ជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចផ្ទះសម្បែងពលរដ្ឋជិត ១ពាន់ខ្នង ដែលរស់នៅតាមបណ្ដោយ ស្ទឹងព្រែកត្នោត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ រីឯអាជ្ញាធរក្រុងភ្នំពេញ បានបញ្ជូនកម្លាំងសមត្ថកិច្ចជាច្រើននាក់ ជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋ ចាប់តាំងពីថ្ងៃទី១៣ ខែមករា មកដល់ពេលនេះ ស្ថានភាពទឹកមិនទាន់ស្រកនៅឡើយ។
ពលរដ្ឋជាង ១ពាន់គ្រួសារ រស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងពលរដ្ឋខ្លះទៀត រស់នៅក្រុងតាខ្មៅ និង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងរងគ្រោះដោយទឹកជំនន់ ៤ថ្ងៃជាប់ៗ គ្នា ចាប់តាំងពីថ្ងៃទី១៣ មករា មកទល់ពេលនេះ។
អ្នកស្រុកភ្ញាក់ផ្អើល គ្រោះធម្មជាតិដ៏ចម្លែកនេះ ដែលពួកគាត់មិនធ្លាប់ជួបទាល់តែសោះធ្វើឱ្យលំនៅឋានពលរដ្ឋយ៉ាងហោចណាស់ ជិត ៤ ខ្នង បាក់ស្រុតចូលស្ទឹង ហើយពលរដ្ឋរាប់សិបគ្រួសារទៀត ត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
ពលរដ្ឋមួយចំនួនបានទម្លាក់កំហុសបាតុភាពនេះ លើរដ្ឋាភិបាលថា បណ្ដោយឱ្យក្រុមអ្នកមានអំណាច លុបបឹងធម្មជាតិជាច្រើនកន្លែង ដូចជា បឹងទំពន់ បឹងធំ និងបឹងតាមោកជាដើម ដើម្បីសង់អគារ ផ្ទះល្វែង បណ្ដាលឱ្យគ្មានកន្លែងរំដោះទឹក ពេលភ្លៀងធ្លាក់ម្តងៗ។
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលជម្លៀសទៅកាន់ទីទួលសុវត្ថិភាព រស់នៅសង្កាត់សាក់អំពៅ ខណ្ឌដង្កោ គឺលោក សួង ចយ។ លោក សួង ចយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ មករាថា លោកមិនដែលជួបប្រទះទាល់តែសោះ គ្រោះធម្មជាតិដ៏អាក្រក់នេះ ធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារ ពិបាកនឹងត្រៀមខ្លួនរកទីទួលសុវត្ថិភាព។
លោកសង្កេតឃើញថា កាលពីចុងសប្ដាហ៍មុន ភ្លៀងធ្លាក់ ៤ ថ្ងៃជាប់ៗ គ្នា ធ្វើឱ្យទឹកជំនន់ហូរកួចពីភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះមកស្ទឹងព្រែកត្នោត បណ្ដាលឱ្យទឹកច្រាលឡើងលិចផ្ទះសម្បែងពលរដ្ឋយ៉ាងលឿន។
លោក សួង ចយ៖ «វាលិចផ្ទះ មាន់ទា គោ គ្មានបានដេកទេ យកទៅចងដេក ម៉ាស៊ីនលិចអស់ហើយ គោយន្តនៅហ្នឹងទឹក។ ពីលើភ្នំឱរ៉ាល់ កំពង់ស្ពឺបុកមកហើយ ចូលស្ទឹងព្រែកត្នោត»។
មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា កន្លងទៅ ទឹកស្ទឹងព្រែកត្នោត មានកន្លែងរំដោះទឹកចេញ ហូរចាក់មកទន្លេបាសាក់ ក៏ប៉ុន្តែបច្ចុប្បន្នចរន្តទឹកមួយចំនួនធំ បានបិទខ្ទប់ ធ្វើឱ្យស្ថានភាពទឹកស្ទឹងនឹងថ្កល់ គ្មានកន្លែងរំដោះទឹកគ្រប់គ្រាន់។ បាតុភាពនេះ ដោយសារអាជ្ញាធរក្រុងភ្នំពេញ បណ្ដោយឱ្យលុបបឹងធម្មជាតិមួយចំនួនជាប់ស្ទឹងព្រែកត្នោត។
ពលរដ្ឋរងគ្រោះម្នាក់ទៀត រស់នៅឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល លោកស្រី សែម មាស ត្អូញថា គ្រោះធម្មជាតិនេះ ធ្វើឱ្យពលរដ្ឋទីទ័លក្ររកមួយថ្ងៃស៊ីមួយថ្ងៃ ជាអ្នករងគ្រោះធ្ងន់ជាងគេ ព្រោះបង្អាក់មុខរបរពួកគាត់។ លោកស្រីថា ពេលនេះ អ្នកភូមិរវល់តែរឿង ជញ្ជូនសម្ភារៈ និង ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។
លោកស្រី សែម មាស៖ «ផលលំបាកទីមួយលិចផ្ទះ ទី២ បាក់ផ្ទះអស់តាមទឹក ៤ ហើយប្រជាជនអត់ហ៊ានដេក យប់ឡើង ខ្លាចទឹកឡើងបុកខ្លាំង ផ្ទះបុកតាមទឹកដែរ។ ពិបាកធ្វើដំណើរជីវភាពគ្រប់បែបយ៉ាង»។
ចំណែកឯពលរដ្ឋរងគ្រោះម្នាក់ទៀត រស់នៅឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក ណុន នុន ថ្លែងថា ពេលនេះ គ្រួសារលោកបានជញ្ជូនសម្ភារៈ និងបោះតង់រស់នៅទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន ហើយអាជ្ញាធរបានចែកអំណោយមនុស្សធម៌មួយចំនួន។ លោកបញ្ជាក់ថា អំណោយទាំងនោះ រួមមាន ថវិកា ១០ម៉ឺនរៀល អង្ករ ២០គីឡូក្រាម និងសម្ភារៈមួយចំនួនទៀត។
លោក ណុន នុន៖ «ស្រុកគេចុះមកមើលមួយសារ គេថា អត់អីទេ?គាត់ថា អត់អីតែប្រជាជនខ្លះលិចអស់ហើយ ។ ដល់យប់ឡើងមានគេមកមើលថា គ្រោះថ្នាក់ម៉េច?ប្រជាជន»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បាននៅឡើយទេ នៅថ្ងៃទី១៦ ខែមករា ដោយទូរស័ព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។
ក៏ប៉ុន្តែ ស្នងការរាជធានីភ្នំពេញ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសបុក (Facebook) ថា ស្នងការរាជធានីភ្នំពេញ លោក ស ថេត បានបញ្ជាឱ្យ សមត្ថកិច្ចអន្តរាគមន៍ ជួយសង្គ្រោះពលរដ្ឋ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ចំនួន ៩៥៣ខ្នងផ្ទះ ឬស្មើនឹង ១.០២៦គ្រួសារ ដែលរស់នៅ ១០សង្កាត់ នៃខណ្ឌដង្កោ។ មកទល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញ ពលរដ្ឋណាម្នាក់ រងគ្រោះដោយទឹកជំនន់នេះទេ។
ចំណែកឯផ្ទះពលរដ្ឋយ៉ាងណាស់ ៤០ខ្នង ដែលរស់នៅសងខាងព្រែកសំរោង ជាប់ស្ទឹងព្រែកត្នោត ឋិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ក៏កំពុងប្រឈមបាក់ស្រុតចូលព្រែកដែរ ហើយពេលនេះ ពលរដ្ឋមិនហ៊ានរស់នៅក្នុងផ្ទះរបស់ខ្លួនឡើយ ព្រោះខ្លាចក្រែងបាក់ស្រុតចូលព្រែក។
ជុំវិញរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការលើកឡើង របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន នៅខ្វះលក្ខណៈវិទ្យាសាស្ត្រ ដែលរដ្ឋាភិបាលពិបាកនឹងទទួលយក។ លោកបញ្ជាក់ថា ពលរដ្ឋមួយចំនួន ដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត រដ្ឋាភិបាលមានផែនការផ្លាស់ប្ដូរទីតាំងថ្មី ក៏ប៉ុន្តែ នៅរង់ចាំការសម្រេចចិត្តរួម និងលទ្ធផលជជែកគ្នាជាមួយភាគីពាក់ព័ន្ធ។ លោកបញ្ជាក់ទៀតថា អ្វីដែលអាជ្ញាធរកំពុងធ្វើ ចាំបាច់ត្រូវជួយដោះស្រាយបញ្ហាជីវភាពរបស់ពលរដ្ឋ ដែលជួបគ្រោះធម្មជាតិនេះមួយរយៈសិន។
លោក ផៃ ស៊ីផាន៖ «សំណូមពររបស់ខ្ញុំឱ្យគាត់លើកឡើង ជារបៀបវិទ្យាសាស្ត្រ ដីហ្នឹងមានសមត្ថភាពស្រូបទឹកចុះក្រោមកម្រិតណា?អាហ្នឹងមានសារៈសំខាន់ តើបឹងនាំគ្នាលុបហ្នឹង តើវាអាចទទួលទឹកបានភ្លាមៗ ទេ។ សាលារាជធានីភ្នំពេញប្រាប់ឱ្យប្រុងប្រយ័ត្ន នៅពេលមានទឹកភ្លៀងខ្លាំង ឱ្យប្រយ័ត្នមែនទែន។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា មូលហេតុចម្បង បណ្ដាលឱ្យទឹកស្ទឹងព្រែកត្នោត ហូរយឺត និងគ្មានកន្លែងរំដោះទឹកទាន់ពេល ដោយសារបឹងទំពន់បច្ចុប្បន្ននេះ ប្រែក្លាយជាដីគោកអស់ស្ទើរទាំងស្រុង ជំនួសមកវិញដោយសំណង់អគារ និងផ្ទះល្វែង។ រីឯ បឹងធំ ឬហៅថា បឹង ៥០០ ក្នុងខេត្តកណ្តាល ក៏ត្រូវឈ្មួញ និងក្រុមអ្នកមានអំណាច ចាក់ដីលុប ធ្វើអាជីវកម្ម អស់មួយផ្នែកធំដែរ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត សង្កេតឃើញថា កន្លងទៅក្រុមអង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ តែងផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់ ការលុបបឹងធម្មជាតិនានា ដែលជាឧបសគ្គងាយនឹងកើតមានគ្រោះទឹកជំនន់ ក៏ប៉ុន្តែក្តីបារម្ភទាំងនេះ មិនឃើញរដ្ឋាភិបាលអនុវត្តនោះឡើយ។ លោកយល់ថា គ្រោះធម្មជាតិនេះ គឺជាមេរៀនមួយ ពញ្ញាក់អារម្មណ៍ឱ្យរដ្ឋាភិបាល ពិចារណាឡើងវិញ។
លោក វណ្ណ សូផាត៖ «ឈប់ជាបន្ទាន់នូវការអភិវឌ្ឍលុបបឹង លុបអូរ ស្ទឹង ទន្លេ និងសមុទ្រ នាំឱ្យលិចផ្ទះពលរដ្ឋ។ បើសិនជាមានការលិចលង់លើផ្ទះពលរដ្ឋ រដ្ឋមានតួនាទីរកទីទួលសុវត្ថិភាព ដើម្បីរំដោះពួកគាត់ទៅទីនោះសិន ហើយបន្ទាប់មក ធ្វើម៉េចសម្របសម្រួលឱ្យពួកគាត់អាចត្រឡប់ទៅទីតាំងគាត់វិញបាន»។
ទឹកស្ទឹងព្រែកត្នោត ដែលមានបណ្ដាញទឹកពីភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហូរឆ្ពោះមក ត្រង់ចំណុចកំពង់ទួល មានទ្វារទឹកទំនប់ ៧ មករា ដែលគេទប់ ដើម្បីធ្វើកសិកម្ម។ ទឹកស្ទឹងនេះ ហូរចាក់ចូលទៅទន្លេបាសាក់ ហើយមួយផ្នែកហូរឆ្ពោះមកបឹងទំពន់ និងមួយផ្នែកទៀត ហូរធ្លាក់មកស្ទឹងក្របៅ ធ្លាយចូលបឹងធំ មុននឹងហូរចូលទៅទន្លេបាសាក់ តាមប្រឡាយតូចៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
