្តចុះមើលទីតាំងលិចលង់ដោយទឹកជំនន់ នៅក្នុងក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកកំពង់សីលា។ អាជ្ញាធរបានដាក់គ្រឿងចក្រច្រើនគ្រឿង ដើម្បីស្ដារប្រឡាយនានា ក្នុងក្រុងព្រះសីហនុ រំដោះទឹកចេញពីក្រុង ដូចជា ប្រឡាយនៅតំបន់ភូមិអាចម៍មឹក ភូមិ៥ ក្នុងសង្កាត់លេខ៤ ស្ដារប្រឡាយអូរ១ អូរឈើទាល អូរសំអាត ឬអូរសុខាជាដើម។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា ដែលចុះទៅឃ្លាំមើលស្ថានភាពទឹកនៅខេត្តព្រះសីហនុ ឱ្យដឹងបន្ថែមថា ស្ថានភាពជំនន់ទឹកភ្លៀង នៅថ្ងៃទី១១ សីហា បានស្រកចុះខ្លាំង ដ្បិតភ្លៀងនៅបន្តធ្លាក់រប៉ាត់រប៉ាយ និងយូរៗ មេឃធ្លាក់ភ្លៀងម្ដង។ លោកថា វិធានការស្ដារប្រឡាយរបស់អាជ្ញាធរ អាចទប់ទល់បាន ចំពោះការធ្លាក់ភ្លៀងក្រោម ២ម៉ោង។ ប៉ុន្តែបើភ្លៀងបន្តធ្លាក់លើសពី ២ម៉ោង ពលរដ្ឋរស់នៅម្ដុំទំនាបអូរ ក្នុងក្រុងព្រះសីហនុ នៅតែប្រឈមការលិចលង់។ លោក ថុន រដ្ឋា ប្រាប់ថា ស្ថានភាពពលរដ្ឋរស់នៅម្ដុំអូរ បាននាំគ្នាយកបាវច្រកខ្សាច់ដាក់មុខផ្ទះ ដើម្បីទប់ទឹកជំនន់ហូរចូលផ្ទះ ឯពលរដ្ឋខ្លះ មិនទាន់ហ៊ានប្រមូលអ៊ីវ៉ាន់ចូលផ្ទះនៅឡើយទេ ព្រោះខ្លាចភ្លៀងខ្លាំង លិចចូលផ្ទះទៀត៖ «ខ្ញុំឃើញមួយកន្លែង ដែលគេកំពុងដាក់អាអិច ( គ្រឿងចក្រ ) ដើម្បីឈូសឆាយសំរាមចេញផង ហើយនិងស្ដារប្រឡាយផង។ តែអាចថា នេះគ្រាន់តែជាការដោះស្រាយបណ្ដោះអាសន្នសម្រាប់ពេលភ្លៀង។ តាមផ្ទះមួយចំនួន គាត់ដាក់បាវខ្សាច់មួយចំនួន ដើម្បីធ្វើយ៉ាងម្ដេចឱ្យផ្ទះ គាត់ខ្ពស់ កុំឱ្យទឹកបុកចូលបាន។ កន្លែងខ្លះ ក៏គាត់ព្យាយាមលាងសំអាត ប៉ុន្តែមើលឃើញថា គាត់នៅតែបារម្ភ ព្រោះបើតាមការផ្សាយលឺថា ពួកគាត់និយាយថា រហូតដល់ថ្ងៃទី១៦ ឈប់មានភ្លៀង ហើយនៅកំពង់សោម ជាទូទៅគឺភ្លៀងអត់ទៀត ហើយវាតែងតែភ្លៀងជាញឹកញាប់ សម្រាប់រដូវវស្សា។ គាត់នៅតែបារម្ភភ័យថា បើភ្លៀងខ្លាំង វានៅតែបន្តលិចដដែល»។
នៅថ្ងៃទី១១ សីហា អគ្គិសនីខេត្តព្រះសីហនុ ក៏បានផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ននៅកាប៊ីនភ្លើងមួយចំនួន ស្ថិតនៅផ្នែកខ្លះនៃសង្កាត់លេខ១ សង្កាត់លេខ២ សង្កាត់លេខ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ជៀសវាងការឆ្លងចរន្តអគ្គិសនី។ អាជ្ញាធរអគ្គិសនីខេត្តព្រះសីហនុ ប្រាប់ថា ក្រុមបច្ចេកទេសភ្លើងនឹងភ្ជាប់ចរន្តជូនអតិថិជនវិញ នៅពេលជំនន់ទឹកភ្លៀងស្រកចុះ។
ស្របពេលគ្នានេះ នៅឯខេត្តកំពតវិញ ទឹកបន្តលិចលង់ហូរចូលក្នុងក្រុងកំពត និងលិចផ្ទះពលរដ្ឋកាន់តែច្រើននៅស្រុកទឹកឈូ។ សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខេត្តកំពត លោក កូវ យិតឡាយ ប្រាប់ថា ទឹកបន្តលិចក្នុងក្រុងកំពត កម្ពស់កន្លះម៉ែត្រ។ ផ្សារសាមគ្គីខេត្តកំពត និងតំបន់ជាប់មាត់ព្រែកកំពង់បាយ ឬព្រែកកំពត នៅបន្តជន់លិចលង់។
ចំណែកពលរដ្ឋរស់នៅតាមភូមិ បណ្ដោយមាត់ព្រែកកំពង់បាយ ដែលរងការបង្ហូរទឹកទម្លាក់ពីវារីអគ្គិសនីភ្នំកំចាយ ក៏នៅលិចលង់ មិនទាន់ស្រកដែរ។ លោក កូវ យិតឡាយ ឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១១ សីហា ទឹកភ្លៀងបានវាយបាក់ទំនប់ប្រទាក់ក្រឡា បណ្ដាលឱ្យឃុំសង្កាត់ ចំនួន៤ បន្ថែមទៀត នៅស្រុកទឹកឈូ និងខេត្តកែប រងការលិចលង់ គឺឃុំត្រពាំងសង្កែ ឃុំត្រពាំងក្រសាំង ឃុំកូនសត្វ នៃស្រុកទឹកឈូ និងសង្កាត់ អូរក្រសារ ក្រុងកែប៖ «ទឹកជំនន់នៅកំពត បានស្រកបន្តិចណា បានស្រកជាពីម្សិលមិញបន្តិច។ ក៏ប៉ុន្តែនៅទំនប់ប្រទាក់ក្រឡាបាក់ បាក់ទំនប់ហ្មង។ នៅក្រុងកំពត ដូចខ្ញុំថា អ៊ីចឹង លិចត្រឹមកន្លះម៉ែត្រ លិចកន្លះម៉ែត្រ ជាងកន្លះម៉ែត្រ វាដោយតំបន់ វាមិនស្មើទូទៅទេ។ ប៉ុន្តែនៅ ( ឃុំ ) កំពង់គ្រែង ស្រកច្រើន។ ស្រកអស់ប្រហែលកន្លះម៉ែត្រដែរ នៅសល់ប្រហែលកន្លះម៉ែត្រទៀត អ៊ីចឹងណា»។
គេហទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកំពត ចុះផ្សាយថា អភិបាលខេត្តទាំងពីរ បានដឹកអំណោយ ទៅចែកជូនពលរដ្ឋរងគ្រោះពីទឹកជំនន់ដល់មូលដ្ឋាន និងអះអាងថា ការចែកអំណោយ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ខេត្តជាប់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ កោះកុង រួមទាំងខេត្តជាប់ព្រំដែនវៀតណាម នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ សីហា ហើយអាចបង្កជាជំនន់ទឹកភ្លៀង ព្រោះតំបន់ទាំងនោះ ត្រូវរងឥទ្ធិពលព្យុះ និងខ្យល់មូសុងនិរតី។ ផ្ទៃសមុទ្រ ក៏អាចមានភ្លៀងធ្លាក់គ្រប់ពេល ខ្យល់ខ្លាំង និងរលកសមុទ្រ មានកម្ពស់ ១ម៉ែត្រ ទៅ ២ម៉ែត្រ។ ថ្វីបើក្រសួងធនធានទឹក ព្យាករថា ភ្លៀងខ្លាំងអាចត្រឹមថ្ងៃទី១៦ សីហា តែអ្នកនេសាទ សង្កេតឃើញថា ជាទូទៅតំបន់មាត់សមុទ្រ មានភ្លៀងយូរជាងតំបន់ដទៃ។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរអំពាវនាវដល់ពលរដ្ឋនៅខេត្តរតនគិរី និងខេត្តកោះកុង ឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ ទោះជាទឹកបានស្រកទៅវិញហើយក្ដី។ ជាពិសេស អាជ្ញាធរក៏សុំឱ្យពលរដ្ឋនៅខេត្តបាត់ដំបងប្រុងប្រយ័ត្នជាមុនដែរ ព្រោះទឹកស្ទឹងសង្កែកំពុងហក់ឡើង ជិតដល់កម្រិតប្រកាសអាសន្ន ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខាងលើ ក្នុងស្រុកសំឡូតជាប់ព្រំដែនថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។