ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​ការ​លំបាក​ដោយសារ​ជំនន់​ទឹកភ្លៀង

ដោយ ម៉ៅ សុធានី
2022.06.25
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​ការ​លំបាក​ដោយសារ​ជំនន់​ទឹកភ្លៀង ជំនន់​ទឹកភ្លៀង​នៅ​តាម​ដង​ផ្លូវ ២០០៤ នារាជធានី​ភ្នំពេញ កាល​ពីដើម​ខែ​មិថុនា ឆ្នាំ​២០២២។
រូ​ប៖ ហ្វេសប៊ុក

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ត្អូញត្អែរ​ពី​បញ្ហា​ទឹក​លិច​រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។ បញ្ហា​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រកប​របរ​ផ្សេងៗ ព្រមទាំង​ខូចខាត​សម្ភារៈ​ប្រើប្រាស់​ជាច្រើន។

សកម្មជន និង​អង្គការ​ដែល​ធ្វើការ​ទៅ​បរិស្ថាន​មើល​ឃើញ​ថា បញ្ហា​ទឹក​លិច​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ដាល​មកពី​​ការ​លុប​បឹង​ដែល​នៅ​ក្បែរ​ក្រុង និង​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ។

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ចង់​ឃើញ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ប្រញាប់​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​ទីក្រុង ដោយ​ទឹកភ្លៀង​ដោយ​យកចិត្តទុកដាក់ និង​ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​អំពាវនាវ​នេះ ខណៈ​ពួកគាត់​កំពុង​ជួបប្រទះ​បញ្ហា​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជាច្រើន។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមគរ ខណ្ឌ​ទួលគោក​គឺ​លោកស្រី ផល សឿត រៀបរាប់​ថា​នៅក្នុង​សង្កាត់​ដែល​លោកស្រី​រស់នៅ​មានការ​ជន់​លិច​ធ្ងន់ធ្ងរ​រាល់ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​។ លោកស្រី​បន្ត​ថា ការ​ជន់​លិច​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​លក់​ដូរ​របស់​លោកស្រី​។ ជាងនេះ​ទៅ​ទៀត ទឹក​ជន់​បាន​ធ្វើ​ឱ្យ​សម្ភារៈ​នៅក្នុង​ផ្ទះ​លោកស្រី​មាន​ដូចជា​គ្រឿង​សង្ហា​រឹម យានជំនិះ​រង​ការខូចខាត និង​ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើន​សម្រាប់​ការ​ជួសជុល​។ លោកស្រី​បារម្ភ​ថា ជំនន់​ទឹកភ្លៀង​នៅ​តាម​ដងផ្លូវ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នក​ធ្វើ​ដំណើរ ព្រមទាំង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​ផង​ដែរ​។ លោកស្រី​ស្នើសុំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ថាបនា​និង​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ឱ្យ​បាន​ទាន់​ពេល​វេលា ជៀសវាង​ការ​លិច​ក្នុង​រយៈពេល​យូរ៖ «ពិបាក​ខ្លាំង​ណាស់​ពិបាក​គ្រប់សព្វ​បែបយ៉ាង​។ យើង​ពិបាក​នៅក្នុង​ការ​ធ្វើ​ដំណើរ​គឺ​មួយរយ​ភាគរយ​ទៅ​ហើយ ប៉ុន្តែ​ពិបាក​ពេល​ទឹក​លិច​យើង​មើល​អត់​ឃើញ​ជង្ហុក​វា​អាច​គ្រោះថ្នាក់​ជាយថាហេតុ​។ វា​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ដល់​ការលក់ដូរ គឺ​សិស្ស​និស្សិត កម្មករ​អីហ្នឹង​ប៉​ហ​ពាល់​ទាំងអស់​។ មួយរយ​ភាគរយ​គឺ​បណ្ដាលមកពី​ការ​លុប​បឹង​នឹង​តែម្ដង ព្រោះ​អី​ទឹក​អត់​មាន​កន្លែង​ត្រូវ​ហូរ​ទៅ​ទេ បឹងទំពុន បឹង​តាមោក អីហ្នឹង និយាយ​ទៅ​បើ​យើង​លុប​អស់​ទឹក​វា​អត់​មាន​កន្លែង​ហូរ​ទៅ»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់ទៀត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​កញ្ញា វ៉ិត ណាវី លើក​ឡើង​ថា បញ្ហា​ទឹក​លិច​នៅក្នុង​ទីក្រុង​បាន​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។ បន្ថែម​ពី​នេះ ពលរដ្ឋ​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ជួសជុល​សម្ភារៈ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​ខូច​បណ្ដាលមកពី​ទឹក​ស្អុយ​ជន់​លិច​ទាំងនោះ​។ កញ្ញា​បន្ត​ថា ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​កញ្ញា ក៏ដូចជា​និស្សិត​ដែល​កំពុង​សិក្សា​មកពី​តាម​បណ្ដា​ខេត្ត​នានា៖ «យើង​មើល​ឃើញ​ថា សម្រាប់​និស្សិត​គាត់​មកពី​ជនបទ គាត់​មិនសូវ​ជា​មាន​ធនធាន​សម្បូរ​សប្បាយ​ដូច​គេ ពេល​ដែល​មាន​ទឹក​ជន់​បែប​ហ្នឹង​វា​ធ្វើ​ឱ្យ​ម៉ូតូ​គាត់​ខូច គាត់​អត់​មាន​មធ្យោបាយ​ធ្វើដំណើរ ហើយ​វា​ប៉ះពាល់​ទាំង​ការសិក្សា​របស់​គាត់។ ទន្ទឹម​នឹង​ហ្នឹង បើសិនជា​យើង​មាន​បឹង​យើង​មាន​ទន្លេធំ យើង​មិន​មាន​ការ​លុប​អី​ផ្សេងៗ​ទេ វា​ជួយ​កាត់បន្ថយ​ការ​លិច​លង់​បាន​ច្រើន ដោយសារតែ​វា​មាន​ប្រព័ន្ធ​ហូរ​ទៅ»

ចំណែក​សកម្មជន​បរិស្ថាន កញ្ញា ភួន កែវ​រស្មី មើល​ឃើញ​ថា បញ្ហា​ទឹកជំនន់​រាល់ពេល​មាន​ភ្លៀង​ធ្លាប់​ម្ដងៗ​បណ្ដាលមកពី​បញ្ហា​ចម្បង​គឺ​ការ​លុប​បឹង​តូច​ធំ​នៅក្នុង និង​ក្បែរ​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឱ្យ​ទឹក​គ្មាន​កន្លែង​ហូរ​ទៅ​។ ក្រៅ​ពី​នេះ កញ្ញា​មើល​ឃើញ​ថា ប្រព័ន្ធ​លូ ហាក់បីដូចជា​មិន​មាន​រៀបចំ​ឱ្យ​មាន​ស្តង់ដារ​ដើម្បី​ពន្លឿន​ការ​ហូរ​រំដោះ​ទឹក​ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ ទន្ទឹម​នឹង​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​។ កញ្ញា​បន្ថែម​ថា បញ្ហា​ទឹក​ជន់​លិច​នៅក្នុង​រដូវវស្សា កំពុង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ ជាពិសេស​សិស្ស​និស្សិត​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ ដែល​ត្រូវ​ចំណាយ​ប្រាក់​លើ​ការ​ជួសជុល​ម៉ូតូ​ខូច​ដោយសារ​ទឹក​លិច៖ «យើង​មើលឃើញ​ការ​លុប​បឹង​ជា​ចំណែក​ធំ​មួយ​ដែរ​ដែល​រួមចំណែក​ឱ្យ​មាន​ការ​លិច​ទឹក​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​គិតថា​រដ្ឋាភិបាល​គួរ​បញ្ឈប់​ការ​លុប​បឹង​។ ជាក់ស្ដែង​មានការ​លុប​បឹងទំពុន បឹងកក់ ហើយ​តំបន់​ទួលគោក​ដែល​យើង​មើលឃើញ​វីដេអូ​ដែល​ប្រជាពលរដ្ឋ​គាត់​ធ្លាប់​លើកឡើង​ថា គាត់​រស់នៅ​ជាង​២០​ឆ្នាំ​ហើយ​មិនដែល​លិច​ទេ ប៉ុន្តែ​ឆ្នាំនេះ​គឺ​លិច​ចូល​ដល់​ផ្ទះ​គាត់​ហើយ»

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក ហេង គឹមហុង យល់ឃើញ​ថា ការ​លុប​បឹង​ធំៗ​មួយចំនួន​កន្លងមក​ដូចជា​បឹងកក់ បឹង​តា​មោក កំពុង​បង្ហាញ​សញ្ញា​គំរាមកំហែង​ដល់​ការ​ជន់​លិច​នៅក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា ការ​ជន់​លិច​ទីក្រុង មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​បង្ក​ជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ដូចជា​ការ​ហូរ​នាំ​សំរាម​ទៅផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាដើម។ លោក​ស្នើ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើន​ការស្ថាបនា​លូ​រំដោះ​ទឹក​ឱ្យ​មាន​ប្រសិទ្ធភាព និង​ធានា​បាន​ថា​ការ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​មិន​បង្ក​ឱ្យ​មាន​ការ​កកស្ទះ​នៅ​តាម​មាត់​លូ៖ «យើង​ពិតជា​មានការ​ព្រួយបារម្ភ​មែនទែន​នៅ​ពេល​ដែល​ការ​លុប​បឹង​នៅតែ​បន្ត​កើតមានឡើង ពិសេស​បឹង​តាមោក និង​បឹង​ជើង​ឯង​ឬ​បឹង​មួយ​ចំនួន​ទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​បន្ត​លុប​ជា​បន្តបន្ទាប់ ខណៈ​ការ​រៀបចំ​ប្រព័ន្ធ​លូ​ហ្នឹង​មិនទាន់​រួចរាល់ ដែល​ជា​សញ្ញាណ​បង្ហាញ​ការ​គំរាមកំហែង​ដល់​ការ​ជន់​លិច​នៅក្នុង​ទីក្រុង​ដូច​ករណី​កន្លង​មក»

វិទ្យុ​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៤ មិថុនា ប៉ុន្តែ​កន្លង​មក មន្ត្រី​រដ្ឋាភិបាល តែងតែ​អះអាង​ថា ករណី​ទឹក​លិច​រាជធានី​ភ្នំពេញ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​នោះ គឺ​ដោយសារ​គ្រោះធម្មជាតិ។

ទោះយ៉ាងណា​សមាគម​ធាងត្នោត​បាន​រក​ឃើញ​ថា ករណី​ទឹក​លិច នៅ​រាជធានី​ភ្នំពេញ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​នោះ គឺ​អាច​បណ្តាល​មក​ពី​ខ្វះ​អាង​រំដោះ ដែល​កន្លងមក​ពឹង​លើ​បឹង​ធម្មជាតិ​ធំៗ ប៉ុន្តែ​បច្ចុប្បន្ន​បឹង​ទាំងនោះ ត្រូវ​គេ​ចាក់​ដី​លុប​អស់​ជាច្រើន។

សមាគម​ធាងត្នោត​បាន​ចេញ​របាយ​ការណ៍​លំអិត​អំពី​បញ្ហា​នេះ​ថា បឹង​ធម្មជាតិ​ចំនួន​១៦ ត្រូវ​បាន​គេ​លុប​ទាំងស្រុង ហើយ​បឹង​ចំនួន ១០​ទៀត កំពុង​ត្រូវ​បាន​គេ​ចាក់​លុប​ផ្នែក​ខ្លះ ក្នុងចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦ នៅ​រាជធានី​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​១៩៩០ មក។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បឹង​ធម្មជាតិ និង​តំបន់ដីសើម នៅ​រាជធានី​ភ្នំពេញ អាច​ប្រឈម​នឹង​ការ​បាត់​ទាំងស្រុង ហើយ​ប្រសិនបើ​ស្ថានភាព​ដូច​បច្ចុប្បន្ន​នៅតែ​បន្ត រាជធានី​ភ្នំពេញ​និង​តំបន់​ជុំវិញ នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ បាត់បង់​ត្រី និង​បាត់បង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​បែប​ធម្មជាតិ ហើយ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជាដើម​។ បើទោះបី​ជា​បឹង​មួយចំនួន ត្រូវ​បាន​ការពារ​ដោយ​អនុក្រឹត្យ​ក្ដី ក៏ កំពុង​ប្រឈម​ការ​ចាក់​លុប​ដូចគ្នា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។