សហគមន៍​ព្រៃ​ឡង់​ខកចិត្ត​ចំពោះ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខេត្ត​កំពង់ធំ

ដោយ ទីន ហ្សាការីយ៉ា
2017-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ចុះ​ល្បាត​ព្រៃ​សហគមន៍​ក្បាលខ្លា ប្រទះ​ឃើញ​ការ​កាប់​ឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧
បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ចុះ​ល្បាត​ព្រៃ​សហគមន៍​ក្បាលខ្លា ប្រទះ​ឃើញ​ការ​កាប់​ឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧
Photo: RFA

សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ ចាត់​ទុក​ថា មន្ត្រី​ឧទ្យានុរក្ស​ស្នាក់​ការ​អូរងាវ ស្រុក​សណ្ដាន់ មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព និង​បាន​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​បទល្មើស​ព្រៃឈើ​រួចខ្លួន។ បញ្ហា​នេះ​កើតឡើង​នៅ​ក្នុង​ពេល​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ ចុះ​ល្បាត​ព្រៃ​រយៈពេល​៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ។

សហគមន៍​ការពារ​ព្រៃឡង់ ក្នុង​ខេត្ត​កំពង់ធំ ខកចិត្ត​ចំពោះ​វិធានការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​មន្ត្រី​ឧទ្យានុរក្ស​នៃ​ខេត្ត​នេះ។

អ្នក​សម្របសម្រួល​បណ្ដា​ញ​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ថា បណ្ដាញ​សហគមន៍​ជាង​១០​នាក់ ពី​ឃុំ​សណ្ដាន់ ឃុំ​មានរិទ្ធ ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ បាន​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​មកពី​ក្រសួងបរិស្ថាន និង​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ ចុះ​ល្បាត​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ជម្រក​សត្វព្រៃ​រយៈពេល​៣​ថ្ងៃ។ សកម្មភាព​ល្បាត​នេះ សហគមន៍​បាន​រក​ឃើញ​ម៉ាស៊ីន​រណា​យន្ត​២​គ្រឿង អាវុធ​កែច្នៃ​១​ដើម គ្រាប់កាំភ្លើង​ម៉ាក​អាកា (AK) ៥​គ្រាប់ នៅ​នឹង​រោង​អារឈើ ឈើ​កកោះ និង​ឈើ​ផ្សេងទៀត ប្រហែល​៥​ម៉ែត្រគុប។ ប៉ុន្តែ អ្វី​ដែល​សហគមន៍​ខកចិត្ត​បំផុត​នោះ​គឺ​ម្ចាស់​គោយន្ត​ម្នាក់​មាន​ទាំង​រណា​យន្ត​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ឈើ​ក្បែរ​តំបន់​ក្រុមហ៊ុន​វៀតណាម ស៊ីអស៊ីខេ (CRCK) ស្ថិត​នៅ​ក្នុង​ឃុំ​ដងកាំបិត នោះ​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់​ការ​អូរងាវ ដោះលែង​ទៅវិញ​ដោយ​សុវត្ថិភាព ក្រោម​ហេតុផល​ថា ការ​កាប់​ឈើ​នេះ​មាន​ច្បាប់។ លោក ហឿន សុភាព យល់ថា ការ​ធ្វើ​ដូច្នេះ​គឺជា​ការអនុវត្ត​ច្បាប់​ដែល​គ្មាន​ប្រសិទ្ធភាព និង​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បានទេ៖ «កម្លាំង​តិច​ពេក​យើង​សុំ​កម្លាំង​ស្នាក់​ការ​អូរងាវ ទៅ​ជួយ​ព្រោះ​មនុស្ស​ធ្វើ​សកម្មភាព​អត់​សូវ​ល្អ​រៀង​គំរាមកំហែង​ដល់​ក្រុម​ពួក​ខ្ញុំ។ ប៉ុន្តែ​រឿង​គួរ​ឲ្យ​ហួសចិត្ត​នៅ​ពេល​ដែល​យើង​ហៅ​មន្ត្រី​ឧទ្យានុរក្ស​គេ​បែរ​ទៅជា​ដោះលែង​គោយន្ត​ឲ្យ​រួចខ្លួន​ទៅវិញ ដោយ​គេ​យក​លេស​ថា​គោយន្ត​នោះ​មាន​ច្បាប់ ក្រុម​ពួក​ខ្ញុំ​បាន​សុំច្បាប់​មើល​គេ​អត់​ឲ្យ​មើល​ទេ យើង​ប្រុង​រៀបចំ​បញ្ជូន​ស្រាប់តែ​មន្ត្រី​ឧទ្យានុរក្ស​គេ​និយាយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ប្រធាន​មន្ត្រី​អី​យ៉ាងម៉េច​ទេ ក៏​គេ​ដោះលែង​បាត់​ទៅ។ ខ្ញុំ​គិត​ថា​យើង​នៅតែ​ចុះបើ​យើង​អត់​ចុះ​ទេ យើង​បណ្ដោយ​ឲ្យ​ក្រសួងបរិស្ថាន​ធ្វើ​តែឯង​ខ្ញុំ​គិត​ថា មិន​សល់​ទេ​ព្រៃឈើ បើ​ការអនុវត្ត​ច្បាប់​អត់​មាន​ប្រសិទ្ធភាព​ដូច​យើង​ឃើញ​ជាក់ស្ដែង​ហើយ»

ទាក់ទង​រឿង​នេះ​ដែរ ក្រុម​ស្នូល​នៃ​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ ភូមិ​ស្រែវាល ឃុំ​ដងកាំបិត ខេត្ត​កំពង់ធំ លោក សុខ ប្លោក ចាត់​ទុក​ថា ទង្វើ​និង​ភាព​មិន​ច្បាស់លាស់​របស់​មន្ត្រី​ឧទ្យានុរក្ស​គឺជា​ការ​បោកប្រាស់​សហគមន៍​ទាំងស្រុង និង​ទំនង​ជា​មាន​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ដោះលែង​ជនសង្ស័យ​ដោយ​ងាយៗ​បែបនេះ៖ «ខំ​ចាប់​គោយន្ត​ដាក់​ឈើ​លើ​នោះ​ស្រាប់​បណ្ដើរ ៣​គីឡូ​ដី​ចេញពី​ក្នុង​ព្រៃ។ ប៉ុន្តែ​អ្វី​ដែល​ពួក​ខ្ញុំ​មិន​អស់ចិត្ត​គឺ​ពួក​ខ្ញុំ​អត់​ឃើញ​ច្បាប់ បើ​ឃើញ​ក៏​ពួក​ខ្ញុំ​មិន​ថា​អី​ដែរ ព្រោះ​យើង​ធ្វើ​រាល់ថ្ងៃ​ក៏​យើង​មិន​អត្តនោម័តិ​អី​ដែរ យើង​រក្សាទុក​ដើម្បី​ធ្វើ​ផ្ទះ​ធ្វើ​សម្បែង​អី​ខ្លះៗ​ដែរ​។ ប៉ុន្តែ​នេះ​ហាក់បីដូចជា​បោកប្រាស់​ក្រុម​បណ្ដាញ​ព្រៃឡង់​ទាំងស្រុង។ គាត់​ថា ប្រធាន​មន្ត្រី​បរិស្ថាន​លោក តុប កក្កដា អ្នក​បញ្ជា​ឲ្យ​ដោះលែង​គាត់​ថា ឈើ​ហ្នឹង​គេ​មាន​ច្បាប់ ប៉ុន្តែ​មិនទាន់​យក​មក​ដល់​ទេ​ចាំ​យក​មក​តាម​ក្រោយ។ ប្រហែល​ជា​បរិស្ថាន ប្រធាន​ក្រុម​អូរងាវ ទាំង​ប្រធាន​មន្ទីរ ប្រហែលជា​អាច​ពាក់ព័ន្ធ​នឹង​រឿង​លុយកាក់​ជាមួយ​ច្បាស់​បទល្មើស​ហ្នឹង​ព្រោះ​ដោះលែង​ស្រួល​ពេក»

ជុំវិញ​ការ​ការពារ​ព្រៃឈើ​នេះ កាលពី​ចុង​ខែ​វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន​រៀបចំ​វេទិកា​ស្ដីពី​ការចូលរួម​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ។

វេទិកា​នេះ​មាន​គោលបំណង ដើម្បី​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី សំដៅ​ពង្រឹង​ការគ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា សហគមន៍។

ប៉ុន្តែ សហគមន៍​ការពារ​ព្រៃឡង់ ក៏​ត្អូញត្អែរ​ដែរ​ថា ថ្មីៗ​នេះ​អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ពួកគាត់​ត្រូវ​ដាក់​លិខិតស្នើ​សុំ​ជា​សិន មុននឹង​ចុះ​ល្បាត​ព្រៃ​ឡង់។ ការ​តម្រូវ​នេះ​ពួកគេ​យល់ថា ជា​ការ​រឹត​បណ្ដឹង​ចំពោះ​សកម្មភាព​ការងារ​ការពារ​ធនធាន​ធម្មជាតិ​របស់​សហគមន៍ និង​ជា​ការ​រំលោភ​សិទ្ធិ​សហគមន៍ គឺ​ផ្ទុយ​ពី​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន ដែល​តែងតែ​លើកទឹកចិត្ត​ឲ្យ​សហគមន៍​ចូលរួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល