ប្រជា​នេសាទ​នៅ​ខេត្ត​បាត់ដំបង​ចោទ​​​​អាជ្ញាធរ​ថា​ ឃុបឃិត​គ្នា​ពុក​រលួយ​ឲ្យ​ជន​ជាតិ​វៀតណាម​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​បឹង​ទន្លេ​សាប

0:00 / 0:00

ប្រជា​នេសាទ​នៅ​តំបន់​ទន្លេសាប​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ថា​ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដើម្បី​ជា​ថ្នូរ​បើក​ឲ្យ​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​ខុស​ច្បាប់​ដោយ​សេរី។ ពលរដ្ឋ​អះអាង​ថា ការ​ធ្វើ​នេសាទ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពួកគាត់​នៅ​តំបន់​នោះ ដោយសារ​​​​ពិបាក​ក្នុង​ការ​នេសាទ។

ពលរដ្ឋ​រស់​នៅ​ស្រុក​ឯក​ភ្នំ ដែល​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​បឹង​ទន្លេ​សាប​ជា​ប្រចាំ លើក​ឡើង​ថា ជនជាតិ​វៀតណាម​តែង​តែ​បើក​កាណូត​អូស​ផ្ដាច់​មង​និង​ឧបករណ៍​នេសាទ​របស់​ពួកគាត់។ ប្រជា​នេសាទ​នៅ​ភូមិ​ក្បាល​តោល​ឃុំ​កោះជីវាំង​ស្រុក​ឯកភ្នំ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ​ថា ​ទូក​នេសាទ​ជនជាតិ​វៀតណាម​ប្រមាណ ២០​គ្រឿង ដោយ​បែង​មួយ​ក្រុម ២គ្រឿង​ធ្វើ​នេសាទ​ដោយ​ប្រើ​យ៉ាង​កាវ ឬ​ហៅ​អូស​អួន​ក្រឡា​ញឹក ហើយ​​មាន​ដាក់​ជើង​ច្រវាក់​ដែក​ឆក់​ ដែល​មាន​បណ្ដោយ​ប្រមាណ​៨០​ម៉ែត្រ និង​ទទឹង​​ប្រហែល​៧ម៉ែត្រ បាន​ធ្វើ​នេសាទ​នៅ​បឹងទន្លេសាប​ក្នុង​ភូមិ​ក្បាល​តោល ហើយ​គ្មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នោះ​ទេ។ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​បាន​ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​​យក​ប្រាក់​ពី​អ្នក​នេសាទ​ក្នុង​ទូក​មួយ ចន្លោះ​ពី​១០ ទៅ ២០លាន​រៀល (២០.០០០.០០០៛)ដើម្បី​ជា​ថ្នូរ​បាន​ធ្វើ​នេសាទ​ខុសច្បាប់៖ «ហើយ​នៅ​ក្នុង​មូលដ្ឋាន​ក៏​គេ​មិន​ជួយ​ពលរដ្ឋ​ដែរ​ ចង់​អ្នក​ណា​ធ្វើ​អី​ក៏​គេ​យក​អី​យក​ទៅ​ គឺ​យ៉ាប់​ខ្លាំង​ណាស់​ចំពោះ​ពលរដ្ឋ​ក្រីក្រ​ ខ្ញុំ​ចង់​និយាយ​ថា​ដូច​គេ​បាន​រៀប​គ្នា​ជា​ប្រព័ន្ធ​ទៅ​ហើយ​។ព្រោះ​អី​កន្លង​មក​លឺ​តែ​អាជ្ញាធរ​ចុះ​មក​បង្ក្រាប​តែ​បាន​ជោគជ័យ​សោះ។ខ្ញុំ​សំណូមពរ​ឲ្យ​ជួយ​ទប់ស្កាត់​ជន​អន្តោប្រវេសន្ត​កុំ​ឲ្យ​បំផ្លាញ​មច្ឆាជាតិ​នៅ​បឹងទន្លេសាប »

អ្នក​ស្រី​បន្ត​ថា ទូក​នេសាទ​វៀតណាម​ក្នុង​មួយ​ក្រុម​អាច​រក​ចំណូល​ពី​របប​នេសាទ​បាន​ប្រហែល ១៥លាន​រៀល (១៥.០០០.០០០៛) ក្នុង​មួយ​ថ្ងៃ ព្រោះ​ពួកគេ​មាន​សិទ្ធិ​ធ្វើ​នេសាទ​បាន​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយ​កន្លែង​ខ្លះ​មាន​សមត្ថកិច្ច​យាម​ការពារ​ទៀត​ផង។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​ឯកភ្នំ លោក ម៉ិល សុផល មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា​អាជ្ញាធរ​ស្រុក​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​កាក់​ពី​អ្នក​នេសាទ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​អះអាង​ទៀត​ថា កន្លង​មក​អាជ្ញាធរ​បាន​ចុះ​ទៅ​បង្ក្រាប​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​ជា​ញឹក​ញាប់​ដែរ ដោយ​​ទើប​តែ​អាក់​ខាន​ប្រហែល​ ២សប្ដាហ៍​កន្លង​ទៅ​ប៉ុណ្ណោះ៖ «អ៊ី ចឹង​មិន​អី​ទេ​ចាំ​មើល​ខ្ញុំ​ចាត់​វិធាន​ការ​ ព្រោះ​ប្រហែល​ជាង​មួយ​អាទិត្យ​នេះ​ខ្ញុំ​រវល់​ខ្លាំង​ កន្លង​មក​ខ្ញុំ​មាន​វិធានការ​បាន​មួយ​ចំនួន​ធំ​ហើយ​ ដូច្នេះ​បើ​សិន​នៅ​តែ​មាន​ទៀត​ខ្ញុំ​នឹង​ចាត់វិធានការ​បន្ត​ទៀត​។សុំ​ឲ្យ​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ពី​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​នេះ​មក​ខ្ញុំ​ឲ្យ​ច្បាស់​លាស​មក​ខ្ញុំ​នឹង​ចុះ​ទៅ​មើល »

ទោះ​ជា​យ៉ាង​នេះ​ក្ដី​តំណាង​ប្រជា​នេសាទ​ប្រចាំ​ខេត្ត​បាត់ដំបង​លោក ហ៊ុត ហាន អះអាង​ថា រឿង​នេះ​បើ​ប្រសិន​មិន​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ ជនជាតិ​វៀតណាម​ទាំង​នោះ​មិន​អាច​ធ្វើ​នេសាទ​បាន​ឡើយ​ ព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​បាន​ប្ដឹង​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ទៅ​លើ​ពួកគេ​ជា​ច្រើន​លើក​ហើយ ប៉ុន្តែ​​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ​ ហើយ​ជនជាតិ​វៀតណាម​​អាច​ធ្វើ​នេសាទ​រហូត​មក​ទល់​សព្វ​ថ្ងៃ៖ «ខ្ញុំ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ឡើង​វិញ​មក​កុំ​ឲ្យ​យក​ច្បាប់​ទៅ​ចោល​ ព្រោះ​ការ​ប្រើ​យ៉ាង​កាវ​វា​ខុស​ច្បាប់​ហើយ​ ហេតុ​អី​បាន​ចេះ​តែ​ឲ្យ​គេ​ប្រើប្រាស់​តាម​អំពើ​ចិត្ត​ដូច្នេះ​ ? ហើយ​អាជ្ញាធរ​គួរ​តែ​មាន​វិធានការ​ចាប់​ឬ​ក៏​ផ្ដន្ទាទោស​អ្នក​ដែល​ប្រព្រឹត្ត​នោះ​ទៅ​។ ហើយ​សមត្ថកិច្ច​ខ្លួន​ឯង​កុំ​ទៅ​យក​តែ​លុយ​ដាក់​ហោប៉ៅ​ហើយ​អាណា​ធ្វើ​អី​បំផ្លាញ​ធនធាន​ធម្មជាតិ​តាម​តែ​អំពើ​ចិត្ត​យ៉ាង​នេះ​អត់​កើត​ទេ »

លោ​ក​បន្ត​ថា រឿង​នេះ​ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ ហើយ​នៅតែ​បណ្ដែតបណ្ដោយ​ឱ្យ​ការ​ធ្វើ​នេសាទ​ខុសច្បាប់​ដូច​សព្វថ្ងៃ​ទៀត គឺ​ត្រី​ទាំង​តូច​ធំ នៅ​តំបន់​បឹង​ទន្លេសាប​នឹង​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក​ព្រួយបារម្ភ​ថា នៅ​ពេល​ដែល​អស់​ត្រី នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត​បាត់ដំបង ហើយ​​ពួកគាត់​នឹង​ត្រូវ​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ព្រោះ​ពលរដ្ឋ​​ទាំង​នោះ​ពឹងផ្អែក​ទាំងស្រុង ទៅលើ​របប​នេសាទ​ត្រី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។