
សកម្មភាពជីករករ៉ែមាសខុសច្បាប់ក្នុងស្រុកលំផាត់ ខេត្តរតនគិរី នៅតែបន្តកើតមាន ខណៈមន្ត្រីមូលដ្ឋានអះអាងថា បានចុះបង្ក្រាបហើយ។ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលធនធានធម្មជាតិ ហៅការបង្ក្រាបរបស់ក្រុមសមត្ថកិច្ចថាជាល្បែងបិទពួន ខណៈក្រុមសមត្ថកិច្ចមានគម្រោងចុះបង្ក្រាប ប៉ុន្តែក្រុមអ្នកជីកមាសតែងដឹងព័ត៌មានមុន ហើយបានផ្អាកសកម្មភាពពេលសមត្ថកិច្ចទៅដល់កន្លែងជីកមាស។
អ្នកភូមិរាយការណ៍ថា កន្លែងជីកមាសខុសច្បាប់បីកន្លែងផ្សេងទៀតឋិតនៅតំបន់ភ្នំក្រូច ក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ក្រុមកម្មករកំពុងធ្វើសកម្មភាពជីករករ៉ែមាសដោយគ្មានការបង្ក្រាប។
អ្នកភូមិសុំមិនឲ្យបញ្ចេញឈ្មោះ និងសំឡេង រាយការណ៍ថា កន្លែងជីកមាសអនាធិបតេយ្យបីកន្លែងផ្សេងទៀតឋិតនៅតំបន់ភ្នំក្រូច ក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី កម្មករកំពុងជីករករ៉ែមាសដោយគ្មានការបង្ក្រាប។
អ្នកភូមិសុំមិនឲ្យបញ្ចេញឈ្មោះ និងសំឡេងឲ្យដឹងថា កន្លែងជីករកមាសនេះឋិតនៅខាងលិចភ្នំក្រូចចម្ងាយពីកន្លែងមួយទៅកន្លែងមួយទៀតប្រមាណជាង ១គីឡូម៉ែត្រ ជាតំបន់សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈអង្គរហ្គោល (Angkor Gold) នៃប្រទេសអូស្ត្រាលី ដែលបានកំណត់ថាជាតំបន់មានរ៉ែមាស។ អ្នកភូមិដដែលអះអាងដែរថា ក្រុមអ្នកជីករកមាសបានប្រើសារធាតុគីមី ដើម្បីបន្សុទ្ធរ៉ែមាស ដែលបង្កផលប៉ះពាល់ទឹកអូរធម្មជាតិ ខណៈសារធាតុនោះបានហូរចូលទឹកអូរ។
ចំណែកមន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ថា អ្នកភូមិនៅតំបន់ក្បែរនោះបានផ្តល់ព័ត៌មានពីទីតាំងជីករកមាសអនាធិបតេយ្យ ដែលបានធ្វើសកម្មភាពជីករកមាសប្រមាណ ១ខែកន្លងមកនេះ ក៏ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបកន្លែងជីកមាសអនាធិបតេយ្យមួយកន្លែង ឋិតនៅចម្ងាយ ១គីឡូម៉ែត្រពីកន្លែងជីកមាសថ្មីនេះ។ លើសពីនេះទៀត អ្នកភូមិបានរាយការណ៍ដែរថា ក្រុមអ្នកជីកមាសមួយក្រុមៗមានគ្នាប្រមាណ ៦ ទៅ ១០នាក់ ជាកម្មករស៊ីឈ្នួលឲ្យឈ្មួញជាកងប្រដាប់អាវុធនៅក្នុងខេត្ត ជាអ្នកផ្តល់ប្រាក់ និងសម្ភារៈសម្រាប់អាជីវកម្មខុសច្បាប់នេះ៖ «កន្លែងហ្នឹងកន្លងមកយើងបានធ្វើការស៊ើបអង្កេតអន្តរាគមន៍ចាប់បានម៉ាស៊ីនមួយសាហើយ ឃើញថាបានផ្អាកមួយរយៈ។ ឥឡូវជីករ៉ែឡើងវិញ យើងអំពាវនាវសុំឲ្យអន្តរាគមន៍ដើម្បីទប់ស្កាត់។ តាមព័ត៌មានថាការប្រើប្រាស់ជាតិគីមី ដើម្បីចាប់យកមាស»។
ទាក់ទិនករណីនេះដែរ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន ទទួលស្គាល់ថា លោកក៏ទទួលបានព័ត៌មាននេះដូចគ្នា និងបានរាយការណ៍ទៅអាជ្ញាធរស្រុកលំផាត់ សុំឲ្យចាត់វិធានការបង្ក្រាប ក៏ប៉ុន្តែលោកមិនប្រាកដថា តើអាជ្ញាធរមូលដ្ឋានបានបង្ក្រាប ឬយ៉ាងណានៅឡើយ៖ «ខ្ញុំឮសូរព័ត៌មានហ្នឹងប្រហែលមួយសប្ដាហ៍មកហើយ ហើយខ្ញុំដាក់កិច្ចការហ្នឹងជូនទៅអភិបាលស្រុកហើយ មិនដឹងគេចាត់ការយ៉ាងម៉េចរហូតពេលនេះ អត់ឃើញរាយការណ៍ឲ្យយើងទៀត។ សួរទៅអភិបាលស្រុកតិចមើល»។
ទោះជាយ៉ាងណាក៏ដោយ អភិបាលស្ដីទីស្រុកលំផាត់ លោក នូ ថេរ មានប្រសាសន៍ថា លោកបានចាត់កងកម្លាំងចុះបង្ក្រាបករណីនេះហើយតាំងពីថ្ងៃទី៨ ខែកញ្ញា។ លោកថា សមត្ថកិច្ចបង្ក្រាបបានបន្តឃ្លាំមើលនៅតំបន់ ប៉ុន្តែមិនឃើញមានសកម្មភាពជីករ៉ែមាសបន្តទៀតទេ៖ «ត្រង់ណាមានបើកម្លាំងខ្ញុំចុះទៅព្រឹកមិញ ចុះម្សិលមិញអត់ឃើញផង។ ពីថ្ងៃ៨ ខ្ញុំបង្ក្រាបបានហើយតើ»។
ផ្ទុយពីការលើកឡើងនេះ អ្នកភូមិនៅក្បែរតំបន់ជីកមាសឲ្យដឹងថា ក្រុមសមត្ថកិច្ចប៉ូលិសបានទៅដល់កន្លែងជីកមាសមួយកន្លែង ឋិតនៅចំណុចចម្ការតាប៉ាន ក្នុងឃុំល្បាំងមួយ ក៏ប៉ុន្តែអ្នកជីកមាសបានដឹងដំណឹងមុខ ហើយរុះរើសម្ភារៈចាកចេញពីកន្លែងជីកមាស។ ដោយឡែកសមត្ថកិច្ចមិនបានទៅបង្ក្រាបកន្លែងជីកមាសបីកន្លែងទៀតនៅខាងលិចភ្នំក្រូចនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។