មន្ត្រីប៉ូលិសម្នាក់ និងមន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួន ក្នុងបទចោទរួមគំនិតប្រមូលផលព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាម។ នេះ គឺជាលទ្ធផលស៊ើបអង្កេតបឋមរបស់អាជ្ញាធរខេត្ត ទាក់ទិនបទល្មើសកាប់ឈើនៅតំបន់សព្រំដែនស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ បន្ទាប់ពីមន្ត្រីអយ្យការបានកោះហៅមន្ត្រីទាំងពីរនាក់មកសាកសួរ ក្នុងបទសង្ស័យរួមគំនិតប្រព្រឹត្តបទល្មើសកាប់ឈើពីដីខ្មែរ ដឹកជញ្ជូនទៅប្រទេសវៀតណាម ខុសច្បាប់។
មន្ត្រីទាំងពីរនាក់ គឺនាយនគរបាលប៉ុស្តិ៍រដ្ឋបាលភូមិឡំ លោក ពូយ ច្រូក និងប្រធានយោធាប៉ុស្តិ៍ការពារព្រំដែនភូមិភិ លោក រចំ អែម។
ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក ម៉ម វណ្ណដា មានប្រសាសន៍បញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ត្រូវចោទប្រកាន់ពីបទរួមគំនិតប្រមូលផលអនុផលព្រៃឈើខុសច្បាប់។ ហេតុនេះ សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ។ លោកបន្តថា ជនជាប់ចោទត្រូវឃុំខ្លួនជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៅព្រឹកថ្ងៃទី២៦ ខែធ្នូ៖ «យើងសាកសួរហើយ យើងកំពុងឃាត់នៅប៉េអិម ហើយយើងកំពុងរៀបចំឯកសារដើម្បីចោទប្រកាន់គាត់។ ករណីផ្សំគំនិតក្នុងសកម្មភាពប្រមូលផលព្រៃឈើ»។
កាលពីថ្ងៃទី១៧ ខែធ្នូ អ្នកភូមិរស់នៅជិតតំបន់ព្រំដែនប្រទេសវៀតណាម ក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ អះអាងថា ឈើមូលរាប់រយដើម ត្រូវគេកាប់នៅតំបន់ជាប់ព្រំដែនប្រទេសវៀតណាម ក្នុងខេត្តរតនគិរី។ សកម្មភាពកាប់ឈើនេះ ធ្វើឡើងដោយពលរដ្ឋវៀតណាម និងសង្ស័យមានមន្ត្រីប៉ូលិសការពារព្រំដែននៅតំបន់នោះពាក់ព័ន្ធឃុបឃិត។ ឈើដែលគេកាប់នៅតំបន់នោះ ជាប្រភេទឈើមូលលេខ១ ត្រូវគេអារជាឈើជ្រុងកាត់ជាកង់ ហើយដឹកជញ្ជូនដោយរថយន្តចូលទៅទឹកដីវៀតណាម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីប៉ូលិស និងយោធាទាំងពីរនាក់ សុំអធិប្បាយជុំវិញការចោទប្រកាន់បានទេ។
ក៏ប៉ុន្តែ អភិបាលរងខេត្តរតនគិរី លោក លី វិន អះអាងថា ការឃាត់ខ្លួនមន្ត្រីទាំងពីរនាក់ ធ្វើឡើងស្របតាមលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងយោធា។ លោកបន្តថា តុលាការនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀត ទាក់ទិនការចោទប្រកាន់មន្ត្រីទាំងពីរនាក់នេះ៖ «បទល្មើសយើងធ្វើតាមសហលក្ខន្តិកៈ ដូចលោកសង្ឃអ៊ីចឹង យើងចាប់ផ្សឹក»។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកលទ្ធផលស៊ើបអង្កេតរបស់អាជ្ញាធរខេត្តរតនគិរី ពាក់ព័ន្ធបទល្មើសព្រៃឈើឆ្លងដែននេះ ថាជាជំហានវិជ្ជមានមួយ ដើម្បីកាត់បន្ថយសកម្មភាពពលរដ្ឋវៀតណាម លួចកាប់ឈើក្នុងដីខ្មែរ។ លោកកត់សម្គាល់ថា កន្លងទៅនេះពលរដ្ឋវៀតណាម ជាក្រុមៗ បានប្រើប្រាស់ម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិ និងរថយន្តចូលមកអាររំលំឈើ ហើយដឹកជញ្ជូនចូលទៅប្រទេសវៀតណាម។ ចំណែកប្រជាពលរដ្ឋជនជាតិដើមភាគតិចខ្មែររស់នៅតំបន់នោះ បានចាប់ឃាត់ខ្លួនពលរដ្ឋវៀតណាម ចូលមកកាប់ឈើ និងវត្ថុតាងមានរថយន្ត ត្រាក់ទ័រ ម៉ូតូ និងម៉ាស៊ីនកាត់ឈើច្រើនករណី ក៏ប៉ុន្តែមួយចំណែកធំនៃការបង្ក្រាបបទល្មើសព្រៃឈើរបស់សហគមន៍ ត្រូវបានមន្ត្រី និងសមត្ថកិច្ចនៅតំបន់នោះសម្របសម្រួលដោះលែង ក្នុងហេតុផលសហប្រតិបត្តិការមិត្តភាពខេត្តជាប់គ្នា៖ «ការបង្ក្រាប និងចាត់វិធានការផ្លូវច្បាប់នេះ ប៉ះពាល់ដល់មន្ត្រីមួយចំនួនពិតមែន តែជាដំណើរការល្អក្នុងការអនុវត្តច្បាប់របស់តុលាការខេត្តរតនគិរី»។
កាលពីខែវិច្ឆិកា សមត្ថកិច្ចខេត្តរតនគិរី ចាប់បានពលរដ្ឋវៀតណាម ៦នាក់ ពីបទឆ្លងដែនកាប់ឈើក្នុងដីខ្មែរ។ ពលរដ្ឋវៀតណាម ទាំង ៦នាក់ ត្រូវបានចោទប្រកាន់តាមផ្លូវតុលាការ និងត្រូវឃុំខ្លួននៅពន្ធនាគារខេត្ត។ ដោយឡែកនៅឯឃុំញ៉ាង ស្រុកអណ្ដូងមាស កាលពីថ្ងៃទី២១ ខែធ្នូ ក្រុមល្បាតសហគមន៍ ១៥នាក់ បានព័ទ្ធចាប់ជនជាតិវៀតណាម ពីរនាក់ ខណៈពួកគេកំពុងលួចអាររំលំឈើក្នុងដីខ្មែរ ចំណុចភូមិតាំងលោម ក៏ប៉ុន្តែជនជាតិវៀតណាម ទាំងនោះបានរត់រួច រីឯសហគមន៍រឹបអូសបានម៉ាស៊ីនកាត់ឈើមួយគ្រឿង និងឧបករណ៍ប្រព្រឹត្តបទល្មើសមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។