កម្ពុជា​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតារ​ក្នុង​ឆ្នាំ​២០២៣ «ដោយសារ​អំពើពុករលួយ»

ដោយ សុជីវី
2024.04.18
កម្ពុជា​បាត់បង់​ព្រៃឈើ​ជាង ១​សែន​ហិកតារ​ក្នុង​ឆ្នាំ​២០២៣ «ដោយសារ​អំពើពុករលួយ» គល់​​ឈើ​ និង​ចម្រៀក​ឈើ សល់​នៅ​ក្នុង​​តំបន់​ព្រៃ​ព្រះរកា ខេត្តព្រះវិហារ ដែលក្រុមល្បាត​ប្រទះឃើញ កាល​ពី​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២១។
រូប​៖ សហគមន៍ផ្តល់ឱ្យ

សារព័ត៌មាន​អាមេរិក​ដែល​ផ្ដោត​លើ​បរិស្ថាន​បាន​ចុះផ្សាយ​ថា កម្ពុជា​បាត់បង់​ព្រៃឈើ​ជាង ១​សែន ២​ម៉ឺន​ហិកតារ (១២១.០០០) ក្នុង​តំបន់​អភិរក្ស​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន​ក្នុង​ឆ្នាំ​២០២៣ ដោយសារ​អំពើពុករលួយ។ សកម្មជន​ការពារ​ព្រៃឈើ​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ទទួល​យក​របាយការណ៍​នេះ​ដោះស្រាយ​ជាបន្ទាន់ ចៀសវាង​ច្រាន​ចោល​មិន​ទទួលខុសត្រូវ​ដដែលៗ។

អត្ថបទ​ស៊ើបអង្កេត​របស់​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ម៉ុងហ្គាបេ (Mongabay) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក (The United States) រក​ឃើញ​ថា ទំហំ​ព្រៃឈើ​ដែល​បាត់បង់​នេះ គឺ​ស្មើនឹង​ទំហំ​ទីក្រុង ឡូសអែនជ័រលេស ( Los Angeles) មួយ​នៅ​សហរដ្ឋអាមេរិក នេះ​បើ​យោង​តាម​ទិន្នន័យ​ថ្មី​ដែល​ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ ម៉ារីឡែន (Maryland)

អត្ថបទ​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​មេសា បន្ថែម​ថា ក្នុងចំណោម​តំបន់​ការពារ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ដែនជម្រកសត្វព្រៃ​ឡង់​បាន​បាត់បង់​ព្រៃឈើ​ខ្ពស់​បំផុត ដោយ​បាត់បង់​ព្រៃ​ជាង ១​ម៉ឺន​ហិកតារ (១១.៥០០) ទៀត​ក្នុង​ឆ្នាំ​២០២៣។

សកម្មជន​ការពារ​ព្រៃឡង់​ខេត្តព្រះវិហារ លោក ខេម សុឃី យល់​ថា របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ពិត ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ ចៀសវាង​ច្រានចោល​ដដែលៗ​ធ្វើ​ឱ្យ​ព្រៃឈើ​នៅតែ​ហិនហោច។

លោក​ថា អ្នក​ដែល​ពាក់ព័ន្ធ​បំផ្លាញ​ព្រៃឈើ គឺ​មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​យាម​ព្រៃ​ដោយ​ផ្ទាល់ គឺ​ពួកគេ​គ្មាន​ភាពស្មោះត្រង់ អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​ពេញលេញ​នោះ​ទេ។ រីឯ​អំពើពុករលួយ​ក្នុង​រឿង​បទល្មើស​ព្រៃឈើ​នៅតែ​ចាក់កណ្ដាញ់​ជាច្រើន​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​គ្មាន​ចេតនា​ដោះស្រាយ​ទាល់តែសោះ។ 

លោក ខេម សុឃី៖ «រដ្ឋាភិបាល​គួរតែ​អនុវត្ត​ច្បាប់​តឹងរ៉ឹង ឱ្យ​មាន​ឆន្ទៈ ក្នុង​ការ​ការពារ ឱ្យ​មាន​ស្មោះត្រង់​ចំពោះ​ពលរដ្ឋ​ខ្លួនឯង​។ អ្នកជំនាញ​ការពារ​ធ​ន​ធាន​ធម្មជាតិ គួរ​ស្មោះត្រង់​ចំពោះ​គ្នា​ទៅវិញទៅមក ទើប​អាច​ការពារ​ធនធានធម្មជាតិ​គង់វង្ស​។ អ្នក​ដែល​អនុវត្ត​ច្បាប់​ហ្នឹងហើយ ដែល​ជា​អ្នក​បំផ្លាញ ព្រោះ​អត់​អនុវត្ត​ច្បាប់​ស្មើនឹង​ចូលរួម​បំផ្លាញ​ធនធានធម្មជាតិ»

របាយការណ៍​ដែល​ផ្សាយ​ដោយ​សាកលវិទ្យាល័យ​ម៉ារីឡែន (Maryland) កាល​ពី​ថ្ងៃទី៤ ខែ​មេសា បាន​ប្រមូល​ទិន្នន័យ តាមរយៈ​វេទិកា​តាមដាន​តាម​ផ្កាយរណប (Global Forest Watch) បង្ហាញថា ការបាត់បង់​ព្រៃឈើ​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​មុន (២០២៣) ក្នុង​តំបន់​ការពារធម្មជាតិ គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន។

រីឯ​ការវិភាគ​ធ្វើឡើង​ដោយ សារព័ត៌មាន​ម៉ុងហ្គាបេ (Mongabay) បាន​ប្រើ​ទិន្នន័យ​របស់​មន្ទីរពិសោធន៍ នៃ​សកល​វិទ្យាល័យ ម៉ារីឡែន (University of Maryland GLAD) វាយតម្លៃ​ថា ការ​ថយចុះ​គម្រប​ព្រៃឈើ ក្នុង​តំបន់ការពារធម្មជាតិ​ដែល​មាន​ដង់ស៊ីតេ​ខ្ពស់​រហូតដល់ ៣០% ឬ ព្រៃឈើ​ជាង ៦​ម៉ឺន​ហិកតារ (៦៦,000) បាន​បាត់បង់​ក្នុង​ឆ្នាំ​២០២៣។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៨ ខែមេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង យល់​ថា មូលហេតុ​ចម្បង​នាំ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ គឺ​ភាព​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ និង​អំពើ​ពើ​ពុករលួយ​។ លោក​ថា ក្រសួង​បរិស្ថាន​គួរតែ​ពង្រឹងគុណភាព​មន្ត្រី​របស់​ខ្លួន កុំឱ្យ​ប្រព្រឹត្ត​អំពើពុករលួយ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​អនុញ្ញាត​ឱ្យ​សហគមន៍​មូលដ្ឋាន​ចុះ​ល្បាត​ព្រៃ​ឡើងវិញ ទើប​ការ​ដោះស្រាយ​វិបត្តិ​ព្រៃឈើ​មាន​ប្រសិទ្ធភាព។ 

លោក ហេង គឹមហុង៖ «ពិនិត្យមើល​មន្ត្រី​មើល មាន​មន្ត្រី​ហើយ​នៅតែ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ តើ​មន្ត្រី​ហ្នឹង​ពុករលួយ ឬក៏​ធ្វេសប្រហែស ។ ពុករលួយ​ក៏ដោយ ធ្វេសប្រហែស​ក៏ដោយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដោយ​ខាន​ពុំបាន​។ បើ​យើង​បង្ក្រាប​បើក​យុទ្ធនាការ តែ​ផ្ទុយ​ទៅ​បើ​យើង​មិន​ព្រម​គ្រប់គ្រង​គុណភាព​មន្ត្រី និង​ទប់ស្កាត់​អំពើពុករលួយ​ទេ ទោះបីជា​យើង​បើក​ប៉ុណ្ណា​ក៏​អត់​មាន​ប្រសិទ្ធភាព​ដែរ»

អត្ថបទ​ស៊ើបអង្កេត​របស់​ម៉ុងហ្គាបេ​បន្ត​ថា ការពង្រីក​អណ្តូង​រ៉ែ​មាស​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន និង​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​អណ្ដូងរ៉ែ​ដែក​ឱ្យ​ឈ្មួញ​ឈើ​ដ៏​ល្បី គឺ​លោក ទ្រី ភាព បាន​រួម​ចំណែក​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃឡង់​កាល​ពី​ឆ្នាំ​មុន (២០២៣)

រីឯ​ការ​កាប់​ឈើ​ខុសច្បាប់​ទាំងនោះ ក៏​មាន​តំណ​ភ្ជាប់ នឹង​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech) និង​ក្រុមហ៊ុន​អង្គរ​ផ្លាយវូដ (Angkor Plywood) ដែរ។

រីឯ​ដែនជម្រកសត្វព្រៃ​បឹងពែរ ក៏​ទទួល​រង​ការ​ការ​បាត់បង់​ព្រៃឈើ​យ៉ាង​ខ្លាំង អស់​ជាង ៧​ពាន់​ហិកតារ ( .២៣២ ហិកតា) កាលពី​ឆ្នាំមុន​ហើយ​ផលប្រយោជន៍​មាន​ជាប់​ទាក់ទង​គ្នា​ខាង​នយោបាយ បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​អស់​ជា​ច្រើន​ឆ្នាំ។

ម៉ុងហ្គាបេ​បាន​លាតត្រដាង អតីត​ជំនួយការ​លោក ទ្រី ភាព គឺ​លោក អ៊ុក គឹមសាន ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​កាប់​ឈើ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅ​ទូទាំង​ដែនជម្រកសត្វព្រៃ​បឹងពែរ។

រីឯ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុស ឋិត​ក្នុង​ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តកោះកុង ក៏​មាន​អត្រា​បាត់បង់​ព្រៃឈើ​ខ្ពស់​បំផុត​ទី​បី​ក្នុងចំណោម​តំបន់​ការពារ​ធម្មជាតិ ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣។

បន្ថែម​ពី​នេះ​ទៀត បើ​ទោះ​បី​ជា​អង្គការ​អភិរក្ស​សត្វព្រៃ​របស់​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​បាន​ព្យាយាម​បង្កើត​គម្រោង REDD+ ថ្មី​នៅក្នុង​ដែនជម្រកសត្វព្រៃ​នេះ​ក៏ដោយ ក៏​ព្រៃឈើ​ជាង ៦ ពាន់​ហិកតារ (.១២៥)​ទៀត បាន​បាត់​អស់​នៅ​រយៈពេល​កន្លង​មក។

កាសែត​ម៉ុងហ្គាបេ​បង្ហាញ​ទៀត​ថា សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក លី យ៉ុងផាត់ ពេលនេះ​បន្ត​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេទឹក (Stung Meteuk) នៅ​តំបន់​ភ្នំ​សំកុស ហើយ​បើ​មើលរូប​ភាព​ពី​ផ្កាយរណប​ឃើញ​ថា ការ​កាប់​ព្រៃឈើ​នៅ​តំបន់​នោះ នៅ​ខាងក្រៅ​បរិវេណ​ទំនប់​វារីអគ្គិសនី។

លើស​ពី​នេះ​ទៀត អំពើពុករលួយ​ជា​កត្តា​ជំរុញ​សំខាន់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាង ៥​ពាន់​ហិកតារ (.២១៣) បាន​បាត់បង់​នៅក្នុង​ឧទ្យាន​ជាតិ​វ៉ឺនសៃ-សៀមប៉ាង ឋិត​ក្នុង​ចន្លោះ​ខេត្ត​ស្ទឹងត្រែង និង ខេត្ត​រតនគិរី។ ការ​កាប់​ឈើ​នៅ​តំបន់​នោះ មាន​ជាប់​ពាក់ព័ន្ធ​ឧកញ៉ា​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា ឧកញ៉ា ជ័យ មាន​ឈ្មោះ​ពេញ​ថា មឿក សុផាន់ណារ៉េត (Meuk Saphannareth) ជា​ឧត្តមសេនីយ៍​យោធា​ផ្កាយ​៣ និង​អនុប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា។

សកម្មជន​បរិស្ថាន ជំរុញ​ឲ្យ​រដ្ឋាភិបាល ស៊ើបអង្កេត​ទៅលើ​ការ​រក​ឃើញ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​មួយ​នេះ និង​ត្រូវ​ចាត់​វិធានការ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ដែល​កាប់​បំផ្លាញ​ព្រៃឈើ បើ​ពុំ​នោះ​ទេ វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា នឹង​កាន់តែ​រីក​ធំ​ថែមទៀត៕

សូមស្ដាប់បទសម្ភាសន៍បន្ថែមជាមួយលោក មាន ឫទ្ធិ​ ដូចតទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។