សកម្មជនសុំមិនឲ្យបញ្ចេញឈ្មោះនេះបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី៨ ខែធ្នូ រថយន្តដឹកជញ្ជូនធំចំណុះមួយរថយន្តពី ១៥ ទៅ ២០ម៉ែត្រ បានដឹកជញ្ជូនឈើអារជ្រុងចេញពីក្រុមហ៊ុនដោយគ្មានច្បាប់អនុញ្ញាត។ សកម្មជនដដែលឲ្យដឹងថា ឈើដែលដឹកជញ្ជូនចេញពីការដ្ឋានក្រុមហ៊ុននោះ ជាឈើដែលក្រុមហ៊ុនបានប្រមូលទិញពីឈ្មួញប្រមូលទិញឈើលួចកាប់ពីព្រៃអភិរក្សក្រៅបរិវេណក្រុមហ៊ុនសម្បទាន។ ឈើមួយផ្នែកធំជាប្រភេទឈើប្រណីត ធ្នង់ ឬនាងនួន។
ឆ្លើយតបបញ្ហានេះ អគ្គនាយកក្រុមហ៊ុន ក្រុងប៉ុក លោក ង្វៀង វ៉ាន់ហៀន បានបដិសេធតាមរយៈអ្នកបកប្រែភាសាថា ក្រុមហ៊ុនលោកមិនពាក់ព័ន្ធធ្វើអាជីវកម្មប្រមូលឈើក្នុងដីសម្បទាននោះទេ។ លោកបន្តថា កន្លងទៅក្រុមហ៊ុនក្នុងស្រុកឈ្មោះ ដួងស្រួច គឺជាអ្នកទទួលឈូសឆាយព្រៃប្រមូលឈើក្នុងដីក្រុមហ៊ុន ប៉ុន្តែលោកមិនដឹងថា ក្រុមហ៊ុននេះមាន ឬគ្មានអាជ្ញាប័ណ្ណនោះឡើយ៖ «ក្រុមហ៊ុន ក្រុងប៉ុក ហ្នឹង អត់មានពាក់ព័ន្ធរឿងឈើរឿងព្រៃដែលកាប់ហ្នឹងទេ។ នៅក្នុងក្រុមហ៊ុន ក្រុងប៉ុក មានពីរ ក្នុងនោះមានក្រុមហ៊ុនឈើមួយ ក្រុមហ៊ុន ក្រុងប៉ុក រតនគិរី នេះគឺក្រុមហ៊ុនដាំកៅស៊ូ។ ឈើ គឺក្រុមហ៊ុនផ្សេង ពីមុនមក គឺក្រុមហ៊ុន ដួងស្រួច។ ដល់ឥឡូវមិនដឹងមានអាជ្ញាប័ណ្ណ ឬមិនមានក្រុមហ៊ុន ខ្ញុំអត់ដឹង»។
មន្ត្រីសង្កាត់ព្រៃឈើតាវែង លោក អិន សាមិន បានបិទទូរស័ព្ទ នៅពេលអ្នកយកព័ត៌មានសុំការបញ្ជាក់ពីបញ្ហានេះ នៅថ្ងៃទី១០ ខែធ្នូ។ ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោក វង់ សុខសិរី មិនលើកទូរស័ព្ទហៅចូលរបស់វិទ្យុអាស៊ីសេរី ជាច្រើនលើក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។