អន្ទាក់​សត្វ​រាប់​រយ​ត្រូវ​គេ​រក​ឃើញ​ក្នុង​ជម្រក​សត្វ​ព្រៃ​លំផាត់

ព្រៃឈើ​និង​សត្វ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី កំពុង​រក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បន្ត​ទៀត ដោយសារ​សកម្មភាព​កាប់​យក​ឈើ​មាន​តម្លៃ និង​សកម្មភាព​ដាក់​អន្ទាក់​យក​សត្វ​ព្រៃ​ទាំង​តូច​ធំ​ធ្វើ​អាជីវកម្ម។
ដោយ រដ្ឋា វិសាល
2013-12-18
Share
កាប់​ឈើ រតនគិរី ៦១០ ឈើ​មូល​ដែល​គេ​កាប់​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។
Adhoc Photo

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​បញ្ហា​នេះ​ស្ដី​បន្ទោស​ទៅ​លើ​មន្ត្រី​ស្ថាប័ន​ជំនាញ​បរិស្ថាន​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ករណី​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំង​អស់​នេះ។

អតីត​ឆ្មាំ​អភិរក្ស​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​ធ្នូ អះអាង​ថា អន្ទាក់​សត្វ​ព្រៃ​ដែល​អាច​ចាប់​បាន​សត្វ​គ្រប់​ប្រភេទ (លើក​លែង​តែ​ដំរី) រាប់​រយ​អន្ទាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ។ ជាមួយ​នោះ​ដែរ ព្រៃ​ឈើ​មាន​តម្លៃ​ក្នុង​តំបន់​អភិរក្ស​នេះ ក៏​កំពុង​ត្រូវ​គេ​កាប់​យក​ឈើ​ជា​បន្តបន្ទាប់។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​អង្គការ​អភិរក្ស​មួយ​ក្រុម​បាន​ចុះ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នឹង​បាន​ឃើញ​បទល្មើស​ទាំង​ពីរ​នេះ។

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បំផ្លាញ​ធនធាន​ធម្មជាតិ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​សំដែង​ទុទិដ្ឋិនិយម​ថា ប្រសិន​រាជរដ្ឋាភិបាល​មិន​ចាត់​វិធានការ​ជាក់លាក់​ក្នុង​ការ​បង្ក្រាប និង​ស៊ើប​អង្កេត​បន្ទាន់ ជុំវិញ​សកម្មភាព​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ​ទេ។ សត្វ​ព្រៃ​និង​ព្រៃ​ឈើ​នៅ​តំបន់​នោះ នឹង​ត្រូវ​វិនាស​អស់​នៅ​ពេល​ខាង​មុខ​នេះ។

សាក្សី​ដដែល​បន្ត​ថា កន្លង​ទៅ​នេះ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ព្រៃ​ការពារ​រាប់​ពាន់​ដើម ត្រូវ​គេ​កាប់​យក​ឈើ ហើយ​បច្ចុប្បន្ន​ឈើ​មាន​តម្លៃ​នៅ​សេសសល់​ក៏​ត្រូវ​គេ​កាប់​បន្ត​ទៀត៖ «ដើរ​ទៅ​ហ្នឹង​វា​ឃើញ​មែន​ហ្នឹង​ហើយ ប៉ុន្តែ​គេ​ថត គេ​យក​រូបភាព​ទៅ​អស់​ហើយ ប៉ុន្តែ​មិន​ដឹង​គេ​ដោះស្រាយ​ដោយ​វិធី​ណា។ ជាង ១០០​អន្ទាក់​ដែល​យក​ទៅ​ភ្នំពេញ ចៀស​តែ​ដំរី​ទេ​អត់​ជាប់ បើ​ថា​ខ្ទីង ទន្សោង ជ្រូក ឲ្យ​តែ​ជាន់​ជាប់​ហើយ។ ប៉ុន្តែ​ខ្ញុំ​ទៅ​ហ្នឹង​ជួប​ពីរ​កន្លែង អារ​ឈើៗ គេ​អត់​ទាន់​ដឹក។គេ​អារ​ឈើ​គេ​អត់​ចាប់​ទេ តែ​គេ​ថត»

កាល​ពី​មីនា កន្លង​ទៅ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​មន្ត្រី​សមាគម​អាដហុក បាន​ចូល​ទៅ​កាន់​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​សង្កេត​ឃើញ​នៅ​ចំណុច​អូរតានវ៉ាន និង​គុម្ពោត​ព្រៃ​ធំ​មាន​ឈើ​មូល​មាន​មុខ​កាត់​ធំៗ​រាប់​រយ​ដើម ត្រូវ​គេ​អារ​រំលំ​បន្សល់​ចោល​ក្នុង​ព្រៃ និង​ឈើ​មូល​រាប់​រយ​ដើម​ទៀត ត្រូវ​គេ​ដឹក​ជញ្ជូន​ចេញ​បន្សល់​តែ​គល់​នៅ​ក្នុង​ព្រៃ​នោះ។

ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដើម​ច្បោះ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ប៉ាន់​ប្រមាណ​ថា ឈើ​មូល​រាប់​ពាន់​ដើម​ត្រូវ​គេ​អារ​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​នេះ ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១២ មក។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ មិន​អាច​ទាក់​ទង​ប្រធាន​ផ្នែក​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ លោក សន សុវណ្ណសុង សុំ​បញ្ជាក់​ពី​សេចក្ដី​អះអាង​នេះ​បាន​ទេ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា លោក​បាន​ចុះ​អង្កេត​នៅ​តំបន់​នោះ ៣​លើក​ហើយ សង្កេត​ឃើញ​ឈើ​មូល​មាន​តម្លៃ​ក្នុង​ព្រៃ​ដែន​ជម្រក​នៅ​តែ​មាន​គេ​កាប់​ជា​បន្ត​បន្ទាប់។ លោក​អះអាង​ថា សត្វ​ព្រៃ​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែល​ត្រូវ​បាន​គេ ដាក់​អន្ទាក់ ឬ​បរ​បាញ់​ដោយ​កាំភ្លើង​ដើម្បី​យក​សាច់ និង​វត្ថុ​មាន​តម្លៃ​របស់​សត្វ​ព្រៃ​ទៅ​លក់​នៅ​ទីផ្សារ។

លោក​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ​ប្រញាប់​ស៊ើប​អង្កេត​ករណី​នេះ៖ «មិន​មែន​ត្រឹម​ឈើ​ព្រៃ​ល្អ​ប្រណិត​ទេ ថែម​ទាំង​សត្វ​ព្រៃ​ដែល​ជា​ជម្រក​ចុង​ក្រោយ​បំផុត​ហើយ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​រង​ហិនហោច​មហន្តរាយ​ជា​លើក​ចុង​ក្រោយ​នេះ ព្រោះ​កន្លង​មក​យើង​អន្តរាគមន៍​ទៅ​ថ្នាក់​ខេត្ត​ហើយ»

យ៉ាង​នេះ​ក្តី​ប្រជាពលរដ្ឋ​សហគមន៍​រស់​នៅ​តំបន់​ជាប់​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ធ្លាប់​បាន​អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដូច​ជា​ក្រុមហ៊ុន ហ័ញ អាញ់ លំផាត់ និង​ក្រុម​ឈ្មួញ​មាន​អំណាច រួម​ទាំង​កង​ប្រដាប់​អាវុធ​មួយ​ចំនួន គឺ​ជា​អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​ក្នុង​ព្រៃ​ដែន​ជម្រក។ ចំណែក​មន្ត្រី​អភិរក្ស​ដែន​ជម្រក ក៏​បាន​រួម​ចំណែក​ឃុបឃិត​ទាក់​ទិន​បទល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​នេះ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។