ក្រុមអ្នកឃ្លាំមើលបរិស្ថាន បង្ហាញការសោកស្តាយ ពីការបាត់បង់ព្រៃឈើ ដែលនៅសេសសល់ចុងក្រោយ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល បើទោះបីជាក្រសួងបរិស្ថាន បានបញ្ចូនឆ្មាំរអភិរក្សរាប់សិបនាក់ឈរជើងការពារព្រៃនៅតំបន់នោះក្តី។ ការលើកឡើងនេះ ក្រោយពីអង្គការសង្គមស៊ីវិល និងមន្ត្រីបរិស្ថាន រកឃើញឈើចំនួន ៣០ដុំជាថ្មីទៀត ដែលឈ្មួញបានកាប់ផ្តួលចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
អ្នកឃ្លាំមើលព្រៃឈើ ឱ្យដឹងនៅថ្ងៃទី១៦ ឧសភា ថា តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល មានផ្ទៃដីជាង៤ សែនហិកតារ (៤០១.៣១៣) ដែលឋិតនៅចន្លោះខេត្តកោះកុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ នឹងប្រឈមការបាត់បង់ឈើមូលធំៗទាំងស្រុង នៅពេលដ៏ខ្លីខាងមុខ ប្រសិនបើក្រសួងបរិស្ថាននៅតែបណ្តែតបណ្តោយឱ្យឆ្មាំអភិរក្សរបស់ខ្លួន ទទួលសំណូកពីបទល្មើសព្រៃឈើ ជាថ្នូរមិនអនុវត្តច្បាប់ដដែលៗ ដោយគ្មានយន្តការលុបបំបាត់នោះ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន ដែលចុះអង្កេតរឿងនេះ ឱ្យដឹងថា បទល្មើសព្រៃឈើក្នុងព្រៃអភិរក្សមួយនេះ កើតមានឥតឈប់ឈរ ហើយក្រុមជនល្មើសនៅតែអាចចូលព្រៃកាប់ឈើលក់ដដែល។ លោកថា ឈើមូលធំៗ នៅចំណុចខ្នងស្រល់ និងជើងភ្នំក្រពើ ឋិតក្នុងព្រៃការពារមួយនេះ កំពុងទទួលរងការកាប់ផ្តួលធ្វើអាជីវកម្មឥតស្រាកស្រាន្ត៖ «ក្រសួងបរិស្ថាននៅតែបណ្ដែតបណ្ដោយដល់មន្ត្រីក្រោមឱវាទ មន្ត្រីប្រព្រឹត្តអំពើពុករលួយ កាប់ឈើបន្តទៀត ព្រៃឈើនឹងវិនាសហោនហោច។ នៅពេលអស់ព្រៃឈើយើងនឹងរងគ្រោះមហន្តរាយ គ្រោះធម្មជាតិ និងទឹកជំនន់។ សូមឱ្យក្រសួងបរិស្ថានបើកជំហរឱ្យមន្ត្រីសង្គមស៊ីវិលរួមចំណែក អភិរក្សព្រៃឈើ ឡើងវិញ»។
កាលពីថ្ងៃទី១៥ ឧសភា មន្ត្រីបរិស្ថាន ខេត្តកំពង់កំពង់ស្ពឺ និងប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ បានឃាត់ចាប់ឈើ ៣០ដុំ មានមុខកាត់ ៣តឹក រហូតដល់ ៦តឹក ប្រវែងជាង ២ម៉ែត្រ ដល់ ៣ម៉ែត្រ ដែលក្រុមជនល្មើសទម្លាក់ចោលក្នុងស្រុកឱរ៉ាល់។
ឈើទាំងនោះគេដឹកចេញពីតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឆ្ពោះទៅទីរួមខេត្តកំពង់ស្ពឺ។ ទាក់ទងទៅនឹងបញ្ហានេះ សកម្មជនបរិស្ថាន លោក ហេង ស្រស់ សង្កេតឃើញថា មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានស្ទើរគ្រប់ទីកន្លែង គ្មានភាពស្មោះត្រង់ការពារព្រៃឈើទេ។ មន្ត្រីនគរបាលយុត្តិធម៌ទៀតសោតបានដាក់ប៉ុស្តិ៍យាមចាំយកលុយពីក្រុមអ្នកអារឈើ ដឹកចេញពីព្រៃអភិរក្ស៖ « ការកាប់បំផ្លាញ ព្រៃឈើ ក្នុងតំបន់ជួរភ្នំក្រវាញឱ្យវាមានការអន់ថយ វាគ្មានការអន់ថយទេ ផ្លូវច្រកចេញវាមានគ្រប់ច្រកទាំងអស់ហ្នឹង។ បើតាម ការដែល យើងចុះសិក្សាស្រាវជ្រាវកន្លងមកគឺ មន្ត្រីយាមច្រកចូលតំបន់ការពារ សុទ្ធតែទទួលបានសំណូក ពីក្រុមឈ្មួញ ដែលកាប់បំផ្លាញព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញហ្នឹង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មានប្រសាសន៍ថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដែលឈរជើងតាមតំបន់ការពារធម្មជាតិនានា បន្តអនុវត្តច្បាប់ស្តីពី តំបន់ការពារធម្មជាតិ សហការជាមួយ សហគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដូចជា ការលួចកាប់ឈើខុសច្បាប់ ការបរបាញ់ និងដាក់អន្ទាក់សត្វ។ លោកថា កាលពីឆ្នាំ ២០១៩
មន្ត្រីឧទ្យានុរក្សចំនួន ១.២០០ នាក់ បានបង្ក្រាបបទល្មើសព្រៃឈើ ចំនួនជាង ៤ពាន់ ៧រយ ករណី (៤៧៤៦) និងបានកសាងសំណុំរឿងទៅតុលាការចំនួន ៤៨៧ករណី រឹបអូសបានរណាយន្តជាង ២ពាន់ គ្រឿង (២.៥៣១)។
ក្រុមអ្នកឃ្លាំមើលបរិស្ថាន ចាត់ទុកអំពើពុករលួយ គឺជាប្រភពនាំឱ្យព្រៃឈើគ្រប់តំបន់វិនាសហិនហោច ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែងយកតួនាទីកាងបទល្មើស និងទទួលផលប្រយោជន៍ពីក្រុមជនល្មើស។ ពួកគេអះអាងថា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានបាត់បង់ដើមឈើធំៗទាំងស្រុង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារឥទ្ធិពលនៃអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។