រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនកូនប្រុសលោក ទ្រី ភាព រុករកនិងធ្វើអាជីវកម្មរ៉ែទូទាំងប្រទេស

0:00 / 0:00

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន គ្លូប៊ល ហ្គ្រីន (​ខេមបូឌា​) (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD របស់​កូន​ឧកញ៉ា ទ្រី ភាព គឺ​លោក ទ្រី ដាលុច រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ទូទាំង​ប្រទេស ខណៈ​ការ​ជីក​យក​រ៉ែដែក​របស់​ក្រុមហ៊ុន​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​កន្លែង​។

យោង​តាម​ឯកសារ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ចុះ​កាល​ពី​ថ្ងៃ​ទី​ ២០​ខែ​កក្កដា​ ឆ្នាំ​២០២៣ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ប្រចាំ លោក ហ៊ីង ថូរ៉ាក់ស៊ី​ បាន​អនុញ្ញាត និង​គាំទ្រ​ឲ្យ​ក្រុម​ហ៊ុន គ្លូប៊ល ហ្គ្រីន (​ខេមបូឌា​) របស់​លោក ទ្រី ដាលុច រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ទូទាំង​ប្រទេស ក្រោម​ហេតុផល​ថា ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ក្រោយ​កូវីដ​១៩ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ កំពុង​តែ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ក្នុង​ខេត្ត​ព្រះវិហារ និង​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។

រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចំនួន ២ គឺ​ក្រុមហ៊ុន ព្រះវិហារ-ស្មាច់ រ៉េលវេ អេន ផត ប្រជេក ខមភេនី លីមីធីត (​PREAH VIHEAR-SMARCH RAILWAY AND PORT PROJECT COMPANY LIMITED) និង​ក្រុមហ៊ុន ហ័រ យ៉ុង សេង អ៊ិនធើណេសិនណល ម៉ាញនីង (Hor Yong Seng International Mining Co. LTD) កំពុង​រុករក​រ៉ែ​ដែក​លើ​ផ្ទៃ​ដី​ទំហំ ១៧៣ គីឡូ​ម៉ែត្រការ៉េ ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD ធ្វើ​ជំនួស​វិញ​។

មេការ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ១៥​មករា ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​លក់​ឲ្យ​បរទេស ដោយ​ក្នុង​មួយ​តោន តម្លៃ​៨៥​ដុល្លារ ដែល​មាន​ជាតិ​ដែក​នៅ​ក្នុង​ថ្ម​៦២​ភាគ​រយ​។ លោក​បន្ត​ថា ក្រុម​ហ៊ុន​ត្រូវ​បំប្លែង​ថ្ម​ដែល​មាន​ជាតិ​ដែក​ទៅ​ជា​បំណែក​តូច​ជា​មុន​សិន​ ទើប​​ដឹក​ចេញ​លក់​ទៅ​ក្រៅ​ប្រទេស​ តាម​ច្រក​ក្អម​សំណរ​ព្រំ​ដែន​កម្ពុជា​-​វៀតណាម​។

ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ចំនួន​៣​ស្រុក​គឺ​ស្រុក​រវៀង ស្រុក​ជ័យសែន និង​ស្រុក​ឆែប កំពុង​មាន​វិវាទ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ដែល​បាន​រំលោភបំពាន​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​ដី​ព្រៃ​រាប់​ពាន់​ហិកតារ ​ ខណៈ​ពលរដ្ឋ​តំបន់​នោះ ស្នើ​ឲ្យ​មាន​ដំណោះស្រាយ និង​សំណង​សមរម្យ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ ​មិន​បាន​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ​។ លើ​ពី​នោះ អាជ្ញាធរ​ពាក់ព័ន្ធ ជា​អ្នក​ដើរ​តួ​ក្នុង​ការ​បញ្ចុះបញ្ចូល​ពលរដ្ឋ ឲ្យ​លក់​ដី​ស្រែ​ចម្ការ និង​ជា​អ្នក​កាង​ការពារ​ឲ្យ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ថែម​ទៀត​។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី ១៥​​មករា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល ​។

ទាក់ទិន​នឹង​បញ្ហា​នេះ​ អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែ​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ​ និង​មាន​តម្លាភាព ព្រម​ទាំង​ស្វែង​រក​ដំណោះស្រាយ​ និង​សំណង​ឲ្យ​បាន​សមរម្យ​សម្រាប់​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ការ​រំលោភ​យក​ដីធ្លី​ទាំង​បំពាន​ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំ​នៅ​ឋាន​ទាំង​បង្ខំ​។ លោក​បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​គិត​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ ដោយសារ​ពលរដ្ឋ​ទាំង​អស់​នោះ បាន​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ការពារ​ផល​ប្រយោជន៍​របស់​ពួក​គាត់​។

លោក អូត ឡាទីន៖ «រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ ក្នុង​ការ​ធ្វើ​ការ​អភិវឌ្ឍ ឬក៏​ធ្វើ​ការ​ផ្ដល់​សម្បទាន​រ៉ែ ឬក៏​ផ្ដល់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​មួយ ធ្វើ​ការ​រុករក​រ៉ែ ហើយ​ធ្វើ​យ៉ាង​ណា​រក​ដំណោះស្រាយ​ផ្ដល់​សំណង​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​រួចរាល់​ហើយ​ឲ្យ​មាន​ភាព​យុត្តិធម៌​ឲ្យ​មាន​តម្លាភាព​ ហើយ​ចាប់​ផ្ដើម​ធ្វើ​ការ​អភិវឌ្ឍ​យើង​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​» ។

ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD កំពុង​ធ្វើ​អាជីវកម្ម​រ៉ែដែក​​​ចំនួន៣កន្លែងផ្សេងគ្នា នៅ​ស្រុក​រវៀង​និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ និង​បាន​ដឹក​ជញ្ជូន​រ៉ែ​ដែក​ទាំង​នោះ លក់​នៅ​ក្រៅ​ប្រទេស តាម​ច្រក​អន្តរ​ជាតិ ក្អមសំណរ​ ខេត្ត​កណ្ដាល ដោយ​ដឹក​ជញ្ជូន​ពី​ខេត្ត​ព្រះវិហារ​មក​ដាក់​សាឡង់​នៅ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​ ។

ឧកញ៉ា ទ្រី ដាលុច មិន​មែន​ត្រឹម​តែ​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD)មួយ​នោះ​ទេ លោក​ក៏​ជា​អគ្គនាយករង​ក្រុម​ហ៊ុន ទ្រី ភាព គ្រុប​ផង​ដែរ​។ លោក ទ្រី ដាលុច ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ផ្ដល់​គោរមងារ «​ឧកញ៉ា​» នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៣​។

ក្រៅ​ពី​ទទួល​បាន​គោរមងារ​ជា «​ឧកញ៉ា​» ហើយ លោក ទ្រី ដាលុច ក៏​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​អតីត​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ជា​អនុប្រធាន​យុវជន​ស្រុក​កណ្ដាលស្ទឹង និង​ជា​អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។ លោក ទ្រី ដាលុច មាន​អាយុ​៣០​ឆ្នាំ ជា​កូន​ប្រុស​ច្បង​របស់​អ្នក​ឧកញ៉ា​ ទ្រី ភាព ដែល​ល្បី​ខាង​រក​ស៊ី​ឈើ​និង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។