សកម្មជន​បរិស្ថាន ​៧​នាក់​ខេត្ត​រតនគិរី​ភៀស​ខ្លួន​ក្រោយពី​អ្នក​ការពារ​ព្រៃឈើ​ម្នាក់​រង​ហិង្សា

សកម្មជន​បរិស្ថាន​ខេត្ត​រតនគិរី ៧​នាក់ បង្ខំចិត្ត​រត់​ភៀស​ខ្លួន ក្រោយ​ពី​អ្នកការពារ​ព្រៃឈើ​ម្នាក់​គឺ​លោក ឆន ផល្លា ត្រូវ​គេ​ព្រួត​វាយ​របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​រាជធានី​ភ្នំពេញ​។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បដិសេធ​ថា គ្មាន​អំពើ​ហិង្សា​ដូច​ការ​ចោទប្រកាន់​ទេ។

ជនជាតិ​ដើម​ភាគតិច​ភាគតិច​ទំពួន ៧​នាក់ ដែល​ជា​សកម្មជន​ព្រៃឈើ រស់នៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​។ ពួកគេ​ចោទ​ថា អាជ្ញាធរ​មូលដ្ឋាន​ខ្លះ ព្យាយាម​គំរាមកំហែង និង​កៀរគរ​ពលរដ្ឋ​ដែល​ពាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ឱ្យ​ចូលរួម​ប្រើ​ហិង្សា ធ្វើបាប​លើ​សកម្មជន​បរិស្ថាន បំណង​គំរាម​និង​បង្ខំ​ឱ្យ​ដក​បណ្ដឹង​ពី​តុលាការ​វិញ។

ជនជាតិ​ដើម​ភាគតិច​ទំពួន​ម្នាក់ រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា លោក ខាំ និន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ កក្កដា ថា ពួកគេ​បង្ខំចិត្ត​រត់​ភៀសខ្លួន​មួយ​រយៈ ក្រោយ​ពី​សកម្មជន​បរិស្ថាន លោក ឆន ផល្លា ត្រូវ​បាន​គេ​ព្រួត​វាយ​ធ្វើបាប បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់។ លោក​ថា ថ្មីៗ​នេះ ប្រជា​ការពារ​ភូមិ ៨​នាក់ បាន​ទៅ​សួរនាំ​លោក​​ដល់​ផ្ទះ ក្នុង​ន័យ​គំរាមកំហែង ដល់​ក្រុម​គ្រួសារ​របស់​លោក​។ តែ​ទោះ​យ៉ាងណា លោក​ប្ដេជ្ញា​ថា នឹង​បន្ត​សកម្មភាព​ការពារ​ព្រៃឈើ បើ​ទោះ​បី​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង ពី​សំណាក់​អាជ្ញាធរ និង​ឈ្មួញ​ឈើ​បែប​ណា​ក្ដី៖ «ហ្នឹងហើយ​ព្រោះ​យើង​ស្រឡាញ់​ធនធានធម្មជាតិ​ទ្រព្យសម្បត្តិ សាធារណ​របស់​រដ្ឋ​ព្រោះ​យើង​តែង​នាំគ្នា​មិន​ទប់ស្កាត់​ទេ អត់​មានអី ជួយ​ទប់ស្កាត់​ទេវា​បាត់បង់​អស់ហើយ​។ ទ្រព្យសម្បត្តិ​ទាំងអស់​គ្នា​យើង​ខំ​ប្រឹងប្រែង​ធ្វើ​ទាំងអស់​គ្នា»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ស្នងការ​ខេត្ត​រតនគិរី លោក យិន ចំណាន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរ​សព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី១២ កក្កដា។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បដិសេធ​ថា ករណី​នេះ គ្មាន​អំពើ​ហិង្សា​កើត​ឡើង​លើ លោក ឆន ផល្លា នោះ​ទេ ។ លោក​បញ្ជាក់​ថា លោក ឆន ផល្លា កើត​ជំងឺ​ថ្លើម និង​ទឹកនោមផ្អែម កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ពុំ​មែន​រង​របួស​ដោយ​សារ​ហិង្សា​ទេ​។ លោក​ផ្តាំ​ឱ្យ​ភរិយា​សកម្មជន​ព្រៃឈើ​រូប​នេះ អាច​ដាក់​ពាក្យ​ប្ដឹង​មក​នគរបាល ប្រសិនបើ​មាន​ភស្តុតាង គ្រប់គ្រាន់៖ «ប្រាប់​ប្រពន្ធ​គាត់​យក​ភស្តុតាង​មក​ឱ្យ​នគរបាល​ភ្លាម បើ​មាន​មែន មាន​តែង​បណ្តា​អង្គការ​សិទ្ធិមនុស្ស​ទៅ​មើល​ទៀត ទៅ​ជួប​ទៀត។ គឺជា​ព័ត៌មាន​បំផ្លើស លោក ឆន ផល្លា ទៅ​ឆាឆៅ ទីលាន​គេ​កំពុង​ធ្វើ​វេទិកា​សាធារណ ហើយ​ពលរដ្ឋ​ខឹង​ជាមួយ​គាត់ ប៉ុន្តែ​ដោយសារ​នគរបាល នៅ​ទីនោះ​ទើប​អត់​មាន​អំពើ​ហិង្សា បងប្អូន​គ្រប់គ្រង​អំពើ​ហិង្សា​លើ​លោក ឆន ផល្លា ទេ»។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា សំណុំរឿង​ករណី​ហិង្សា​នេះ អាជ្ញាធរ​ហាក់​មាន​ចេតនា​ចង់​លាក់បាំង បើ​ទោះ​បី​ជា​ពលរដ្ឋ​មាន​ភស្តុតាង​ច្បាស់លាស់​ក្ដី។ លោក​អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ ស៊ើបអង្កេត​ឱ្យ​មាន​ប្រសិទ្ធភាព​រឿង​នេះ និង​អនុវត្ត​ច្បាប់​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា គំរាមកំហែង និង​ធ្វើបាប​អ្នកការពារ​ព្រៃឈើ៖ «បណ្ដោយ​ទុក​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​គំរាមកំហែង​លើ​សកម្មជន​ព្រៃឈើ ឱ្យ​បាក់ស្បាត មិន​ដឹង​មាន​កម្លាំង​ណា ការពារ​ព្រៃឈើ​បានទេ ព្រោះ​រាល់ថ្ងៃ​ហ្នឹង​មាន​សកម្មជន​ព្រៃឈើ​យើង​នៅ​ទូទាំង​ប្រទេស លោក​ស្រែក លោក​ល្បាត​បាន​ធ្វើ​ឱ្យ​ឧក្រិដ្ឋកម្ម​ខ្លាច​ណាស់។ បើ​សិន​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ស្រុក គំរាម​បំបាក់​ស្មារតី យើង​មិន​ដឹង​ពឹង​លើ​កម្លាំង​អី​ទៀត​ទេ»។

បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បដិសេធ​ថា គ្មាន​អំពើ​ហិង្សា​ក្តី ប៉ុន្តែ​មាន​សាក្សី និង​អាជ្ញាធរ​មូលដ្ឋាន បាន​អះអាង​ប្រាប់​កាសែត​ក្នុងស្រុក​ថា អាជ្ញាធរ និង​អ្នកភូមិ ពិតជា​ផ្ទុះ​កំហឹង និង​បាន​ចូលរួម​ប្រើ​ហិង្សា​លើ​សកម្មជន​ព្រៃឈើ​លោក ឆន ផល្លា បន្ទាប់ពី​លោក ចូលរួម​ក្នុង​វេទិកា​សាធារណៈ​រៀបចំ​ដោយ​អាជ្ញាធរ ដោយ​ឡើង​ថ្លែង ពី​ការ​រីក​រាលដាល នៃ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី និង​កន្លងមក​លោក​ក៏​ធ្លាប់​បាន​ដាក់​បណ្ដឹង​បរិហារ​អាជ្ញាធរ និង​អ្នកភូមិ​ចំនួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ផង​ដែរ។

ការ​ប្រើ​អំពើ​ហិង្សា​ជា​ក្រុម​រហូត​ឈាន​ដល់​ការ​សម្លាប់ គឺជា​អំពើ​រំលោភ​ទៅ​នឹង​សេចក្ដីប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស​ត្រង់​មាត្រា​១០ ដែល​ចែងថា មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។