សកម្មជនការពារសង្គម និងបរិស្ថានរកឃើញថា សកម្មភាពទន្ទ្រានព្រៃឈើនៅតំបន់ព្រៃឡង់ និងព្រៃសហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តស្ទឹងត្រែង នៅតែកើតមានដោយពុំមានការទប់ស្កាត់ពីអាជ្ញាធររដ្ឋាភិបាលឡើយ។ បញ្ហានេះ ពួកគេចាត់ទុកថា អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែង ហាក់មិនអើពើអនុវត្តបទបញ្ជាប្រមុខរដ្ឋាភិបាលនោះទេ នឹងនាំឲ្យពលរដ្ឋអស់ជំនឿលើប្រសាសន៍ប្រមុខរដ្ឋាភិបាល ហើយជនជាតិដើមភាគតិចកួយ នៅតែរងគ្រោះពីការបាត់បង់ធនធានធម្មជាតិដដែល។
ការរកឃើញនេះ បន្ទាប់ពីក្រុមយុវជនការពារសង្គម និងបរិស្ថាន បានចុះពិនិត្យស្ថានភាពព្រៃឈើក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រយៈពេលមួយថ្ងៃកាលពីថ្ងៃទី៣០ សីហា ដើម្បីស៊ើបអង្កេតពីទិដ្ឋភាពព្រៃឈើ និងការយកចិត្តទុកដាក់អភិរក្សព្រៃឈើរបស់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ផ្អែកតាមប្រសាសន៍ប្រមុខរដ្ឋាភិបាល ដែលជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធចូលរួមសហការអភិរក្សព្រៃឈើឲ្យមានប្រសិទ្ធភាព។
តំណាងក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត សម្ដែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល បង្គាប់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិហាក់មិនបានអនុវត្តឲ្យមានប្រសិទ្ធភាព បង្កឲ្យមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតែកើតមាន។ លោកថា ក្រុមយុវជនប្រទះឃើញឈ្មួញសម្រុកកាប់រំលំដើមឈើធំៗ ដើម្បីយកដីប្រើប្រាស់ផ្ទាល់ខ្លួន និងធ្វើអាជីវកម្មនៅតំបន់ព្រៃឡង់ និងព្រៃសហគមន៍អន្លង់ក្រមួន អស់រាប់ពាន់ហិកតារ ពុំមានការទប់ស្កាត់ពីសមត្ថកិច្ច និងអាជ្ញាធររដ្ឋាភិបាលនោះទេ។ លោកបារម្ភថា ចលនាកាប់ទន្ទ្រាននឹងកាន់តែរីកធំឡើង បើស្ថាប័នជំនាញមិនចុះទប់ស្កាត់ឲ្យទាន់ពេលទេ៖ « គាត់មានប្រសាសន៍ហើយមិនបានអើពើតាមដានអ្វីដែលកំពុងកើតឡើងពីការកាប់បំផ្លាញព្រៃឈើទៀត។ ជនជាតិកួយ គាត់ខំការពារណាស់ តែអ្វីដែលគាត់ការពារ បែរជាត្រូវកាប់បំផ្លាញ និងមានការគំរាមកំហែង។ សូមរដ្ឋាភិបាលមេត្តាគិតគូរឡើងវិញ ព្រៃឈើរបស់ពួកគាត់ និងជីវភាពពួកគាត់ដែលនៅសេសសល់ »។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន់ ហាក់មិនអស់ចិត្តចំពោះអនុសាសន៍ប្រមុខរដ្ឋាភិបាល ដែលប្ដេជ្ញាអភិរក្សព្រៃឈើជាថ្មីនេះ គឺហាក់ពុំមានឥទ្ធិពលជាវិជ្ជមានដល់មន្ត្រីថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាពទេ។ លោកមានសង្ឃឹមតិចតួចណាស់ថា អាជ្ញាធរនឹងស៊ើបអង្កេតដោយត្រឹមត្រូវដើម្បីចាប់ជនល្មើសកាប់ទន្ទ្រានដីព្រៃអស់រាប់ពាន់ហិកតារ និងព្រៃសហគមន៍មកផ្ដន្ទាទោសតាមច្បាប់ បើទោះបីមានបទបញ្ជាប្រមុខរដ្ឋាភិបាលក្តី។
លោក ថាន់ វ៉ន់ ចាត់ទុកព្រៃឈើជាអាយុជីវិតរបស់ជនជាតិដើមភាគតិចកួយ តាំងពីដើមមក ដ្បិតការចិញ្ចឹមជីវិតជនជាតិដើមភាគតិចកួយ បានមកពីព្រៃឈើ ដូចជាដងជ័រទឹក រកឃ្មុំ ដាក់អន្ទាក់សត្វ បេះបន្លែផ្លែឈើ និងបោចវល្លិ ជាដើម។ លោករិះគន់អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើ ថាមិនបានយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើ និងអនុវត្តច្បាប់ព្រៃឈើឲ្យមានប្រសិទ្ធភាពទេ ថែមទាំងបណ្តោយឲ្យឈ្មួញកាប់ទន្ទ្រានតាមអំពើចិត្ត។ លោកអំពាវនាវឲ្យរដ្ឋាភិបាល ផ្តល់សិទ្ធិឲ្យជនជាតិដើមភាគតិចកួយ គ្រប់គ្រងដីព្រៃសហគមន៍ភូមិអន្លង់ក្រមួន ស្របច្បាប់ ខណៈក្រុមឈ្មួញកំពុងសម្រុកកាប់ដណ្ដើមគ្នាឥតឈប់ឈរ៖ « ព្រោះព្រៃឈើកន្លែងនេះវាដូច្នេះ កន្លែងព្រៃដែលគេកាប់ត្រូវកាប់ហើយមិនថាទេ ហើយព្រៃសហគមន៍គោលការណ៍ច្បាប់ដែលខំធ្វើទាំងអស់គ្នា ដើម្បីការពារ។ មើលទៅមេភូមិ មេឃុំរបស់ពួកខ្ញុំដូចមិនអើពើ។ ពីមុនថាវាហីទៅចុះ ! ឥឡូវសម្ដេចគាត់បើកភ្លើងខៀវហើយ មិនយកចិត្តទុកដាក់សម្ដេចផង »។
អភិបាលស្រុកថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ មិនធ្វើអធិប្បាយករណីនេះទេ នៅថ្ងៃទី៣១ សីហា ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
ចំណែកប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មានប្រសាសន៍ថា អាជ្ញាធរស្រុកគ្មានចេតនារារាំងរាល់ការស្នើសុំបង្កើតសហគមន៍ការពារព្រៃឈើរបស់ជនជាតិដើមភាគតិចទេ ប្រសិនបើការបង្កើតនោះមានលក្ខណៈត្រឹមត្រូវ និងមិនប៉ះពាល់ដល់ដីលំនៅឋានអ្នកភូមិ។ លោកថា អាជ្ញាធរស្រុកនឹងចុះស៊ើបអង្កេតបញ្ហានេះនៅពេលឆាប់ៗនេះ ហើយអាជ្ញាធរខេត្តក៏គ្រោងបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលទីតាំងដែលសហគមន៍ស្នើសុំប្រើប្រាស់ជាដីសមូហភាព៖ « អភិបាលស្រុកកំពុងចាត់វិធានការពិនិត្យឡើងវិញបញ្ហាមួយចំនួនហ្នឹង ដែលកន្លងមកមានបញ្ហាច្រើន »។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម រកឃើញថា ចាប់ពីឆ្នាំ២០១៦ មក ភាពអសកម្មរបស់សមត្ថកិច្ច និងអាជ្ញាធររដ្ឋាភិបាលមានពីរយ៉ាង គឺប៉ះពាល់ចំណូលសេដ្ឋកិច្ចដែលបានមកពីបទល្មើសព្រៃឈើ និងទី២ ពុំមានការប្ដេជ្ញាចិត្តពីក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធចំពោះការទប់ស្កាត់បទល្មើសព្រៃឈើត្រូវផ្ដន្ទាទោសតាមច្បាប់។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ប្រសិនបើការអនុវត្តច្បាប់ព្រៃឈើមិនបានពេញលេញនោះទេ មានន័យថានាយករដ្ឋមន្ត្រីគ្មានលទ្ធភាពទប់ស្កាត់បទល្មើសព្រៃឈើទេ។ លើសពីនេះ ប្រសិនបើការទប់ស្កាត់បទល្មើសព្រៃឈើក្រោមរូបភាពកេងចំណេញនយោបាយ គឺគ្មានប្រយោជន៍ទេ នៅគ្រាដែលអ្នកធ្វើកិច្ចការក្រោមម្លប់នយោបាយ ឬចំណេញនយោបាយ តែងតែបិទភ្នែកមិនអើពើចំពោះរឿងដែលត្រឹមត្រូវក្នុងការអភិរក្សព្រៃឈើ។ ព្រះតេជព្រះគុណស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើយ៉ាងណាសហការជាមួយក្រសួងបរិស្ថាន ពន្លឿនការចុះបញ្ជីដីព្រៃសហគមន៍ ដើម្បីផ្តល់ភាពងាយស្រួលដល់សហគមន៍អភិរក្សព្រៃឈើ៖ « នាយករដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរមូលដ្ឋាន មេត្តាបញ្ឈប់ជាបន្ទាន់ចំពោះការយាយី ឬការប៉ុនប៉ងសហគមន៍ដែលធ្វើការដើម្បីប្រយោជន៍ជាតិ នេះជាប្រសាសន៍នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ចម្រើនពរ។ ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅតែមិនស្តាប់នាយករដ្ឋមន្ត្រី អាត្មាគិតថានាយករដ្ឋមន្ត្រីគ្រាន់តែជាសត្វរងាវ »។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញឲ្យក្រសួងបរិស្ថាន ពន្លឿនសកម្មភាពការងាររបស់ខ្លួនទាក់ទិនការអភិរក្សព្រៃឈើ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យទាន់ពេលវេលា បើពុំដូច្នេះទេ បទល្មើសនឹងកាន់តែរីកធំឡើង៖ « ដូច្នេះអាត្មាសុំបិណ្ឌបាតទៅនាយករដ្ឋមន្ត្រី និងក្រសួងបរិស្ថាន ថាយើងមិនមែនធ្វើកិច្ចការដើម្បីសល់ព្រៃធនធានធម្មជាតិ ធនធានរបស់ជាតិក្នុងរូបភាពម្លប់នយោបាយ ឬក៏ក្រោមស្លាបនយោបាយទេ យើងធ្វើកិច្ចការនេះដោយស្មោះចំពោះប្រជាពលរដ្ឋ និងប្រជាជាតិ ទើបព្រៃឈើ និងធនធានធម្មជាតិរបស់ជាតិសល់ »។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ធ្លាប់ប្រាប់អាស៊ីសេរី ថា សកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើធ្វើទៅបាន ទាល់តែមានបទបញ្ជាពីនាយករដ្ឋមន្ត្រី ហើយកិច្ចសហការហាក់មិនបើកឱកាសឲ្យទូលំទូលាយ។ ចំណែកសកម្មភាពការងារមួយចំនួនរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ គឺធ្វើឡើងដូចជាភ្លើងចំបើង ឬបានតែមួយឆាវ៖ « ខ្ញុំមើលឃើញថា យន្តការរបស់សម្ដេចដែលបានចេញកន្លងមកហ្នឹង វាមានចំណុចល្អ ប៉ុន្តែសមត្ថភាពកម្រិតនៃការអនុវត្តច្បាប់ ឬក៏កម្រិតនៃការយល់ដឹងអ្វីផ្សេងៗរបស់មន្ត្រីថ្នាក់ក្រោមជាតិនៅមានកម្រិតនៅឡើយ។ ទាក់ទងទៅនឹងផែនការជាតិក៏ដោយ ឬមួយផែនការជាតិដែលបានលើកឡើងដោយមន្ត្រីជំនាញផ្សេងៗដែលដាក់ចុះផែនការអនុវត្តការសកម្មភាព គឺមិនអនុវត្តបានដោយសារខ្វះកញ្ចប់ថវិកាក៏មានដែរ »។
ជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិលរកឃើញថា ចលនាកាប់ទន្ទ្រានដីព្រៃមកប្រើប្រាស់ជាសម្បត្តិឯកជន និងធ្វើអាជីវកម្ម កំពុងកើតឡើងយ៉ាងអនាធិបតេយ្យអស់រាប់ពាន់ហិកតារនៅគ្រប់ស្រុកទាំង៥ នៃខេត្តស្ទឹងត្រែង ក្នុងនោះក៏មានការកាប់បំផ្លាញព្រៃសហគមន៍ជនជាតិដើមភាគតិច និងព្រៃការពារដែរ។
ប្រពៃណីចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិចកួយ ដូចជាបោចវល្លិ រកឃ្មុំ បរបាញ់សត្វ បេះបន្លែផ្លែឈើ និងដងជ័រ ជាដើម។ ប្រពៃណីនេះ គឺជាដង្ហើមនៃរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋជនជាតិដើមភាគតិចកួយ តាំងពីដើមមក។ ការថែរក្សាព្រៃឈើឲ្យគង់វង្ស គឺជាបំណងប្រាថ្នារបស់ជនជាតិដើមភាគតិច និងជាផ្នែកមួយជួយអភិរក្សបរិស្ថានធម្មជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
