សហគមន៍​ខេត្ត​មណ្ឌលគិរី​ថា ចលនា​ទន្ទ្រាន​ព្រៃ​រដ្ឋ និង​អភិរក្ស​រាលដាល​ស្ទើរ​គ្រប់​តំបន់

ដោយ វ៉ែន សុមេធ
2019-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រៃ​នៅ​តំបន់​ប៊ូស្រា ខេត្ត​មណ្ឌលគិរី ដែល​ឈ្មួញ​ចូល​កាប់​បំផ្លាញ។ រូបថត​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៣
ព្រៃ​នៅ​តំបន់​ប៊ូស្រា ខេត្ត​មណ្ឌលគិរី ដែល​ឈ្មួញ​ចូល​កាប់​បំផ្លាញ។ រូបថត​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៣
RFA/Vann Vichar

សហគមន៍​ខេត្ត​មណ្ឌលគិរី​ព្រួយបារម្ភ ពី​ចលនា​រុករាន ទន្ទ្រានព្រៃ​សាធារណៈ​របស់​រដ្ឋ និង​ព្រៃ​ការពារ​ធម្មជាតិ មក​ជា​សម្បត្តិ​ឯកជន​កំពុង​រីក​រាលដាល​ស្ទើរ​គ្រប់​តំបន់​នៅ​ទូទាំង​ខេត្ត។ ជនជាតិ​ដើម​ភាគតិច​ខ្លះ បាន​ចេញមុខ​ប្ដឹង​ឈ្មួញ ពី​បទ​ឈូស​ឆាយ​ព្រៃ​សហគមន៍​ខុសច្បាប់ មិន​ត្រូវ​បាន​អាជ្ញាធរ​ស៊ើបអង្កេត​នោះ​ទេ ផ្ទុយទៅវិញ​ពួកគាត់​បាន​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​ទទួលរង​ការ​គំរាមកំហែង​ពី​សមត្ថកិច្ច និង​អ្នកមាន​ឥទ្ធិពល។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​សង្កេត​ឃើញ​ថា រូបភាព​នៃ​ការ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ស្រោង​របស់​រដ្ឋ និង​ដី​ព្រៃ​សហគមន៍ មក​ធ្វើជា​សម្បត្តិ​បុគ្គល បណ្ដាល​មក​ពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​/​សង្កាត់​នៅតែ​មាន​កម្រិត​ខ្សោយ អំពើពុករលួយ ហើយ អាជ្ញាធរ​ពាក់ព័ន្ធ​អសមត្ថភាព​ទប់ទល់​បទ​ល្មើស​ព្រៃឈើ។

សេចក្ដី​រាយការណ៍​ពី​ជនជាតិ​ដើម​ភាគតិច ឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៦ ជនជាតិ​ដើម​ភាគតិច ១០​នាក់ រស់នៅ​សង្កាត់​សុខដុម ក្រុង​សែន​មនោរម្យ បាន​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​មានអំណាច ទៅ​តុលាការ និង​អាជ្ញាធរ ពាក់ព័ន្ធ​ករណី លួច​ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​ព្រៃស្រោង ដែល​ជា​កន្លែង​ជនជាតិ​ដើម​ភាគតិច​ប្រមូល​ផល​ព្រៃឈើ​មាន​ទំហំ ចិតសិប​ហិកតារ (៧០) តែ​គ្មាន​ប្រសិទ្ធភាព​។ រីឯ​ឈ្មួញ​បែរជា​ប្ដឹង ពួកគាត់​ទៅ​តុលាការ​វិញ​ដោយ​ចោទ​ពលរដ្ឋ​ថា មកកាន់​កាប់​លើ​ដី​ឯកជន​ខុស​ច្បាប់។

សមាជិក​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភិរម្យ ឱ្យ​ដឹង​នៅ​ថ្ងៃទី២៩ ឧសភា​ថា ព្រៃ​សហគមន៍​ទំហំ​ពីរ​ពាន់​ហិកតារ (.០០០) ឋិត​ក្នុង​ភូមិ​ឡៅកា សង្កាត់​សុខដុម ដែល​អ្នកភូមិ​គ្រោង​ចុះបញ្ជី​ជា​ព្រៃ​សមូហភាព កំពុង​ទទួល​រង​ការ​ឈូស​ឆាយ ទន្ទ្រាន​យក​ដី​ជា​កម្មសិទ្ធិ អស់​រាប់​រយ​ហិកតារ បន្ទាប់ពី​កាប់​ចោះ​យក​ឈើ​មូល​ធំៗ​អស់​។ លោកស្រី​ថា តំណាង​ពលរដ្ឋ​ដែល​ងើប​តវ៉ា​ទាមទារ​ដី​ដែល​អ្នក​មាន​អំណាច​ទន្ទ្រាន​យក កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​ថ្មីៗ​ នេះ តុលាការ​ខេត្ត​ បាន​កោះហៅ​តំណាង​ពលរដ្ឋ ១០​រូប​ទៅ​បំភ្លឺ ក្រោម​ពាក្យ​បណ្តឹង​របស់​ឈ្មួញ​៖ «អាង​ថា ពលរដ្ឋ​លក់​​ហ្នឹង អត់​មាន​ប្រាប់​ពលរដ្ឋ​ឱ្យ​ដឹង​ពី​ច្បាប់​អត់​ដឹង​ពី​សិទ្ធិ​អី​ទេ ស៊ីញេ​យក​ស៊ីញេ​យក ពលរដ្ឋ​លក់​តាម​អំពើ​ចិត្ត រួច​ដណ្ដើម​គ្នា​លក់​ ហើយ​អា​ខ្លះ​ ទិញ​អនាធិបតេយ្យ​ អត់​ដឹង​ដី​រដ្ឋ​ជួយ​កា​ពារ​ប្រទេសជាតិ​ខ្លួនឯង​ទេ បំផ្លាញ​តែម្ដង​។ គ្រប់​ទីកន្លែង​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី»

ស្ត្រី​ដដែល​សង្កេត​ឃើញ​ថា ថ្មីៗ​នេះ​ទំហំ​ដី​ព្រៃ​សហគមន៍ ៩០​ហិកតារ​ទៀត ឋិត​ក្នុង​ព្រៃ​ដែល​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល​បែប​ប្រពៃណី ត្រូវ​បាន​អ្នក​មាន​អំណាច​ឃុបឃិត​ទន្ទ្រាន ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី បម្លែង​ជា​ទ្រព្យ​ឯកជន ដោយ​គ្មាន​ការ​ស៊ើបអង្កេត​។ លើស​ពី​នេះ តំបន់​ព្រៃស្រោង​ស្ទើរ​គ្រប់កន្លែង ត្រូវ​គេ​បាញ់ថ្នាំ ពុះ​ចែក​គ្នា​លក់ និង​ឈូស​ឆាយ បែប​អនាធិបតេយ្យ៖ «៩០​ហិកតារ​នេះ​ដី​ព្រៃ​តែម្ដង ពុំ​មែន​ជា​ដី​ចម្ការ​របស់​ពលរដ្ឋ​ទេ ដី​ហ្នឹង​ពលរដ្ឋ​ដង​ជ័រ​ដូច​ពួក​ខ្ញុំ​ដែរ តែ​ឮ​គាត់​ព្រម​លក់​​ដី​ព្រៃ​ហ្នឹង ហើយ​អាជ្ញាធរ​ហ្នឹង​ស៊ីញេ​ឱ្យ​លក់​ទៀត​ដី​ហ្នឹង»

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា អះអាង​ថា មន្ត្រី​ពាក់ព័ន្ធ កំពុង​ប្រឹងប្រែង​ចុះ​ទប់ស្កាត់ ការ​កាប់​រុក​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ជា​រៀងរាល់ថ្ងៃ ហើយ​កាលពី​សប្ដាហ៍ បាន​រុះរើ​លំនៅឋាន​ពលរដ្ឋ​មួយ​ចំនួន ដែល​សង់​លើ​ដី​អភិរក្ស​ខុស​ច្បាប់​។ ចំពោះ​សំណួរ​តើ​រដ្ឋបាល​ខេត្ត​មាន​វិធានការ​បែប​ណា​ពាក់ព័ន្ធ​ករណី​អាជ្ញាធរ​ឃុំ​ខ្លះ បាន​ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី​ក្នុង​តំបន់​ព្រៃស្រោង​របស់​រដ្ឋ និង​ព្រៃ​អភិរក្ស អ្នកនាំពាក្យ​រូប​នេះ​ឆ្លើយ​ថា អាជ្ញាធរ​មិនទាន់​ទទួល​ដំណឹង​នេះ​ទេ ហើយ​លោក​នឹង​ស្រាវជ្រាវ​រឿង​នេះ ក្រោយពី​ទទួល​ព័ត៌មាន​នេះ៖ «ឯកឧត្ដម​អភិបាលខេត្ត​លោក​ប្រជុំ​ជា​រៀង​រហូត ផែនការ​ហ្នឹង​រឹត​បន្តឹង​រហូត កន្លះ​ខែ​ប្រជុំ​ម្ដង ជួន​កាល​មួយ​ខែ​ប្រជុំ​ម្ដង ជាមួយ​ក្រុម​ការងារ​​បង្ក្រាប​​បទ​ល្មើស​​ធនធាន​​ធម្មជាតិ ក៏​ដូច​ជា គណៈ​​បញ្ជាការ​​ឯកភាព គឺ​​ដាក់​​បទ​បញ្ជា​​រហូត យើង​​កំពុង​​បន្ត​​ធ្វើ​ជា​​រៀង​រាល់​ថ្ងៃ។ យើង​​មិន​​បន្ធូរ​​ដៃ​​ទេ»

សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ទទូច​ឱ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួង​បរិស្ថាន​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ភូមិបាល និង​ច្បាប់​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ នៅតែ​ជិះ​សេះ​លែងដៃ ឃុបឃិត​ធ្វើ​ពាក្យ​ស្នើសុំ​កាន់កាប់​ដីធ្លី លើ​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​ព្រៃ​ស្រោង ជា​អំពើ​ខុសច្បាប់​៖ «ស្នើសុំ​ពង្រឹង​ផ្នែក​រដ្ឋបាល​អាជ្ញាធរ​មូលដ្ឋាន ដែល​គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ​ឱ្យ​ពង្រឹង ឱ្យ​ខ្លាំង​ឡើងវិញ​ កុំ​ឱ្យ​ធ្វេសប្រហែស​ដូច​កន្លងមក តាំង​ពី​​ឆ្នាំ២០០១ រហូត​បច្ចុប្បន្ន​មានការ​លក់​ដី​ស៊ី​ត្រួត​គ្នា មានន័យថា អ្នក​ស៊ីញេ​ដី ដូចជា​ មេភូមិ និង​មេឃុំ​ស៊ីញេ មិន​ដឹង​ថា ដី​នៅ​កន្លែង​ណា​។ អាហ្នឹង​ហើយ​ខ្ញុំ​សំណូមពរ​ឱ្យ​ពង្រឹង​ផ្នែក​ច្បាប់​ឱ្យ​ស៊ីជម្រៅ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី យល់ថា ក្តី​បារម្ភ​របស់​សហគមន៍​គឺជា​រឿង​ត្រឹមត្រូវ នៅ​គ្រា​ដែល​សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​អ្នកភូមិ​ជាច្រើន​ករណី​នេះ​ដែរ​ពាក់​ព័ន្ធ អាជ្ញាធរ​ឃុបឃិត​លក់​ដី​ព្រៃ​សហគមន៍ និង​ព្រៃ​សាធារណៈ​របស់​ខុសច្បាប់​ឱ្យ​ឈ្មួញ។ លោក​សង្កេត​ឃើញ​ថា សន្ទុះ​ដី​ឡើងថ្លៃ សកម្មភាព​រុករាន​ទន្ទ្រាន​ព្រៃ ក៏​កើតមាន​ច្រើន​ដែរ រីឯ​ការអនុវត្ត​ច្បាប់​នៅ​មាន​កម្រិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល