ទឹកជំនន់កំពុងបង្កជាបញ្ហាដល់ប្រជាពលរដ្ឋជាច្រើននៅស្រុកទឹកឈូ ខេត្តកំពត។ ភ្លៀងបង្អុរឥតឈប់ រួមទាំងការបើកទ្វារទឹកពីទំនប់វារីអគ្គិសនីដែលនៅក្នុងតំបន់ផង បានធ្វើឱ្យទឹកឡើងយ៉ាងគំហុក ជន់លិចលំនៅឋានរបស់ពលរដ្ឋ។
ប្រជាពលរដ្ឋ ១.៥៧១គ្រួសារ ក្នុងឃុំមួយចំនួននៃស្រុកទឹកឈូ ខេត្តកំពត កំពុងរងគ្រោះដោយទឹកជំនន់។ តាមការអះអាងរបស់ពលរដ្ឋ ទឹកជំនន់កំពុងជន់លិចឃុំចំនួន ៣ គឺឃុំម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង និងឃុំព្រៃឃ្មុំ ហើយកំពុងបន្តជន់លិចផ្នែកខ្លះទៀតនៃឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ពលរដ្ឋម្នាក់រស់នៅភូមិស្នំប្រាំពីរ នៃឃុំម៉ាក់ប្រាង្គ លោក ជឹម ផល្លា បានអះអាងថា ទឹកជំនន់នេះកើតមានតាំងយប់ថ្ងៃទី១៥ ខែកញ្ញា និងបានរាលដាលទៅតំបន់ក្បែរនោះ ដោយសារតែមេឃនៅបន្តភ្លៀង ជាហេតុធ្វើឱ្យបរិមាណទឹកដ៏ច្រើនហូរចេញភ្នំបូកគោ និងពីទំនប់វារីអគ្គិសនីកំចាយ។ លោកបានបញ្ជាក់ថា ទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់លំនៅឋាន ដំណាំ និងសត្វចិញ្ចឹមរបស់ពលរដ្ឋ៖ «វារងហើយ ទឹកកំពុងតែឡើង ខ្លះណាបាត់មាន់បាត់ទា បាត់អីវ៉ាន់អីច្រើនណាស់ ហើយពេលណាទឹកស្រកទៅវិញ ផលដំណាំយើងដូចជាធូរេនដែលជាដំណាំយុទ្ធសាស្ត្រ ហើយដំណាំផ្សេងៗទៀតដូចជាចេក ល្ហុង អំពៅអី វាអាចរលួយ ហើយជាពិសេសស្រូវវារលួយហើយពេលហ្នឹង»។

ទាក់ទងនឹងបញ្ហាទឹកជំនន់នេះ លោក អ៊ុក ឡាយ អភិបាលស្រុកទឹកឈូ បានឱ្យវិទ្យុអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ថា អាជ្ញាធរកំពុងមមាញឹកក្នុងការត្រួតពិនិត្យ និងជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះ។ លោកបញ្ជក់ថា អាជ្ញាធរមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះបាននៅឡើយ ប៉ុន្តែលោកបញ្ជាក់ថា មិនមានពលរដ្ឋណាបាត់បង់ជីវិតនោះឡើយ៖ «ជួយសង្គ្រោះហ្នឹង កាលពីព្រឹកមិញខ្ញុំជួលទូក ហើយខាងជើងទឹកទៅប្រចាំការដើម្បីជម្លៀសប្រជាពលរដ្ឋ ប៉ុន្តែទឹកវាឡើងសន្សឹមៗដែរទេ ហើយកាកបាទក្រហមគាត់ចែកមីចែកអីចំពោះផ្ទះគ្នាដែលផ្ទះគាត់អត់មានអី»។
អភិបាលស្រុកទឹកឈូ លោក អ៊ុក ឡាយ បានបដិសេធការលើកឡើងថា ទឹកជំនន់យ៉ាងគំហុកនេះបណ្ដាលមកពីក្រុមហ៊ុនទំនប់វារីអគ្គិសនីកំចាយបើកទ្វារទឹក។ លោកបញ្ជាក់ថា ដោយសារតែបរិមាណទឹកច្រើនពេក ដូចនេះក្រុមហ៊ុនត្រូវតែបើកទ្វារទឹកដើម្បីកុំឱ្យបាក់ទំនប់ ប៉ុន្តែក្រុមហ៊ុនបានជូនដំណឹងទៅអាជ្ញាធរ និងពលរដ្ឋរួចរាល់ហើយ ដើម្បីត្រៀមខ្លួនទុកជាមុន។ លោក អ៊ុក ឡាយ បានអះអាងថា អាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ជាអ្នកទទួលខុសត្រូវលើរឿងនេះ៖ «ទទួលខុសត្រូវហ្នឹងអាជ្ញាធរភូមិ-ឃុំ-ខេត្ត រួមទាំងកាកបាទក្រហមទាំងអស់ហ្នឹង យើងចុះទៅទើបត្រឡប់មកវិញ។ ក្រុមហ៊ុនក៏គេជួយដែរ គេប្រាប់មកអាជ្ញាធរយើង រួចយើងជូនដំណឹងទៅប្រជាពលរដ្ឋឲ្យជម្លៀសមករកទីទួលមានសុវត្ថិភាព»។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋរងគ្រោះនៅតែអំពាវនាវឱ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍ឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាព ដើម្បីកុំឱ្យពួកគាត់រងផលប៉ះពាល់ច្រើនជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។