ក្រសួង​ការពារជាតិ​កំពុង​ចាត់​វិធានការ​ច្បាប់​លើ​មន្ត្រី​អាវុធហត្ថ លោក ចាប សារ៉ន តែ​គ្មាន​វិធានការ​បញ្ឈប់​ការ​កាប់​ឈើ​ក្នុង​ព្រៃឡង់

សកម្មជន​ការពារ​បរិស្ថាន និង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ កំពុង​រង់ចាំ​មើល​ដោយ​យកចិត្តទុកដាក់ ចំពោះ​ចំណាត់ការ​របស់​ក្រសួងការពារជាតិ​ករណី មន្ត្រី​អាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស ជាប់​ពាក់ព័ន្ធ​អាជីវកម្ម​ឈើ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃឡង់។

សកម្មជន​ការពារ​បរិស្ថាន និង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ សង្កេតឃើញ​ថា អាជ្ញាធរ​កំពុង​ចាត់​វិធានការ​ច្បាប់ លើ​មន្ត្រី​អាវុធហត្ថ​​ម្នាក់ លោក ចាប សារ៉ន ប៉ុន្តែ​មិន​បាន​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​នោះ​ទេ។

កាលពី​ថ្ងៃទី​១៩ សីហា រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ លោក នាង ផាត បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ចាត់​ឱ្យ​លោក ចាប សារ៉ន ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ហាញ​ភស្តុតាង​ពី​ការ​ប្រមូល​ឈើ និង​លក់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ហើយ​ត្រូវ​បង្ហាញខ្លួន​តាម​ការ​កោះហៅ របស់​សមត្ថកិច្ច។

អ្នកសម្របសម្រួល​បណ្តា​ញ​សហគមន៍​ការពារ​ព្រៃឡង់ លោក ស្រី ថី នៅ​មិនទាន់​ជឿ​លើ​វិធានការ របស់​ក្រសួង​ការពារជាតិ​នៅឡើយ​ទេ ដរាបណា​បទល្មើស​ព្រៃឈើ​មិន​ត្រូវ​បាន​បញ្ឈប់ ខណៈ​បច្ចុប្បន្ន​សកម្មភាព​អារឈើ និង​ដឹកឈើ ចេញពី​ដែនជម្រកសត្វព្រៃ​នៅតែ​កើតមាន​ឥត​ស្រាកស្រាន្ត។

លោក​ទទូច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ត្រូវ​បិទ​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ឡង់ និង​ត្រូវ​អនុវត្ត​ច្បាប់​លើ​អ្នក​ពាក់ព័ន្ធ​ជា​ធរមាន​៖ «រដ្ឋាភិបាល​លុបចោល​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ណា​មាន​បទល្មើស​ជ្រក​ក្រោម ដោយសារតែ​ពួក​ក្រុម​ហ៊ុន​ហ្នឹងហើយ បាន​មាន​គេ​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់​បាន​។ ត្រូវ​បើក​លំហ​សេរីភាព​ឱ្យ​ពលរដ្ឋ​ចូល​ល្បាត​ព្រៃ​បាន​ឡើង​វិញ​មក»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១ កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ ក៏​វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​ថ្មីៗ ​នេះ មាន​សារ​បែកធ្លាយ​មួយ​ដែល​ផ្សព្វផ្សាយ តាម​បណ្ដាញ​សង្គម​ហ្វេសបុក និង​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន ដែល​ជា​សំឡេង របស់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ។ លោក​បាន​ស្តី​បន្ទោស​ខ្លាំងៗ​ ថា មន្ត្រី​អាវុធហត្ថ​ថ្នាក់​កំពូល​មួយ​ចំនួន និង​មេបញ្ជាការ​ខេត្ត​ខ្លះ មិន​បាន​រាយការណ៍​ករណី លោក ចាប សារ៉ន យក​តួនាទី​ជា​អាវុធហត្ថ រកស៊ី​ឈើ​ខុសច្បាប់៖ «ចាប សារ៉ន​ ទៅ​រកស៊ី​ឈើ​ខុសច្បាប់ តើ​អស់លោក​មានបាន​រាយការណ៍​ឱ្យ​មេបញ្ជាការ កងរាជអាវុធហត្ថ​ទេ ។ ខ្ញុំ​ផ្ទាល់​អត់​បាន​ទទួល​ទេ។ អស់​លោក​បណ្តែតបណ្តោយ គ្រប់គ្រង​ខ្មោច​អី ធ្វើ​មេ​គេ​ខ្មោច​អី​។ ត្រូវ​បង្កើត​រឿង​ធ្វើ​អាវុធ​ធ្វើ​អី​ ? ហើយ​គ្មាន​លាក់លៀម​ទេ បើ​អស់លោក លាក់លៀម អស់លោក​ក៏​ត្រូវ​ទទួលខុសត្រូវ​សមគំនិត​ដែរ»។

ចំណែក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា សំណុំរឿង​បទល្មើស​ព្រៃឈើ​ករណី លោក ចាប សារ៉ន ផុត​ពី​ដៃ​តំណាង​អយ្យកា​រហើយ ហើយ​បច្ចុប្បន្ន​កំពុង​ឋិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ៖ «រឿង​ហ្នឹង​ដល់ដៃ​ចៅក្រម​ស៊ើបសួរ ខ្លឹមសារ​ចៅក្រម​ខ្ញុំ​មិនបាន​លម្អិត​ឱ្យ​ទេ ព្រោះ​ខុសច្បាប់»។

ជុំវិញ​រឿង​នេះ សកម្មជន​ការពារ​បរិស្ថាន លោក ហេង ស្រស់ មើលឃើញ​ថា ច្បាប់​នៅ​កម្ពុជា​នៅតែ​មិន​បាន​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ទាក់ទង​រឿង​បទល្មើស​ព្រៃឈើ​នៅឡើយ​ទេ។ លោក​ថា រដ្ឋាភិបាល​គួរតែ​បញ្ឈប់​ចេញ​លិខិត​អនុញ្ញាត​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស និង​ត្រូវ​បិទ​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ ដើម្បី​សុវត្ថិភាព​ព្រៃឈើ​នៅ​សេស​សល់​៖ «យើង​មើលឃើញ​ថា អាជ្ញាធរ​ប្រទេស​កម្ពុជា មិន​ដែល​ឃើញ អនុវត្ត​ច្បាប់​ចំពោះ​ជន​ប្រព្រឹត្ត​ទេ។ ក្នុង​ឆ្នាំ២០១៨ និង ២០១៩ ក៏​ដូចគ្នា ក្រុម​ឈ្មួញ​ទាំងអស់​ហ្នឹង បែរជា​បែរ​ក្បាល​មក​រក​ស៊ី​ឈើ​ដូចដើម​វិញ។ ការអនុវត្ត​ច្បាប់​លើ​អ្នក​ប្រព្រឹត្ត​បែរជា​មិន​មាន គ្រាន់​ជា​ឆាកល្ខោន ធ្វើ​ឱ្យ​តែ​ល្អមើល»។

ក្រុម​ស្នូល​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្តព្រះវិហារ​អះអាងថា ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី និង​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (​ខេមបូឌា) (MACLE LOGISTICS) កំពុង​ព្រួត​ដៃ​គ្នា ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ចេញពី​ដែនជម្រកសត្វព្រៃ​ឡង់ ដោយ​ប្រើ​រទេះក្របី ជំនួស​រថយន្ត​ច្នៃ ដើម្បី​ងាយស្រួល​ប្រមូល​ឈើ​មុខកាត់​ធំៗ ចេញពី​តំបន់​អភិរក្ស​នេះ​នៅ​រដូវវស្សា។

លើស​ពី​នេះ ក្នុង​មួយថ្ងៃៗ មាន​រទេះក្របី ១២​គ្រឿង និង​គោរ​យន្ត​យ៉ាងហោចណាស់ ២០គ្រឿង ដឹកឈើ​ចេញពី​ព្រៃ​ឡង់ ជាច្រើន​ម៉ែត្រគូប មក​ស្តុក​ទុក​ក្នុង​បរិវេណ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី​ (PNT) ឋិត​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ។

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី និង​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក បាន​នៅឡើយ​ទេ​។ ចំណែក​ឯ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប់ សារ៉ន ដែល​រង​ការ​ចោទ​ថា ជា​មេការ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិន​ធី ធ្លាប់​បដិសេធ​ថា លោក​មិន​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ឈើ​ទាំងនេះ​ទេ។

បណ្ដាញ​ក្រុម​ស្នូល​ការពារ​ព្រៃ​ឡង់​បន្ថែម​ថា រទេះក្របី ដែល​ក្រុម​ជនល្មើស កំពុង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់ បង្ក​ភាព​ងាយស្រួល​ជាង​គោយន្ត និង​រថយន្ត​កែច្នៃ ហើយ​អាច​ដឹកឈើ​តាមផ្លូវ​វាង បទ​បែន​តាម​ដងព្រៃ នៅ​រដូវវស្សា​។ រីឯ​ឆ្មាំ​អភិរក្ស​រស់​ក្រសួង​បរិស្ថាន ដែល​ឈរជើង​យាម​ព្រៃ​នៅ​ទីនោះ មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទាំងនេះ​ទេ ប៉ុន្តែ​បាន​រារាំង​អ្នក​ការពារ​ព្រៃឈើ មិន​ឱ្យ​ចូល​ព្រៃ​អភិរក្ស​ជិត ៣​ឆ្នាំ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។