ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦តុលាប្រកាសថា ក្រសួងនឹងបដិសេធ រាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដី ដោយខុសច្បាប់គ្រប់ប្រភេទ ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ គិរីរម្យ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជូនដំណឹងជាសាធារណៈនេះ ដោយសារតែ ការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់មួយចំនួនដែលការពារដោយព្រះរាជក្រឹត្យកើតមានស្ទើរទូទាំងប្រទេសកម្ពុជា ដូចជា តំបន់ភ្នំអាតក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ គីរីរម្យ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ជាដើម។
ថ្មីៗនេះមានចលនាទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់រួមមានការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរនិងទិញលក់ដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធនធានធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា អ្នកដែលកាន់កាប់ដីដោយខុសច្បាប់នៅតំបន់នោះ ត្រូវបញ្ឈប់សកម្មភាពទាំងអស់ដូចជាការឈូសឆាយ និងការសាងសង់សំណង់នានា ជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្របប្រភេទដោយខ្លួនឯង និងត្រូវប្រគល់ទីតាំងដីទាំងនោះដោយឥតលក្ខខណ្ឌ មកជូនក្រសួងបរិស្ថានវិញ។
លោកក៏បានស្នើទៅដល់រដ្ឋបាលមូលដ្ឋាន ភូមិ ឃុំ និងអាជ្ញាធរស្រុក ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការធ្វើលិខិតបញ្ជាក់ ទិញ លក់ដីរដ្ឋ ឫផ្ទេរសិទ្ធិ ដីនៅតំបន់នោះទៅឲ្យពលរដ្ឋកាន់កាប់ដោយខុសច្បាប់ទៀតឡើយ៕