សកម្មជន​បរិស្ថាន​សង្ស័យ​គ្រួសារ​ត្រកូល ហ៊ុន នៅ​ពី​ក្រោយខ្នង​អាជីវកម្ម​រ៉ែ​មាស​ធំ​ជាងគេ

ដោយ ទីន ហ្សាការីយ៉ា
2018-12-26
Share
ហ៊ុន សែន ហ៊ីង ប៊ុនហៀង ៦២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook Page

សកម្មជន​បរិស្ថាន​សង្ស័យ​ថា មេ​បញ្ជាការ​កង​អង្គរក្ស លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ជា​អ្នក​ចេញ​មុខ​កាង​ការពារ​របប រកស៊ី​ខុសច្បាប់​ឲ្យ​គ្រួសារ​ត្រកូល ហ៊ុន ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​ឋិត​ក្នុង​តំបន់​ភ្នំ​លុង នៃ​ឃុំ​រម្យទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ។ ពួកគេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន ឌែលខម កម្ពុជា (Delcom Cambodia) ក្រុមហ៊ុន​ចិន និង​វៀតណាម​ជាច្រើន​ទៀត ដែល​ពួកគេ​មិន​ដឹង​ឈ្មោះ កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស គគ្រឹកគគ្រេង​ច្រើន​ឆ្នាំ​មក​ហើយ នៅតែ​ឋិត​ក្នុង​ភាព​​អាថ៍កំបាំង ព្រោះ​ការ​នាំចេញ​មាស​ពី​ទីនោះ និង​ការ​បង់ពន្ធ​ចូល​រដ្ឋ ក៏​គ្មាន​ស្ថាប័ន​ណាមួយ​បង្ហាញ​ជា​សាធារណៈ​នោះ​ដែរ។

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា អាជីវកម្ម​រុករក​រ៉ែ​មាស និង​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​លុង គឺជា​អាជីវកម្ម​ធំ​ជាងគេ​បង្អស់ ក្នុង​ប្រទេស​កម្ពុជា ដែល​ពួកគេ​រក​ឃើញ​ថា មាស​ត្រូវ​បាន​ចម្រាញ់​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន ហើយ​ការ​នាំចេញ​មាស​ទាំងនោះ​ទៀតសោត គេ​ដឹកជញ្ជូន​តាម​រថយន្ត​កងរាជអាវុធហត្ថ និង​មាន​មន្ត្រី​យោធា​ជា​អ្នក​កាង​ការពារ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ​ អាឡិច ថ្លែង​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​អាថ៌កំបាំង​បែបនេះ អនុវត្ត​ដើម្បី​បិទបាំង​អ្នកសារព័ត៌មាន គណបក្សប្រឆាំង និង​សង្គម​​ស៊ីវិល​មិន​ឲ្យ​ឈឺឆ្អាល។ រីឯ​ប្រជាជន​មូលដ្ឋាន ត្រូវ​បាន​គេ​ចាត់ទុកថា ជា​កង្កែប​ក្នុង​អណ្ដូង ឬ​មិន​ឲ្យ​ដឹង​រឿង​អ្វី​ទាំងអស់​សូម្បីតែ​ឈ្មោះ​របស់​ក្រុមហ៊ុន ដើម្បី​ងាយស្រួល​កុហក និង​គំរាមកំហែង។ លោក​សង្កត់​ធ្ងន់ៗ​ថា ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ក្នុង​របប​លោក ហ៊ុន សែន ឈ្មួញ​គ្រាន់តែ​សូកប៉ាន់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ជួល​អ្នក​មានអំណាច​កាង​ការពារ គឺ​អាច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បាន​ស្រេច​តែ​ចិត្ត។ រីឯ​ប្រាក់ចំណេញ ត្រូវតែ​ចែក​ភាគរយ ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន៖ «យើង​មាន​មន្ទិលសង្ស័យ​ខ្លាំង​បំផុត​ប្រសិន​លោក ហ៊ីង ប៊ុនហៀង ជា​អ្នក​ពាក់ព័ន្ធ​មែន ត្រូវតែ​ពាក់ព័ន្ធ​ជាមួយ ហ៊ុន សែន ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ហើយ​មិន​មែន​មាន​ត្រឹម ហ៊ីង ប៊ុនហៀង ទេ មាន​សកម្មភាព​រ៉ែ​មាស​មួយ​ចំនួន​កំពុងតែ​រាតត្បាត​កាន់តែ​ខ្លាំង​ទៅ​ៗ​គឺ អ្នក​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ហ្នឹង​និយាយ​ថា ប្អូនស្រី​បង្កើត​របស់ លោក ហ៊ុន សែន ឈ្មោះ ហ៊ុន សេងនី ជា​អ្នក​នៅ​ពីក្រោយ​ដែរ»

លោក អេឡិច បន្ថែម​ថា លោក ហ៊ុន សែន​មេដឹកនាំ​ក្រុងភ្នំពេញ គួរតែ​បកស្រាយ​ជា​សាធារណៈ​បញ្ហា​នេះ តែ​បើ​មិន​ហ៊ាន​ចេញមុខ គួរតែ​បញ្ជា​ឲ្យ លោក ហ៊ីង ប៊ុនហៀង ឆ្លើយតប​ការចោទប្រកាន់​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់​មន្ទិលសង្ស័យ។ លោក​ថា ដរាបណា លោក ហ៊ុន សែន នៅ​ស្ងៀម ច្បាស់​ណាស់​ថា អាជីវកម្ម​រ៉ែ​មាសធំ​ធេង​នៅ​តំបន់​នោះ គឺ​គ្រួសារ​ត្រកូល​ហ៊ុន​នៅ​ពី​ក្រោយខ្នង៖ «យើង​មើល​កន្លែង​រុករក​រ៉ែ មាស​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​កន្លងមក​ហ្នឹង ប្រសិន​ឃើញ​មាស​សំបូរ​មាស​គេ មិន​អាច​គិត​ថា ចំណេញ​ប៉ុន្មាន​ទេ គេ​គិត​ថា​តើ មាន​ផល​ប៉ះពាល់​បរិស្ថាន​ប៉ុន្មាន និង​ប៉ះពាល់​លើ​សហគមន៍​មូលដ្ឋាន​ប៉ុន្មាន តែ​នៅ​ប្រទេស​កម្ពុជា​អត់​គេ​ឃើញ​មាស​កន្លែង​ណាមួយ គេ​មិន​មាន​គិត​ពី​បរិស្ថាន​អត់​មាន​គិត​ពី​ប្រជាជន​មូលដ្ឋាន គឺ​គេ​គិតតែ​ចំណេញ​ប៉ុន្មាន ហើយ​បើ​ចាំបាច់​ត្រូវ​ជម្លៀស​ប្រជាជន​ជម្លៀស​ទៅ​សំខាន់​គឺ​លុយ»

សកម្មជន​បរិស្ថាន ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បង្ហើប​ថា ពលរដ្ឋ​រស់នៅ​តំបន់​រំដេង​ជើងភ្នំ​លុង ៦៦​គ្រួសារ ដែល​មាន​រ៉ែ​មាស​ឋិត​ក្នុង​ដីស្រែ​ចម្ការ​របស់​ពួកគេ បាន​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​ក្រុមហ៊ុន ឌែលខម កម្ពុជា និង​អ្នក​មាន​អំណាច​ខ្លះ​ទៀត ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រំលោភ​ដីធ្លី​ពួកគាត់​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ២០០២ ដើម្បី​ពង្រីក​ផ្ទៃដី​អាជីវកម្ម។ លោក​ថា ពលរដ្ឋ​បាន​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ តែ​អាជ្ញាធរ​មិន​ហ៊ាន​តតាំង​ជាមួយ លោក ហ៊ីង ប៊ុនហៀង នោះ​ទេ​។ លោក​ថា លើសពីនេះ​សមាជិក​គ្រួសារ​លោក​ហ៊ុន សែន ក៏​មាន​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​លុង​ដែរ៖ «នៅ​តំបន់​នោះ​មិនមែន​តែ​ភ្នំ​ទេ សូម្បីតែ​ដី​ក៏​មាន​មាស​ដែរ​កម្ទេច​មាស អ្នកភូមិ​រាល់ថ្ងៃ​នេះ​គាត់​រក​មាស​ដោយ​រែង​ដី តែ​ក្រុមហ៊ុន​គេ​មាន​លុយ​គេ​ជីក​ថ្ម ប្រហែល ៧០​ម៉ែត្រ ទៅ​១​រយ​ម៉ែត្រ ដាក់​គ្រាប់បែក​ហើយ​មាស​នៅ​ក្រោម គឺ​មាស​​ដុំ​តែ​ម្តង ពុំ​មែន​មាស​ខ្ទេចៗ​ទេ​។ ក្នុង​ភ្នំ​ទាំងមូល​គេ​ជីក​ហើយ​រ៉ូង​ទៅ​ក្រោម​ជាង ៣​គីឡូ​ហើយ ។ គឺ​បី​គីឡូ​ដី ជម្រៅ​ហើយ​តំបន់​ហ្នឹង ខាងក្រោម​សុទ្ធតែ​មាស​សូម្បីតែ​ដី​អ្នកភូមិ​ដែល ក​ក្រុមហ៊ុន​ចង់​យក​រាល់ថ្ងៃ​នេះ នៅ​ក្រោម​សុទ្ធតែ​មាស​ដែរ»

សកម្មជន​បរិស្ថាន​មាន​មន្ទិល​ថា ក្រសួង​រ៉ែ និង​ថាមពល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ថា​តើ មាន​ក្រុម​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន? ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​លុង និង​តំបន់​ផ្សេងទៀត​ក្នុង​ឃុំ​រម្យទម ហើយ​ក្រុមហ៊ុន​ទាំងនោះ​មាន​ឈ្មោះ​​អ្វីខ្លះ ? មាន​អាជ្ញាប័ណ្ណ​ឬ​អត់? តើ​មាន​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឬទេ​? ហើយ​រដ្ឋ​បាន​ទទួល​ថវិកា​ពី​ការ​បង់ពន្ធ​ប៉ុន្មាន​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​? ក៏ប៉ុន្តែ​ជាច្រើន​ឆ្នាំ​មក​ហើយ សហគមន៍​មូលដ្ឋាន សង្គម​ស៊ីវិល និង សកម្ម​បរិស្ថាន​នៅតែ​មន្ទិល​បញ្ហា​នេះ ព្រោះ​របប​ក្រុងភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ព្យាយាម​បិទបាំង​ពី​ភាព​មិន​ប្រក្រតី នៃ​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និ​ថាមពល លោក យស មុនីរ៉ាត់ បដិសេធ​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​នៅ​ថ្ងៃ​ទី២២ ធ្នូ ដោយ​លើក​ហេតុផល​ថា កំពុង​ជាប់​ប្រជុំ ហើយ​លោក​បាន​ជំរុញ​ឲ្យ​អាស៊ីសេរី​ផ្ញើ​លិខិត​មក​ក្រសួង ប្រសិន​ចង់​ដឹង​ព័ត៌មាន​រឿង​នេះ៖ «ខ្ញុំ​មិន​យល់​ដែល​នៅ​ភ្នំ​លុង មិន​ដឹង​អាថ៌កំបាំង​អី​ដែល​ណា? នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អាថ៌កំបាំង​អី​ខ្ញុំ​ក៏​ពិបាក​ឆ្លើយ​ដែរ មិន​ដឹង​ឆ្លើយ។ សូម​ឲ្យ​មាន​អ្នក​សួរ​ហ្នឹង​ច្បាស់លាស់​មក​ឈ្មោះ​អី​? វិទ្យុ​អ៊ី​ធ្វើ​លិខិត​មក​បន្តិច​មក​។ ខ្ញុំ​ជាប់​ប្រជុំ​តិច»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង លោក ហ៊ីង ប៊ុនហៀង ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​រ៉ែ​នេះ​បាន​នៅ​ឡើយ​ទេ កាលពី​ថ្ងៃ​ទី២៣ ធ្នូ។

ប៉ុន្តែ មេឃុំ​រម្យទម​លោក សោម មុត ទទួលស្គាល់​ថា អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​លុង និង​តំបន់​ផ្សេងទៀត ក្នុង​ឃុំ​រម្យទម កើតមាន​ជា​យូរ​មក​ហើយ និង​មាន​អាជីវកម្ម​ខ្លះ​ទៀត មាន​កម្មករ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន រាប់​សិប​នាក់​ចេញចូល​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន។ លោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​អាស៊ីសេរី​ថា តើ​មាន​ក្រុមហ៊ុន​រ៉ែ​មាសចំ​នួន​ប៉ុន្មាន ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា លោក​មិន​ដឹង​រឿង​នេះ​ទេ រួច​ក៏​ផ្ដាច់​ទូរស័ព្ទ៖ «ក្រុមហ៊ុន​ឯកជន​ចិន និង​វៀតណាម​ផង មាន​ក្រុមហ៊ុន​អនាធិបតេយ្យ​តាំង​ពី​ចិន និង​យួន និង​ខ្មែរ​មិន​ដឹង​ប៉ុន្មាន​ទេ​អត់​បាន​ចុះ​រាប់​មើល»

សកម្មជន​បរិស្ថាន​ដែល​តែង​ចុះ​ស្រាវជ្រាវ អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​រំដេង ជើងភ្នំ​លុង និង​តំបន់​ភ្នំ​លុង រាយការណ៍​ថា ជនជាតិ​ដើម​ភាគតិច​កួយ​ចំនួន ៥​ភូមិ ពុំ​បាន​ទទួល​ប្រយោជន៍​អ្វី​ទាំងអស់ ពី​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ សូម្បី​កម្លាំង​ពលកម្ម​ក៏​ក្រុមហ៊ុន ឌែលខម កម្ពុជា មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស៊ីឈ្នួល​ធ្វើជា​កម្មករ​ដែរ។ លើស​ពី​នេះ ក្រុមហ៊ុន​បាន​ជួល​តែ ជនជាតិ​ចិន និង​វៀតណាម​ធ្វើ​កម្មករ​ឲ្យ​ខ្លួន ដើម្បី​ងាយ​បិទបាំង​ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ទាំងនោះ។ ពួកគេ​រក​ឃើញ​ថា កម្មករ​ជនជាតិ​ចិន និង​វៀតណាម​រាប់​សិប​នាក់ គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​នោះ​ទេ ហើយ ក៏​មាន​ជនជាតិ​វៀតណាម​ខ្លះ​ទៀត ជា​ថៅកែ​រ៉ែ​មាស មាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ ទាំង​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ផង៖ «ក្រុមហ៊ុន ឌែលខម អត់​ទិញ​ដី​ពលរដ្ឋ​ទេ​រំលោភ​យក​ហើយ​ប្រើ​ឈ្មោះ ហ៊ីង ប៊ុនហៀង យក​ទៅ​កាង​ហ្មង ហើយ​អ្នកណា​តវ៉ា អី គេ​និយាយ​ថា បើ​ចង់​ខ្លាំង​ជាមួយ ហ៊ីង ប៊ុនហៀង អាច​ជាប់គុក»

ជន​ជាដើម​ភាគតិច​កួយ​ដែល​ជា​ជន​បង្គោល​រស់នៅ​ឃុំ​រម្យទម លោក ពុយ ឆេង ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែ​ធ្នូ ថា ពលរដ្ឋ ៦៦​គ្រួសារ ដែល​មាន​ដី​នៅ​តំបន់​ជើងភ្នំ​លុង និង​តំបន់​រំដេង នៃ​ឃុំ​រម្យទម ទទួលរង​ភាព​អយុត្តិធម៌​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​បាន​ក្រុមហ៊ុន ឌែលខម រំលោភ​យក​ដីធ្លី​តាំងពី​ឆ្នាំ២០០២ ដើម្បី​ពង្រីក​ផ្ទៃដី​អាជីវកម្ម​រ៉ែ​មាស។

មក​ទល់​ពេល​នេះ អ្នកភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​តាំងពី​ថ្នាក់​មូលដ្ឋាន រហូតដល់​ថ្នាក់​ជាតិ តែ​គ្មាន​ដំណោះស្រាយ។ លោក​ថា លោក ហ៊ីង ប៊ុនហៀង ប្រើ​អំណាច​ជា​មេទាហាន កាង​អាជីវកម្ម​ឲ្យ​ក្រុមហ៊ុន ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ភ័យ​ខ្លាច និង​មិន​ហ៊ាន​ងើប​តវ៉ា។ រីឯ​អាជ្ញាធរ​មូលដ្ឋាន តែងតែ​គាំទ្រ​ក្រុមហ៊ុន​រ៉ែ​មាស​ទាំងនោះ ដោយសារ​ទទួល​បាន​ផលប្រយោជន៍ និង​ខ្លាច​បាត់បង់​តំណែង៖ «នៅ​ឆ្នាំ​២០១៥ គេ​មក​គំរាម​ប្រជាជន គេ​ថា មកពី​ក្រុម​អង្គរក្ស​កូនចៅ​របស់ ហ៊ីង ប៊ុនហៀង ហើយ​​ពលរដ្ឋ​ខ្លាច។ គេ​យក​អំណាច​នាយករដ្ឋមន្ត្រី ដែល​ថា​បាន​ស៊ីញ៉េ​ជាមួយ​នាយករដ្ឋមន្ត្រី បើ​​មិន​ឲ្យ​ដី ក៏​គេ​ត្រូវតែ​យក​ដែល​ដី​ហ្នឹង។ បើ​ក្រុមហ៊ុន​អត់​មាន​ខុសច្បាប់​ទេ។ ចំណែក​ពលរដ្ឋ​ខុសច្បាប់​ទាំងអស់»

បុរស​ដដែល​បន្ថែម​ថា អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ ក្រុមហ៊ុន​បាន​ប្រើ​រំសេវ​បំផ្ទុះ​ថ្ម​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ហើយ​កន្លងទៅ មាន​សត្វ​ពាហនៈ​អ្នកស្រុក​ងាប់​ជាច្រើន​ក្បាល ដោយសារ​ក្រុមហ៊ុន ប្រើ​សាធារណៈ​គីមី​ធ្វើ​បង្ហូរ​ចូល​ទឹកអូរ​ធម្មជាតិ។ លោក​បន្ថែម​ថា រណ្ដៅ​ជីក​រក​រ៉ែ​មាស​ខ្លះ មាន​ជម្រៅ​រាប់​រយ​ម៉ែត្រ និង​មាន​រណ្ដៅ​រ៉ែ​មាស​ខ្លះ​ទៀត មាន​ជនជាតិ​វៀតណាម​ជា​ថៅកែ​ជួល​កម្មករ​ខ្មែរ​ចំណាកស្រុក ធ្វើជា​កម្មករ​ឲ្យ​ខ្លួន ដោយ​គ្រាន់តែ​បង់លុយ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ៖ «គគ្រឹកគគ្រេង​ខាងក្រោយ​ផ្សារ​ហ្នឹង​យ៉ាង​តិច​ណាស់ ៣០​គ្រាប់ បំផ្ទុះ​យក​ថ្ម ហើយ​អ្នក​នៅ​ជុំវិញ​ហ្នឹង​យប់​អត់​បាន​ដេក​ទេ មួយ​ម៉ោង​ពីរ​ម៉ោង​ផ្ទុះ​ៗ។ វា ខ្ទរ​លើ​ពលរដ្ឋ​ច្រើន​ក្មេង​កំពុង​ដេក ជាពិសេស​កូនខ្ចី​ភាគច្រើន​ទាស់​ដោយសារ​ភ្ញាក់ផ្អើល​ហ្នឹង»

អាស៊ីសេរី​នៅ​មិនទាន់​អាច​រក​ប្រភព​ទាក់ទង អ្នកស្រី ហ៊ុន សេងនី និង​តំណាង​ក្រុមហ៊ុន ឌែលខម ដើម្បី​សុំ​ប្រតិកម្ម ពី​ការចោទប្រកាន់​នេះ បាន​ថា​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៣ ខែ​ធ្នូ។

កាលពី​ឆ្នាំ​២០១៧ គេហទំព័រ អូផិន ឌីវែលឡបមែន ( Open Development ) ចុះផ្សាយ​ថា ក្រុមហ៊ុន ឌែលខម កម្ពុជា បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​តាម​ប្រកាស​លេខ​១៤១ ឆ្នាំ​១៩៩៨ ដោយ​អនុញ្ញាត​ឱ្យ​រុករក​រ៉ែ​ដែក និង​រ៉ែ​ជាច្រើន​ប្រភេទ​ទៀត នៅ​តំបន់​ភ្នំ​ដែក នៃ​ឃុំ​រមណី នៃ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ លើ​ផ្ទៃដី​ទំហំ ២១៦​គីឡូម៉ែត្រ​ក្រឡា និង​នៅ​តំបន់​ក្រវា ខេត្ត​កំពង់ធំ លើ​ផ្ទៃដី​ទំហំ ១៩៨ គីឡូម៉ែត្រ​ក្រឡា។

ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ជាមួយ ក្រុមហ៊ុន ឌែលខម លោកស្រី យឹម ផាត ត្អូញ​ថា អាជ្ញាធរ​មិនបាន​អភិវឌ្ឍន៍​អ្វី​ទាំងអស់ សូម្បីតែ​សាលារៀន ហើយ​ផ្លូវ​សាធារណៈ​ក៏​លំបាក​ធ្វើដំណើរ​ដែរ ដោយ​ខ្លាចក្រែង​ប៉ះពាល់​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ។ លោកស្រី​បារម្ភ​ថា កុមារ និង​យុវជន​ភាគច្រើន បាន​បង្ខំចិត្ត​បោះបង់​ការសិក្សា ដោយសារ​ខ្វះ​សាលារៀន ហើយ​វិបត្តិ​ដីធ្លី​ក៏​ជា​បន្ទុក​បន្ថែម​ទៀត នាំ​ឲ្យ​ពួកគេ​ឈប់​រៀន​ដែរ៖ «សាលារៀន​ឥឡូវ​អេ​ហើយ នេះ​ក្នុង​មួយ​ថ្នាក់រៀន​មួយថ្ងៃ​ពីរ​ទៅ​៣​ដង តែ​គេ​អត់​ធ្វើ​ទេ ដាច់ខាត​គេ​មិន​ធ្វើ​ហើយ​ឲ្យ​ជិះ​ម៉ូតូ​តាំង​ពី​រំដេង ដល់​ភ្នំ​ដែក​ពេល​ខែវស្សា​ទឹក​ជន់ កូនសិស្ស​គ្នា​ត្រូវ​ខក វា​ឲ្យ​ធ្វើ​ទេ»

សេចក្ដី​រាយការណ៍​ពី​សហគមន៍​រក​ឃើញ​ថា ផ្ទៃដី​រាប់ពាន់​ហិកតារ ឋិត​ក្នុង​ឃុំ​រម្យទម​ទាំងមូល សុទ្ធ​សឹង​មាន​សក្កានុព​ល​រ៉ែ​មាស​ធម្មជាតិ​លើ​ដី និង​ក្រោម​ដី។ ចំណែក​ផ្ទៃដី​ប្រមាណ ៥​ពាន់​ហិកតារ ព័ន្ធ​ជុំវិញ​ភ្នំ​លុង គឺជា​ទីតាំង​ដែល​ជនជាតិ​ដើម​ភាគ​តិច​កួយ​រាប់ពាន់​គ្រួសារ តែងតែ​រែង​យក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​ចិញ្ចឹម​ជីវិត​ច្រើន​ជំនាន់​មក​ហើយ។ លើស​ពី​នេះ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ចិន និង​វៀតណាម​ជាច្រើន​ដែល​ពួកគេ​មិន​ស្គាល់​អត្តសញ្ញាណ រួម​ទាំង​ក្រុមហ៊ុន​ឌែលខម កម្ពុជា ផង បាន​ពុះ​តំបន់​នោះ​ធ្វើ​អាជីវកម្ម​រឹតត្បិត​មិន​ឲ្យ​អ្នកភូមិ​ចេញ​ចូល ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​បាត់បង់​ទីកន្លែង​រុករក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល