ក្រុមព្រះសង្ឃដែលស្រលាញ់ព្រៃឈើ និងមន្ត្រីសង្គមស៊ីវិលនៅខេត្តឧត្ដរមានជ័យអះអាងថា ប្រភេទឈើប្រណិតជាច្រើនដើមនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវន្ត ត្រូវបានជនខិលខូចលួចកាប់យកឈើទៅលក់ ហើយរក្សាទុកកំណាត់ឈើរាយប៉ាយក្នុងព្រៃសហគមន៍ ខណៈជនប្រព្រឹត្តបានរត់គេចខ្លួនបាត់។ ព្រះសង្ឃនិងមន្ត្រីសង្គមស៊ីវិលខេត្តឧត្ដរមានជ័យ ព្រួយបារម្ភថា ប្រភេទឈើប្រណិត និងសត្វព្រៃដ៏កម្រនៅក្នុងព្រៃសង្ឃរុក្ខវន្ត ប្រឈមនឹងការហិនហោចដោយសារជនខិលខូចបានចូលទៅលួចដាក់អន្ទាក់យកសត្វ និងលួចកាប់ឈើជារៀងរាល់ថ្ងៃ ស្របពេលដែលអ្នកការពារមានចំនួនតិចតួច។
ព្រះសង្ឃដែលស្រលាញ់ព្រៃឈើជាង ១០អង្គ និងមន្ត្រីសង្គមស៊ីវិល បានចុះល្បាតព្រៃសង្ឃរុក្ខវន្តនៅក្នុងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី៧ វិច្ឆិកា ហើយប្រទះឃើញកំណាត់ឈើធ្នង់ និងគល់ជាច្រើនដើមដែលទើបតែកាប់ថ្មីៗនៅរាយប៉ាយពេញព្រៃ។
ព្រះមេគុណខេត្តឧត្ដរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកាថា ព្រះសង្ឃនិងសង្គមស៊ីវិលមិនអាចការពារព្រៃឈើសង្ឃរុក្ខវន្តឲ្យគង់វង្សបានទេ ព្រោះព្រៃឈើមួយនេះមានទំហំធំធេង ខណៈអ្នកការពារមានប្រហែល២០នាក់ ហើយចំនួនកាន់តែតិចទៅ ដូច្នេះជាឱកាសរបស់ជនខិលខូចចូលទៅលួចកាប់ឈើយកទៅលក់បន្តកើតមានជាញឹកញាប់។ ព្រះតេជព្រះគុណបន្ថែមថា ឈើដែលប្រឈមនឹងហិនហោចឆាប់រហ័សគឺប្រភេទឈើប្រណិតដូចជាធ្នង់ និងបេងជាដើម រីឯសត្វព្រៃប្រភេទសត្វកម្រ ដែលរស់នៅក្នុងព្រៃអភិរក្សក៏ប្រឈមនឹងវិនាសដូចគ្នាដែរ ជាពិសេសជ្រូកព្រៃ ប្រើស ឆ្លុះ និងសត្វទន្សោងត្រូវបានជនប្រព្រឹត្តលួចចូលទៅដាក់អន្ទាក់ចាប់បានជាញឹកញាប់ ហើយមិនងាយចាប់បានជនទាំងនោះ ដើម្បីយកប្រគល់សមត្ថកិច្ចចាត់វិធានផ្លូវច្បាប់បានទេ ព្រោះពួកគេបានស្គាល់ភូមិសាស្ត្រច្បាស់លាស់ ហើយមានមេខ្យល់ចាំផ្ដល់សញ្ញាដើម្បីឲ្យពួកគេរត់គេចខ្លួនបានទាន់ពេលទៀតផង៖ «ប្រជាពលរដ្ឋដែលរស់នៅព្រៃយើងនោះផង និងពលរដ្ឋមកពីតំបន់ផ្សេងផង មានអ្នកខ្លះគេដឹកនាំមកពីស្រុកក្រឡាញ់ ខេត្តសៀមរាប មកពីស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យក៏មានដែរ មានមេខ្លោងគេអូសទាញមក ដោយមេខ្លោងចាំទិញទៅ ហើយគេទៅនាំមនុស្សមកលួចកាប់ឈើឲ្យគេ»។
ព្រះសង្ឃការពារព្រៃឈើអង្គនេះបន្ថែមទៀតថា មួយរយៈចុងក្រោយនេះជនប្រព្រឹត្តលួចកាប់ឈើប្រណិតៗដែលមានមុខប្រហែល ២០សង់ទីម៉ែត្រឡើងអស់ប្រមាណពី ១៥ ទៅជាង ៣០ដើមក្នុងមួយខែ ហើយព្រៃដែលជាមុខសញ្ញាជនខិលខូចលួចធ្វើសកម្មភាពញឹកញាប់ព្រៃនៅក្នុងភូមិបាក់នឹម និងភូមិចារ ក្នុងខេត្តឧត្ដរមានជ័យ ហើយជនទាំងនោះធ្វើសកម្មភាពខ្លាំងចាប់ពីពាក់កណ្ដាលខែសីហា ដល់ពាក់កណ្ដាលតុលាជារៀងរាល់ឆ្នាំ ព្រោះជារដូវដែលមានភ្លៀងធ្លាក់ច្រើន ដែលអ្នកការពារពិបាកក្នុងការចុះល្បាតព្រៃ៖ «ពេលខ្លះតំបន់ដែលមានបញ្ហាហើយយើងសុំអាជ្ញាធរឲ្យជួយការពារយើង ជូនកាលគាត់មកបានពីរបីថ្ងៃក៏បាត់ទៅវិញ ហើយធ្វើបញ្ហាវាកើតមកទៀត។ ដូច្នេះអាត្មាព្រួយបារម្ភ ខ្លាចអស់ព្រៃ ដូច្នេះដើម្បីទប់ស្កាត់កុំឲ្យព្រៃឈើនេះបាត់បង់ហើយដើម្បីឲ្យព្រៃឈើនេះនៅជាមួយពលរដ្ឋបន្តទៀត បានជាអាត្មាគិតថា មានតែកាយធ្វើព្រំប្រទល់ព្រៃសហគមន៍ដើម្បីយើងការពារទាំងសត្វផងនិងព្រៃឈើបានល្អផង»។
ព្រះតេជព្រះគុណមានថេរដីកាបន្ថែមថា មូលហេតុដែលបណ្ដាលឲ្យហិនហោចព្រៃ និងសត្វកម្របន្តបន្ទាប់នេះ មួយផ្នែកដោយសារខ្វះការសហការពីអាជ្ញាធរក្នុងមូលដ្ឋាន ហើយបណ្ដោយឲ្យតែព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិលជាអ្នកការពារព្រៃឈើ ម្យ៉ាងទៀតកន្លងមកអាជ្ញាធរច្រើនតែយាយីដល់អ្នកការពារដូចយកអន្ទាក់ទៅដាក់ពាំងផ្លូវ មិនឲ្យចូលទៅដល់ទីតាំងដែលជនប្រព្រឹត្តធ្វើសកម្មភាពជាដើម។
ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ លោក ភួង លីណា មានប្រសាសន៍ថា បទល្មើសព្រៃឈើនៅក្នុងដែនអភិរក្សព្រៃសង្ឃរុក្ខវន្ត បើទោះបីជាមានកម្លាំងការពារតិចក៏ដោយ ប៉ុន្តែមួយរយៈចុងក្រោយនេះ បទល្មើសបានថយចុះច្រើនបើធៀបនឹងឆ្នាំកន្លង ដោយសារមានព្រះសង្ឃ មន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធបានសហការគ្នាទប់ស្កាត់បានល្អធ្វើឲ្យជនខិលខូចមួយចំនួនមានការខ្លាចរអាមិនហ៊ានចូលទៅទន្ទ្រានព្រៃ។ លោក ភួង លីណា អះអាងទៀតថា សព្វថ្ងៃការទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធមិនមានទេ តែនៅសល់បទល្មើសតិចតួចកើតមានចំពោះតែការលួចកាប់ឈើប្រណិតដើម្បីយកទៅលក់ឲ្យឈ្មួញ និងព្រានលួចដាក់អន្ទាក់សត្វព្រៃក៏មានតិចតួចដែរ៖ «ប៉ុន្តែគ្រាន់តែថាការដំណើររបស់យើងវាជួបប្រទះបញ្ហាមួយចំនួន ទីមួយខ្វះប្រេងសម្រាប់ចាក់អេស្កាវាទ័រ ហើយកន្លងមកមានស្ថាប័នមួយចំនួនបានឧបត្ថម្ភប្រេងខ្លះដែរ ហើយព្រះសង្ឃទៅបិណ្ឌបាតពីពុទ្ធបរិស័ទខ្លះ និងមានអ្នកស្ម័គ្រចិត្តមួយចំនួនគេបានជួយ ហើយត្រូវការប្រេងច្រើនទៀតក្នុងការជីកធ្វើព្រំដី។ ហើយមួយទៀតយើងរាំងស្ទះដោយសារមានពលរដ្ឋមួយចំនួនបានទៅអាស្រ័យនៅទីនោះ គាត់តែងធ្វើការហាមឃាត់យើងធ្វើឲ្យដំណើររាំងស្ទះ ដោយសារគាត់លើកឡើងថា ដីរបស់គាត់អាស្រ័យនៅតំបន់នោះ»។
មន្ត្រីបរិស្ថានរូបនេះបន្ថែមទៀតថា ចំពោះសំណើសុំធ្វើព្រំដីព័ទ្ធជុំវិញព្រៃដើម្បីការពារព្រៃមួយនេះឲ្យបានគង់វង្សនោះ សព្វថ្ងៃខាងមន្ទីរបានចាប់ផ្ដើមយកគ្រឿងច្រកទៅកាយដីធ្វើព្រំបណ្ដើរៗហើយ។លោកថា បញ្ហាព្រៃឈើជារបស់ទាំងអស់គ្នាដូច្នេះដើម្បីទប់ការពារព្រៃឲ្យបានគង់វង្សទាល់តែមានការចូលរួមពីប្រជាពលរដ្ឋ ហើយមិនត្រូវរំពឹងតែអាជ្ញាធរពាក់ព័ន្ធនិងព្រះសង្ឃ ឬអង្គការសង្គមស៊ីវិលនោះទេ។
មន្ត្រីអង្គការពន្លកខ្មែរប្រចាំខេត្តឧត្ដរមានជ័យលោក វ៉ាន់ រិម ដែលបានចុះល្បាតព្រៃសង្ឃរុក្ខវន្តលើកឡើងថា ព្រៃមួយនេះនៅតែមានការកាប់បំផ្លាញ ហើយសត្វព្រៃដ៏កម្រក៏កាន់តែបាត់បង់ជាបន្តបន្ទាប់ ហើយអាចនឹងអស់ក្នុងពេលឆាប់ៗ ប្រសិនបើអាជ្ញាធរនិងអ្នកពាក់ព័ន្ធមិនរកវិធីការពារឲ្យបានទាន់ពេលនោះ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមទៀតថា វិធីការពារដែលប្រសើរលុះត្រាតែអាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងពីសារៈសំខាន់របស់ព្រៃឈើ ហើយជំរុញឲ្យពួកគាត់ជួយការពារទាំងអស់គ្នាដើម្បីរក្សាព្រៃទុកឲ្យបានគង់វង្ស៖ «ហើយមួយវិញទាក់ទងនឹងកម្លាំងមន្ត្រីជំនាញដូចជាខាងបរិស្ថានជាដើមនោះមានគ្នាតិចដែរនៅទីនោះ ហើយប្រចាំការនៅតែមួយកន្លែងអត់បានល្បាតអត់បានចុះជាប្រចាំទេ ព្រោះភាគច្រើនដែលចូលកាប់ឈើមានអ្នកចំណូលស្រុកហើយគាត់អត់ដឹងថា អ្វីជាតម្រូវការ និងផលប្រយោជន៍សម្រាប់អ្នកដែលរស់នៅតំបន់នោះទេ ដូច្នេះគាត់មកចម្ងាយគាត់គិតតែផលប្រយោជន៍ដែលទាញយកហើយទៅវិញ ដូច្នេះសូមឲ្យការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងព្រះសង្ឃនៅទីនោះជួយគាំទ្រទាំងផ្នែកសម្ភារៈទាំងផ្នែកកម្លាំងកាយផងបានទៅរួច»។
របាយការណ៍មន្ត្រីបរិស្ថានខេត្តឧត្ដរមានជ័យឲ្យដឹងថា សហគមន៍ព្រៃឈើសង្ឃរុក្ខវន្តលាតសន្ធឹងលើផ្ទៃដីចំនួន៣ស្រុក រួមមានក្រុងសំរោង ស្រុកចុងកាល់ និងស្រុកអន្លង់វែង និងមានផ្ទៃដីជាង១ម៉ឺន៨ពាន់ហិកតារ(១៨,០០០) ក្នុងនោះព្រៃឈើប្រមាណ ៦ពាន់ហិកតារត្រូវលិចទឹកងាប់ដើមឈើ ដោយសារទំនប់របស់ចិនសម្រាប់សម្រោចសម្របស្រូវប្រាំងរបស់ពលរដ្ឋនៅក្នុងខេត្តឧត្ដរមានជ័យ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្ដរមានជ័យលោក ស្រី ណារ៉េន លើកឡើងថា ក្នុងខេត្តមួយនេះមានសហគមន៍ព្រៃឈើទាំងអស់ចំនួន១៣កន្លែង និងមានផ្ទៃដីរាប់ម៉ឺនហិកតារ ហើយសព្វថ្ងៃមន្ត្រីសហគមន៍មានការរុញរាក្នុងការការពារព្រៃឈើ ព្រោះពួកគាត់គ្មានអាវុធ និងគ្មានអំណាច ដើម្បីទប់ស្កាត់ជនប្រព្រឹត្តិបទល្មើសព្រៃឈើ ដែលជាទូទៅមានអាវុធហើយមានអំណាច តែងតែគំរាមកំហែងដល់ពួកគាត់ ដែលធ្វើឲ្យការការពារព្រៃឈើមានការលំបាក ហើយបណ្ដាលឲ្យព្រៃចេះតែហិនហោចជាបន្តបន្ទាប់៕
