កម្ពុជា​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​បំផុស​ឲ្យ​ពលរដ្ឋ​តាម​មូលដ្ឋាន​ចូលរួម

ដោយ ជុំ ចំណាន
2017-11-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សំរាម​ត្រូវ​គេ​ទុក​ចោល​នៅ​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន​នា​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧។
សំរាម​ត្រូវ​គេ​ទុក​ចោល​នៅ​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន​នា​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

កម្ពុជា​បាន​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ក្រោម​ប្រធានបទ "​តោះ​នាំគ្នា​សំអាត​ផ្ទះ​របស់​យើង" ។ មន្ត្រី​រដ្ឋាភិបាល បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស ឲ្យ​ចូលរួម​បំផុស ឬ​ចលនា ប្រជា​ពលរដ្ឋ និង​មន្ត្រីរាជការ ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន ឲ្យ​មាន​សោភ័ណភាព ឲ្យ​បានជា​ប្រចាំ និង​អប់រំ​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់ បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​តាម​ទី​សាធារណៈ ងាក​មក​វេច​ខ្ចប់​ទុកដាក់​សំរាម ឲ្យ​មាន​របៀបរៀបរយ​វិញ។

ក្រសួងបរិស្ថាន បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ជា​រៀងរាល់​ឆ្នាំ ដើម្បី​ប្រារព្ធ «ទិវា​អនាម័យ​បរិស្ថាន​ជាតិ» ហើយ ឆ្នាំ​២០១៧​នេះ ទិវា​បរិស្ថាន​ត្រូវ​បាន​រៀបចំឡើង ក្រោម​ប្រធានបទ «​តោះ​នាំគ្នា​សំអាត​ផ្ទះ​របស់​យើង​»

ទិវា​នេះ ធ្វើ​ឡើង​មាន​គោលដៅ​ផ្សព្វផ្សាយ​អប់រំ ដល់​ផ្នែក​ពាក់ព័ន្ធ ចូលរួម​លើ​ការងារ ថែរក្សា​សំអាត​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ល្អ​ជាប្រចាំ។ ក្នុង​នោះ​ចង់​បំផុស ឬ​ចលនា​ឲ្យ​ប្រជាពលរដ្ឋ ចេះ​វេច​ខ្ចប់ និង​ទុកដាក់​កាកសំណល់​គ្រប់​ប្រភេទ ឲ្យ​បាន​ត្រឹមត្រូវ។ ក្រសួង​បរិស្ថាន មាន​ជំនឿ​ថា ការ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​វេច​ខ្ចប់​កាកសំណល់ ឬ​ការ​ញែក​សំរាម​ទៅតាម​ប្រភេទ​ដូចជា​៖ សំណល់​អាច​កែច្នៃ​បាន ឬ​ហៅថា អេតចាយ សំណល់​សរីរាង្គ សំណល់​ផ្ទុក​សារ​ធាតុគីមី​គ្រោះថ្នាក់ និង​សំណល់​ផ្សេងៗ​បាន​ត្រឹមត្រូវ នឹង​អាច​ជួយ​កាត់បន្ថយ​បរិមាណ​សំណល់ នៅ​ទីលាន​ចាក់សំរាម នៅ​តាម​រាជធានី​-​ខេត្ត​នីមួយៗ និង​ឈាន​ទៅ​រក្សា​អនាម័យ​នាទី​ប្រជុំជន និង​តាម​ទី​សាធារណៈ ឲ្យ​មាន​សោភ័ណ​ភាព​ល្អ។

ក្រសួងបរិស្ថាន បាន​ឆ្លៀត​យក «​ទិវា​អនាម័យ​បរិស្ថាន​ជាតិ» ឆ្នាំនេះ ស្នើ​ដល់​ថ្នាក់​ដឹកនាំ នៅ​តាម​រាជធានី​-​ខេត្ត​នានា​ទូទាំង​ប្រទេស ឲ្យ​ចូលរួម​ចូលរួម​បំផុស​ចលនា ឲ្យ​មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្ស​និស្សិត និង​វិស័យ​ឯកជន​នានា ឲ្យ​ចូលរួម​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំង​នៅ​ទី​ជនបទ និង​ទីប្រជុំជន ព្រមទាំង​តាម​ភូមិឋាន​គ្មាន​សំរាម​ឲ្យ​បាន​ជា​ប្រចាំ។

ថ្នាក់ដឹកនាំ​នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន ពិសេស​រដ្ឋបាល​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន ៤​រួមមាន​៖ ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប ក៏បាន​ប្រារព្ធ «​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​»​នេះ នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ដែរ។

មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​មន្ទីរ​បរិស្ថាន ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ជាដើម កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា នា​ទី​តាំង​វេទិកា ៧​មករា ក៏បាន​រៀបចំ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នេះ​ដែរ និង​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ សិស្ស​-​និស្សិត មន្ត្រីរាជការ និង​វិស័យ​ឯកជន​នានា ឲ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន ដោយ​ទុកដាក់​សំរាម​នៅ​តាម​ធុងសំរាម ឬ​ទីតាំង​ទុក​សំរាម ពិសេស​ត្រូវ​វេច​ខ្ចប់​កាកសំណល់​នៅ​ក្នុង​ថង់​ប្លាស្ទិក ឲ្យ​មាន​របៀប​រៀបរយ ទោះ​នៅ​តាម​ផ្ទះ និង​ទី​សាធារណៈ។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ដើម្បី​ឆ្លើយ​តប​ចក្ខុ​វិស័យ​នេះ នឹង​ជំរុញ​ឲ្យ​ការ​ប្រារព្ធ «ទិវា​អនាម័យ​បរិស្ថាន​ជាតិ» ជា​រៀងរាល់​ឆ្នាំ អាច​ប្រព្រឹត្ត​ទៅ មាន​ភាព​ជោគជ័យ ទាល់តែ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន សិស្ស​និស្សិត ទាំង​នៅ​តាម​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ទាំងអស់​គ្នា។

ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្រុងព្រះសីហនុ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ បាន​រអ៊ូរទាំ និង​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា មិនទាន់​គ្រប់គ្រង​កាកសំណល់​សំរាម ឲ្យ​បាន​ល្អ​ទេ។

ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ ចោទ​ថា រាល់​ថ្ងៃ​នេះ អនាម័យ​នាទី​ប្រជុំជន ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ មាន​បរិស្ថាន​គគ្រិច​រក​លេខ​ដាក់​គ្មាន ព្រោះ​កាកសំណល់​សំរាម ត្រូវ​បាន​គេ​គរ​ទុកចោល​ច្រើន​ថ្ងៃ និង​ជះ​ក្លិន​ស្អុយ នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​សាធារណៈ៖ «ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​បញ្ហា​សំរាម គឺ​មាន​ការ​កកស្ទះ​ច្រើន គឺ​ដោយសារ​ក្រុមហ៊ុន​ប្រមូល​សំរាម​ចាស់​បាន​ផ្លាស់ប្ដូរ ហើយ​ក្រុមហ៊ុន​ថ្មី​បាន​ចូល​មក​បន្ត ប៉ុន្តែ​មិនទាន់​ប្រមូល​សំរាម​នេះ ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ ដោយសារ​ស្ថានភាព​ពាក់ព័ន្ធ​ក្រុមហ៊ុន​ថ្មី​នេះ​មាន​រថយន្ត​ប្រមូល​សំរាម​តិច ឬ​មិន​គ្រប់​ចំនួន និង​មិន​ទាន់​មាន​បទពិសោធន៍​ច្រើន លើ​ការងារ​ប្រមូល​សំរាម​ដូច​ក្រុមហ៊ុន​ចាស់។ ជាង​នេះ​ក៏​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ ឬ​មូលដ្ឋាន​នីមួយៗ ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ដាក់​ចូល​ក្នុង​ថង់​ប្លាស្ទិក​វេច​ខ្ចប់ ឲ្យ​មាន​របៀប រៀបរយ និង​ត្រូវ​យក​ទៅ​ទុក​នៅ​ទីតាំង​ណាមួយ​ឲ្យ​បាន​ល្អ ដើម្បី​ងាយ​ឲ្យ​រថយន្ត​ប្រមូល​សំរាម មក​ដឹក​មាន​ភាព​ងាយស្រួល និង​សំអាត​កាកសំណល់​នេះ បាន​ឆាប់រហ័ស»

«ទិវា​អនាម័យ​បរិស្ថាន​ជាតិ» ដែល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ដើម្បី​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំនេះ គឺ ក្នុង​គោលបំណង ចលនា​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន សិស្ស និស្សិត នៅ​គ្រប់​កម្រិត​សិក្សា ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​រួមគ្នា​កែ​លម្អ​សោភ័ណភាព ទាំង​នៅ​ទី​ជនបទ ទី​ប្រជុំជន​ក្នុង​ក្រុង និង​តាម​ផ្លូវ​សាធារណៈ​ជាដើម ឲ្យ​មាន​អនាម័យ​ជាប្រចាំ ដើម្បី​រួមចំណែក​កសាង​សង្គម​កម្ពុជា ឲ្យ​មាន​បរិស្ថាន​ល្អ​ស្អាត និង​ភាព​ស្រស់​បំព្រង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល