ពលរដ្ឋ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​ដុត​កង់ឡាន​សុំ​បញ្ឈប់​ការ​បូម​ខ្សាច់

ដោយ អ៊ុក សាវបូរី
2014.11.23
សាឡុង​បូម​ខ្សាច់ ៦២០ កាណូត​បូម​ខ្សាច់ ក្នុង​ទន្លេ​មេគង្គ រូបថត​ថ្ងៃ​ទី ០៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo: RFA

ប្រជាពលរដ្ឋ​រស់នៅ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ បាន​នាំ​គ្នា​តវ៉ា ដុត​កង់ឡាន ប្រឆាំង​អាជីវកម្ម បូម​ខ្សាច់​ក្នុង​ទន្លេ ធ្វើ​ឲ្យ​បាក់​ដី​ប៉ះពាល់​ផ្ទះសម្បែង ដំណាំ និង​ជីវភាព​រស់នៅ។ ការ​បូម​ខ្សាច់​នេះ ត្រូវ​អ្នក​ជំនាញ​បរិស្ថាន អះអាង​ថា​បាន​ធ្វើ​ឲ្យ​ចលនា​ទឹក​ហូរ នៃ​ធម្មជាតិ​ផ្លាស់ប្ដូរ ប៉ុន្តែ​ត្រូវ​កំណត់​ចម្ងាយ​បូម​ខ្សាច់​ច្បាស់លាស់។

ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​កាណូត​បូម​ខ្សាច់ បញ្ឈប់​សកម្មភាព​នោះ ជាបន្ទាន់។

អភិបាលរង​ខណ្ឌ​ច្បារអំពៅ លោក រស់ សុភ័គ្រ បាន​ចុះទៅ​សង្កេតការណ៍​ផ្ទាល់ ដល់​កន្លែង​ដែល​ពលរដ្ឋ​ច្រើន​ភូមិ ក្នុង​សង្កាត់​វាល​ស្បូវ ដុត​កង់ឡាន ទាមទារ​បញ្ឈប់​ការ​បូម​ខ្សាច់​ទាំង​ថ្ងៃ​ទាំង​យប់ បង្ក​ការភ័យខ្លាច បាក់​ដី​និង​ផ្ទះ​ចូល​ទន្លេ និង​សំឡេង​ម៉ាស៊ីន​បូម​រំខាន​ខ្លាំង​ដល់​ការរស់នៅ។

លោក រស់ សុភ័គ្រ អភិបាលរងខណ្ឌ​ច្បារអំពៅ ឲ្យ​ដឹង​ថា កាលពី​ខែ​តុលា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បាន​បញ្ឈប់​កាណូត​បូម​ខ្សាច់​នៅ​ទីនោះ រួច​ម្ដង​ហើយ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ ខែ​វិច្ឆិកា ពលរដ្ឋ​ប្ដឹង​ថា កាណូត​មក​បូម​ខ្សាច់​បន្ត​ទៀត ទើប​លោក​ចុះ​ពិនិត្យ​ជាក់ស្ដែង៖ «ខ្ញុំ​ទប់ស្កាត់​ហើយ គឺ​អត់​មានការ​បូម​ខ្សាច់​ទេ ប៉ុន្តែ​មួយថ្ងៃ​នេះ​មិន​ដឹង​យ៉ាងម៉េច បាន​សាឡង់ វា​មក​បូម​ខ្សាច់ នៅ​កន្លែង​នឹង​ទៀត មិន​ដឹង​ជា​ខាង​ណា​មក​ដាក់»

អ្នកភូមិ​វាល​ស្បូវ លោក សុខ សឿន ថ្លែង​ថា​កាណូត​ធំៗ​ច្រើន​គ្រឿង កំពុង​បូម​ខ្សាច់ ពី​ក្នុង​ទន្លេ ក្បែរ​ផ្ទះ​គាត់​រស់នៅ ជិត​វត្ត​វាល​ស្បូវ។ លោក​អះអាង​ថា កាណូត​នោះ​ជា​របស់​ជនជាតិ​វៀតណាម ដែល​ព្យាយាម​បំផ្លាញ​ច្រាំង​មាត់ទន្លេ​មេគង្គ ព្រោះតែ​កាណូត​នីមួយៗ ប្រើ​ទុយយោ​មុខកាត់​ធំៗ ដូចជា​ក្នុង​កាណូត​មួយ ប្រើ​ទុយយោ​៣​ទៅ​៤​ទុយយោ ខួង​យក​ខ្សាច់​ក្បែរ​ផ្ទះ​ពលរដ្ឋ បង្ក​ការភ័យខ្លាច បាក់​ផ្ទះ​ចូល​ទន្លេ៖ «ពួក​ខ្ញុំ​អត់​សុខចិត្ត ព្រោះ​ទី​១​ពួក​ខ្ញុំ​ខ្លាច​បាក់​ច្រាំង ទី​២​វា​ថ្លង់​បូម​ទាំង​យប់​ទាំង​ថ្ងៃ»

អ្នកភូមិ​ក្ដី​តាកុយ លោក រិទ្ធី អះអាង​ថា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ កាល​ពី​ខែ​មុន បាន​កោះហៅ ម្ចាស់​កាណូត​ជនជាតិ​វៀតណាម ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​បូម​ខ្សាច់​ក្បែរ​ភូមិ តែ​អនុញ្ញាត ឲ្យ​បូម​នៅ​កណ្ដាល​ទន្លេ។ សកម្មភាព​បូម​ខ្សាច់​ផ្អាក​ជិត​១​ខែ ស្រាប់តែ ២​ទៅ​៣​ថ្ងៃនេះ កាណូត​ធំៗ​៣​គ្រឿង មក​លួច​បូម​ខ្សាច់ គឺ​ពេល​ថ្ងៃ វា​បូម​ចម្ងាយ​២០០​ម៉ែត្រ ពី​ច្រាំងទន្លេ ប៉ុន្តែ​ពេលយប់​វា​មក​បូម​ក្បែរ​ភូមិ បង្ក​សំឡេង​ទ្រហឹង​មិន​អាច​សម្រាន្ត​បាន៖ «វា​ប៉ះពាល់​ថ្ងៃក្រោយ បើ​សិន​បាក់​ដី នឹង​បាក់​ផ្ទះសម្បែង​តើ​ប្រជាពលរដ្ឋ បាន​ដីធ្លី​រស់នៅ​តទៅទៀត នឹង នៅ​កន្លែង​ណា»

បន្ថែម​លើ​នោះ លោក អ៊ុក វណ្ណតារ៉ា អះអាង​ថា ប្រសិនបើ​មិន​មាន​ដំណោះស្រាយ ឆាប់ៗ​ទេ ពួកគាត់​នឹង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដើម្បី​បណ្ដេញ​កាណូត​វៀតណាម​នោះ ចេញពី​ទន្លេ​មេគង្គ៖ «បើ​សិន​ជា​នៅ​បូម​បន្ត​ទៀត អាទិត្យ​ក្រោយ ប្រជាជន​នឹង​ធ្វើ​បាតុកម្ម បិទ​ថ្នល់ជាតិ​លេខ​១ ខាងមុខ​វត្ត​វាល​ស្បូវ ដុត​កង់ឡាន​ដែរ ដើម្បី​ឲ្យ​ខាង​ខណ្ឌ​នោះ​រក​ដំណោះស្រាយ​ឲ្យ​បាន»

ចៅសង្កាត់​វាល​ស្បូវ អ្នកស្រី យឹម ស៊ីម៉ន ថ្លែង​ថា សកម្មភាព​បូម​ខ្សាច់​នេះ ភាគច្រើន​បូម​នៅ​ពេល​ថ្ងៃ កាណូត វា​បើក​ទៅ​បូម​នៅ​ក្បែរ​កោះ​មួយ ដុះ​កណ្ដាល​ទន្លេ​មេគង្គ ចន្លោះ​ស្រុក​ល្វាឯម និង​ខណ្ឌ ច្បារអំពៅ ប៉ុន្តែ​នៅ​ពេល​យប់ វា​មក​បូម​ក្បែរ វត្ត​វាល​ស្បូវ និង វត្ត​ក្ដីតាកុយ៖ «ពួក​នឹង​វា​នៅតែ​លួច មក​បូម​ចូល​ដី​នេះ​ទៀត លើក​មុន​វា​បូម​នៅ​ពាក់​កណ្ដាល​ទន្លេ​ល្វាឯម ហើយ​និង​វាល​ស្បូវ ពេល​ខ្លះ​វា​លួច​ចូល​មក​ដល់​ក្នុង​ដី វាល​ស្បូវ​អីចឹង ពួក​នឹង​វា​ចូលចិត្ត​តែ​លួច​អីចឹង»

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែង​ថា អាជីវកម្ម បូម​ខ្សាច់​គឺ​ធ្វើ​ឲ្យ​ទឹកទន្លេ​លែង​ស្ទះ បង្ក​ឲ្យ​ចរន្ត​នៃ​ទឹកទន្លេ​ហូរ វា​ផ្លាស់​ប្ដូរ។ ប៉ុន្តែ​ការ​បូម​ខ្សាច់​នេះ បើ​មិន​អនុវត្ត​តាមច្បាប់​គ្រប់គ្រង​ខ្សាច់ ដែល​បូម​បាន​ក្នុង​កាណូត​នីមួយៗ ត្រូវ​តាម​ខ្នាត​នោះ​ទេ បណ្ដាល​ឲ្យ​វិនាសកម្ម នៃ​ការ​បាក់​ច្រាំងទន្លេ ដោយសារ​មុខទឹក​ហូរ​បុក​ប៉ះ​ភូមិឋាន ដែល​នៅ​ពីមុខ​ទឹក​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ផ្ទេរ​អំណាច​ឲ្យ​ស្ថាប័ន​វិមជ្ឈការ​នៅ​មូលដ្ឋាន​គ្រប់គ្រង គួរ​តែ​ផ្ដល់​អំណាច និង​សិទ្ធិ​ឲ្យ​គាត់​ផ្អាក​ឬ​បញ្ឈប់ អាជីវកម្ម​បូម​ខ្សាច់ នៅ​ពេល​មូលដ្ឋាន​កំពុង​រងគ្រោះ ដោយ​ការ​បាក់​ច្រាំងទន្លេ​នោះ​វិញ ជាជាង​ការធ្វើអន្តរាគមន៍​ពីលើ ជាហេតុ​បណ្ដោយ​ឲ្យ​ឈ្មួញ កាន់​តែ​បាន​ចិត្ត​លួច​បូម​ទៀត មិន​ខ្វល់​ពី​ការ​បាក់​ស្រុត​ដី​ច្រាំងទន្លេ ដែល​អ្នក​ជំនាញ​ឆ្លើយ​ថា គ្រោះធម្មជាតិ។

មន្ត្រី​ក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធ ថ្លែង​ថា ការ​បូម​ខ្សាច់​ត្រូវ​បច្ចេកទេស នាំ​ឲ្យ​បរិស្ថាន​ល្អ និង​ប្ដូរ​របត់​ចរន្តទឹក​ហូរ ប៉ុន្តែ​មិន​ត្រូវ​បន្ទោស​ថា​គ្រប់​សកម្មភាព​បូម​ខ្សាច់​សុទ្ធតែ​នាំ​ឲ្យ​បាក់​ច្រាំង​នោះ​ទេ៖ «នៅ​ស្រុក​ខ្ញុំ​ខាង​ក្រូចឆ្មារ កាល​ខ្ញុំ​នៅ​នោះ​អត់​ឃើញ​មាន​បូម​ខ្សាច់​ទេ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ច្រាំងទន្លេ​ខាង​ស្រុក​ខ្ញុំ​នោះ បាក់​ប្រហែល​៣០០​ម៉ែត្រ។ ផ្ទះ​ខ្ញុំ​រើ​២​ដង​ហើយ បាក់​ដី​នោះ​អត់​មាន គេ​បូម​ទេ តែ​វា​បាក់​អា​នឹង​ខ្ញុំ​សន្និដ្ឋាន​ថា ដោយសារ​តែ​ការប្រែប្រួល​ចរន្តទឹក វា​មិនមែន​ដោយសារ ការ​បូម​នោះ​ទេ អីចឹង​ហើយ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​បាក់ គេ​ត្រូវ​បូម​មែនទែន បូម​សម្រួច​កុំ​ឲ្យ​វា​បុក​ទៅ​កន្លែង​ណាមួយ​គឺ​វា​បាក់ អា​នឹង​បើ​និយាយ​ពី​បច្ចេកទេស»

នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រដូវ​ទឹក​ឡើង​ឆ្នាំនេះ ការ​បាក់​ច្រាំងទន្លេ បាន​កើត​ឡើង​នៅ​រា​ធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ចាម ខេត្ត​ក្រចេះ​ជាដើម ដែល​មាន​ការ​សង្ស័យ​ថា បណ្តាល​មក​ពី​ការ​បូម​ខ្សាច់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ក្រសួង​ធនធាន​ទឹក ជាដើម សុំ​ការ​បំភ្លឺ ពី​ស្ថាប័ន​ទាំងនោះ ពាក់ព័ន្ធ​សកម្មភាព​បូម​ខ្សាច់​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​ទី​២៣ ខែ វិច្ឆិកា។

ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​វាល​ស្បូវ ឲ្យ​ដឹង​ថា នៅ​ពេល​អាជ្ញាធរ​ខណ្ឌ ចុះ​ពិនិត្យ​ផ្ទាល់ កាណូត​បូម​ខ្សាច់ ទាំង​៣​គ្រឿង បាន​បើក​រត់​ចេញពី​ច្រាំងទន្លេ នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។