សហគមន៍​នៅ​រតនគិរី​ចោទ​អាជ្ញាធរ​ថា​ឃុបឃិត​ជាមួយ​ជន​ខិលខូច​ឲ្យ​កាប់​ឈើ​មូល​ក្នុង​ព្រៃ

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ក្រេះ ឃុំ​ពយ ស្រុក​អូរជុំ ខេត្ត​រតនគិរី អះអាង​ថា ឈើ​មូល​ក្នុង​ព្រៃ​សហគមន៍ ត្រូវ​គេ​លួច​កាប់​ជា​បន្តបន្ទាប់។ អ្នក​ភូមិ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​ត្រូវរ៉ូវ​ជាមួយ​ជន​ខិល​ខូច ទើប​ពួក​គេ​អាច​ទៅ​អារ​រំលំ​ឈើ​ក្នុង​ព្រៃ​ដោយ​គ្មាន​ការ​បង្ក្រាប។

អ្នក​ភូមិ​ចោទ​ចំ​ឈ្មោះ​មេការ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ហ័ង អាញ់ មាន​ការដ្ឋាន​ចម្ការ​កៅស៊ូ​នៅ​ក្បែរ​ព្រៃ​សហគមន៍ ថា​ចូល​អារ​ឈើ​មូល​របស់​សហគមន៍ ហើយ​អារ​ច្រៀក​បំណង​ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​ក្រុមហ៊ុន។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ឈើ​មូល​ក្នុង​ព្រៃ​សហគមន៍​ជាច្រើន​ដើម ត្រូវ​គេ​អារ​រំលំ ហើយ​ច្រៀក​ជា​ក្ដារ​បន្ទះ​ប្រមាណ ១៥០​សន្លឹក គិត​ជា​បរិមាណ​ឈើ​ជិត ៤​ម៉ែត្រ​គូប ជា​ប្រភេទ​ឈើ​លេខ​១​ប្រមាណ​មួយ​សប្ដាហ៍​កន្លង​ទៅ។ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ដឹក​ជញ្ជូន​ឈើ​នោះ​មក​រក្សា​ទុក​នៅ​សាលា​ប្រជុំ​ភូមិ ក៏ប៉ុន្តែ​មេការ​ក្រុមហ៊ុន​ឈ្មោះ ឡាយ បាន​ព្យាយាម​មក​សម្រប​សម្រួល​បង់​ប្រាក់​ឲ្យ​សហគមន៍ ដើម្បី​យក​ឈើ ក៏ប៉ុន្តែ​អ្នក​ភូមិ​មិន​យល់ព្រម។

តំណាង​សហគមន៍ លោក កាំផ្លក សាណក មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​សង្ស័យ​ថា​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​ជាមួយ​មេការ​ក្រុមហ៊ុន​ជនជាតិ​វៀតណាម ពីព្រោះ​ខណៈ​អ្នក​ភូមិ​រឹប​អូស​ឈើ មេការ​ជនជាតិ​វៀតណាម បាន​គំរាម​ហៅ​ប៉ូលិស​ប៉ុស្តិ៍​មក​អន្តរាគមន៍​យក​ឈើ​ពី​អ្នក​ភូមិ​វិញ៖ «គេ​ថា​គេ​សុំ​ពី​មេ​ភូមិ​ហើយ គេ​អារ​ឈើ​អ៊ីចេះ។ សហគមន៍​គេ​អត់​សហការ​ជាមួយ​មេ​ភូមិ​ទេ គេ​ឲ្យ​លុយ​ពីរ​បី​រយ គេ​អត់​យក​ទេ បើ​គេ​យក​លុយ​គេ​យក​ពី​ព្រៃ​មក​ហើយ»

ទាក់ទិន​ករណី​នេះ​ដែរ មេ​ភូមិ​ក្រេះ លោក សាប៉ាស់ ពិល បដិសេធ​ថា លោក​មិន​បាន​អនុញ្ញាត​ឲ្យ​មេការ​ក្រុមហ៊ុន​កាប់​ឈើ​នោះ​ទេ។ លោក​បញ្ជាក់​ថា កន្លង​ទៅ​ជន​ខិលខូច​ទៅ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ ហើយ​យក​ឈ្មោះ​មេ​ភូមិ​បន្លាច​សហគមន៍ ជា​លេស​កុំ​ឲ្យ​អ្នក​ភូមិ​រារាំង​ការ​កាប់​ឈើ​របស់​ពួក​គេ៖ «ឥឡូវ​អស់​ហើយ កូន​ចៅ​ខ្ញុំ​ឃើញ​ឈើ​គេ​ថា​មេ​ភូមិ​សហការ​ឲ្យ​លុយ​ឲ្យ​កាក់ អត់​ទេ ខ្ញុំ​អត់​ប៉ះពាល់​ទេ»

កាល​ពី​សប្ដាហ៍​មុន អ្នក​ភូមិ​បាន​រឹប​អូស​រណារ​យន្ត​មួយ​គ្រឿង ដែល​ជន​ល្មើស​កំពុង​អារ​រំលំ​ឈើ​ក្នុង​ព្រៃ ហើយ​រត់​ចោល​រណារ​នេះ គ្រា​ដែល​សហគមន៍​ទៅ​ទាន់​សកម្មភាព​អារ​រំលំ​ឈើ។

ទាក់ទិន​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី អះអាង​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍ ត្រូវ​គេ​លួច​កាប់​ជា​បន្តបន្ទាប់។ រីឯ​សហគមន៍​បាន​ចាប់​រឹប​អូស​ឈើ​ជាច្រើន​ករណី ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ ក៏ប៉ុន្តែ​មិន​ឃើញ​មន្ត្រី​ជំនាញ​ចាត់​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​ព្រៃ​សហគមន៍​មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បន្ត​ថា សហគមន៍​អស់​ជំនឿ​លើ​សមត្ថកិច្ច ហេតុ​នេះ​អ្នក​ភូមិ​រឹប​អូស​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​បាន យក​មក​រក្សា​ទុក​ដោយ​ខ្លួន​ឯង៖ «រាយការណ៍​ទៅ​អាជ្ញាធរ​ជំនាញ​មិន​មាន​ប្រសិទ្ធភាព​ទេ អ៊ីចឹង​លើក​នេះ​គាត់​ចង់​រក្សា​ទុក​វត្ថុ​តាង ដើម្បី​ប្រើប្រាស់​តាម​ប្រពៃណី​ជនជាតិ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក ផាន់ ភីន បញ្ជាក់​ថា ការ​ដោះស្រាយ​បទល្មើស​ព្រៃ​ឈើ​ជា​សមត្ថកិច្ច​របស់​មន្ត្រី​ជំនាញ​ព្រៃ​ឈើ។ លោក​ថា សហគមន៍​មិន​មាន​សិទ្ធិ​ចាត់​ចែង​បទល្មើស​ព្រៃ​ឈើ​នោះ​ឡើយ។ អ្នក​ភូមិ​ត្រូវ​តែ​ប្រគល់​ឈើ​មក​មន្ត្រី​សង្កាត់​ព្រៃ​ឈើ ដើម្បី​ស្វែងរក​ជន​ពាក់ព័ន្ធ​ផាក​ពិន័យ ឬ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៖ «អត់​បាន​ទេ ការងារ​ត្រូវ​ប្រគល់​មក​សមត្ថកិច្ច គឺ​មេ​ព្រៃ​ហ្នឹង​ឯង។ យក​ឲ្យ​គេ​ធ្វើ​តាម​នីតិវិធី បើ​ធ្វើ​ខ្លួន​ឯង​វា​ខុស»

ទោះ​ជា​យ៉ាង​នេះ​ក្តី តំណាង​សហគមន៍ លោក កាំផ្លក សាណក អះអាង​ថា សហគមន៍​ជា​អ្នក​អភិរក្ស​ព្រៃ​ឈើ​ផ្ទាល់។ ហេតុ​នេះ វត្ថុ​តាង​ឈើ​ទាំងអស់​ដែល​អ្នក​ភូមិ​រឹប​អូស​បាន នឹង​ត្រូវ​រក្សា​ទុក​ជា​ប្រយោជន៍​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។