ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​ថា​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ទៅ​វៀតណាម​កើត​មាន​ច្រើន

ដោយ មាន ឫទ្ធិ
2017-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដើម​ឈើ​ដែល​គេ​លួច​កាប់​នៅ​ក្នុង​ដែន​ព្រៃ​បម្រុង​អចិន្ត្រៃយ៍​របស់​រដ្ឋ នា​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ រូបថត​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧
ដើម​ឈើ​ដែល​គេ​លួច​កាប់​នៅ​ក្នុង​ដែន​ព្រៃ​បម្រុង​អចិន្ត្រៃយ៍​របស់​រដ្ឋ នា​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។ រូបថត​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧
Photo: ADHOC

សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ដាក់ដាំ និង​ច្រក​របៀង កើត​មាន​ពេញបន្ទុក​នៅ​រយៈពេល ១​ខែ​ចុង​ក្រោយ​នេះ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​បារម្ភ​ថា ឈើ​មូល​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​នេះ​នឹង​វិនាស ប្រសិនបើ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់។

​សហគមន៍​ការពារ​ព្រៃឈើ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី អះអាង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា បទល្មើស​ព្រៃឈើ​ជា​ក្រុម​តូចៗ​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិក​សហគមន៍​ក្នុង​ភូមិ និង​ក្បែរ​តំបន់​ព្រៃឈើ​កាន់​តែ​រីក​ច្រើន​ឡើង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​មណ្ឌលគិរី។ ការ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ជា​ក្រុមៗ​នេះ ធ្វើ​ឲ្យ​ឈើ​មូល​មាន​តម្លៃ​ត្រូវ​គេ​អារ​រំលំ ហើយ​អារ​ច្រៀក​ជា​ឈើ​ជ្រុង​នាំ​ចេញ​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម រាល់​ថ្ងៃ​ពុំ​សូវ​មាន​ការ​ទប់ស្កាត់។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រស់​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ការ​លួច​កាប់​ព្រៃ​ក៏​មាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ក្នុង​ភូមិ​លួច​ចូល​ព្រៃ​ជា​ក្រុម មាន​គ្នា ៣​ទៅ ៥​នាក់ ប្រើ​ម៉ាស៊ីន​កាត់​ឈើ និង​មធ្យោបាយ​ដឹកជញ្ជូន​ដោយ​ម៉ូតូ សម្រាប់​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​យក​លក់​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទិញ​នៅ​មូលដ្ឋាន​ដោយ​ដឹក​តាម​រថយន្ត​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ជាប់​ព្រំដែន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

លោក​ថា អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ខ្លះ បាន​ចាប់​យក​របរ​កាប់​ឈើ​លក់​ជា​អាជីព​ចិញ្ចឹម​ជីវិត បោះបង់​របរ​ស្រែចម្ការ​លក្ខណៈ​ប្រពៃណី៖ «ខ្ញុំ​ឃើញ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​មួយ​យប់​មួយ​ពី ១០​ឡាន​ទៅ ២០​ឡាន ច្រក​ដាក់ដាំ។ ច្រក​អន្តរជាតិ​ផង និង​ច្រក​របៀង​ផង។ អាជ្ញាធរ​ខ្មែរ​ខ្លះ​យាម​តាម​ផ្លូវ​កាក់​យក​លុយ»

​នៅ​តាម​បណ្ដា​សហគមន៍​ផ្សេង​ទៀត​ស្រុក​អូររាំង ស្រុក​ពេជ្រាដា កែវសីមា  ស្រុក​កោះញែក និង​ក្រុង​សែនមនោរម្យ ជំនួញ​ឈើ​ដឹក​តាម​ម៉ូតូ​កើត​មាន​រៀងរាល់​ថ្ងៃ។ តាម​ការ​ប៉ាន់​ស្មាន ក្នុង​មួយ​ថ្ងៃ​ម៉ូតូ​មួយ​គ្រឿង​អាច​ដឹក​ជញ្ជូន​ឈើ​ជិត​កន្លះ​ម៉ែត្រ​គូប ឬ​លើស​នេះ រី​ឯ​ក្នុង​មួយ​ស្រុកៗ​យ៉ាង​ហោច​ណាស់​មាន​ក្រុម​ម៉ូតូ​ប្រហែល ១០​គ្រឿង បាន​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ភាគ​ច្រើន​នៅ​វេលា​យប់។

​ទោះជា​យ៉ាង​ណា មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ឲ្យ​ដឹង​ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិន​សូវ​អើពើ​ការពារ​ព្រៃឈើ​នោះ​ទេ បង្ក​ឲ្យ​ឈ្មួញ​រក​ស៊ី​ឈើ​មាន​ឱកាស​រកស៊ី​ឈើ​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​កើត​ឡើង​បែប​អនាធិបតេយ្យ ដោយសារ​មន្ត្រី​ជំនាញ​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់៖ «មាន​បទល្មើស​ព្រៃឈើ​កើត​ឡើង​នៅ​មណ្ឌលគិរី គឺ​ដោយសារ​តែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ ដែល​ជា​ភ្នាក់ងារ​ការពារ និង​អភិរក្ស​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​អី​ហ្នឹង​នៅ​មាន​កម្រិត និង​ខ្វះខាត»

​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​លុប​បំបាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ក្នុង​បំណង​រក្សា​សំឡេង​ឆ្នោត​របស់​បក្ស​កាន់​អំណាច បន្ទាប់ពី​រដ្ឋាភិបាល​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​ជោគជ័យ។  ប៉ុន្តែ​ដូច​ពេល​មុនៗ​ដែរ សម្ដី​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដូច​ចាក់​ទឹក​លើ​ក្បាល​ទា នៅ​ពេល​លោក​បញ្ជា​អោយ​មន្ត្រី​ថ្នាក់ក្រោម​ទប់​ស្កាត់​ការពារ​ព្រៃ ពោល​គឺ​ព្រៃឈើ​នៅតែ​ត្រូវ​កាប់​រំលំ​កាន់​តែ​ច្រើន​ឡើង។ ផ្ទុយគ្នា​ពី​បញ្ជា​របស់​លោក ហ៊ុន សែន អោយ​ចាប់ និង​បង្ក្រាប​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល គឺ​ថា​មន្ត្រី​ថ្នក់​ក្រោម​ទទួល​បញ្ជា និង​អនុវត្ត​បាន​លឿន​ណាស់។

​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី សង្កត់ធ្ងន់​ថា ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ធូរ​លុង​នៅ​ឡើយ ហើយ​មន្ត្រី​រដ្ឋាភិបាល​នៅតែ​ទទួល​ផល​ប្រយោជន៍​ពី​ឈ្មួញ​ឈើ​ដដែលៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល