ឈើមានតម្លៃដូចជា ផ្ចឹក សុក្រំ ស្រឡៅ និងគគីរជាដើម មានមុខកាត់ចាប់ពី ៥តឹក ឡើងទៅ ឋិតក្នុងព្រៃសហគមន៍ភូមិប៉ាដល់ នៃឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងទទួលរងការអាររំលំ ធ្វើអាជីវកម្មយ៉ាងពេញទំហឹង។ អ្នកភូមិថា ឈ្មួញបានផ្ដល់លុយអោយពលរដ្ឋជិត ២រយគ្រួសារ (១៨០) ដោយក្នុងមួយគ្រួសារ ៥០ ម៉ឺនរៀល ជាថ្នូរកាប់រំលំឈើធ្វើអាជីវកម្ម រួចដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម។
ជនជាតិដើមភាគតិចចារ៉ាយ នៅខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃទី២០ តុលាថា ពួកគេបានឃាត់ម៉ាស៊ីនត្រង់សឺន័រពីក្រុមជនល្មើស ១១គ្រឿង ដែលកំពុង អាររំលំឈើមូលធំៗ ក្នុងព្រៃសហគមន៍លក់ឲ្យឈ្មួញ ដែលចាំទទួលទិញនៅមូលដ្ឋាន រួចដឹកតាមរយៈរថយន្តប៉ាកុង ទៅលក់នៅប្រទេសវៀតណាម។
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិប៉ាដល់ ឃុំសេសាន លោក រមាស់ ស្វិត ឲ្យដឹងថា ព្រៃសហគមន៍ភូមិប៉ាដល់ សំបូរដោយដើមឈើធំៗ មានតម្លៃរាប់រយហិកតារ ដែលជនជាតិដើមភាគតិចចារ៉ាយគោរពបូជាច្រើនជំនាន់ហើយនោះ កំពុងទទួលរងការអាររំលំយកឈើមានតម្លៃធ្វើអាជីវកម្ម គ្មានការអនុវត្តច្បាប់។ លោកថា ក្រុមឈ្មួញបានផ្ដល់លុយជូនពលរដ្ឋ ១៨០គ្រួសារ ដោយក្នុងមួយគ្រួសារ ចាប់ពី ៥០ម៉ឺនរៀលរហូតជាង ១លានរៀន ដើម្បីឲ្យពលរដ្ឋឯកភាពលក់ឈើមូលក្នុងព្រៃឲ្យខ្លួន។ លោកបន្ថែមថា ជារៀងរាល់ថ្ងៃ អ្នកភូមិប្រទះឃើញឈើមូលធំៗ ត្រូវគេដឹកតាមរថយន្តប៉ាកុង ចេញពីព្រៃសហគមន៍ភូមិប៉ាដល់ ឆ្លងកាត់ភូមិភិ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។
លោកបារម្ភថា ដើមឈើធំៗ ក្នុងព្រៃសហគមន៍ភូមិប៉ាដល់ នឹងបាត់បង់ទាំងស្រុង បើអាជ្ញាធរពាក់ព័ន្ធមិនប្រញាប់ចុះទប់ស្កាត់ឲ្យទាន់ពេលទេ៖ «ឈើធំៗ ធម្មជាតិតាំងពីដើមមកពីណាចូលទៅកាប់ទេ តែឥឡូវគេលក់អស់ហើយមើលទៅខាងភូមិប៉ាដល់។ នៅសល់ពីរកន្លែង ព្រៃរកអនុផល និង ព្រៃអារក្ស តូចមួយបើអស់ បានអីពឹងទៀត ពួកខ្ញុំជនជាតិដើមភាគតិច អាស្រ័យផលព្រៃឈើ បើគេកាប់ព្រៃឈើមានអីពឹង»។
បុរសដដែលអំពាវនាវឲ្យ អាជ្ញាធរខេត្តរតនគិរីអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់នោះ ប្រសិនបើនៅអូសបន្លាយពេល ប្រហែលជាង ១ខែទៀត ដើមឈើធំៗផ្ដល់ម្លប់បៃតង និងជាទីស្នាក់អាស្រ័យរបស់ជនជាតិដើមភាគតិចចារ៉ាយ និងវិនាសអន្តរាយទាំងស្រុង បង្កប៉ះពាល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច៖ «ព្រួយបារម្ភបើព្រៃឈើគេកាប់ទន្ទ្រានអ៊ីចឹង ខ្ញុំសំណូមពរសូមអោយអាជ្ញាធរ ឃុំ និងស្រុក ក្នុងឃុំសេសាន ជួយទប់ស្កាត់ កុំលក់បន្តទៀត»។
កាលពីពេលថ្មីៗនេះ ពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាលក់ឈើមូលក្នុងព្រៃឲ្យឈ្មួញ កាប់យកឈើធំៗ ក្នុងតម្លៃ ៤ម៉ឺនដុល្លារ ដើម្បីយកប្រាក់ស្ថាបនាផ្លូវថ្នល់មួយខ្សែ ក៏ប៉ុន្តែឈ្មួញបែរជាលួចអាររំលំ លើសពីកិច្ចព្រមព្រៀង ធ្វើឲ្យពលរដ្ឋកើតទុក្ខមិនសុខចិត្ត និងប្រឡឹងអាជ្ញាធរមូលដ្ឋានឲ្យអន្តរាគមន៍ ក៏ប៉ុន្តែទម្រាំអាជ្ញាធរចុះដល់ទីតាំង ព្រៃឈើត្រូវគេកាប់រំលំអស់ជាច្រើនដើម។
រីឯមេឃុំសេសាន លោក សេវ ស្វែង ទទួលស្គាល់ថា អ្នកភូមិជាង ១រយគ្រួសារ ពិតជាបានទទួលប្រាក់ពីឈ្មួញ ជាថ្នូរអនុញ្ញាតឲ្យគេកាប់ឈើក្នុងព្រៃសហគមន៍ភូមិប៉ាដល់។ យ៉ាងណាអាជ្ញាធរឃុំ មិនគាំទ្រចំពោះការលក់ព្រៃឈើនោះទេ តែមិនអាចហាមឃាត់សហគមន៍បាន ហើយលោកបានផ្តល់ដំណឹងរឿងនេះទៅថ្នាក់លើដែរ។ លោកថា ថ្មីៗនេះ អាជ្ញាធរបានប្រជុំក្រុមប្រឹក្សាឃុំ និង សមត្ថកិច្ច ឲ្យរកមធ្យោបាយទប់ស្កាត់បទល្មើសព្រៃឈើឡើងវិញ និងហាមឃាត់មិនឲ្យពលរដ្ឋណាម្នាក់លក់ឈើក្នុងព្រៃជាដាច់ខាត៖ «ឥឡូវខ្ញុំរៀបចំ ទប់ស្កាត់ឡើងវិញ បើគេលក់ប៉ុណ្ណឹងទៅចុះ។ ឈប់ស្កាត់កុំឲ្យគេកាប់ និងរុករានទៀត កុំឲ្យធ្វើបាបព្រៃឈើពេក»។
ភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ មានភូមិសាស្ត្រក្បែរព្រំដែនកម្ពុជាវៀតណាម។ ព្រៃឈើនៅតំបន់នោះ សំបូរដោយឈើមានតម្លៃជាច្រើនប្រភេទ ដែលសហគមន៍នាំគ្នាថែរក្សា និងអាស្រ័យផលបែបប្រពៃណីច្រើនជំនាន់មកហើយ។ សហគមន៍ថា ថ្មីៗនេះ ក្រុមអ្នកមានអំណាច និងឈ្មួញវៀតណាម កំពុងដណ្តើមគ្នាលេបត្របាក់ ឈើមូលមានតម្លៃក្នុងព្រៃទីនោះ ជាបន្តបណ្ដើរៗ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ជនជាតិដើមភាគតិចមួយចំនួនរស់នៅភូមិប៉ាដល់ និងមន្ត្រីអាដហុកនឹងរួមគ្នាដាក់បណ្ដឹងបរិហារទៅតុលាការ ខេត្តរតនគិរី នៅពេលឆាប់ៗនេះ បំណងជំរុញឲ្យមានអ្នកទទួលខុសត្រូវ ពីវិនាសកម្មព្រៃឈើ នៅតំបន់នោះ។ លោកថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលយុត្តិធម៌ គឺជាអ្នកទទួលខុសត្រូវយ៉ាងសំខាន់ មិនគួរបណ្ដោយមានការលក់ព្រៃអភិរក្សខុសច្បាប់នោះទេ៖ «ចំពោះនៅឃុំសេសាន ដែលមួយគ្រួសារទទួលបាន ៥០ម៉ឺនរៀលហ្នឹង។ យើងឃើញថា លិខិតនៅពេលគេចោះដើមឈើអស់ ឃើញថា ការលក់ដីព្រៃថែមទៀត។ ពីដំបូងគេចោះយកដើមឈើសិន បន្ទាប់មកគេនឹងទន្ទ្រានយកដីជាកម្មសិទ្ធិ»។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា សមាគមអាដហុករកឃើញឯកសារមួយច្បាប់ ដែលឈ្មួញខ្ចីដៃពលរដ្ឋ ស្នើសុំអភិបាលស្រុកអូរយ៉ាដាវ កសាងផ្លូវមួយខ្សែ ចំណាយប្រាក់រាប់ម៉ឺនដុល្លារ។ លោកថា ក្នុងលិខិតនោះអ្នកភូមិសង្ស័យថា ការស្ថាបនាផ្លូវនោះ គឺជាប់ពាក់ព័ន្ធការលក់ឈើក្នុងព្រៃសហគមន៍ភូមិប៉ាដល់ ឲ្យឈ្មួញ ដើម្បីយកប្រាក់កសាងផ្លូវ និងអាចមានជាប់ពាក់ព័ន្ធអំពើពុករលួយផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
