មជ្ឈមណ្ឌលឯកសារកម្ពុជាបានចាក់បញ្ចាំងខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា ឆ្មាំព្រៃ ឬហៅថា (Jungle Guard)។ ភាពយន្តឯកសារនេះបង្ហាញពីខ្សែជីវិត និងសកម្មភាពរបស់ ព្រះសង្ឃមួយអង្គព្រះនាម ប៊ុន សាលួត ដែលបានតស៊ូការពារ និងអភិរក្សធនធានធម្មជាតិនៅព្រៃសហគមន៍សង្ឃរុក្ខវ័នស្ថិតក្នុងខេត្តឧត្ដរមានជ័យនៅលើផ្ទៃដីជាង ៣ម៉ឺនហិកតារដោយជោគជ័យ និងមានប្រសិទ្ធិភាព។
ភាពយន្តឯកសារស្ដីពីឆ្មាំព្រៃ ឬហៅថា ចាំងហ្គល ហ្គាដ (Jungle Guard) ដែលមានរយៈពេល ១ម៉ោងបានចាក់បញ្ចាំងលើកដំបូងនៅក្នុងវត្តលង្កាក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២០ ខែឧសភា ដោយមានការចូលរួមទស្សនាពីសំណាក់ព្រះសង្ឃមន្ត្រីស្ថានទូត មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីអង្គការសង្គមស៊ីវិលជនជាតិបរទេស និងយុវជនសរុបប្រមាណជាង ៥០០នាក់។
អ្នកសរសេរអត្ថបទភាពយន្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជានិងស្លឹករឹតភាពយន្ត គឺ លោក សន ប៊ុនស៊ីម រៀបរាប់ថាខ្សែភាពយន្តឯកសារស្ដីពីឆ្មាំព្រៃនេះចំណាយថតជាង ១ឆ្នាំដោយផលិតករនិងអ្នកថតខ្សែភាពយន្ត គឺលោក អ៊ូច មករា។ លោកបន្តថា ខ្សែភាពយន្តឆ្មាំព្រៃនេះ គឺឆ្លុះបញ្ចាំងអំពីសកម្មភាពព្រះសង្ឃពុទ្ធសាសនា ដែលមានតួអង្គក្នុងសាច់រឿង គឺព្រះតេជគុណ ប៊ុន សាលួត ជា ព្រះប្រធានការពារព្រៃសហគមន៍សង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យនិងជាព្រះមេគណខេត្តឧត្តរមានជ័យ៖ «ភាពយន្តឯកសារជាង ១ម៉ោងនេះ គឺយើងនិយាយពីព្រះសង្ឃ ប៊ុន សាលួត ដែលព្រះអង្គមិនសូវគង់ក្នុងកុដិប៉ុន្តែតែងតែចំណាយពេលវេលាស្ទើររាល់ថ្ងៃគង់ក្នុង ព្រៃចុះល្បាតការពារព្រៃរហូតជាមួយនឹងព្រះសង្ឃ និងរដ្ឋបាលព្រៃឈើ។ ម្យ៉ាងវិញទៀតព្រះអង្គក៏បានធ្វើសកម្មភាពជាច្រើនក្នុងការកាប់បំផ្លាញព្រៃឈើពីសំណាក់ប្រជាជនដែរ។ព្រះអង្គក៏ មានគំនិតកាយប្រឡាយព័ទ្ធជុំវិញព្រៃអភិរក្ស ដើម្បីធ្វើជាព្រំការពារហើយកិច្ចការនេះ គឺធ្វើដោយ ព្រះសង្ឃតែម្ដងទាំងបើកគ្រឿងចក្រកាយដីហើយថែមទាំងចេះដោះមីនខ្លួនឯងផងដែរ»។
លោក សន ប៊ុនស៊ីម បន្តថា ភាពយន្តឆ្មាំព្រៃនេះមានគោលបំណងផ្សព្វផ្សាយអំពីព្រៃសង្ឃរុក្ខវ័នដែលជាគម្រោងការពារជីវិតសត្វព្រៃធនធានធម្មជាតិនិងព្រៃឈើនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរ មានជ័យដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ខ្មែរក្រហម។ ភាពយន្តនេះក៏មានបំណងបង្រៀនក៏ដូចជាលើកទឹកចិត្តមនុស្សគ្រប់គ្នាឱ្យយល់ដឹងអំពីតម្លៃនៃការថែរក្សាព្រៃឈើជាពិសេសយកគំរូ តាមព្រះតេជគុណប៊ុន សាលួតក្នុងការអភិរក្សព្រៃឈើដែលមានប្រសិទ្ធិភាព៖ «គោលបំណងគឺចង់ផ្សព្វផ្សាយតួនាទីព្រះសង្ឃពុទ្ធសាសនាក្នុងការការពារព្រៃឈើហើយចង់បញ្ជាក់ថាការអភិរក្សព្រៃឈើគឺជាកិច្ចការមួយដែលព្រះសង្ឃអាចធ្វើបាន។ ជាក់ស្ដែងសហគមន៍ព្រៃសង្ឃរុក្ខវ័ននេះគឺជាគំរូមួយសម្រាប់សហគមន៍ព្រៃទាំងអស់។ យើងស្រម៉ៃមើលថាប្រសិនបើមានព្រះសង្ឃទូទាំងប្រទេសសុទ្ធតែការពារព្រៃនោះអ៊ីចឹងមានន័យថា ព្រៃឈើក្នុងប្រទេសកម្ពុជាគឺត្រូវបានការពារ»។
មជ្ឈមណ្ឌលឯកសារកម្ពុជាគ្រោងនឹងចាក់បញ្ចាំខ្សែភាពយន្តឯកសារនៅតាមបណ្ដាខេត្តផ្សេងៗ ទៀតដែរ ដើម្បីជំរុញឱ្យមានការយល់ដឹងអំពីការចូលរួមថែរក្សាការពារព្រៃឈើ។ខ្សែភាពយន្តឯក សារនេះ ក៏មានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមទស្សនាដែរ។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលបានចូលរួមទស្សនាភាពយន្តឯកសារឆ្មាំព្រៃ បង្ហាញចំណាប់អារម្មណ៍ថា ព្រះតេជគុណ ប៊ុន សាលួត ពិតជាមានស្នាដៃ និងលះបង់ធំធេងក្នុងការការពារព្រៃឈើ និងសត្វព្រៃនៅតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យ។ អ្នកស្រី បន្ថែមតាមរយៈអ្នកបកប្រែថាព្រះតេជគុណក៏ជាគំរូដ៏ល្អក្នុងបំផុសគំនិតឱ្យចូលរួមការពារព្រៃឈើ។
កម្ពុជាបានជាប់ឈ្មោះថា ជាប្រទេស ដែលមានការបាត់បង់ព្រៃឈើខ្ពស់ជាងគេបំផុតនៅលើពិភពលោក នៅចន្លោះឆ្នាំ២០០១ ដល់២០១៤ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ទិន្នន័យពីប្រព័ន្ធផ្កាយរណបផ្ដល់ដោយវិទ្យាស្ថានធនធានពិភពលោក (WorldResource Institute) និងសាកលវិទ្យាល័យម៉ារីឡេនដ៍ (University of Maryland)នៅសហរដ្ឋអាម៉េរិកបង្ហាញថា នៅក្នុងឆ្នាំ១៩៧០ កម្ពុជាមានព្រៃឈើចំនួន ៧២% នៃផ្ទៃដីសរុបក៏ប៉ុន្តែបានធ្លាក់មកនៅត្រឹមជាង ៤០% ក្នុងឆ្នាំ២០១៤។សាកលវិទ្យាល័យដដែលនេះរកឃើញទៀតថា យ៉ាងហោចណាស់ព្រៃឈើទំហំជាង ២សែនហិកតារ នៅតំបន់ភូមិភាគឦសាន ត្រូវបានកាប់បំផ្លាញទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើអាជីវកម្មដោយខុសច្បាប់ទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៦។ អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានហៅកាត់ថា EIA វិញក៏បានរកឃើញដែរថាចាប់ពីខែតុលា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ ទំហំព្រៃឈើដែលត្រូវបានកាប់បំផ្លាញមានចំនួនជាង ១លាន ១សែនម៉ែត្រគីបគិតជាទឹកប្រាក់មានតម្លៃរាប់សិបលានដុល្លារអាម៉េរិក។ អង្គការអន្តរជាតិមួយនេះរកឃើញថា ឈើទាំងនោះត្រូវបាននាំចេញទៅប្រទេសវៀតណាម ដោយត្រូវបង់លុយឱ្យអាជ្ញាធរព្រំដែន និងក្រុមអនុរក្សព្រៃឈើជាថ្នូរនឹងកិច្ចការពារសុវត្ថិភាពឆ្លងព្រំដែន។
ព្រះតេជព្រះគុណ លួន សុវ៉ាត ដែលជាសកម្មជនការពារព្រៃឈើ និងសិទ្ធិមនុស្សមួយអង្គដែរនោះមានថេរដីកាកោតសរសើរយ៉ាងខ្លាំងដល់ព្រះតេជព្រះគុណ ប៊ុន សាលួត ដែលមានឋានៈតួនាទីជាព្រះមេគណខេត្តឧត្តរមានជ័យប៉ុន្តែសុខចិត្តលំបាកដើម្បីការពារព្រៃឈើនិងថែមទាំងយកធម៌របស់ព្រះពុទ្ធផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើទៀតផង៖ «មន្ត្រីសង្ឃមានច្រើនណាស់ប៉ុន្តែមន្ត្រីសង្ឃដែលលះបង់ទៅការពារព្រៃនេះគឺស្ទើរគ្មានតែម្ដង គឺស្ទើរមានតែមួយអង្គនេះគត់។ប្រសិនបើណាបើមានព្រះសង្ឃបែនេះច្រើនហើយជាពិសេសជាមន្ត្រីសង្ឃនោះប្រើអំណាចឥទ្ធិពលដឹកនាំព្រះសង្ឃការពារព្រៃឈើការពារសត្វ ព្រៃ សម្បត្តិធនធានធម្មជាតិនានាគឺអាត្មាជឿថានឹងមានប្រសិទ្ធិភាពជាងមន្ត្រីបរិស្ថានជាងមន្ត្រី មេព្រៃនិងជាងជាអាជ្ញាធរដែនដីទៅទៀតព្រោះព្រះសង្ឃមិនចេះពុករលួយនោះទេ។សង្គមនេះគឺ មន្ត្រីមានអំណាចខ្លះដែលការពារព្រៃបែរជាស៊ីព្រៃឈើ អស់ព្រៃបំផ្លាញ ឬក៏ការពារឈ្មួញកាប់ព្រៃអ៊ីចឹងទៅ។
អភិបាលរងខេត្តឧត្តរមានជ័យលោក ហួន វ៉ាន់និត ដែលបានចូលរួមទស្សនាភាពយន្តឆ្មាំព្រៃលើក ឡើងថា លោកមិនដែលនឹកស្មានថាព្រះសង្ឃអាចការពារព្រៃសហគមន៍សង្ឃរុក្ខវ័នបានជោគជ័យនោះទេ។ លោកបន្ថែមសកម្មភាពរបស់ព្រះតេជព្រះគុណ ប៊ុន សាលួត នេះ គឺរដ្ឋាភិបាលបានគាំទ្រពេញទំហឹងហើយអាជ្ញាធរខេត្តនឹងខិតខំជាមួយព្រះសង្ឃបន្តទៀត។
ប្រធានការពារព្រៃសហគមន៍សង្ឃរុក្ខវ័នខេត្តឧត្ដរមានជ័យព្រះតេជព្រះគុណ ប៊ុន សាលួត ដែលជាតួអង្គក្នុងសាច់រឿងឆ្មាំព្រៃមានថេរដីកាថា ព្រះអង្គមានព្រះទ័យរីករាយដែលភាពយន្តឯកសារនេះមានការគាំទ្រ ហើយសង្ឃឹមថាវីដេអូភាពយន្តនេះ ក៏នឹងលើកទឹកចិត្តដល់ព្រះសង្ឃដទៃទៀត និងប្រជាពលរដ្ឋគ្រប់រូបឱ្យមានគំនិតចេះស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិនិងសត្វព្រៃ៖ «សាររបស់អាត្មា គឺមិនចង់ឱ្យព្រះសង្ឃនៅស្ងៀមទេ គឺចង់ឱ្យជួយប្រជាជនក្នុងការពារព្រៃឈើនៅតំបន់នោះឱ្យបាន។ អាត្មាក៏ចង់ឱ្យព្រះសង្ឃជួយទេសនាពន្យល់ថា យើងមានព្រៃហើយ មានសត្វព្រៃហើយ គឺធ្វើឱ្យយើងមានជីវិតប៉ុន្តែបើយើង ធ្វើឱ្យបាត់បង់ព្រៃបាត់បង់សត្វព្រៃ បាត់បង់ដី គឺយើងនឹងបាត់បង់ជីវិតដែរ»។
ព្រៃសង្ឃរុក្ខវ័នមានផ្ទៃដីជាង ៣ម៉ឺន (៣០.២៥៤) ហិកតារស្ថិតក្នុងស្រុកអន្លង់វែងស្រុកសំរោង និងស្រុកចុងកាល់ខេត្តឧត្ដរមានជ័យ។ របបក្រុងភ្នំពេញបានដាក់បញ្ចូលព្រៃមួយនេះជាដែនជម្រក សត្វព្រៃកាលពីខែមេសា ឆ្នាំ២០១៨ក្រោយពីព្រះតេជព្រះគុណ ប៊ុនសាលួត តស៊ូការពារតាំងពីឆ្នាំ ២០០១។ ព្រះតេជព្រះគុណឱ្យដឹងថា រហូតមកដល់បច្ចុប្បន្នព្រៃអភិរក្សនេះសម្បូរទៅដោយដើមឈើធំៗ គ្រប់ប្រភេទ ដូចជាផ្ដៀក ឈើទាល ផ្ចឹក សុក្រំកកោះ គ្រញូង បេង នាងនួន ធ្នង់ឈើក្រម និងគគីរ ជាដើម ហើយក៏បានផ្ដល់ផលដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលពីអនុផលព្រៃឈើក្នុងតំបន់នេះចំនួន ២៤ភូមិដែរ។ ពពួកដើមឈើធំៗ ទាំងនេះ គឺជាជម្រកសត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វធំៗ ដូចជា ខ្លា ខ្ទីងទន្សោង ប្រើស ឈ្លូសរួមទាំងពពួកសត្វស្លាបនិងសត្វផ្សេងៗ ជាច្រើនទៀត។ ព្រះអង្គក៏កំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះឱ្យក្លាយជាតំបន់ទេសចរណ៍ចម្រុះមួយសម្រាប់ភ្ញៀវទេសចរណ៍ទៅថ្ងៃអនាគត៖ «យើងរៀបចំទៅជាតំបន់ទេសចរណ៍ព្រោះទីនេះមានតំបន់ទេសចរណ៍ច្រើនណាស់។ អាត្មារៀបចំផែនការរបស់អាត្មា គឺទី១ធ្វើផ្ទះសំណាក់ទី២ ធ្វើកន្ត្រកហោះ ទី៣ ធ្វើផ្ទះលើដើមឈើដើម្បីទាក់ទាញភ្ញៀវ។ យើងក៏នាំគាត់ទៅមើលកន្លែងសត្វទៅមើលកន្លែងដំរី ក្រាប និងទៅមើលកន្លែងចាប់អារម្មណ៍ផ្សេងៗ ទៀត។ យើងរៀបចំ ឱ្យមានកន្លែងណាដែលត្រូវជិះកង កន្លែងដែលត្រូវជិះម៉ូតូកន្លែង ដែលត្រូវជិះកាណូត។ អាត្មា ក៏រៀបចំការពារតំបន់ត្រីពងតំបន់ជម្រកសត្វកុំឱ្យពួកគាត់ទៅរុករាន ឬបង្កបញ្ហាដល់សត្វផងដែរ»។
ក្រៅពីសកម្មភាពចុះល្បាតព្រៃនោះសកម្មជនការពារព្រៃឈើអង្គនេះក៏តែងតែនិមន្តទេសនាតាមស្រុក ភូមិឱ្យពលរដ្ឋចេះស្រឡាញ់ និងការពារសត្វព្រៃនិងព្រៃឈើដែរ។ ព្រះអង្គក៏តែងតែដឹកនាំ និងណែនាំព្រះសង្ឃក្នុងខេត្តឧត្តរមានជ័យដែលបញ្ចប់ការសិក្សា ឬមានពេលទំនេរចូលរួមការពារព្រៃ និងទេសនាអប់រំអំពីសារៈសំខាន់នៃធនធានធម្មជាតិផងដែរ។
ស្ថាបនិកព្រៃសហគមន៍សង្ឃរុក្ខវ័ន ដែលធ្លាប់ទទួលបានពានរង្វាន់EquatorPrize ពីអង្គការសហប្រជាជាតិ UNDP នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០ មានសង្ឃឹមព្រៃសហគមន៍នេះនឹងត្រូវបានការពារ និងថែរក្សាដោយយកចិត្តទុកដាក់ជាទីបំផុតនៅពេលដែលតំបន់នេះក្លាយជាតំបន់ទេសចរណ៍ពេញលេញ ដើម្បីទុកជាសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយបានឃើញនិងបានស្គាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
