ត្នោត ៣​ម៉ឺន​គ្រាប់​ត្រូវ​បាន​អាជ្ញាធរ​និង​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង ​ដាំ​នៅ​តាម​ព្រំដែន​ជាប់​ឡាវ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​បាន​រួមគ្នា​ដាំ​គ្រាប់ត្នោត ៣​ម៉ឺន​គ្រាប់ តាម​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​គោលបំណង​ថែរក្សា​អត្តសញ្ញាណ​ជាតិ និង​ការពារ​អធិបតេយ្យភាព​ជាតិ​។ ពិធី​ដាំ​គ្រាប់ត្នោត​នេះ​មាន​អ្នកចូលរួម​ជា​មន្ត្រីរាជការ ពលរដ្ឋ និង​សិស្សសាលា​ជាង ៥០០​នាក់ កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា។

ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ឱ្យ​ដឹង​ថា គ្រាប់ត្នោត ៣​ម៉ឺន​គ្រាប់​នេះ បាន​ដាំ​នៅ​តាម​បណ្ដោយ​សងខាង​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ឡាវ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ០៤០ រហូត​ដល់​បង្គោល​ព្រំដែន​លេខ ០៤២ ដែល​មាន​ប្រវែង​លាតសន្ធឹង ១០​គីឡូម៉ែត្រ។

អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន លើកឡើង​ថា ដើម​ត្នោត​ជា​រុក្ខជាតិ​ដែល​ផ្ដល់​នូវ​គុណសម្បត្តិ​ច្រើនយ៉ាង​ដល់​ប្រជាជាតិ​ខ្មែរ និង​ជា​តំណាង​អត្តសញ្ញាណ​ជាតិ​ផង​ដែរ។

លោក​បន្ត​ថា សកម្មភាព​ដាំ​គ្រាប់ត្នោត​នេះ ក៏​ជា​ការ​រួម​ចំណែក​មួយ​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ និង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

របាយការណ៍​ខេត្ត​ស្ទឹងត្រែង​បង្ហាញ​ថា អាជ្ញាធរ​ខេត្ត និង​ពលរដ្ឋ បាន​ចាប់ផ្ដើម​ដាំ​ដើម​ត្នោត តាម​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ឡាវ​តាំង​ពី​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​២០១៩ នេះ ជា​លើក​ទី​៣​ ហើយ អាជ្ញាធរ​ខេត្ត​ក៏​គ្រោង​ដាំ​ដើម​ត្នោត​បន្ត​ទៀត​នៅ​ឆ្នាំ​បន្ទាប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។